វត្តមែត (Met) - អារាមបុរាណស្ថិតនៅលើ “ដែនដីសេក្ខ” កូអាម (Co Am)

វត្តមែត (Met) - អារាមបុរាណស្ថិតនៅលើ “ដែនដីសេក្ខ” កូអាម (Co Am)

ស្ថិតនៅ​លើ​ភូមិសាស្រ្ត​ឃុំ​កូ​អាម ​(Co Am) ស្រុក​វិញបាវ​ (Vinh Bao) ទីក្រុង​ហាយ​ផុង (Hai Phong) វត្ត​មែត​ (Met) បានកសាង​នៅ​ប្រហែលសតវត្សរ៍​ទី១៦​ ដោយ​មេទ័ព​ ត្រឹន​ខាក់ត្រាង (Tran Khac Trang)​។ វត្ត​នេះ ធ្លាប់​ជា​ទីកន្លែង​បួស​រៀន​នៃ​ព្រះសង្ឃ​ យោគី​ល្បី​ឈ្មោះ (ក្នុងនោះ​មាន ​ត្រាង​ទ្រិញ​ ង្វៀន ប៊ិញ​ឃី- Trang Trinh Nguyen Binh Khiem​) ដូច្នេះ​ទើប​បាន​ចាត់​ទុក​​ថា​​ជា​សាលារៀន​ពុទ្ធសាសនា​ ជា​មជ្ឈមណ្ឌល​​វប្បធម៌​នៃតំបន់​កូអាម​ (Co Am)។​

វត្ត​មែត​ (Met) បាន​រដ្ឋាភិបាល​រៀប​ចំណាត់​​ថ្នាក់ ​ជា​កេរដំណែល​ប្រវត្តិសាស្រ្ត​វប្បធម៌​​ថ្នាក់ជាតិ​តាំងពី​ឆ្នាំ​១៩៩៨។ រូបថត​៖ កុង​ដាត​​/កាសែតរូបភាពវៀតណាម​

ឆ្លងកាត់​ថេរៈ​ប្រវត្តិសាស្រ្ត​ និងការ​ជួស​ជុល​កែលម្អរ​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​វត្ត​មែត​ (Met) នៅតែរក្សា​បាន​លក្ខណៈ​ស្ថាបត្យកម្ម​ពិសេស​ បុរាណ​ ស្ងប់ស្ងៀម និង តម្លៃ​វប្បធម៌ប្រពៃណី​។ លក្ខណៈ​ស្ថាបត្យកម្ម​​ប្រពៃណី​របស់វៀតណាម​ បាន​​រំលេច​តាម​រយៈ​ប្រព័ន្ធសំណង់​វត្ត​មែត​​ដូចជា​៖ ខ្លោង​ទ្វារ​ ជា​ចំណុច​ចំណាប់អារម្មណ៍​ដំបូង​ ខណៈពេល​បោះជំហាន​ចូល​វត្ត​ ខ្លោង​ទ្វារ​មាន​លក្ខណៈ​ស្ថាបត្យកម្មបុរាណ​ ជាមួយ​ក្បាច់​រចនា​ប្រណីតៗ​។ បន្ទាប់មក​​ជា​មណ្ឌល​វិមាន​ស្នំ​ ជាទីកន្លែង​បូជា​ព្រះពុទ្ធ​ មាន​តម្កល់​ព្រះពុទ្ធរូប​សាង​ដោយ​ឈើមាន​តម្លៃ​​ បាន​ចម្លាក់យ៉ាង​ប្រណីត​។

ទិដ្ឋភាព​វត្ត​មែត (Met) ​សំឡឹង​ពីទីខ្ពស់​។ រូបថត៖​ឯកសារ​

ទិដ្ឋភាព​ខាង​មុខនៃ​អគារ​ត្រៃរត្នក្នុង​វត្ត​មែត (Met)​។​

ប្រការ​មួយ​ក្នុង​ចំណោម​ប្រការ​ ដែលធ្វើ​ឱ្យ​មាន​លក្ខណៈ​ពិសេស​នៃ​វត្ត​មែត​ (Met) គឺ​មាន​ទំនាក់ទំនង​ជាមួយ​នឹង ​ត្រាងទ្រិញ​ ង្វៀន ប៊ីញ​ឃីម​ (Trang Trinh Nguyen Binh Khiem)។ តាម​តម្រាកំណត់ត្រា​​ ង្វៀន ប៊ិញ​​ឃីម​ (Nguyen Binh Khiem) ប្រឡង​ជាប់មន្ត្រី​ និង បាន​តែងតាំង​គោរមងារ​ ទ្រិញ​ត្វៀន​ (Trinh Tuyen) ​ដូចនេះ​ទើប​ហៅថា ​ត្រាង​ទ្រិញ​ (Trang Trinh)​។ ធ្វើ​មន្រ្តី​បាន​៧ឆ្នាំ លោក​បានថ្វាយ​លិខិត​សំណើថ្កោលទោស​មន្រ្តី​ចំនួន​​១៨រូប​ ប៉ុន្តែថ្នាក់​លើ​​មិន​បាន​ទស្សន៍​ ដូច្នេះ​លោក​ក៏បាន​សូម​លាលែង​តំណែង​​ទៅ​ស្រុក​កំណើត​ រស់នៅ​លាក់ខ្លួន​បំពួន​ប្រាណ​។ ​លោក​កសាង​អាស្រម​បាច់​វឹន​ (Bach Van) ​យក​នាម​យោគី​ បាច់​វឹន (Bach Van) ​បើក​សាលាបង្រៀន​​នៅ​វត្ត​មែត (Met)។ លោក ង្វៀន​ ប៊ិញ​​ឃីម (Nguyen Binh Khiem) ​បណ្តុះ​បណ្តាល​ បាន​សិស្ស​គណ​ល្បី​​ឈ្មោះ ជា​អ្នក​មាន​សីលធម៌ មាន​ទេពកោសល្យ​ ដូចជា​ ង្វៀន​យឺ (Nguyen Du) រដ្ឋមន្រ្តីពិធីការ​ លឿង​ ហូវ​ខាញ​ (Luong Huu Khanh) ត្រាង​ប៊ូង​ ភុង​ ខាក់ខ្វាន​ (Trang Bung Phung Khac Khoan)។ល។

ទិដ្ឋភាព​អាសនៈ​បូជា​ព្រះត្រៃរត្ន​នៅ​វត្ត​មែត​ (Met)។ រូបថត៖ កុង​ដាត​/កាសែតរូបភាព វៀតណាម​

វត្ត​មែត​ (Met)មិនត្រឹមតែ​ជាសំណង់​ស្ថាបត្យកម្ម​ពិសេស​មួយ​ នៅទាំង​ជា​ទី​កន្លែង​​រក្សា​នូវ​តម្លៃ​វប្បធម៌ចេតភាព​ជ្រាល​ជ្រៅ។ វត្ត​អារាម​បាន​​ក្លាយ​ជា​ចំណែក​មួយ​ដែល​មិនអាច​កាត់ផ្តាច់​ពី​ជីវភាព​រស់នៅ​ចេតភាព​ នៃ​អ្នកភូមិ​ អ្នកស្រុក​។ រៀង​រាល់​ឆ្នាំ វត្ត​មែត​ (Met)រៀប​ចំពិធី​បុណ្យ​ប្រពៃណី​​ដូចជា​ពិធី​វិសាខបូជា ពិធី​បុណ្យ​វូ​ឡាន (បុណ្យ​តបគុណ) ។ល។ ទាក់ទាញ​អ្នកភូមិ​អ្នក​ស្រុក​ចូល​រួម​កុះករ​។

ពិធី​បុណ្យទាន​តែង​បាន​ប្រព្រឹត្តទៅ​នៅ​វត្ត​មែត​ (Met)។ រូបថត៖ ឯកសារ​

បច្ចុប្បន្ន​ វត្ត​មែត (Met) ​​មិនត្រឹមតែ​ជា​អាសយដ្ឋាន​ចេតភាព​ នៅទាំង​ជា​អាសយដ្ឋាន​ទេសចរណ៍ទាក់ទាញ​មួយ​ទៀ​ត​ផង​។ រៀងរាល់​ឆ្នាំ​ ភ្ញៀវទេសចរ​ជា​ច្រើន​ចូល​រួម​ទស្សនា​ ស្វែងយល់​ អំពី​ប្រវត្តិសាស្រ្ត​ និង​ វប្បធម៌​របស់វត្ត​។ កិច្ច​ការ​​​អភិរក្ស និង ពង្រីក​តម្លៃ​វត្ត​មែត​ (Met) ជា​ភារកិច្ច​ដ៏សំខាន់មួយ​នៃ​សហគមន៍​។​

វត្ត​មែត​ (Met) រៀ​បចំ​រាត្រី​សែន​ព្រះខែ​នៅដែន​ដី​ត្រាង (Trang) (បណ្ឌិត)​ និង ជូន​​អំណោយ​ដល់​ប្អូន​ៗសិស្សសាលា​នៅ​ក្នុងតំបន់​។ រូបថត៖ ឯកសារ​

វត្ត​មែត​ (Met) ជា​និមិត្ត​រូប​វប្បធម៌​មួយ​នៃ​តំបន់​ដី​​កូ​អាម​ (Co Am)។​ វត្ត​មិនត្រឹមតែ​មាន​តម្លៃ​ប្រវត្តិសាស្រ្ត​ ស្ថាបត្យកម្ម​ នៅទាំងជា​ទីកន្លែង​រក្សា​តម្លៃ​ចេតភាព​ជ្រាលជ្រៅ​ នៃ​អ្នកភូមិ​ អ្នកស្រុក​។ កិច្ចការ​​អភិរក្ស និង ពង្រីក​តម្លៃ​នៃវត្ត​មែត​ (Met) ជា​ភារកិច្ច​ដ៏សំខាន់មួយ​ ចូល​រួម​អភិរក្ស និង ​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​​របស់ជាតិ៕​

 អត្ថបទ និង រូបថត៖ កុង​ដាត/​កាសែត​រូបភាព​វៀត​ណាម

ប្រែសម្រួល៖ រីកើង​


Top