រដ្ឋធានីហាណូយចាប់ផ្តើមថ្ងៃថ្មី ដោយរបៀបរស់នៅបៃតង

រដ្ឋធានីហាណូយចាប់ផ្តើមថ្ងៃថ្មី ដោយរបៀបរស់នៅបៃតង

ខណៈពេលអរុណរះ ប្រជាជនហាណូយ​បានប្រមូលផ្តុំគ្នា​នៅជុំវិញមាត់បឹង ​ក្នុងឧទ្យាន​ ឬនៅតាមដងផ្លូវ​ ដែលមានម្លប់​ឈើ ដើម្បី​ហាត់ប្រាណ ជិះកង់ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ។ ទម្លាប់សាមញ្ញទាំងនោះ​ រួមចំណែក​ក្នុង​ការ​បង្កើត​របៀប​រស់នៅបៃតងនៃរដ្ឋធានី។

លំហបៃតងជុំវិញតី (Tay) បានក្លាយជាកន្លែងជួបជុំដែលធ្លាប់ស្គាល់ សម្រាប់ប្រជាជន រដ្ឋធានី ហាណូយជារៀងរាល់ព្រឹក។ រូបថត៖ កុងដាត / VNP

នៅពេលដែលកាំរស្មីដំបូងនៃព្រះអាទិត្យប៉ះផ្ទៃបឹង រដ្ឋធានី ហាណូយក្រោកពីដំណេកជាមួយនឹង​ចង្វាក់​ជីវិត​ដ៏​សុខ​សាន្ត​​។ ក្បែរមាត់បឹង ឧទ្យាន និងម្លប់ឈើបៃតង ប្រជាជន​ចាប់ផ្តើមថ្ងៃដោយ​ការដើរ ជិះកង់ ឬហាត់ប្រាណស្រាលៗ - របៀបរស់​នៅ​មានសុខភាពល្អ ជិតស្និទ្ធនឹងធម្មជាតិ បានក្លាយជាភាពស្រស់ស្អាតនៃរដ្ឋធានី។

ពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមចាំងចូលតាមជួរដើមឈើព្រឹក្ស លើផ្លូវ ផាន​ ឌីញផុង (Phan Dinh Phung)។ ប្រជាជនធាក់កង់លេ នៅក្រោមដើមឈើបៃតងត្រជាក់ៗ រីករាយនឹងសម្រូបយកខ្យល់អាកាសបរិសុទ្ធ។ រូបថត៖ កុងដាត / VNP
តំបន់ថ្មើរជើងបានក្លាយជាកន្លែង ដែលរីករាយនឹងរបៀបរស់នៅបៃតងនៅក្នុងកណ្តាលរដ្ឋធានី។ រូបថត៖ កុងដាត / VNP
កុមារចូលរួមយ៉ាងសកម្មក្នុងល្បែងកំសាន្តនៅលើផ្លូវថ្មើរជើងបឹង ជុំវិញ​បឹង​ ហ័នគៀម (Hoan Kiem)។ រូបថត៖ កុងដាត / VNP

ជាធម្មតា ថ្ងៃថ្មីមួយនៅរដ្ឋធានីហាណូយ ចាប់ផ្តើម​តាំង​ពី​ព្រលឹម​។ នៅពេលតាមដងផ្លូវ មិនទាន់មានមនុស្សច្រើន លំហបៃតង​របស់​រដ្ឋធានី ពោរពេញទៅដោយកម្លាំងសម្រាប់ជីវិត​។ ជុំវិញបឹង ហ័នគៀម (Hoan Kiem) ដំណើរថ្មើរជើង របស់អ្នកដើរ និងអ្នករត់ហាត់ប្រាណបន្តគ្នា នៅលើផ្លូវ​ជុំវិញមាត់បឹង។ នៅក្រោមម្លប់នៃដើមឈើ​ព្រឹក្ស ក្រុមមនុស្សវ័យ​ចំណាស់ហាត់​ប្រាណស្រាលៗ ហាត់តៃជី ខណៈពេល​យុវជនជាច្រើន​នាក់ ​ជ្រើសរើសហាត់ yoga ឬការហាត់​ប្រាណ ​​ដែលមាន​អាំងតង់ស៊ីតេខ្ពស់​ ដើម្បីចាប់ផ្តើម​ថ្ងៃ​។

ធាក់កង់នៅលើផ្លូវ ជុំវិញបឹងតី (Tay) ដែល​គឺជាជម្រើសសម្រាប់​មនុស្សជាច្រើនចូលចិត្ត ដើម្បីចាប់ផ្តើមថ្ងៃរបស់ពួកគេ។ រូបថត៖ កុងដាត / VNP
យុវជនថត​រូបទុក​ជា​អនុស្សាវរីយ៍ បន្ទាប់ពីដំណើរជិះកង់របស់ពួកគេនៅជុំវិញបឹងតី (Tay) ។ រូបថត៖ កុងដាត /  VNP
កីឡាករព្យាយាមហ្វឹកហាត់ នៅលើផ្ទៃបឹងតី (Tay) នៅពេលព្រលឹម។ រូបថត៖ កុងដាត /  VNP

បឹង បៃមៅ (Bay Mau) និងលំហបៃតង បានក្លាយជា "កន្លែងហាត់ប្រាណក្រៅផ្ទះ" សម្រាប់ប្រជាជន​រដ្ឋធានីហាណូយ។ រូបថត៖ កុងដាត /VNP
នៅពេលដែលព្រះអាទិត្យរះខ្ពស់ជាង បឹង តី (Tay) ក៏មាន​ភាពអ៊ូអរ។ អ្នកធាក់កង់​លើ​ផ្លូវ​ជុំវិញ​មាត់បឹង ទីដែល​ជំនោរ​​ខ្យល់​ពេលព្រឹក​នាំមក​សំណើម​ត្រជាក់​ស្រស់​ស្រាយ។ នៅ​លើផ្ទៃទឹក កីឡាករអុំទូកកាយ៉ាក់ ឬអ្នកចែវទូក​ម្នាក់ឯង ព្យាយាមបត់បែន​ក្រោម​ពន្លឺ​ពេល​ព្រឹក។ នោះមិនត្រឹម​តែជាមធ្យោបាយមួយ​ ដើម្បី​កែលម្អ​សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​មធ្យោបាយ​មួយ​​ សម្រាប់​មនុស្សជាច្រើននាក់​ ស្រូបយក​សម្រស់នៃទីក្រុង ក្នុង​ជីវភាពរបស់ពួកគេ។
លំហបៃតង នៅក្រោមរថភ្លើងទំនើប បង្កើតចង្វាក់ជីវិតដ៏ស្វាហាប់នៅរដ្ឋធានីហាណូយ។ រូបថត៖ កុងដាត /VNP
ឧបករណ៍ហាត់ប្រាណក្រៅផ្ទះតែងតែទាក់ទាញប្រជាជនយ៉ាង​ច្រើន​កុះករ។ រូបថត៖ កុងដាត /VNP

នៅក្នុងឧទ្យាន និងតំបន់ប្រជុំជន ពេលព្រឹកក៏ជាពេល វេលាសម្រាប់តំណភ្ជាប់សហគមន៍។ មនុស្សវ័យ​ចំណាស់​ជជែកគ្នា បន្ទាប់ពីហាត់ប្រាណរួច ក្មេងៗលេង​បាល់​ជាមួយ​មិត្តភក្តិ ហើយក្រុមគ្រួសារមួយៗ ក៏ចំណាយពេល​​លំហែ​ជាមួយគ្នា មុនពេលចាប់ផ្តើមការងារ និងសិក្សា។ បណ្ដា​លំហសាធារណៈយ៉ាងនោះ ​តែងតែ​ពោរពេញ​ដោយ​សំណើច និងថាមពលវិជ្ជមាន។

ចង្វាក់ជីវិតនោះឆ្លុះបញ្ចាំង​ពីនិន្នាការកាន់តែ​ច្បាស់លាស់​នៅរដ្ឋធានីហាណូយ៖ អាទិភាពសុខភាព វិលមករក​ធម្មជាតិ និង​ស្រូបយក​បរិស្ថានបៃតងនៅ​កណ្តាល​រដ្ឋធានី។ មនុស្សជាច្រើន ​ជ្រើសរើស​​ការដើរ ឬធាក់កង់​ក្នុង​ចម្ងាយ​ខ្លីៗ បង្កើតទម្លាប់​ជិតស្និទ្ធនឹងបរិស្ថាន ប៉ុន្តែសមស្រប​នឹង​ចង្វាក់ជីវិត​សម័យទំនើប។
សមាជិកក្លឹប​រត់​ប្រណាំង​ក្នុង​សួនច្បារ បាចថាវ (Bach Thao)។ រូបថត៖ កុងដាត /VNP
 

សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ពេលព្រឹកក៏ជាពេលវេលា​អស្ចារ្យ​មួយ ​ដើម្បីស្វែងយល់​រដ្ឋធានីហាណូយ​។ មិនមាន​ភាពអ៊ូអរនៃម៉ោងមមាញឹក​ រដ្ឋធានីឥឡូវនេះ​លេចចេញ​យ៉ាងស្រ​ស់​ស្អាត ជាមួយផ្ទៃបឹងភ្លឺចែងចាំង ម្លប់ឈើត្រ​ឈឹង​ត្រឆៃ និងល្បឿនជីវិតយឺតៗ​ របស់ប្រជាជន។ គ្រាន់តែ​ដើរ​​ជុំវិញបឹង ហ័នគៀម (Hoan Kiem) ជិះកង់តាម​មាត់​បឹតី (Tay) ឬអង្គុយលើកៅអីក្នុងឧទ្យាន ភ្ញៀវទេសចរ​អាចយល់ដឹងបានថា ហេតុអ្វី​ប្រជាជនហាណូយ​តែងតែ​ចូលចិត្តយ៉ាងខ្លាំងចំពោះលំហបៃតង។

ប្រហែលជាដោយសារភាពសាមញ្ញៗ ទាំងនោះ ​រូបភាព​​រដ្ឋធានីហាណូយទំនើបកំពុងត្រូវបានបំពេញ​ជា​រៀងរាល់​ថ្ងៃ។ មិនត្រឹមតែជា​ទីក្រុង​នៃបេតិកភណ្ឌ និង​វប្បធម៌​ប៉ុណ្ណោះ រដ្ឋធានីក៏បន្សល់ទុកនូវ​ចំណាប់​អារម្មណ៍ ​​ក្នង​ដួងចិត្តមិត្តភក្តិអន្តរជាតិ ជាមួយនឹងរបៀប​រស់​នៅ​​ ដែល​លើកកម្ពស់សុខភាព តុល្យភាព និង​តំណភ្ជាប់យ៉ាង​ស្និទ្ធស្នាលរវាងមនុស្ស និងធម្មជាតិ។ រៀងរាល់​ព្រឹក នៅ​ពេលដែល​រដ្ឋធានីក្រោកពីដំណេក ជាមួយនឹង​ជំហាន​ថ្មើរជើងលើផ្លូវរត់ ដំណើរធាក់កង់ ឬសំឡេង​ចែវទូក​នៅ​លើផ្ទៃទឹក រដ្ឋធានីហាណូយក៏កំពុងផ្សព្វផ្សាយ​នូវសារ​សាមញ្ញ​មួយ៖ ជីវិតបៃតង​ចាប់ផ្តើមពី​ទម្លាប់តូចៗ​ ក្នុង​​ជីវភាពប្រចាំថ្ងៃ៕

 

អត្ថបទ និងរូបថត៖ កុងដាត / VNP


top