មីសួ បាកកាន (Bac Kan)

មីសួ បាកកាន (Bac Kan)



ដោយសារអំណោយផលនៃធម្មជាតិ និងអាកាសធាតុ​ល្អ ពូជសាគូ (វត្ថុធាតុដើមសម្រាប់ធ្វើមីសួ​សាគូ) ដែលដាំនៅខេត្ត បាកកាន (Bac Kan)លូតលាស់បានល្អ ហើយថែមទាំង​មាន​គោល​នយោបាយ​អាទិភាពរបស់ខេត្តក្នុងការជួយដល់ការអភិវឌ្ឍផលិតផលមីសួ បាកកាន (Bac Kan) មានវត្តមាន​យ៉ាងទូលំទូលាយក្នុងស្រុក និងនាំចេញទៅអឺរ៉ុប។


អ្នកដែលមានសគុណ និងជាអ្នកផ្ដើមដាំ និងកែច្នៃ មីសួ​សាគូ នៅ​ខេត្ត​ បាក​កាន (Bac Kan) ដំបូងបង្អស់ដែលបានចាត់ទុកជាផ្លូវការគឺអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក ង្វៀន​ ស្វឹន​កឿង (Nguyen Xuan Cuong) នៅពេលដែលលោកកាន់តំណែងជាលេខាធិការគណៈកម្មាធិការបក្សខេត្ត បាកកាន (Bac Kan) ។ ខណៈនោះ លោក​លេខាធិការគណៈកម្មាធិការបក្សខេត្តរូបនេះ បានមើល​ឃើញ​នូវសក្តានុពលរបស់មីសួ​​សាគូ បាក​កាន (Bac Kan) ហើយបានដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់  ផ្នែក និងមូលដ្ឋានត្រូវចាត់វិធានការយ៉ាងផ្តាច់​ប្តូរ។ ចាប់តាំងពីពេលនោះមក ការដាំនិងកែច្នៃ​មីសួ​សាគូ នៅខេត្តបាកកាន (Bac Kan) បានបោះជំហានដំបូង ដើម្បីឆ្ពោះទៅរកការផលិតទំនិញប្រកបដោយនិរន្តរភាព។ 

 

ក្នុងដំណាក់កាល ២០១៥-២០២០ ខេត្តបាកកាន (Bac Kan) បានកសាងតំបន់ដាំសាគូមានស្ថិរភាព ដោយមានគោលដៅបិទជិតជាមួយតម្លៃដល់ផលិតផលចុងក្រោយគឺមីសួសាគូ មិនដាំសាគូដោយបំណងលក់មើម​សាគូ និងម្សៅចេញទៅក្រៅខេត្ត។

នៅឃុំ ភូក​ឡុក (Phuc Loc)  (ស្រុក បាបេ (Ba Be)) ដើមសាគូត្រូវបានដាំភាគ​ច្រើន នៅក្នុងភូមិ ៥ គឺ​ ណាម៉ា (Na Ma) ភៀងជី (Phieng Chi) ផ្យាផា (Phja Pha) កុក​មួយ (Coc Muoi) កុកយឿន (Coc Dien) ហើយកំពុងក្លាយជាដំណាំ​ដែល​ផ្តល់​ប្រាក់ចំណូលច្រើនសម្រាប់បងប្អូន​កសិករ។ ក្នុងឆ្នាំ ២០១៧ - ២០១៨ តម្លៃម្សៅសាគូកើនឡើងខ្ពស់ គ្រួសារជាច្រើនទទួលបានប្រាក់ចំណូលពី ៤០០-៥០០ លានដុង​ពីការដាំសាគូ ហើយទិញបានដីដើម្បីរើផ្ទះពីតំបន់ភ្នំមករស់នៅក្នុងមណ្ឌលឃុំវិញ ។

យោងតាមប្រធានគណៈកម្មាធិការប្រជាជនឃុំ ភុក​ឡុក (Phuc Loc) លោក ណុង​វ៉ាន់ញឿក (Nong Van Nhuoc) បើប្រៀបធៀបទៅនឹងស្រូវ និងពោត ក្នុងរយៈពេលប៉ុន្មានឆ្នាំមក​នេះ ដើម​សាគូបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាច្រើនដង ហើយកំពុងក្លាយជាដំណាំដ៏សំខាន់របស់ឃុំ។ ដូច្នេះ នៅឆ្នាំ ២០២២ ឃុំទាំងមូលមាន​ទំហំ​ដាំសាគូប្រហែល ៩៥,៧ ហិកតា កើនឡើង ៣០ ហិកតា បើធៀបនឹងឆ្នាំ ២០២១; បច្ចុប្បន្នឃុំទាំងមូលមាន ៣៩ គ្រួសារដែលកែច្នៃម្សៅសាគូ។

 

ជាមួយនឹងសក្ដានុពល គុណសម្បត្តិនៃជាតិដី និងលក្ខខណ្ឌអាកាសធាតុ ដើម្បី​អភិវឌ្ឍ​ដំណាំ​សាគូ គណៈកម្មាធិការប្រជាជនខេត្តបានជ្រើសរើសសាគូ គឺជាដំណាំសំខាន់មួយ ហើយផលិតផលមីសួសាគូគឺជាផលិតផលសំខាន់របស់ខេត្ត។ បច្ចុប្បន្ននេះ ​មើមសាគូ​បាន​ដាំ​នៅក្នុង​ឃុំ​ចំនួន ​៧៣ ស្ថិត​ក្នុង ៧​ ស្រុក​នៃ​ ខេត្ត ​បាក​កាន (Bac Kan) ដែលមាន​ផ្ទៃដី​ ៤៤៥ ​ហិ​ចតា​។ គោលដៅរហូតដល់​ឆ្នាំ ២០២៥ ខេត្តនឹងខិតខំមានផ្ទៃដីដាំសាគូប្រកបដោយស្ថិរភាពពី ៨០០ ទៅ ១០០០ ហិចតាក្នុងមួយឆ្នាំជាមួយនឹងទិន្នផល ៥៩.០០០ តោន។

 

ជាមួយនឹងគោលដៅនោះ ខេត្ត ​បាក​កាន (Bac Kan) បានប្រើប្រាស់ធនធានពីកម្មវិធីផ្សេងៗដើម្បីវិនិយោគគាំទ្រដល់សហករណ៍ និងក្រុមសហករណ៍ក្នុងការផលិត និងលក់​មីសួចំនួនជាង ១០០០ តោន ដែលនាំមកនូវប្រាក់ចំណូលរាប់រយពាន់លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះខេត្តតែងតែយក​ចិត្ត​ទុក​ដាក់​លើការដឹកនាំ ការកសាងម៉ាកយីហោ លើកកម្ពស់គុណភាព កែលម្អការវេចខ្ចប់ ការរចនា និងជំរុញពាណិជ្ជកម្ម ដើម្បីឱ្យផលិតផលមីសួសាគូ​បាក​កាន (Bac Kan) កាន់តែ​បញ្ជាក់​ម៉ាក​យីហោលើទីផ្សារ។ រហូតដល់ឆ្នាំ ២០២២ ខេត្ត បាក​កាន (Bac Kan) មានរោងចក្រកែច្នៃមីសួសាគូជាង ៥០ កន្លែង ដែលក្នុងនោះមានរោងចក្រមួយ​ចំនួន​រៀបចំទម្រង់រូបភាពបិទជិត។

 

តាមរយៈការពិភាក្សា និងធ្វើការជាមួយស្ថានទូតវៀតណាម និងសមាគមជនជាតិវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក ខេត្ត បាក​កាន (Bac Kan) បានយល់​ដឹង​នូវតម្រូវការ និងលទ្ធភាពឆ្លើយ​តប​នឹង​តម្រូវ​ការនៃទីផ្សារអឺរ៉ុប។ ខេត្តបានឯកភាពជ្រើសរើសសហករណ៍ តាយ​ហ័ន (Tai Hoan) ឃុំ កូន​មីញ (Con Minh) ស្រុក ណា​រី (Na Ri) ជាដៃគូនាំចេញមីសួ​សាគូទៅអឺរ៉ុប និងប្រើប្រាស់ធនធានជាច្រើន ដើម្បីគាំទ្រដល់សហករណ៍នេះបញ្ចប់ការសាងសងរោងចក្រកែច្នៃ។ ខេត្តឧបត្ថម្ភថវិកាចំនួន ២ ពាន់លានដុង​ ដើម្បីសហករណ៍នេះទិញ​ម៉ាស៊ីន ឧបករណ៍បរិក្ខារ ផ្ទះ​ហាលសម្ងួតមីសួ... សមត្ថភាពកែច្នៃរបស់រោងចក្របានកើន ១០ តោន/ឆ្នាំ ឡើង ៣០០ តោន/ឆ្នាំ។

 


នាយីកានៃសហករណ៍ តាយ​ហ័ន (Tai Hoan) ម៉ាកយីហោមីសួសាគូ លោកស្រី ង្វៀន​ធី​ហ័ន (Nguyen Thi Hoan) បានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ ២០២០ សហករណ៍​បាននាំចេញមីសួសាគូ​លើកដំបូងចំនួន ៥,៣ តោនទៅកាន់សាធារណរដ្ឋឆែក ដែល​មានតម្លៃការបញ្ជាទិញសរុបជិត ១៥.០០០ ដុល្លារ។ នៅក្នុងខែឧសភា ឆ្នាំ ២០២១ អង្គភាពបានបន្តនាំចេញមីសួសាគូ១០,៥ តោន បន្ថែមទៀតទៅកាន់ទីផ្សារឆែកដែល​មានតម្លៃការបញ្ជាទិញសរុបជាង ២៩.០០០ ដុល្លារ។ នៅឆ្នាំ ២០២២ សហករណ៍ តាយ​ហ័ន (Tai Hoan) បាននាំចេញមីសួ​សាគូជិត ១០ តោនបន្ថែមទៀតទៅអឺរ៉ុប។

រហូតមកដល់ពេលនេះ មីសួសាគូនៃសហករណ៍ តាយ​ហ័ន (Tai Hoan) គឺជាផលិតផលតែមួយគត់របស់ខេត្ត បាក​កាន (Bac Kan) ដែលបានផ្ដល់វិញ្ញាបណ្ណបត្រ OCOP ផ្កាយ ៥ ថ្នាក់ជាតិ។ ការដែលសហករណ៍មួយរបស់ជនជាតិភាគតិចនៅតំបន់ដាច់ស្រយាល អាចនាំផលិតផលទៅកាន់ទីផ្សារដែល​ទាម​ទារ​លក្ខណៈជាច្រើន​គឺទីផ្សារអឺរ៉ុប បានបង្កើតនូវ ភាពទាក់ទាញ ដ៏ខ្លាំងសម្រាប់ការដាំ និងកែច្នៃមីសួសាគូនៅខេត្ត បាកកាន (Bac Kan)

 

អត្ថបទ៖ អាន​ថាញ​ដាត

បច្ចេកទេស ក្រាហ្វិក៖ ត្រាង​ញូង  ប្រែសម្រួលដោយ​ង្វៀន​យ៉ាង




Top