បង ង្វៀន ថាញថាវ (Nguyen Thanh Thao) អ្នកបង្កើតមួកដួនស្លឹកឈូកហ្វេ។
ស្លឹកឈូកបានជ្រើសរើស ត្រូវតែជាស្លឹកចាស់ មានពណ៌បៃតងចាស់ សរសៃស្លឹកច្បាស់ និង មិនមានសត្វល្អិតស៊ី។
ចំណុចពិសេសបំផុតនៃមួកស្លឹកឈូកហ្វេ គឺសសៃស្លឹកនៅតែរំលេចច្បាស់ខាងលើផ្ទៃមួក។ ស្លឹកឈូកនីមួយៗមានសសៃខុសៗគ្នា ដែលធ្វើឱ្យមួកស្លឹកឈូកនីមួយៗ មានសភាពតែមួយគត់។ មិនត្រឹមតែជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ មួកស្លឹកឈូកក៏ជាស្នាដៃសិល្បៈ ដែលបង្ហាញពីការរួមបញ្ចូលគ្នា សម្របគ្នា រវាងមនុស្ស និង ធម្មជាតិ រវាងប្រពៃណី និង សម័យទំនើប។
មួកស្លឹកឈូក ត្រូវបានហាលថ្ងៃ។
មួកស្លឹកឈូកហ្វេ មិនត្រឹមតែមានតម្លៃសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈអនុវត្តជាក់ស្តែងខ្ពស់ក្នុងជីវភាពរស់នៅទៀតផង។ នេះគឺជាជម្រើសថ្មីមួយ សម្រាប់ឈុតអាវផាយ ដែលពោរពេញទៅដោយលក្ខណៈពិសេសរបស់ហ្វេ។ ពណ៌បៃតងស្រាល និងភាពសម្របនៃស្លឹកឈូក អាចងាយស្រួលក្នុងការផ្គូរផ្គងជាមួយនឹងអាវផាយគ្រប់ប្រភេទ បង្កើតបាននូវសម្រស់ថ្លៃថ្នូរ និង ទន់ភ្លន់ សម្រាប់ស្ត្រីវៀតណាម។
ក្រោមពន្លឺថ្ងៃ មួកស្លឹកឈូកកាន់តែរំលេចចាំងជាមួយនឹងពណ៌បៃតងស្រស់ និង ទាក់ចិត្ត។ អ្វីដែលពិសេសនោះគឺ មួកត្រូវបានធ្វើឡើងដោយស្លឹកឈូកទាំងស្រុង មានពីរជាន់ បន្ទាប់ពីក្រងរួច នឹងបានស្រូបដោយទឹកថ្នាំលាបលើផ្ទៃមួក ធ្វើឱ្យមួកអាចធន់នឹងភ្លៀង ក្តៅបានល្អ។ អ្នកប្រើប្រាស់អាចពាក់មួកជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ព្រួយបារម្ភ អំពីភាពធន់នៃផលិតផលនោះទេ។
បងស្រី ឌិញ ង៉ុកលៀន (Dinh Ngoc Lien) ដែលជាអតិថិជនតែងតែប្រើប្រាស់មួកស្លឹកឈូក បានចែករំលែកថា “ខ្ញុំចូលចិត្តមួកស្លឹកឈូកនេះណាស់ ពីព្រោះវាស្អាតផង ធនផង។ ពណ៌បៃតងធម្មជាតិនៃស្លឹកឈូក ផ្តល់នូវអារម្មណ៍ត្រជាក់ស្រួល និង ជិតស្និទ្ធជាមួយធម្មជាតិ។ ខ្ញុំប្រើប្រាស់មួកនេះបានជាងមួយឆ្នាំទៅហើយ មួកនៅតែរក្សាបានសម្បុររាងដូចដើម។ ជាពិសេស រាល់ពេលពាក់មួកចេញក្រៅ ខ្ញុំតែងតែទទួលបានការសរសើរពីអ្នកជុំវិញខ្លួន”។
ផលិតផលមួកស្លឹកឈូក របស់បងង្វៀន ថាញថាវ (Nguyen Thanh Thao) បានរៀបចំជាស្នាដៃសិល្បៈ នៅព្រឹត្តិការណ៍ស្តីពីព្រះពុទ្ធសាសនា ក្នុងក្រុងហ្វេ។
លោក John Smith ដែលជាភ្ញៀវទេសចរមកពីប្រទេសកាណាដា បានរៀបរាប់ថា “ខ្ញុំបានទិញមួកស្លឹកឈូកមួយ ធ្វើជាអំណោយជូនប្រពន្ធខ្ញុំ។ នេះជាកាដូពិសេសបំផុត ដែលខ្ញុំទិញក្នុងពេលទៅទេសចរណ៍។ ខ្ញុំពិតជាចាប់អារម្មណ៍នឹងបច្ចេកទេសធ្វើមួក ហើយជាពិសេស គឺការប្រើប្រាស់ស្លឹកឈូកជាវត្ថុធាតុដើម។ មួកនេះ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈវប្បធម៌វៀតណាមជ្រាលជ្រៅទៀតផង ជាពិសេសគឺវប្បធម៌ហ្វេ”៕
អនុវត្ត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម