រដ្ឋធានីហាណូយចាប់ផ្តើមថ្ងៃថ្មី ដោយរបៀបរស់នៅបៃតង
ខណៈពេលអរុណរះ ប្រជាជនហាណូយបានប្រមូលផ្តុំគ្នានៅជុំវិញមាត់បឹង ក្នុងឧទ្យាន ឬនៅតាមដងផ្លូវ ដែលមានម្លប់ឈើ ដើម្បីហាត់ប្រាណ ជិះកង់ ស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ទម្លាប់សាមញ្ញទាំងនោះ រួមចំណែកក្នុងការបង្កើតរបៀបរស់នៅបៃតងនៃរដ្ឋធានី។
នៅពេលដែលកាំរស្មីដំបូងនៃព្រះអាទិត្យប៉ះផ្ទៃបឹង រដ្ឋធានី ហាណូយក្រោកពីដំណេកជាមួយនឹងចង្វាក់ជីវិតដ៏សុខសាន្ត។ ក្បែរមាត់បឹង ឧទ្យាន និងម្លប់ឈើបៃតង ប្រជាជនចាប់ផ្តើមថ្ងៃដោយការដើរ ជិះកង់ ឬហាត់ប្រាណស្រាលៗ - របៀបរស់នៅមានសុខភាពល្អ ជិតស្និទ្ធនឹងធម្មជាតិ បានក្លាយជាភាពស្រស់ស្អាតនៃរដ្ឋធានី។
ជាធម្មតា ថ្ងៃថ្មីមួយនៅរដ្ឋធានីហាណូយ ចាប់ផ្តើមតាំងពីព្រលឹម។ នៅពេលតាមដងផ្លូវ មិនទាន់មានមនុស្សច្រើន លំហបៃតងរបស់រដ្ឋធានី ពោរពេញទៅដោយកម្លាំងសម្រាប់ជីវិត។ ជុំវិញបឹង ហ័នគៀម (Hoan Kiem) ដំណើរថ្មើរជើង របស់អ្នកដើរ និងអ្នករត់ហាត់ប្រាណបន្តគ្នា នៅលើផ្លូវជុំវិញមាត់បឹង។ នៅក្រោមម្លប់នៃដើមឈើព្រឹក្ស ក្រុមមនុស្សវ័យចំណាស់ហាត់ប្រាណស្រាលៗ ហាត់តៃជី ខណៈពេលយុវជនជាច្រើននាក់ ជ្រើសរើសហាត់ yoga ឬការហាត់ប្រាណ ដែលមានអាំងតង់ស៊ីតេខ្ពស់ ដើម្បីចាប់ផ្តើមថ្ងៃ។
នៅក្នុងឧទ្យាន និងតំបន់ប្រជុំជន ពេលព្រឹកក៏ជាពេល វេលាសម្រាប់តំណភ្ជាប់សហគមន៍។ មនុស្សវ័យចំណាស់ជជែកគ្នា បន្ទាប់ពីហាត់ប្រាណរួច ក្មេងៗលេងបាល់ជាមួយមិត្តភក្តិ ហើយក្រុមគ្រួសារមួយៗ ក៏ចំណាយពេលលំហែជាមួយគ្នា មុនពេលចាប់ផ្តើមការងារ និងសិក្សា។ បណ្ដាលំហសាធារណៈយ៉ាងនោះ តែងតែពោរពេញដោយសំណើច និងថាមពលវិជ្ជមាន។
ចង្វាក់ជីវិតនោះឆ្លុះបញ្ចាំងពីនិន្នាការកាន់តែច្បាស់លាស់នៅរដ្ឋធានីហាណូយ៖ អាទិភាពសុខភាព វិលមករកធម្មជាតិ និងស្រូបយកបរិស្ថានបៃតងនៅកណ្តាលរដ្ឋធានី។ មនុស្សជាច្រើន ជ្រើសរើសការដើរ ឬធាក់កង់ក្នុងចម្ងាយខ្លីៗ បង្កើតទម្លាប់ជិតស្និទ្ធនឹងបរិស្ថាន ប៉ុន្តែសមស្របនឹងចង្វាក់ជីវិតសម័យទំនើប។សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ពេលព្រឹកក៏ជាពេលវេលាអស្ចារ្យមួយ ដើម្បីស្វែងយល់រដ្ឋធានីហាណូយ។ មិនមានភាពអ៊ូអរនៃម៉ោងមមាញឹក រដ្ឋធានីឥឡូវនេះលេចចេញយ៉ាងស្រស់ស្អាត ជាមួយផ្ទៃបឹងភ្លឺចែងចាំង ម្លប់ឈើត្រឈឹងត្រឆៃ និងល្បឿនជីវិតយឺតៗ របស់ប្រជាជន។ គ្រាន់តែដើរជុំវិញបឹង ហ័នគៀម (Hoan Kiem) ជិះកង់តាមមាត់បឹងតី (Tay) ឬអង្គុយលើកៅអីក្នុងឧទ្យាន ភ្ញៀវទេសចរអាចយល់ដឹងបានថា ហេតុអ្វីប្រជាជនហាណូយតែងតែចូលចិត្តយ៉ាងខ្លាំង ចំពោះលំហបៃតង។
ប្រហែលជាដោយសារភាពសាមញ្ញៗ ទាំងនោះ រូបភាពរដ្ឋធានីហាណូយទំនើបកំពុងត្រូវបានបំពេញជារៀងរាល់ថ្ងៃ។ មិនត្រឹមតែជាទីក្រុងនៃបេតិកភណ្ឌ និងវប្បធម៌ប៉ុណ្ណោះ រដ្ឋធានីក៏បន្សល់ទុកនូវចំណាប់អារម្មណ៍ ក្នងដួងចិត្តមិត្តភក្តិអន្តរជាតិ ជាមួយនឹងរបៀបរស់នៅ ដែលលើកកម្ពស់សុខភាព តុល្យភាព និងតំណភ្ជាប់យ៉ាងស្និទ្ធស្នាលរវាងមនុស្ស និងធម្មជាតិ។ រៀងរាល់ព្រឹក នៅពេលដែលរដ្ឋធានីក្រោកពីដំណេក ជាមួយនឹងជំហានថ្មើរជើងលើផ្លូវរត់ ដំណើរធាក់កង់ ឬសំឡេងចែវទូកនៅលើផ្ទៃទឹក រដ្ឋធានីហាណូយក៏កំពុងផ្សព្វផ្សាយនូវសារសាមញ្ញមួយ៖ ជីវិតបៃតងចាប់ផ្តើមពីទម្លាប់តូចៗ ក្នុងជីវភាពប្រចាំថ្ងៃ៕
អត្ថបទ និងរូបថត៖ កុងដាត / VNP



















