“រដ្ឋធានី ហាណូយ ខ្លោងទ្វារក្រុងទាំង៥” - រថភ្លើងតភ្ជាប់អតីត និងបច្ចុប្បន្ន
រថភ្លើងទេសចរណ៍ពីរជាន់ដំបូងគេរបស់វៀតណាមដែលមានឈ្មោះថា “ហាណូយ ខ្លោងទ្វារក្រុងទាំង៥” (The Hanoi Train) ទើបបានអគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម (VNR) ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បើកទិសដៅថ្មីក្នុងការចូលរួមរវាងការដឹកជញ្ជូន ទេសចរណ៍ និងវប្បធម៌ នៅកណ្ដាលរាជធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំ។
យកគំនិតចេញពីរូបភាពនៃរាជធានី ថាំងឡុង កាលពីសម័យមុន “ហាណូយ ខ្លោងទ្វារក្រុងទាំង៥” រំលឹកឃើញនូវទ្វារក្រុងប្រវត្តិសាស្ត្រទាំង ៥ គឺ៖ ទ្វារអូក្វាងជឿង អូកូវយេន អូកូវយ៉ី អូចើយឿ និង អូដុងម៉ាក់ - ឈ្មោះនីមួយៗ ជាស្លាកស្នាមវប្បធម៌ និងជាទ្វារនៃអនុស្សាវរីយ៍របស់ប្រជាជនហាណូយ។
រថភ្លើងចេញដំណើរពីស្ថានីយ៍ហាណូយ ឆ្លងកាត់ ឡុងបៀន - យ៉ាឡឹម - ងៀនវៀន - ទឺសឺន (ខេត្តបាក់និញ) រួចវិលត្រឡប់មកចំណុចចេញដំណើរវិញ។ រថភ្លើងនេះ មាន៥ទូ ២ជាន់ និង២ទូបើកចំហរសម្រាប់ថតរូប (check-in) ដោយបានរចនាតាមបែបរចនាបថបុរាណលាយឡំនឹងសហសម័យ ផ្ទៃក្នុងប្រើប្រើឈើមានលក្ខណៈកក់ក្ដៅ ពន្លឺស្រទន់ បង្អួចធំទូលាយអាចមើលឃើញទេសភាពទីក្រុង ទន្លេក្រហម និងតំបន់ជាយក្រុងទាំងមូល។ រថភ្លើងនឹងឈប់នៅស្ថានីយ៍ទឺសឺន និងនាំភ្ញៀវទៅទស្សនាទីស្ការបូជាប្រាសាទឌូ (ខេត្តបាក់និញ) ព្រមទាំងទទួលបទពិសោធន៍សកម្មភាពវប្បធម៌មូលដ្ឋាន។ ជារៀងរាល់ថ្ងៃមានពីរជើង គឺនៅម៉ោង៨ព្រឹក និង ១រសៀល អាចដឹកអ្នកដំណើរបាន ២៥៨នាក់ តម្លៃសំបុត្រចាប់ពី ៥៥០.០០០ - ៧៥០.០០០ ដុង/លើក។
មិនមែនត្រឹមតែជាមធ្យោបាយធ្វើដំណើរទេ “The Hanoi Train” បានផ្ដល់ជូននូវបទពិសោធន៍វប្បធម៌ដ៏រស់រវើក។ នៅលើរថភ្លើងផ្ទាល់ ភ្ញៀវទេសចរអាចរីករាយគយគន់បទចម្រៀង ក្វាងហ័រ ចម្រៀងសឹម ចម្រៀងចែវ ឬ កាទ្រូ ដែលសម្ដែងដោយសិល្បករផ្ទាល់។ សិល្បការិនី ធូផឿងរៀបរាប់ថា៖ “យើងខ្ញុំចង់នាំយកតន្ត្រីប្រជាប្រិយ ឱ្យកាន់តែកៀកជិតនឹងទស្សនិកជន តាមរយៈទំនុកថ្មីៗ ដែលមានដង្ហើមនៃសម័យកាល តែនៅរក្សាបាននូវព្រលឹងពីបុរាណដដែល”។
ទូរថភ្លើងមួយចំនួន បានរចនាដូចជាការតាំងពិព័រណ៍ខ្នាតតូច តាំងបង្ហាញរូបភាព និងវត្ថុនានារំលឹកដល់ទីក្រុងហាណូយពីអតីតកាល។ ទូផ្សេងទៀតក្លាយជាភោជនីយដ្ឋានកាហ្វេចល័ត ដែលជាកន្លែងសម្រាប់អ្នកដំណើរអង្គុយពិសាតែផង រីករាយពិសាភើកួន បាយដំណើបអំបុក នំក្រៀប តែឈូកផង ក្នុងបរិយាកាសសំឡេងកង់ដែករំកិលលើផ្លូវដែក - ជាសំឡេងដែលរំលឹកដល់ការធ្វើដំណើរតាមរថភ្លើង កាលពីកុមារភាព។
ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស សុទ្ធតែបង្ហាញនូវចំណាប់អារម្មណ៍។ លោកស្រី ផាម ទូអាញ (ហាណូយ) បានចែករំលែកថា៖ “ទូរថភ្លើងនីមួយៗ ប្រៀបដូចជាចំណែកមួយនៃទីក្រុងហាណូយ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍បានត្រឡប់ទៅអតីតកាលវិញ”។ បងស្រី Lena ជាភ្ញៀវទេសចរមកពីទីក្រុង Sydney (អូស្ត្រាលី) បានពោលថា៖ “ខ្ញុំធ្លាប់ជិះរថភ្លើងពីរជាន់នៅប្រទេសខ្ញុំដែរ ប៉ុន្តែគ្មានកន្លែងណាមានបរិយាកាសវប្បធម៌ពិសេសដូចនៅទីនេះទេ”។
ជាមួយនឹងការរួមបញ្ចូលរវាងសិល្បៈ ម្ហូបអាហារ និងបច្ចេកវិទ្យា The Hanoi Train គឺជានិមិត្តសញ្ញាថ្មីសម្រាប់ស្មារតីច្នៃប្រតិដ្ឋ នៃវិស័យទេសចរណ៍វៀតណាម។ សំឡេងកង់ដែករំកិលលើផ្លូវដែកឥឡូវនេះ មិនមែនគ្រាន់តែជាសំឡេងនៃអតីតកាលទេ នៅទាំងជាទំនុកណូតនៃរដ្ឋធានីហាណូយដ៏ទំនើប ដែលកំពុងបន្តពង្រីកតម្លៃរាប់ពាន់ឆ្នាំទៀតផង៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង/VNP
ប្រែសម្រួល៖ រីកើង
















