ដោយសារអំណោយផលនៃធម្មជាតិ និងអាកាសធាតុល្អ ពូជសាគូ (វត្ថុធាតុដើមសម្រាប់ធ្វើមីសួសាគូ) ដែលដាំនៅខេត្ត បាកកាន (Bac Kan) លូតលាស់បានល្អ
ដោយសារអំណោយផលនៃធម្មជាតិ និងអាកាសធាតុល្អ ពូជសាគូ (វត្ថុធាតុដើមសម្រាប់ធ្វើមីសួសាគូ) ដែលដាំនៅខេត្ត បាកកាន (Bac Kan)លូតលាស់បានល្អ ហើយថែមទាំងមានគោលនយោបាយអាទិភាពរបស់ខេត្តក្នុងការជួយដល់ការអភិវឌ្ឍផលិតផលមីសួ បាកកាន (Bac Kan) មានវត្តមានយ៉ាងទូលំទូលាយក្នុងស្រុក និងនាំចេញទៅអឺរ៉ុប។
អ្នកដែលមានសគុណ និងជាអ្នកផ្ដើមដាំ និងកែច្នៃ មីសួសាគូ នៅខេត្ត បាកកាន (Bac Kan) ដំបូងបង្អស់ដែលបានចាត់ទុកជាផ្លូវការគឺអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក ង្វៀន ស្វឹនកឿង (Nguyen Xuan Cuong) នៅពេលដែលលោកកាន់តំណែងជាលេខាធិការគណៈកម្មាធិការបក្សខេត្ត បាកកាន (Bac Kan) ។ ខណៈនោះ លោកលេខាធិការគណៈកម្មាធិការបក្សខេត្តរូបនេះ បានមើលឃើញនូវសក្តានុពលរបស់មីសួសាគូ បាកកាន (Bac Kan) ហើយបានដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ផ្នែក និងមូលដ្ឋានត្រូវចាត់វិធានការយ៉ាងផ្តាច់ប្តូរ។ ចាប់តាំងពីពេលនោះមក ការដាំនិងកែច្នៃមីសួសាគូ នៅខេត្តបាកកាន (Bac Kan) បានបោះជំហានដំបូង ដើម្បីឆ្ពោះទៅរកការផលិតទំនិញប្រកបដោយនិរន្តរភាព។
ក្នុងដំណាក់កាល ២០១៥-២០២០ ខេត្តបាកកាន (Bac Kan) បានកសាងតំបន់ដាំសាគូមានស្ថិរភាព ដោយមានគោលដៅបិទជិតជាមួយតម្លៃដល់ផលិតផលចុងក្រោយគឺមីសួសាគូ មិនដាំសាគូដោយបំណងលក់មើមសាគូ និងម្សៅចេញទៅក្រៅខេត្ត។
នៅឃុំ ភូកឡុក (Phuc Loc) (ស្រុក បាបេ (Ba Be)) ដើមសាគូត្រូវបានដាំភាគច្រើន នៅក្នុងភូមិ ៥ គឺ ណាម៉ា (Na Ma) ភៀងជី (Phieng Chi) ផ្យាផា (Phja Pha) កុកមួយ (Coc Muoi) កុកយឿន (Coc Dien) ហើយកំពុងក្លាយជាដំណាំដែលផ្តល់ប្រាក់ចំណូលច្រើនសម្រាប់បងប្អូនកសិករ។ ក្នុងឆ្នាំ ២០១៧ - ២០១៨ តម្លៃម្សៅសាគូកើនឡើងខ្ពស់ គ្រួសារជាច្រើនទទួលបានប្រាក់ចំណូលពី ៤០០-៥០០ លានដុងពីការដាំសាគូ ហើយទិញបានដីដើម្បីរើផ្ទះពីតំបន់ភ្នំមករស់នៅក្នុងមណ្ឌលឃុំវិញ ។
យោងតាមប្រធានគណៈកម្មាធិការប្រជាជនឃុំ ភុកឡុក (Phuc Loc) លោក ណុងវ៉ាន់ញឿក (Nong Van Nhuoc) បើប្រៀបធៀបទៅនឹងស្រូវ និងពោត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដើមសាគូបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាច្រើនដង ហើយកំពុងក្លាយជាដំណាំដ៏សំខាន់របស់ឃុំ។ ដូច្នេះ នៅឆ្នាំ ២០២២ ឃុំទាំងមូលមានទំហំដាំសាគូប្រហែល ៩៥,៧ ហិកតា កើនឡើង ៣០ ហិកតា បើធៀបនឹងឆ្នាំ ២០២១; បច្ចុប្បន្នឃុំទាំងមូលមាន ៣៩ គ្រួសារដែលកែច្នៃម្សៅសាគូ។
ជាមួយនឹងសក្ដានុពល គុណសម្បត្តិនៃជាតិដី និងលក្ខខណ្ឌអាកាសធាតុ ដើម្បីអភិវឌ្ឍដំណាំសាគូ គណៈកម្មាធិការប្រជាជនខេត្តបានជ្រើសរើសសាគូ គឺជាដំណាំសំខាន់មួយ ហើយផលិតផលមីសួសាគូគឺជាផលិតផលសំខាន់របស់ខេត្ត។ បច្ចុប្បន្ននេះ មើមសាគូបានដាំនៅក្នុងឃុំចំនួន ៧៣ ស្ថិតក្នុង ៧ ស្រុកនៃ ខេត្ត បាកកាន (Bac Kan) ដែលមានផ្ទៃដី ៤៤៥ ហិចតា។ គោលដៅរហូតដល់ឆ្នាំ ២០២៥ ខេត្តនឹងខិតខំមានផ្ទៃដីដាំសាគូប្រកបដោយស្ថិរភាពពី ៨០០ ទៅ ១០០០ ហិចតាក្នុងមួយឆ្នាំជាមួយនឹងទិន្នផល ៥៩.០០០ តោន។
ជាមួយនឹងគោលដៅនោះ ខេត្ត បាកកាន (Bac Kan) បានប្រើប្រាស់ធនធានពីកម្មវិធីផ្សេងៗដើម្បីវិនិយោគគាំទ្រដល់សហករណ៍ និងក្រុមសហករណ៍ក្នុងការផលិត និងលក់មីសួចំនួនជាង ១០០០ តោន ដែលនាំមកនូវប្រាក់ចំណូលរាប់រយពាន់លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះខេត្តតែងតែយកចិត្តទុកដាក់លើការដឹកនាំ ការកសាងម៉ាកយីហោ លើកកម្ពស់គុណភាព កែលម្អការវេចខ្ចប់ ការរចនា និងជំរុញពាណិជ្ជកម្ម ដើម្បីឱ្យផលិតផលមីសួសាគូបាកកាន (Bac Kan) កាន់តែបញ្ជាក់ម៉ាកយីហោលើទីផ្សារ។ រហូតដល់ឆ្នាំ ២០២២ ខេត្ត បាកកាន (Bac Kan) មានរោងចក្រកែច្នៃមីសួសាគូជាង ៥០ កន្លែង ដែលក្នុងនោះមានរោងចក្រមួយចំនួនរៀបចំទម្រង់រូបភាពបិទជិត។
តាមរយៈការពិភាក្សា និងធ្វើការជាមួយស្ថានទូតវៀតណាម និងសមាគមជនជាតិវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក ខេត្ត បាកកាន (Bac Kan) បានយល់ដឹងនូវតម្រូវការ និងលទ្ធភាពឆ្លើយតបនឹងតម្រូវការនៃទីផ្សារអឺរ៉ុប។ ខេត្តបានឯកភាពជ្រើសរើសសហករណ៍ តាយហ័ន (Tai Hoan) ឃុំ កូនមីញ (Con Minh) ស្រុក ណារី (Na Ri) ជាដៃគូនាំចេញមីសួសាគូទៅអឺរ៉ុប និងប្រើប្រាស់ធនធានជាច្រើន ដើម្បីគាំទ្រដល់សហករណ៍នេះបញ្ចប់ការសាងសងរោងចក្រកែច្នៃ។ ខេត្តឧបត្ថម្ភថវិកាចំនួន ២ ពាន់លានដុង ដើម្បីសហករណ៍នេះទិញម៉ាស៊ីន ឧបករណ៍បរិក្ខារ ផ្ទះហាលសម្ងួតមីសួ... សមត្ថភាពកែច្នៃរបស់រោងចក្របានកើន ១០ តោន/ឆ្នាំ ឡើង ៣០០ តោន/ឆ្នាំ។
នាយីកានៃសហករណ៍ តាយហ័ន (Tai Hoan) ម៉ាកយីហោមីសួសាគូ លោកស្រី ង្វៀនធីហ័ន (Nguyen Thi Hoan) បានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ ២០២០ សហករណ៍បាននាំចេញមីសួសាគូលើកដំបូងចំនួន ៥,៣ តោនទៅកាន់សាធារណរដ្ឋឆែក ដែលមានតម្លៃការបញ្ជាទិញសរុបជិត ១៥.០០០ ដុល្លារ។ នៅក្នុងខែឧសភា ឆ្នាំ ២០២១ អង្គភាពបានបន្តនាំចេញមីសួសាគូ១០,៥ តោន បន្ថែមទៀតទៅកាន់ទីផ្សារឆែកដែលមានតម្លៃការបញ្ជាទិញសរុបជាង ២៩.០០០ ដុល្លារ។ នៅឆ្នាំ ២០២២ សហករណ៍ តាយហ័ន (Tai Hoan) បាននាំចេញមីសួសាគូជិត ១០ តោនបន្ថែមទៀតទៅអឺរ៉ុប។
រហូតមកដល់ពេលនេះ មីសួសាគូនៃសហករណ៍ តាយហ័ន (Tai Hoan) គឺជាផលិតផលតែមួយគត់របស់ខេត្ត បាកកាន (Bac Kan) ដែលបានផ្ដល់វិញ្ញាបណ្ណបត្រ OCOP ផ្កាយ ៥ ថ្នាក់ជាតិ។ ការដែលសហករណ៍មួយរបស់ជនជាតិភាគតិចនៅតំបន់ដាច់ស្រយាល អាចនាំផលិតផលទៅកាន់ទីផ្សារដែលទាមទារលក្ខណៈជាច្រើនគឺទីផ្សារអឺរ៉ុប បានបង្កើតនូវ “ភាពទាក់ទាញ” ដ៏ខ្លាំងសម្រាប់ការដាំ និងកែច្នៃមីសួសាគូនៅខេត្ត បាកកាន (Bac Kan)។
អត្ថបទ៖ អានថាញដាត
បច្ចេកទេស ក្រាហ្វិក៖ ត្រាងញូង ប្រែសម្រួលដោយង្វៀនយ៉ាង