នាឆ្នាំ ២០២១ លោក Hiroumi Hamajima បានមកដល់ប្រទេសវៀតណាម ដឹកនាំ Sumitomo Heavy Industries វៀតណាម (SHIV)។
នាឆ្នាំ ២០២១ លោក Hiroumi Hamajima បានមកដល់ប្រទេសវៀតណាម ដឹកនាំ Sumitomo Heavy Industries វៀតណាម (SHIV) ចំពេលកើតជំងឺរាតត្បាត COVID-19 បានដាក់រោងចក្រចំពោះបញ្ហាប្រឈមយ៉ាងធំ។ រយៈពេលជាច្រើនខែ បានរួមសុខរួមទុក្ខជាមួយកម្មករបន្តផលិតកម្ម បានបន្សល់ទុកមេរៀនយ៉ាងស៊ីជម្រៅចំពោះលោក នូវស្មារតីសាមគ្គី និងភាពចាស់ទុំរបស់ប្រជាជនវៀតណាម។
ជិតស្និទ្ធជាងនឹងអ្នករួមដំណើរ
លោក Hamajima បានចែករំលែកថា “ខ្ញុំបានរៀនពីកម្មករ និងពលករវៀតណាម នូវស្មារតីមិនបោះបង់ចោល និងស្មារតីសាមគ្គី។ ពួកគេតែងតែធ្វើការជាមួយគ្នាដូចជាសមូហភាពមួយ”។
លោក Hiroumi Hamajima អគ្គនាយកក្រុមហ៊ុន Sumitomo Heavy Industries វៀតណាម (SHIV)។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
លោកចងចាំយ៉ាងច្បាស់ក្នុងអំឡុងពេលជំងឺ COVID-19 រីករាលដាល នៅពេលដែលរោងចក្រប្រឈមមុខនឹងហានិភ័យផ្អាកដំណើរការផលិត។ មន្ត្រី និងបុគ្គលិកនៃ SHIV ជាច្រើននាក់ បានស្នាក់នៅរោងចក្រអស់រយៈពេលជាច្រើនខែ ដើម្បីរក្សាផលិតកម្ម និងធានាការផ្គត់ផ្គង់ជូនអតិថិជន។ សម្រាប់លោក នោះមិនមែនគ្រាន់តែជាបញ្ហាប្រឈមសម្រាប់សហគ្រាស ប៉ុន្តែក៏ជាបទពិសោធន៍ស៊ីជម្រៅអំពីទំនួលខុសត្រូវ និងកម្លាំងសមូហភាព។
ក្នុងរយៈពេលនោះ លោក Hamajima - គ្រប់គ្រងជនជាតិជប៉ុនម្នាក់ កាន់តែជិតស្និទ្ធនឹងកម្មករវៀតណាម។ រហូតមកដល់សព្វថ្ងៃនេះ លោកនៅតែរក្សាការដឹងគុណ និងកោតសរសើរចំពោះបណ្ដាសមាជិក SHIV ដែលបានរួមសុខរួមទុក្ខឆ្លងកាត់ដំណាក់កាលដ៏លំបាកនោះ។
នៅគ្រប់ជ្រុងទាំងអស់នៃរោងចក្រ គេអាចមើលឃើញរូបភាពនៃអ្នកដឹកនាំដ៏រួសរាយរាក់ទាក់ម្នាក់ ដែលត្រួតពិនិត្យការងារដោយក្តីរំភើបរួមជាមួយវិស្វករ
និងកម្មករ។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
លោក Hiroumi Hamajima កំពុងត្រួតពិនិត្យដំណើរការផលិតផលិតផល។
រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
ពិភាក្សាការងារប្រចាំថ្ងៃជាមួយអ្នកត្រួតពិនិត្យរោងជាង។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP
នៅរោងចក្រដែលមានពលករជាង ១.០០០នាក់ លោក Hamajima មិនត្រឹមតែធ្វើការក្នុងកិច្ចប្រជុំគ្រប់គ្រង។ លោកតែងទៅកាន់បណ្ដារោងជាង សួរសុខទុក្ខកម្មករ ត្រួតពិនិត្យផលិតផលទើបសម្រេច និងស្តាប់រឿងរ៉ាវអំពីការងារ។ នៅក្នុងការប្រកួតជំនាញ លោកបានចួលរួមគាំទ្រលើកទឹកចិត្តកម្មករដោយផ្ទាល់ ហើយចាត់ទុកថានោះជាឱកាសសម្រាប់ពួកគេ ដើម្បីចែករំលែកបទពិសោធន៍ និងបង្កើនជំនាញ។
លោក Hamajima អគ្គនាយកក្រុមហ៊ុន Sumitomo Heavy Industries វៀតណាម (SHIV) មានទំនាក់ទំនងជិតស្និទ្ធជាជាមួយកម្មករវៀតណាមរាប់ពាន់នាក់។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/
VNP
ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលលោកធ្វើការនៅប្រទេសវៀតណាម លោកបានឱ្យតម្លៃខ្ពស់ចំពោះវិស្វករ បុគ្គលិក និងកម្មករ ពីព្រោះពួកគេមានសមត្ថភាពសិក្សារៀនសូត្រ សម្របខ្លួន ការកិច្ចខិតខំប្រឹងប្រែងអស់ពីចិត្ត និងត្រៀមខ្លួនជាស្រេច ក្នុងការទទួលយកបញ្ហាប្រឈម។
ធំដឹងក្ដីជាមួយនឹងបច្ចេកវិទ្យា និងមនុស្ស
សម្រាប់លោក Hamajima បច្ចេកវិទ្យាពង្រីកតម្លៃ លុះត្រាតែវាដើរទន្ទឹមនឹងការអភិវឌ្ឍរបស់មនុស្ស។ អ្នកប្រតិបត្តិការចាំបាច់ត្រូវយល់ដឹងនូវបច្ចេកវិទ្យា អ្នកបច្ចេកទេសត្រូវធ្វើម្ចាស់ឧបករណ៍ រីឯកងជួរដឹកនាំវិញ ត្រូវមានសមត្ថភាពដោះស្រាយបញ្ហាដែលកាន់តែស្មុគស្មាញ។
លោក Hiroumi Hamajima ធ្វើការជាមួយវិស្វករនៅក្នុងការិយាល័យរចនា។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
ពីទស្សនទាននោះ SHIV យកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស។ លោកបានឃើញផ្ទាល់នូវពលករវៀតណាមជាច្រើនរូប ដែលបានលើកកម្ពស់សន្ទាត់ជំនាញរបស់ខ្លួន តាំងពីកម្មករឈរកាន់ម៉ាស៊ីនផ្ទាល់ ក្លាយជាអ្នកបច្ចេកទេស អ្នកឯកទេស និងមន្ត្រីគ្រប់គ្រង។ សម្រាប់រូបលោក នេះជាតម្លៃមួយ ដែលគួរឱ្យគោរពបំផុត៖ ពលករមិនត្រឹមតែធ្វើការជាមួយបច្ចេកវិទ្យាប៉ុណ្ណោះ ប៉ុន្តែថែមទាំងលូតលាស់ជាមួយបច្ចេកវិទ្យាទៀតផង។
លោកបានចាត់ទុកបរិយាកាសធ្វើការក៏ជាកត្តាសំខាន់ ដើម្បីពលករប្តេជ្ញាចិត្តផ្សារភ្ជាប់ក្នុងរយៈពេលយូរ។ ការកែលម្អជាក់ស្តែង ដូចជាការកាត់បន្ថយក្លិនប្រេង សីតុណ្ហភាព និងសំឡេងរំខានរបស់ម៉ាស៊ីន បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះមនុស្ស ដែលកំពុងធ្វើការប្រចាំថ្ងៃក្នុងរោងចក្រ។
ក្នុងអំឡុងពេលច្រើនឆ្នាំរស់នៅវៀតណាម លោកបានឃើញការផ្លាស់ប្តូរជាច្រើន តាំងពីជំងឺរាតត្បាត COVID-19 រហូតដល់តម្រូវការកាន់តែខ្ពស់អំពីបច្ចកេវិទ្យា និងគុណភាព។ ក្នុងបម្រែបម្រួលទាំងនោះ ពលករនៃ SHIV នៅតែបន្តរៀនសូត្រ កែលម្អ និងសម្របខ្លួន។ សម្រាប់រូបលោក តម្លៃធំបំផុតមិនត្រឹមតែស្ថិតនៅលើខ្សែសង្វាក់ផលិតកម្មទំនើប ឬផលិតផលដែលមានបរិមាណបច្ចេកទេសខ្ពស់ ប៉ុន្តែគឺការលូតលាស់នៃមនុស្សដែលនៅពីខាងក្រោយ។ រោងចក្រមួយមិនត្រឹមតែត្រូវបានកសាងឡើងដោយដែកថែប ម៉ាស៊ីន និងឧបករណ៍ប៉ុណ្ណោះ ប៉ុន្តែថែមទាំងត្រូវបានកសាងឡើងដោយមនុស្សរួមធ្វើការ រៀនសូត្រ និងជម្នះលំបាកជាមួយគ្នា។
លោក Hiroumi Hamajima កំពុងត្រួតពិនិត្យផលិតផលនៅរោងចក្រ។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
សព្វថ្ងៃនេះ លោក Hamajima នៅតែមកកាន់រោងជាង សួរសុខទុក្ខកម្មករ ឈប់ដំណើនៅក្បែរម៉ាស៊ីន សាកសួរពីការងារ និងស្តាប់រឿងរ៉ាវក្នុងជីវិតប្រចាំថ្ងៃ។ រូបភាពនោះធ្វើឱ្យគេគិតដល់ "មេការម្នាក់" ដែលជិតស្និទ្ធនឹងកូនចៅរបស់ខ្លួន៖ មិនត្រឹមតែឈរនៅខាងមុខ ដើម្បីបង្ហាញផ្លូវ ថែមទាំងបានបង្ហាញវត្តមាននៅចំកណ្តាលក្រុមមនុស្សរួមដំណើរជាមួយគ្នា។
ពិភាក្សាការងារជាមួយបុគ្គលិកនៅក្នុងការិយាល័យបច្ចេកវិទ្យា។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP
ប្រហែលជា ប្រការដែលលោកចង់បន្សល់ទុកនៅវៀតណាម មិនត្រឹមតែជាផលិតផលដែលមានម៉ាកយីហោ Sumitomo ប៉ុណ្ណោះ ប៉ុន្តែថែមទាំងជាមនុស្សដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្ទាត់ជំនាញ មានទំនុកចិត្ត និងអាចឆ្ពោះទៅមុខវែងឆ្ងាយជាងនេះ ដោយសមត្ថភាពរបស់ខ្លួន៕
អត្ថបទ៖ ប៊ីច វ៉ឹន, ង្វៀន ទឿយ រូបថត៖ ត្រាន់ ថាញ់ យ៉ាង/VNP