សិល្បៈរៀបរូបអណ្តើកសមុទ្រដោយកុលាលភាជន៍
អណ្តើកសមុទ្ររៀបឡើងកុលាលភាជន៍ជាង១០០០ក្បាល កំពុងហែលក្នុងបរិយាកាសនៃការតាំងពិព័រណ៍ “បណ្តែតអារម្មណ៍”ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើននៅហាណូយ។ នោះគឺជាស្នាដៃសិល្បៈពិសេស របស់សិល្បករ កាវ ថាញថា (Cao Thanh Tha) ដើម្បីបញ្ជូនសារអំពីសារៈសំខាន់នៃការងារការពារបរិស្ថានសមុទ្រ និង អណ្តើកសមុទ្រ។
ជាមួយជំនួយខាងជំនាញការនៃ IUCN វៀតណាម និង គម្រោង Born to be wild “បណ្តែតអារម្មណ៍” បានប្រមូលផ្តុំអណ្តើកសមុទ្រ១០០១ក្បាល ដោយកុលាលភាជន៍ ដែលបានស្មូនដោយដៃទាំងស្រុង ពណ៌នាអំពីដំណើរលេចពង ភ្ញាស់កូន រស់រានមានជីវិត រហូតដល់ធំពេញវ័យ រួចវិលត្រឡប់មកទីកន្លែងផ្តល់កំណើត ដើម្បីលេចពង បង្កើតជីវិតថ្មី។
បានដឹងថា នេះជាតួលេខឯតទគ្គកម្មមួយ ដែលមិនទាន់មានសិល្បករណាមួយមុននោះ ធ្លាប់បានបង្កើតឡើង។ ក៏ប៉ុន្តែ តួលេខនេះ មិនមែនអ្នកបង្កើតជ្រើសរើស ដើម្បីសាងឯតទគ្គកម្មនោះទេ តែអត្ថន័យជ្រាលជ្រៅជាង គឺវាចាប់កំណើតមកពីអត្រាសត្វអណ្តើកសមុទ្ររស់យ៉ាងទាប ១/១០០០ក្បាល ក៏ដូចជាហានិភ័យផុតពូជ ប្រកាសអាសន្ន នៃប្រភេទសត្វនៅក្នុងបញ្ជីក្រហម IUCN ។
ស្នាដៃដែលបានតាំង បែងជាកញ្ចុំសិល្បៈរៀបដាប់ចំនួន៦៖ “មហាសមុទ្រស្រស់ស្អាត” “បរិយាកាសបច្ចុប្បន្ន” “អនាគត” “លំហូរខ្សែទឹក” “ទឹកកូចក្រោមបាត” និង “វិលត្រឡប់”។ ក្រៅពីនោះនៅក្នុងក្របខណ្ឌបរិយាកាសតាំងពិព័រណ៍ នៅមានសកម្មភាពពិសោធន៍ផ្សងព្រេងដើម្បីភ្ញៀវទេសចរយល់អំពីតម្លៃ ក៏ដូចជាអភិរក្សប្រភេទសត្វអណ្តើកសមុទ្រនេះ។
សត្វអណ្តើកនីមួយៗបានច្នៃដោយហត្ថកម្មមកពីកុលាលភាជន៍ មានរូបរាង និង ទំហំផ្សេងគ្នា តំណាងឱ្យដំណើរផ្សងព្រេងនៃសត្វអណ្តើកនៅក្នុងមហាសមុទ្រធំធេង។ ទន្ទឹមនោះ តាំងពិព័រណ៍នៅតាំងគំនូរពណ៌នាអំពីការរស់នៅនៃសត្វអណ្តើកសមុទ្រ ជួយមនុស្សគ្រប់គ្នាយល់ច្បាស់ជាង អំពីហានិភ័យដែលប្រភេទសត្វកម្រនេះកំពុងប្រឈមមុខ។
ចែករំលែកអំពីគំនិតនៃការតាំងពិព័រណ៍នេះ សិល្បករ កាវ ថាញថា (Cao Thanh Tha) បានរៀបរាប់ថា៖ “បណ្តែតអារម្មណ៍អំពីដំណើរផ្សងព្រេងនៃអណ្តើកសមុទ្រ តាំងពីលេចពង ភ្ញាស់កើត រស់រានមានជីវិត សម្របខ្លួនចូលមហាសមុទ្រ ចាប់ផ្តើមរសាតខ្លួនតាមខ្សែទឹកគ្មានព្រំដែននៃមហាសមុទ្រ។
ពងអណ្តើក១០០០ កូនអណ្តើកសមុទ្រ មានតែអណ្តើកពេញវ័យមួយក្បាលដែលវិលត្រឡប់មកទីផ្តល់កំណើត ដើម្បីបន្តការបង្កើតជីវិតថ្មី ឆ្លងកាត់ទឹកកួចក្រោមបាតសមុទ្រ និង គ្រោះថ្នាក់ជាច្រើនយ៉ាង។
អត្រារស់មានជីវិតគឺ ១/១០០០ បានស្ដែងឡើងឲ្យឃើញច្បាស់ពីដំណើរផ្សងព្រេងនៃជីវិតសត្វអណ្តើកសមុទ្រ។ ហេតុនេះ ខ្ញុំបានជ្រើសតួលេខ១០០១សម្រាប់តាំងពិព័រណ៍ ដោយផ្តើមចេញពីអត្រារស់មានជីវិតយ៉ាងទាបនៃប្រភេទសត្វមួយនេះ”។
សិល្បករ កាវ ថាញថា (Cao Thanh Tha) បានចូលរួមគម្រោងសិល្បៈគ្រប់តំបន់សមុទ្រ របស់វៀតណាមដូចជា៖
- គម្រោងពន្លានិពន្ធសិល្បៈផ្តើមធ្វើពីសំរាម និង ស្នោរ នៅឈូងសមុទ្របាយទឺឡុង (Bai Tu Long) ខេត្តក្វាងនិញ (Quang Ninh) ឆ្នាំ២០១៨។
- គម្រោង “មហាសមុទ្រលើគោក” បង្កើតដោយសំរាមនៅតំបន់អភិរក្សហនកាវ (Hon Cau) ខេត្តប៊ិញធ្វឹន (Binh Thuan) ឆ្នាំ២០១៩។
- គម្រោងតុបតែងផ្លូវថ្មើរជើងនៅកំពង់ទូក Ana Marina Nha Trang ក្រោមប្រធានបទ៖ “មហាសមុទ្រ” ប្រើប្រាស់វត្ថុធាតុបង្កើតថ្មីឡើងវិញ និង វត្ថុធាតុជិតស្និទ្ធបរិស្ថានឆ្នាំ២០២០។
- គម្រោងអភិរក្សសត្វអណ្តើក និង និពន្ធសិល្បៈ នៅកោះកូនដាវ (Con Dao) ឆ្នាំ២០២១។
- គម្រោងអភិរក្សសត្វអណ្តើក និង កែច្នៃសិល្បៈច្នៃពីសំរាម នៅកោះហនកាវ (Hon Cau) ឆ្នាំ២០២២។
សិល្បករ កាវ ថាញថា (Cao Thanh Tha) រៀបរាប់បន្ថែម៖ “ខ្ញុំមានបំណងឆ្លងតាមរយៈការតាំងពិព័រណ៍នេះ អាចលើកកម្ពស់ការយល់ដឹងនៃសហគមន៍ អំពីសារៈសំខាន់នៃការការពារបរិស្ថានសមុទ្រ និង សត្វអណ្តើកសមុទ្រ។ សត្វអណ្តើកសមុទ្រនីមួយៗ ដែលរៀបដោយកុលាលភាជន៍ ជាវាចាក្រើនរំលឹកអំពីភារកិច្ចរបស់យើង ក្នុងការរក្សាសម្រស់នៃធម្មជាតិ”។
ការតាំងពិព័រណ៍ “បណ្តែតអារម្មណ៍” ទទួលបានការវាយតម្លៃខ្ពស់ ពីសំណាក់អ្នកជំនាញ និង មហាជន។ ភ្ញៀវទេសចរជាច្រើន មានចិត្តរំភើបចំពោះសារអត្ថន័យផ្តែផ្តាំ តាមរយៈស្នាដៃសិល្បៈពិសេសនេះ។ តាំងពិព័រណ៍មិនត្រឹមតែឆ្ពោះទៅរកគោលដៅផ្សព្វផ្សាយ អប់រំបង្កើនការយល់ដឹង អំពីការពារធម្មជាតិ អភិរក្សសត្វព្រៃ នៅទាំងជាទីកន្លែងប្រកាសសារស្តីពីការគោរពភាពជាធម្មជាតិ សេរីភាព ឯករាជ ភាពខុសប្លែកនៃប្រភេទសត្វនីមួយៗ នៅលើពិភពលោក។
អង្គតាំងពិព័រណ៍ “បណ្តែតអារម្មណ៍” គឺជាព្រឹត្តិការណ៍វប្បធម៌អត្ថន័យមួយ ចូលរួមលើកកម្ពស់ការយល់ដឹងនៃសហគមន៍ អំពីការការពារបរិស្ថានសមុទ្រ និង សត្វអណ្តើកសមុទ្រ។ នេះជាសម្តីអំពាវនាវនៃឯកជនម្នាក់ៗ ចូលរួមសកម្មភាពការពារពិភពបៃតង របស់ពួកយើងទាំងអស់គ្នា៕
អត្ថបទ៖ កុងដាត រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង