មករដ្ឋធានីហាណូយ (Ha Noi) ភ្លក់រសជាតិហ្វើបួស

មករដ្ឋធានីហាណូយ (Ha Noi) ភ្លក់រសជាតិហ្វើបួស

ពេលមក​រដ្ឋធានីហាណូយ (Ha Noi) ភ្ញៀវទេសចរតែងស្វែងរកហូប​ហ្វើសាច់គោប្រពៃណីដែលមានក្លិនឈ្ងុយនៃក្លិនឈើអែម និងអានីស ទឹកស៊ុបឆ្ងាញ់​ រួមផ្សំនឹងសាច់គោទន់ និងនំហ្វើ​បាន​ហាន់ស្តើងៗ។ ឥឡូវនេះ ពេលមកដល់រដ្ឋធានី ភ្ញៀវដែលចូលចិត្តម្ហូបបួស ​នឹងអាចហូបហ្វើតាមទំនើងខ្លួន នោះគឺ​ហ្វើបួស ។

គ្រឿងផ្សំមាន៖ នំហ្វើ ស្លឹក​ខ្ទឹម ផ្សិតភ្លៅមាន់ និងផ្សិតអយស្ទ័រខ្មៅ.... 

ហ្វើបួស គឺជាមុខម្ហូបប្រពៃណីដែលមានតាំង​ពីយូរលង់មកហើយ គ្រឿងផ្សំ​សម្បូរណ៍ដោយជីវជាតិដូចជា ផ្សិត បន្លែ និងមើម ដែលជួយផ្តល់វីតាមីន សារធាតុរ៉ែ និងប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់រាងកាយ។ ហ្វើបួស​ត្រូវ​បាន​គេ​ហូប​​ក្នុង​ឱកាស​បុណ្យ​ពុទ្ធ​សាសនា ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​ពុទ្ធ និង​អាទិទេព។ មុខម្ហូបនេះរួមចំណែកធ្វើ​ឲ្យ​សម្បូរណ៍វប្បធម៌ម្ហូបអាហារវៀតណាម។

គ្រឿងផ្សំសម្រាប់​ហ្វើ​បួស រួមមាន នំហ្វើ ស្លឹកខ្ទឹម និងផ្សិតត្រូវបានចម្អិនជាមុន។
 

គ្រឿងផ្សំរួមមាន ផ្សិតភ្លៅមាន់ ផ្សិតអយស្ទ័រខ្មៅ ស្លឹកខ្ទឹម និង​ហ្វើ។  ទឹក​ស៊ុប​ហ្វើ រួម​មានឆៃថាវ ការ៉ុត ប៉ិកួ ផ្សិតខ្មៅ  ឈើអែម និងអានីស។

ដើម្បី​ឆ្នៃបានមុខម្ហូបមួយឆ្ងាញ់ ការជ្រើសរើសគ្រឿងផ្សំគឺសំខាន់បំផុត​។ ផ្សិតភ្លៅមាន់​​ឆ្ងាញ់​ត្រូវ​បាន​ជ្រើសរើស​ផ្សិតដែលមាន​ពណ៌​ស​ភ្លឺ ឬពណ៌​ក្រែម​បន្តិច រលោង​មាន​ក្លិន​ក្រអូប​ស្រាល។ ទំហំនៃផ្សិតគឺមធ្យម មិនតូច​ពេកឬធំពេក។

ផ្សិតអយស្ទ័រខ្មៅ ឬហៅម្យ៉ាងទៀតថា "shiitake," គឺជាប្រភេទផ្សិតដ៏ពេញនិយមដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងអត្ថប្រយោជន៍អាហារូបត្ថម្ភជាច្រើន។ ផ្សិតអយស្ទ័រខ្មៅឆ្ងាញ់មានពណ៌ត្នោតរហូតដល់ពណ៌ខ្មៅ ផ្ទៃរលោង គ្មានស្នាមប្រេះ ឬខូចឡើយ។ ជ្រើសរើសផ្សិតដែលមានទំហំធំល្មម ដើម្បីធានាថា ផ្សិតអាចប្រើប្រាស់បានយ៉ាងងាយស្រួល ផ្ទៃផ្សិតមានភាពរួញ​និង​យឺត ធានាថាមិនមានស្នាមផ្សិត ឬចំណុចផ្សិតចំឡែកលើផ្ទៃ។

លាង​ផ្សិត​អយស្ទ័រខ្មៅ​ដោយ​ទឹក​អំបិល ហើយ​ទុក​ឲ្យ​ស្ងួត ហែក​ផ្សិត​ជា​សសៃនិង​ចៀន រួច​ស្រង់ចេញទុកដោយ​ឡែក ។ ផ្សិត​ភ្លៅ​មាន់ត្រាំ​ក្នុង​ទឹក​អំបិល ហាន់​ជា​​មូលដែល​លម្មហូប ចៀនផ្សិ​ត​ក្នុង​ខ្ទះ​ប្រេង​ក្តៅ យក​ចេញ​ទុក​ដោយឡែក។


គ្រឿងផ្សំដែលមិនអាចខ្វះបាន ដើម្បីបង្កើតភាព​ឈ្ងុយឆ្ងាញ់នៃមុខម្ហូបនេះគឺទឹកស៊ុបហ្វើ។ ទឹក​ស៊ុប​ហ្វើបួសបានដាំពីទឹកស្ងោរ​បន្លែ​និងមើម រួមផ្សំនឹងគ្រឿងទេស ដើម្បីបង្កើតរសជាតិពិសេសនៃមុខម្ហូបនេះ រួមមានការ៉ុត ផ្សិតខ្មៅ ឆៃថាវ ខ្ទឹមក្រហម និងខ្ញី។ បន្លែទាំងនេះបង្កើតរសជាតិ និងពណ៌ ព្រមទាំងវីតាមីន សារធាតុរ៉ែ ... សម្រាប់ទឹក​ស៊ុបហ្វើ។ គ្រឿងទេសមួយ​ចំនួនដូចជា ខ្ញី ខ្ទឹមក្រហម ម្រេច ស្លឹក Bay និងទឹកត្រីបួស ឬទឹកស៊ីអ៊ីវបួស ជំនួសទឹកត្រីដែលតែងតែប្រើសម្រាប់ហ្វើប្រពៃណី ដាក់ថែមអំបិលបន្តិច ដើម្បីបង្កើនរសជាតិ និងធ្វើឱ្យមានតុល្យភាពនៃគ្រឿងផ្សំផ្សេងៗទៀត។ ដាក់​នំហ្វើ ផ្សិតភ្លៅមាន់ និងផ្សិតអយស្ទ័រចៀនជាមួយស្លឹកខ្ទឹម រួចចាក់ទឹកស៊ុបក្តៅៗ យើងនឹងទទួលបានហ្វើបួសមួយចានយ៉ាងឈ្ងុយឆ្ងាញ់។

ហ្វើបួសមួយចាន 

ហ្វើបួសជាអាហារដែលមានជាតិខ្លាញ់ និងកូលេស្តេរ៉ុលតិច ជួយបន្សាបរាងកាយ និងល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ មុខម្ហូបនេះក៏ស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសអ្នកបួស អ្នកចង់សម្រកទម្ងន់ ឬបង្កើនសុខភាព។

ហ្វើបួសមិនត្រឹមតែជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងមានជីវជាតិប៉ុណ្ណោះទេ លើសពីនេះទៅទៀត រួមជាមួយសាច់គោប្រពៃណី ហ្វើបួសក៏រួមចំណែកផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារដ៏សម្បូរបែបរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិផងដែរ។ 

អាស័យដ្ឋានហូបហ្វើបួស៖ ភោជ្ជនីយដ្ឋានGreen inn - លេខ​ ៤១ ផ្លូវ​ហាង​ណន (Hang Non) ហាង​ហ្គាយ (Hang Gai) ខណ្ឌ ហ័ន​គៀម  (Hoan Kiem) រដ្ឋធានី ហាណូយ (Ha Noi)- ទូរស័ព្ទ៖ ០៩៦៣៣៨៩៥៧១  

អត្ថបទនិង​រូបថត ៖ ត្រឹន​ថាញ​យ៉ាង /កាសែតរូបភាពវៀតណាម​

ប្រែសម្រួលដោយង្វៀនយ៉ាង



Top