រដូវទាំងបួននៅវាលស្រែវៀតណាម

រដូវទាំងបួននៅវាលស្រែវៀតណាម

លាត​សន្ធឹង​​​ពី​តំបន់វាលទំនាបរហូត​ដល់​តំបន់​ឆ្នេរ​សមុទ្រ ចាប់​ពី​វាល​ស្រែ​ទុំ​លឿង​​រហូត​ដល់​វាលស្រែ​​អំបិល​ពណ៌​សក្បុស ឬ​ថ្នាល​​ផ្កា​​ដែល​មាន​ពណ៌​​​ឆើត​ឆាយ វាល​ស្រែ​​វៀត​ណាម គឺជាផ្ទាំងគំនូរ​ដ៏រស់រវើកនៃ​ពលកម្ម និង​​កម្លាំង​​ជីវិត។ ឆ្លង​កាត់​រដូវ​ទាំងបួន និទាឃរដូវ គិម្ហរដូវ សរទរដូវ និង​សិសិរដូវ វាល​​ស្រែ​នីមួយៗសុទ្ធតែ​​នាំ​មកនូវ​សម្រស់​ដោយ​ឡែក​មួយ ដែល​​បង្ហាញ​ពី​ភាព​​ឧស្សាហ៍​ព្យាយាម​ និង​ការ​ច្នៃប្រតិដ្ឋ នៃ​​ប្រជាកសិករ​វៀត​ណាម​។

វាលផ្កា សាដែក (Sa Dec)  - (ខេត្ត ដុងថាប) ជាក្រុងបុប្ផា​​នៅភាគខាងលិច។ ជាពិសេស ទីនេះ​មានតំបន់​ទេសចរណ៍វាលផ្កា ដែលមាន​ផ្ទៃដីទំហំជាង ២,៥ ហិកតា ទាក់ទាញចិត្តអ្នក តាមរយៈ​សម្រស់ដ៏ស្រស់ត្រកាល នៃពូជផ្កា​កុលាប​រាប់សិបប្រភេទ ជាមួយ​ក្លិនក្រអូបឈ្ងុយ​ឈ្ងប់ភាយពេញទីកន្លែង។ រូបថត៖ VNP

នៅ​លើ​ដែន​ដី​​រាង​អក្សរ S វាល​ស្រែ​ គឺ​ជា​លំហ​ដែល​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​ជីវភាពរស់​នៅ និង​វប្បធម៌របស់​ប្រជាជន​វៀតណាម​។ វាមិន​ត្រឹម​តែ​ជា​កន្លែង​ផលិត​​កសិកម្ម​ប៉ុណ្ណោះទេ ថែមទាំង​ជានិមិត្តរូបនៃជីវជាតិ នៃ​ចង្វាក់​ជីវិត​ឧស្សាហ៍​ពលកម្ម ដែល​​បានសន្សំសំចៃ​​ឆ្លងកាត់​ជាច្រើន​ជំនាន់។

រៀង​រាល់រដូវ​ក្នុង​​​ឆ្នាំ វាល​ស្រែតែងតែគ្រង​លើខ្លួន​នូវមុខមាត់ប្លែក​ពីគ្នា។​ នា​និទាឃ​រដូវ (រដូវផ្ការីក) សួន​ផ្កាទាំងឡាយរីកស្គុះស្គាយ ក្នុងពណ៌លឿង​នៃ​ផ្កា​វាយោឡេតា​ និង​ពណ៌ស្រស់ឆើតឆាយ​នៃផ្កាអង្គាសីល នាំមក​នូវបរិយាកាស​ស្រស់​បំព្រង​។ នេះ​ក៏​ជា​ពេល​វេលា ដែលប្រជាជន​មមាញឹកថែទាំផ្កា ស្រោច​ទឹក តាក់តែងមែក​ ដើម្បី​​បម្រើ​​តម្រូវ​ការ​ទីផ្សារ​ ជាពិសេស​គឺ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​។ សួន​ផ្កា​ទាំង​ឡាយ បាន​ក្លាយ​ជាអាសយដ្ឋាន​ទេសចរណ៍​ដ៏ទាក់ទាញ រួម​ចំណែក​បង្កើនប្រាក់ចំណុល​​បន្ថែម​សម្រាប់​​ប្រជាជន។

ការធ្វើមេកានិចនីយកម្ម (ប្រើប្រាស់​គ្រឿងចក្រ) នៅលើវាលស្រែ ហន់ដឹត ខេត្តអានយ៉ាង។ រូបថត៖ VNP
ប្រជាកសិករ​ប្រមូលផល​បន្លែ​នៅលើ​វាលស្រែ​ជាយ​ក្រុង​ហាណូយ​។​ រូបថត៖ VNP
 

គិម្ហរដូវ (រដូវក្តៅ) នៅតាមតំបន់ជនបទជាច្រើន ចម្ការពោត និង​ដំណាំ​​ពណ៌​ខៀវ​ស្រងាត់ លាត​សន្ធឹង​នៅ​ក្រោម​ពន្លឺ​ថ្ងៃ។​ ថ្នាល​​ពោត​ខ្ពស់ៗ ដុះលាយឡំ​នឹង​សណ្តែក ដំឡូង​ សណ្តែក​ដី បង្កើត​បាន​ជាតុង​ពណ៌សម្បូរ​បែប​ដ៏រស់រវើក នៃរដូវប្រមូល​ផល​។ នេះ​ជា​ចន្លោះពេល​ ដែល​ប្រជាកសិករ​ថែទាំ ជ្រោយ​ដី ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​ប្រមូល​ផល​។

ខណៈពេល​សរទរដូវ (រដូវ​ស្លឹកឈើជ្រុះ) ឈាន​ចូល​មក​ដល់ វាល​ស្រែ​ស្ថិតក្នុង​រដូវកាល​ដែល​ស្អាត​បំផុត​។ វាល​ស្រែទុំ​លឿង​លាត​សន្ធឹង​ដូចជា​សមុទ្រ​ស្រូវ​ដែល​គ្មាន​ទី​បញ្ចប់​។ ចាប់តាំង​ពី​ព្រលឹម​ស្រាង​ៗ ប្រជាកសិករ​បាន​ចុះ​ទៅ​វាល​ស្រែ​ដើម្បី​ប្រមូល​ផល​។ សំឡេង​​កណ្ដៀវកាត់​ស្រូវ លាយឡំនឹង​សំឡេង​ម៉ាស៊ីន​ច្រូត​កាត់ បន្លឺ​ឡើង​ពាស​ពេញ​វាល​ស្រែ ​បង្កើត​បាន​ជាចង្វាក់ពលកម្ម​ដ៏គគ្រឹក​គគ្រេង​។ ​ចង្កោមកួរ​​ស្រូវ​​ទុំ​ឱន​ក្បាល​ ជា​លទ្ធផល​នៃការថែទាំ​យ៉ាងយកចិត្តទុកដាក់អស់រយៈពេល​ជាច្រើន​ខែ។

 

កសិករនៅទីក្រុង កឹនធើ ប្រមូលផល​ឪឡឹក។ រូបថត៖ ហុងថៃ/VNA
ប្រមូលផលអំបិល នៅលើស្រែអំបិល សាហ្វិញ ខេត្ត ក្វាងង៉ាយ។ រូបថត៖ VNP

នៅ​តាមតំបន់ឆ្នេរសមុទ្រ ដូចជាខេត្តក្វាងនិញ (Quang Ninh) ក្វាងង៉ាយ (Quang Ngai) ឬកាម៉ៅ (Ca Mau) រដូវប្រាំងគឺជារដូវកាលនៃវាលស្រែ​អំបិល​ទៅវិញ។ នៅក្រោម​ពន្លឺថ្ងៃដ៏​ក្តៅហួត​ហែង ទឹក​សមុទ្រ​បាន​ភាយចំហាយ​ បន្សល់​ទុក​នូវ​ស្រទាប់​អំបិល​ពណ៌​ស ភ្លឺថ្លា គ្រប​ដណ្តប់​ពេញ​ផ្ទៃ​ដី​។ រូបភាព​អ្នក​ធ្វើ​អំបិល ឧស្សាហ៍​ព្យាយាម​ប្រមូល​​​អំបិល​ ក្រោម​ពន្លឺ​អរុណ​​រះ បង្កើត​បាន​ជា​សម្រស់​ពលកម្ម​ដ៏ប្លែក​ភ្នែក​នៃ​តំបន់​សមុទ្រ​វៀត​ណាម។

វាលស្រែ​ផ្កា​ដាយ​ស៊ី​ រីក​ស្គុះស្គាយ​ បញ្ចេញ​សម្រស់​ស្រស់ស្អាត​ នៅភូមិ​ងៀនត្រាង​ ហឹង​អៀន​។ រូបថត៖ VNP
 

មិន​ត្រឹមតែ​នាំមក​នូវតម្លៃ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ វាល​ស្រែ​ចម្ការ​ទាំង​ឡាយ​នៅ​​ជា​ផ្នែក​មួយ នៃ​ទេសភាពវប្បធម៌​ដ៏វិសេស​វិសាល​ផងដែរ។ ពណ៌លឿង​នៃ​ស្រូវ​ទុំ ពណ៌​ខៀវ​នៃ​ពោត​និង​ដំណាំ ពណ៌​ស​នៃវាល​ស្រែអំបិល រហូត​ដល់ពណ៌​ចម្រុះ​នៃសួន​ផ្កា ទាំង​អស់នោះ បានរួមបញ្ចូលគ្នា​ក្លាយជាផ្ទាំង​គំនូររដូវកាល​ទាំងបួន​ដ៏រស់រវើក​។ នោះ​គឺ​ជា​បទ​ភ្លេងប្រគំ​​ដោយធូរណី​មេឃា និង​មនុស្ស​ជាតិ ដែល​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់ អំពី​កម្លាំងជីវិត​ដ៏​រឹង​មាំចីរកាល ​នៃជនបទ​វៀត​ណាម​៕

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ កាសែត​រូបភាពវៀតណាម

ប្រែសម្រួល៖ រីកើង​


Top