សេចក្តីសម្រេចលេខ ៨០ - បើកលំហូរកម្លាំងទន់ពីសមាហរណកម្មវប្បធម៌

សេចក្តីសម្រេចលេខ ៨០ - បើកលំហូរកម្លាំងទន់ពីសមាហរណកម្មវប្បធម៌

ប្រទេសជាតិកំពុងឈានចូលសករាជថ្មីនៃការអភិវឌ្ឍ ដែលដាក់ចេញនូវតម្រូវការបន្ទាន់ក្នុងការលើកកម្ពស់តួនាទីរបស់វប្បធម៌ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ការិយាល័យនយោបាយ បានចេញសេចក្តីសម្រេចលេខ 80 - NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌​វៀតណាម ដោយបញ្ជាក់យ៉ាងច្បាស់ថា៖ ការវិនិយោគលើវប្បធម៌ ជាការវិនិយោគសម្រាប់អនាគតនៃ​ប្រជាជាតិ។

សេចក្តី​សម្រេចលេខ 80 -​ NQ/TW មិនត្រឹមតែចាត់ទុកវប្បធម៌ជាវិស័យសង្គម - ស្មារតី​ប៉ុណ្ណោះទេ ថែមទាំង​លើកកម្ពស់ឱ្យក្លាយជាសសរស្តម្ភនៃការអភិវឌ្ឍ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលដៅកំណើនសេដ្ឋកិច្ច​ឆាប់រហ័ស និងប្រកប​ដោយ​ចីរភាពនៃ​ប្រទេសជាតិ​។ នេះ​ជាជំហានអភិវឌ្ឍន៍ ដែល​មានលក្ខណៈរបក​គំហើញ ​ទាំង​គំនិត​ទ្រឹស្តី និង​វិធីសាស្ត្រដឹកនាំ ក្នុងវិស័យវប្បធម៌ បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍវប្បធម៌ឱ្យបាន​សមស្របនឹងឋានៈរបស់វៀតណាម ក្នុងសករាជថ្មី។

ក្រុមតន្ត្រីករនៃអគារ​មហោស្រពរាជវាំងហ្វេ សម្តែងតន្ត្រី​រាជវាំង​ហ្វេ  រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​
 

នៅក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ សេចក្តីសម្រេចលេខ 80 - NQ/TW បានសង្កត់ធ្ងន់ ជាពិសេសលើតម្រូវការ​ម្ចាស់ការ និងសកម្ម ក្នុងសមាហរណកម្មអន្តរជាតិផ្នែកវប្បធម៌។ ការអភិវឌ្ឍវប្បធម៌​បានផ្សារភ្ជាប់ជាមួយនឹងការកសាង និងផ្សព្វ​ផ្សាយ​ពាណិជ្ជសញ្ញា​ជាតិ ក្នុងនោះការនាំចេញផលិតផល និងសេវាកម្មវប្បធម៌ ដែលមានអត្តសញ្ញាណវៀតណាម រួមជាមួយយុទ្ធសាស្ត្រទំនាក់ទំនងផ្សព្វផ្សាយរូបភាពប្រទេសជាតិ និង​ប្រជាជន ទៅកាន់ពិភពលោក បានកំណត់ជា​ដំណោះស្រាយដ៏សំខាន់ ដើម្បី​បង្កើន "អំណាច​ទន់" ​ជាតិ។

ប្រសិនបើ "អំណាចរឹង" បានយល់ថា ជាសមត្ថភាពក្នុងការប្រើប្រាស់យោធូបករណ៍​ និងសេដ្ឋកិច្ច ដើម្បី​បង្កើតឥទ្ធិពល រីឯ "អំណាចទន់" បែរជាបានមកពីភាពទាក់ទាញ និង​សមត្ថភាព​សាយភាយ នៃតម្លៃវប្បធម៌ ប្រពៃណី និង​សង្គម។ ចំពោះប្រទេសវៀតណាម ប្រភព​ធនធាននេះ មានប្រភពចេញពីជម្រៅប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ភាពចម្រុះ​នៃសហគមន៍ ៥៤ ជនជាតិ​ រួមជាមួយ​ប្រព័ន្ធតម្លៃមនុស្សធម៌ និងស្មារតីស្រឡាញ់សន្តិភាព។

ការណែនាំអំពីបេតិកភណ្ឌវប្បធម៌ពិភពលោក គំនូរប្រជាប្រិយដុងហូ នៅប្រទេសបារាំង។ រូបថត៖ VNA
យុវជនវៀតណាមពុះកញ្ជ្រោល ក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រី "មាតុភូមិក្នុងបេះដូង"។ រូបថត៖ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម​

នៅ​ក្នុងដំណើរការ​នោះ វប្បធម៌ដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ ​ជួយណែនាំអំពី​ប្រទេសវៀតណាមមួយ ដែល​សម្បូរបែប​ដោយអត្តសញ្ញាណ ​ការច្នៃប្រតិដ្ឋ​ ​គុណធម៌ និង​ទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ សេចក្តីសម្រេចលេខ 80 - NQ/TW បើក​បង្ហាញនូវទស្សនៈ​ថ្មីមួយ​៖ សមាហរណកម្មវប្បធម៌ មិនមែនគ្រាន់តែជាការទទួលយកប៉ុណ្ណោះទេ ប៉ុន្តែ​គឺជាការ​ចូលរួមដោយម្ចាស់ការ ទៅក្នុងចរន្តវប្បធម៌នៃ​មនុស្សជាតិ ក្នុងនាម​ជាម្ចាស់ដែល​មានអត្តសញ្ញាណ និងសមត្ថភាពច្នៃប្រតិដ្ឋ​។

រាល់ផលិតផលវប្បធម៌នីមួយៗ នៅពេលបានណែនាំទៅកាន់ពិភពលោក មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ថែមទាំងចូល​រួមចំណែកដល់ជីវភាពវប្បធម៌​រួមនៃ​មនុស្សជាតិផងដែរ។ តាមស្មារតីនោះ សមាហរណកម្មវប្បធម៌ក៏ជាយុទ្ធសាស្ត្រផ្សព្វផ្សាយរូបភាពជាតិក្នុងទ្រង់ទ្រាយធំ ទីកន្លែង​ដែលផលិតផលវប្បធម៌នីមួយៗ អាចក្លាយជា "រដ្ឋទូត" ផ្សព្វផ្សាយតម្លៃវៀតណាម រួមចំណែកកសាង​ទំនុកចិត្ត និង​សេចក្តីស្រឡាញ់​ពីមិត្តភក្តិ​អន្តរជាតិ។

ដើម្បីតថូបនីយកម្ម​គោលដៅនេះ សេចក្តីសម្រេចលេខ 80 - NQ/TW បាន​ដាក់ចេញនូវតម្រូវការ​​កំណត់ទីតាំង​ និងអភិវឌ្ឍផលិតផលវប្បធម៌ ដែលមានពាណិជ្ជសញ្ញា​ជាតិ ជំរុញការ​នាំចេញវប្បធម៌ ព្រមទាំងកសាងយុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយរូបភាពវៀតណាម ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និង​មានប្រសិទ្ធភាព។ 

ពិធីបុណ្យនៅទីក្រុងចាស់ហូយអាន បានទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ។ រូបថត៖ ខាញ់ហ្វារ/VNA
 

ដំណោះស្រាយមួយ​ក្នុង​ចំណោម​ដំណោះស្រាយ​ស្នូល គឺអភិវឌ្ឍ​​ដោយមានការជ្រើសរើសនូវបណ្តាឧស្សាហកម្មវប្បធម៌ ដែលមានគុណសម្បត្តិប្រកួតប្រជែង ឈានទៅរកការបង្កើតបណ្តុំច្នៃប្រតិដ្ឋ​ និងសហគ្រាសវប្បធម៌ខ្នាតធំ។ ទន្ទឹមនឹងនោះ គឺការបង្កើនសុក្រិត​​ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ជាតិ រួមមានប្រព័ន្ធស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល បង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៃឧស្សាហកម្មវប្បធម៌ ក្នុងខ្សែច្រវាក់តម្លៃសកល។

ព្រឹត្តិការណ៍ "ទិវាវប្បធម៌ហូយអាន" នៅប្រទេសអាល្លឺម៉ង់ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជន និងសាធារណជនអាល្លឺម៉ង់។ រូបថត៖ ឯកសារ

នៅក្នុងបរិបទនៃការប្រកួតប្រជែងអន្តរជាតិកាន់តែខ្លាំងក្លា អំណាចនៃ​ប្រទេសមួយមិនត្រឹម​តែ​បានវាស់វែងដោយសក្តានុពលសេដ្ឋកិច្ច ឬយោធាប៉ុណ្ណោះទេ ថែមទាំងតាមរយៈសមត្ថភាពសាយភាយតម្លៃ និងការបង្កើតឥទ្ធិពលតាមរយៈវប្បធម៌ផងដែរ។ វប្បធម៌ក្លាយជា "ស្ពានចម្លងដ៏ទន់ភ្លន់" ដើម្បីឱ្យពិភពលោកយល់កាន់តែច្បាស់ អំពីប្រទេស​វៀតណាមមួយ ដែលសម្បូរដោយអត្តសញ្ញាណ មនុស្សធម៌ បើកចំហ និងមានការទទួលខុសត្រូវ។

ចេញពីស្មារតីនៃសេចក្តីសម្រេចលេខ 80 - NQ/TW ការម្ចាស់ការក្នុងសមាហរណកម្មអន្តរជាតិផ្នែកវប្បធម៌ ការលើកកម្ពស់តម្លៃប្រពៃណី ទន្ទឹមនឹងការស្រូបយកនូវខ្លឹមសារដ៏ល្អឯកនៃ​មនុស្សជាតិ ត្រូវបានកំណត់ជាជំហាន ដែលស្របតាមសម័យកាល។ នេះមិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពស្មារតីនៃ​សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងរូបភាពវៀតណាមដោយផ្ទាល់ បង្កើនអំណាចទន់ និងបញ្ជាក់ពីឋានៈ​ជាតិ នៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ ថាញ់ហ្វ័រ រូបថត៖ ថាញ់ហ្វ័រ កុង​ដាត​ និង​ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top