លោក Hiroumi Hamajima និងកម្មករវៀតណាម

លោក Hiroumi Hamajima និងកម្មករវៀតណាម

នាឆ្នាំ ២០២១ លោក Hiroumi Hamajima បានមកដល់ប្រទេសវៀតណាម ដឹកនាំ​ Sumitomo Heavy Industries វៀតណាម (SHIV) ចំពេលកើត​ជំងឺរាតត្បាត COVID-19 បាន​ដាក់រោងចក្រចំពោះបញ្ហាប្រឈមយ៉ាងធំ។ រយៈពេលជាច្រើនខែ បាន​រួម​សុខ​រួមទុក្ខជាមួយកម្មករបន្តផលិតកម្ម ​បានបន្សល់ទុកមេរៀនយ៉ាងស៊ីជម្រៅចំពោះ​លោក​ នូវស្មារតីសាមគ្គី  និងភាពចាស់ទុំរបស់​ប្រជាជន​វៀតណាម​។

ជិតស្និទ្ធជាងនឹងអ្នករួម​ដំណើរ

លោក Hamajima បានចែករំលែកថា “ខ្ញុំបានរៀនពីកម្មករ និងពលករវៀតណាម នូវស្មារតី​មិន​បោះបង់ចោល និងស្មារតី​សាមគ្គី​។ ពួកគេតែងតែធ្វើការ​ជាមួយគ្នា​ដូចជា​​សមូហភាពមួយ”។

លោក Hiroumi Hamajima អគ្គនាយកក្រុមហ៊ុន Sumitomo Heavy Industries វៀតណាម (SHIV)។ រូបថត៖ ត្រឹន​ថាញ់យ៉ាង / VNP

លោកចងចាំយ៉ាងច្បាស់ក្នុងអំឡុងពេល​ជំងឺ COVID-19 រីក​រាល​ដាល នៅពេលដែល​រោងចក្រ​​ប្រឈមមុខ​នឹងហានិភ័យផ្អាក​ដំណើរការ​ផលិត​។ មន្ត្រី​ និងបុគ្គលិកនៃ SHIV ជាច្រើននាក់ បានស្នាក់នៅរោងចក្រអស់រយៈពេលជាច្រើនខែ ដើម្បីរក្សាផលិតកម្ម និងធានាការផ្គត់ផ្គង់​ជូន​អតិថិជន​។ សម្រាប់លោក នោះមិនមែនគ្រាន់តែជាបញ្ហាប្រឈមសម្រាប់សហគ្រាស ប៉ុន្តែក៏ជាបទពិសោធន៍ស៊ីជម្រៅអំពីទំនួលខុស​ត្រូវ និងកម្លាំងសមូហភាព។

ក្នុង​រយៈពេល​នោះ​ លោក Hamajima - គ្រប់គ្រងជនជាតិជប៉ុន​ម្នាក់ កាន់តែជិតស្និទ្ធនឹងកម្មករវៀតណាម​។ រហូតមកដល់​សព្វថ្ងៃនេះ លោកនៅតែរក្សាការ​ដឹង​គុណ និងកោតសរសើរ​ចំពោះបណ្ដាសមាជិក SHIV ដែលបានរួម​សុខរួមទុក្ខឆ្លងកាត់ដំណាក់កាលដ៏លំបាកនោះ​។

នៅគ្រប់ជ្រុងទាំងអស់នៃរោងចក្រ គេអាចមើលឃើញរូបភាពនៃអ្នកដឹកនាំដ៏រួសរាយរាក់ទាក់ម្នាក់ ដែលត្រួតពិនិត្យការងារដោយក្តីរំភើបរួមជាមួយវិស្វករ និងកម្មករ។ រូបថត៖ ត្រឹន​ថាញ់យ៉ាង / VNP
លោក Hiroumi Hamajima កំពុងត្រួតពិនិត្យដំណើរការផលិតផលិតផល។
រូបថត៖ ត្រឹន​ថាញ់យ៉ាង / VNP
ពិភាក្សាការងារប្រចាំថ្ងៃជាមួយអ្នកត្រួតពិនិត្យរោងជាង។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

នៅរោងចក្រដែលមានពលករជាង ១.០០០នាក់ លោក Hamajima មិនត្រឹមតែធ្វើការក្នុងកិច្ចប្រជុំគ្រប់គ្រង។ លោកតែងទៅកាន់បណ្ដា​រោង​ជាង សួរ​សុខទុក្ខកម្មករ ត្រួតពិនិត្យផលិតផលទើបសម្រេច និង​ស្តាប់​រឿង​រ៉ាវអំពីការងារ។ នៅក្នុងការប្រកួតជំនាញ លោកបានចួល​រួម​គាំទ្រ​លើកទឹកចិត្តកម្មករដោយផ្ទាល់ ហើយចាត់ទុកថានោះជាឱកាសសម្រាប់ពួកគេ ដើម្បី​ចែក​​រំលែកបទពិសោធន៍ និងបង្កើនជំនាញ។

លោក Hamajima អគ្គនាយកក្រុមហ៊ុន Sumitomo Heavy Industries វៀតណាម (SHIV) មានទំនាក់ទំនង​ជិតស្និទ្ធជាជាមួយកម្មករវៀតណាមរាប់ពាន់នាក់។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលលោកធ្វើការ​នៅ​ប្រទេស​វៀត​ណាម លោកបានឱ្យតម្លៃខ្ពស់ចំពោះវិស្វករ បុគ្គលិក និងកម្មករ ពីព្រោះពួកគេ​មាន​សមត្ថភាពសិក្សារៀនសូត្រ សម្របខ្លួន ការកិច្ចខិតខំប្រឹងប្រែងអស់ពីចិត្ត និង​ត្រៀម​ខ្លួន​​ជាស្រេច ក្នុងការទទួលយកបញ្ហាប្រឈម។

ធំដឹងក្ដីជាមួយនឹង​បច្ចេកវិទ្យា និង​មនុស្ស 

សម្រាប់លោក Hamajima បច្ចេកវិទ្យាពង្រីកតម្លៃ លុះត្រាតែវាដើរទន្ទឹមនឹងការអភិវឌ្ឍរបស់មនុស្ស​។ អ្នកប្រតិបត្តិការចាំបាច់ត្រូវយល់ដឹងនូវបច្ចេកវិទ្យា អ្នកបច្ចេកទេស​ត្រូវធ្វើម្ចាស់ឧបករណ៍ រីឯកងជួរ​ដឹក​នាំវិញ ត្រូវមានសមត្ថភាពដោះស្រាយបញ្ហាដែលកាន់តែស្មុគស្មាញ។

លោក Hiroumi Hamajima ធ្វើការជាមួយវិស្វករនៅក្នុងការិយាល័យរចនា។ រូបថត៖ ត្រឹន​ថាញ់យ៉ាង / VNP

ពីទស្សនទាននោះ SHIV យកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស។ លោកបានឃើញផ្ទាល់នូវពលករវៀតណាមជាច្រើនរូប ដែលបានលើកកម្ពស់សន្ទាត់ជំនាញរបស់ខ្លួន តាំងពីកម្មករឈរកាន់ម៉ាស៊ីនផ្ទាល់ ក្លាយជាអ្នកបច្ចេកទេស អ្នកឯកទេស និងមន្ត្រី​គ្រប់គ្រង។ សម្រាប់រូបលោក នេះជាតម្លៃមួយ ដែលគួរឱ្យគោរពបំផុត៖ ពលករមិនត្រឹមតែធ្វើការជាមួយបច្ចេកវិទ្យាប៉ុណ្ណោះ ប៉ុន្តែថែមទាំងលូតលាស់​ជាមួយ​បច្ចេកវិទ្យាទៀតផង។

លោកបានចាត់ទុកបរិយាកាសធ្វើការក៏ជាកត្តាសំខាន់ ដើម្បីពលករប្តេជ្ញាចិត្តផ្សារភ្ជាប់ក្នុងរយៈពេលយូរ។ ការកែលម្អជាក់ស្តែង ដូចជាការកាត់បន្ថយក្លិនប្រេង សីតុណ្ហភាព និងសំឡេងរំខានរបស់ម៉ាស៊ីន បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះមនុស្ស ដែលកំពុងធ្វើ​ការប្រចាំថ្ងៃក្នុងរោងចក្រ។

ក្នុងអំឡុងពេលច្រើនឆ្នាំរស់នៅវៀតណាម លោកបានឃើញការផ្លាស់ប្តូរជាច្រើន តាំងពីជំងឺរាតត្បាត COVID-19  រហូតដល់តម្រូវការកាន់តែខ្ពស់អំពីបច្ចកេវិទ្យា និងគុណភាព​។ ក្នុងបម្រែបម្រួលទាំងនោះ ពលករ​នៃ SHIV នៅតែបន្តរៀនសូត្រ កែលម្អ និងសម្របខ្លួន។ សម្រាប់រូបលោក តម្លៃធំបំផុតមិនត្រឹមតែស្ថិតនៅលើខ្សែសង្វាក់ផលិតកម្មទំនើប ឬផលិតផលដែលមានបរិមាណ​បច្ចេកទេសខ្ពស់ ប៉ុន្តែគឺការ​លូតលាស់​នៃមនុស្សដែល​នៅពីខាងក្រោយ។ រោងចក្រមួយមិនត្រឹមតែត្រូវបានកសាងឡើងដោយដែកថែប ម៉ាស៊ីន និងឧបករណ៍ប៉ុណ្ណោះ ប៉ុន្តែថែមទាំងត្រូវបានកសាងឡើងដោយមនុស្សរួមធ្វើការ រៀនសូត្រ និងជម្នះលំបាកជាមួយគ្នា។

លោក Hiroumi Hamajima កំពុងត្រួតពិនិត្យផលិតផលនៅរោងចក្រ។ រូបថត៖ ត្រឹន​ថាញ់យ៉ាង / VNP

សព្វថ្ងៃនេះ លោក Hamajima នៅតែមកកាន់រោងជាង សួរសុខទុក្ខកម្មករ ឈប់ដំណើនៅក្បែរម៉ាស៊ីន សាកសួរពីការងារ និងស្តាប់រឿងរ៉ាវក្នុងជីវិតប្រចាំថ្ងៃ។ រូបភាពនោះធ្វើឱ្យគេគិតដល់ "មេការម្នាក់" ដែលជិតស្និទ្ធនឹងកូនចៅរបស់ខ្លួន៖ មិនត្រឹមតែឈរនៅខាងមុខ ដើម្បីបង្ហាញផ្លូវ ថែមទាំងបានបង្ហាញវត្តមាននៅចំកណ្តាលក្រុមមនុស្សរួមដំណើរជាមួយគ្នា។

ពិភាក្សាការងារជាមួយបុគ្គលិកនៅក្នុងការិយាល័យបច្ចេកវិទ្យា។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

ប្រហែលជា ប្រការដែលលោកចង់បន្សល់ទុកនៅវៀតណាម មិនត្រឹមតែជាផលិតផលដែលមានម៉ាកយីហោ Sumitomo ប៉ុណ្ណោះ ប៉ុន្តែថែមទាំងជាមនុស្សដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្ទាត់ជំនាញ មានទំនុកចិត្ត និងអាចឆ្ពោះទៅមុខ​វែងឆ្ងាយជាងនេះ ដោយសមត្ថភាពរបស់ខ្លួន​៕

អត្ថបទ៖ ប៊ីច វ៉ឹន, ង្វៀន ទឿយ រូបថត៖ ត្រាន់ ថាញ់ យ៉ាង/VNP


Top