មួកស្លឹកឈូកហ្វេ

មួកស្លឹកឈូកហ្វេ

ចាប់តាំងពីឆ្នាំ២០១៧មក ផលិតផលសិប្បកម្មថ្មីមួយបានបង្ហាញខ្លួន ដោយនាំមកនូវជំនោរ​ខ្យល់ថ្មីមួយ សម្រាប់អាជីពធ្វើមួក​ប្រពៃណី នោះគឺមួក​ស្លឹកឈូក​ហ្វេ ជាស្នាដៃតែមួយគត់ ដែលបង្កើតឡើងដោយបង​ ង្វៀន ថាញ់ថាវ (Nguyen Thanh Thao) មកពីភូមិធ្វើមួក ឌុកសឺ (Doc So) សង្កាត់​អានហ័រ (An Hoa) ទីក្រុង​ហ្វេ។

បង ង្វៀន​ ថាញ​ថាវ (Nguyen Thanh Thao) អ្នក​បង្កើត​មួកដួន​ស្លឹកឈូកហ្វេ​។

មួក​ស្លឹកឈូកហ្វេ គឺជាការរួមបញ្ចូលគ្នាដ៏​ប៉ិនប្រសប់ រវាងអាជីពធ្វើមួកប្រពៃណី និងវត្ថុធាតុដើមថ្មីគឺស្លឹកឈូក។ គំនិតនេះ បានមកពីបំណងប្រាថ្នាចង់បង្កើតផលិតផលមួយដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ប្រពៃណី ព្រមទាំងបម្លាស់ប្តូរថ្មី​ និងការ​​ច្នៃប្រតិដ្ឋ​ផងដែរ។ ដំណើរការផលិត ចាប់ផ្តើមពីការជ្រើសរើសស្លឹកឈូក ដែលល្អ​ស្អាតបំផុត បន្ទាប់មកឆ្លងកាត់ដំណាក់កាលច្នៃ​ ដើម្បីធានាបាននូវភាពធន់នៃស្លឹក និង​ពណ៌។ សិប្បករនៅភូមិមួកឌុកសឺ (Doc So) នឹងចំណាយពេលប្រហែលមួយថ្ងៃ ដើម្បី “ក្រង” (ដេរ) ផ្ចិត​​ផ្ចង់​ បង្កើតបានជាផលិតផលមួយ​ពេញលេញ​។

បង​ ង្វៀន ថាញ់ថាវ (Nguyen Thanh Thao) ដែលជាស្ថាបនិកពាណិជ្ជសញ្ញា​ ស៊ែនថាវ (Sen Thao) បានរៀប​រាប់​ថា “ខ្ញុំចង់បង្កើត​ផលិត​ផល​មួយ​ ដែល​មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យអំពីវប្បធម៌ និង ធម្មជាតិទៀតផង។ ស្លឹកឈូក គឺជានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ ដែល​ជាលក្ខណៈពិសេស ស័ក្តិសមនឹងសម្រស់នៃទឹកដី​ហ្វេ”។​

ស្លឹកឈូក​បានជ្រើសរើស ត្រូវតែជាស្លឹកចាស់ មានពណ៌​បៃតងចាស់ សរសៃស្លឹក​ច្បាស់ និង មិនមានសត្វ​ល្អិត​ស៊ី។ 
បង ង្វៀន​ ថាញ​ថាវ (Nguyen Thanh Thao) ពិភាក្សា​ជាមួយ​នឹង​ជាង​ ក្នុង​ដំណើរ​ធ្វើ​មួក​ស្លឹកឈូក​។​

ផ្តើម​ពីគំនិតដំបូង ពាណិជ្ជសញ្ញា​ ស៊ែនថាវ (Sen Thao) បានបន្តពង្រីក និងអភិវឌ្ឍន៍ផលិតផលមួក​ស្លឹកឈូកបានសម្បូរបែបដោយមានមួកជាច្រើនប្រភេទ។ បច្ចុប្បន្ន ស៊ែន​ថាវ (Sen Thao) ផ្តល់មួកស្លឹកឈូកជាច្រើន ដែលសក្តិសមនឹងមនុស្សជាច្រើនដូចជា​៖ មួក​សម្រាប់កុមារដែលមានទំហំតូចល្មម មួកសម្រាប់យុវវ័យដែលមានការរចនាស្រទន់​ មួកសម្រាប់ដូនជី និង ព្រះ​​សង្ឃ ដែលមានការរចនាថ្លៃថ្នូរ សមស្រប​នឹងទីកន្លែងសមាធិ។

បងប្រុស ថាវ (Thao) បានរៀប​រាប់​ថា “យើង​តែងតែ​ស្វែងរក​ ការ​​ច្នៃប្រតិដ្ឋ​ ដើម្បីនាំមកនូវផលិតផលថ្មីៗ សមស្រប​នឹងតម្រូវការ ចំណង់ចំណូលចិត្តនៃ​អតិថិជន។ ផលិតផលនីមួយៗ តែង​មានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែនៅតែរក្សាបាន​សម្រស់ធម្មជាតិនៃស្លឹកឈូក និងបច្ចេកទេសធ្វើមួក​ប្រពៃណី”។

បង​ស្រី ត្រឹង ធីហឿង (Tran Thi Huong) ជាសិប្បការិនី​ម្នាក់​ប្រកប​របរ​​ធ្វើមួក ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ នៅភូមិ ឌុកសឺ (Doc So) មាន​ចំណាប់អារម្មណ៍​ថា “ខ្ញុំបាន​ធ្វើ​មួក​ស្លឹក​ប្រពៃណី​អស់មួយ​ជីវិត​ទៅ​ហើយ ប៉ុន្តែ​ពេល​ចាប់ផ្តើម​ចូល​រួម​ក្នុងការ​ធ្វើ​មួក​ស្លឹក​ឈូក​ ខ្ញុំ​ឃើញ​ថា នេះគឺជា​ការ​ផ្លាស់ប្តូរ​ថ្មីមួយ​ ពោរពេញ​ដោយ​ការ​ច្នៃប្រតិដ្ឋ​។ ការ​ប្រើប្រាស់ស្លឹកឈូកទាមទារបច្ចេកទេសខុសពីស្លឹកត្នោត ឬស្លឹកទ្រាំង​​ប្រពៃណី។ យើងខ្ញុំ​ត្រូវប្រុងប្រយ័ត្ន និងផ្ចិត​ផ្ចង់​ជាង មុននៅពេល “ក្រង” ដើម្បីកុំឱ្យខូចសរសៃធម្មជាតិនៃស្លឹកឈូក”។

 


ចំណុចពិសេសបំផុតនៃមួកស្លឹកឈូកហ្វេ គឺសសៃស្លឹក​នៅតែរំលេច​ច្បាស់ខាង​លើផ្ទៃ​មួក។ ស្លឹកឈូកនីមួយៗមានសសៃខុសៗគ្នា ដែលធ្វើឱ្យមួកស្លឹកឈូកនីមួយៗ មានសភាព​តែមួយគត់។ មិនត្រឹមតែជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ មួកស្លឹកឈូកក៏ជាស្នាដៃ​សិល្បៈ ដែលបង្ហាញពីការរួមបញ្ចូលគ្នា សម្រប​គ្នា​ រវាងមនុស្ស និង ធម្មជាតិ រវាងប្រពៃណី និង សម័យទំនើប។

 

មួក​ស្លឹកឈូក ត្រូវបានហាលថ្ងៃ។ 

មួកស្លឹកឈូកហ្វេ មិនត្រឹមតែមានតម្លៃសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈអនុវត្តជាក់ស្តែងខ្ពស់ក្នុងជីវភាព​​រស់នៅទៀតផង។ នេះគឺជាជម្រើសថ្មីមួយ សម្រាប់ឈុតអាវផាយ​ ដែលពោរពេញទៅដោយលក្ខណៈពិសេសរបស់​ហ្វេ។ ពណ៌បៃតងស្រាល និងភាព​សម្រប​នៃស្លឹកឈូក អាចងាយស្រួលក្នុងការផ្គូរផ្គងជាមួយនឹងអាវផាយ​គ្រប់ប្រភេទ បង្កើតបាននូវសម្រស់ថ្លៃថ្នូរ និង ទន់ភ្លន់ សម្រាប់ស្ត្រីវៀតណាម។

 


ក្រោមពន្លឺថ្ងៃ មួកស្លឹកឈូកកាន់តែរំលេច​ចាំងជាមួយនឹងពណ៌បៃតងស្រស់ និង ទាក់ចិត្ត​​។ អ្វីដែលពិសេសនោះគឺ មួកត្រូវបានធ្វើឡើងដោយ​ស្លឹកឈូកទាំងស្រុង មាន​ពីរជាន់ បន្ទាប់ពីក្រង​រួច នឹង​បាន​ស្រូប​ដោយទឹកថ្នាំលាបលើផ្ទៃមួក ​ធ្វើ​ឱ្យមួកអាចធន់​នឹងភ្លៀង ក្តៅ​បាន​ល្អ។ អ្នកប្រើប្រាស់អាចពាក់មួកជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ព្រួយបារម្ភ អំពីភាពធន់នៃផលិតផលនោះទេ។

បង​ស្រី ឌិញ ង៉ុកលៀន (Dinh Ngoc Lien) ដែលជាអតិថិជន​តែងតែប្រើប្រាស់មួកស្លឹកឈូក បានចែករំលែកថា “ខ្ញុំ​ចូល​ចិត្ត​មួក​ស្លឹក​ឈូក​នេះណាស់ ពីព្រោះ​វា​ស្អាតផង ធនផង​។ ពណ៌បៃតង​ធម្មជាតិ​នៃស្លឹក​ឈូក​ ផ្តល់នូវ​អារម្មណ៍​ត្រជាក់​ស្រួល និង ជិតស្និទ្ធជាមួយធម្មជាតិ​។ ខ្ញុំ​​ប្រើប្រាស់​មួក​នេះបាន​ជាង​មួយ​ឆ្នាំទៅ​ហើយ ​មួក​នៅតែរក្សា​បាន​សម្បុររាង​ដូចដើម​។ ជាពិសេស​ រាល់ពេល​​ពាក់មួក​ចេញ​​ក្រៅ ខ្ញុំតែងតែ​ទទួលបាន​ការសរសើរពីអ្នក​​ជុំវិញខ្លួន”។​

 

ផលិតផលមួក​ស្លឹកឈូក របស់បង​ង្វៀន​ ថាញ​ថាវ (Nguyen Thanh Thao) ​បានរៀបចំ​ជាស្នាដៃ​សិល្បៈ នៅព្រឹត្តិការណ៍​ស្តីពីព្រះពុទ្ធសាសនា ក្នុង​​ក្រុង​ហ្វេ​។

លោក John Smith ដែលជាភ្ញៀវទេសចរមកពីប្រទេសកាណាដា បានរៀបរាប់ថា “ខ្ញុំ​បាន​ទិញ​មួក​ស្លឹក​ឈូក​មួយ​ ធ្វើ​ជាអំណោយ​ជូន​ប្រពន្ធខ្ញុំ។ នេះជាកាដូ​ពិសេសបំផុត ដែល​ខ្ញុំ​ទិញ​ក្នុង​ពេល​ទៅ​ទេសចរណ៍​។ ខ្ញុំ​ពិត​ជា​​​ចាប់អារម្មណ៍នឹងបច្ចេកទេស​ធ្វើមួក ហើយជាពិសេស គឺការប្រើប្រាស់ស្លឹកឈូក​ជាវត្ថុធាតុដើម។ មួកនេះ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈវប្បធម៌វៀតណាមជ្រាលជ្រៅទៀត​ផង​ ជា​ពិសេសគឺវប្បធម៌ហ្វេ”៕

អនុវត្ត​៖ ត្រឹន ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​


Top