ភូមិធូប ធុយស្វឹន (Thuy Xuan) - លក្ខណៈវប្បធម៌នៃទីក្រុង ហ្វេ (Hue)

ភូមិធូប ធុយស្វឹន (Thuy Xuan) - លក្ខណៈវប្បធម៌នៃទីក្រុង ហ្វេ (Hue)

ភូមិធូប ធុយស្វឹន (Thuy Xuan) ស្ថិតនៅសង្កាត់ ធុយស្វឹន​ (Thuy Xuan) ទី​ក្រុង​ ហ្វេ (Hue) ល្បីល្បាញតាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ ចំពោះ​មុខ​របរ​ធ្វើធូប​ប្រពៃណី​។ នៅទីនេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ “រាជធានី​ធូប​” របស់​ទីក្រុង ហ្វេ (Hue) ដោយ​រក្សា​បានវប្បធម៌​ស្មារតីដ៏​វិសេសវិសាល​របស់​ប្រជាជន​ ហ្វេ (Hue) ហើយត្រូវ​បាន​ទទួល​ស្គាល់​ជា​ភូមិ​សិប្បកម្ម​ប្រពៃណី​ពិសេស​របស់​ខេត្ត​ ធឿធៀនហ្វេ (Thua Thien Hue)។

ភូមិធូប ធុយស្វឹន (Thuy Xuan) ស្ថិត​នៅ​លើ​ផ្លូវ​ ហៀនត្រឹនកុងចួ ( Huyen Tran Cong Chua) ក្បែរ​ភ្នំទាប​ វ៉ូងកាញហ្វេ (Vong Canh Hue) វិមាន​តម្កល់សពស្តេច ទឺឌឹក (Tu Duc) ចម្ងាយ ៧គីឡូម៉ែត្រ តាមទិសនិរតីនៃ​ទី​ក្រុង​ ហ្វេ (Hue) ។

របរ​ធ្វើ​​ធូប​នៅ​ភូមិ​ ធុយស្វឹន (Thuy Xuan) មាន​​ប្រវត្តិ​​ប្រមាណ​ ​៧០០​ឆ្នាំ ដែល​​បាន​​បន្ត​​ពី​​មួយ​​ជំនាន់​​ទៅ​​មួយ​​ជំនាន់​។ តាម​​ព្រឹទ្ធាចារ្យ​​ភូមិ​ របរ​​នេះ​​មា​ន​តាំង​ពី​​សម័យរាជរង្ស​ ស្តេចមិញម៉ាង (Minh Mang)  ជា​​ពេល​ដែល​​សិប្បករ​​ត្រូវ​បាន​​រាជវាំង​​ជ្រើស​រើស​​ឱ្យ​​ធ្វើ​ធូប ​​សម្រាប់​​ព្រះ​រាជ​​ពិធី​​។ ជា​ច្រើន​ជំនាន់​ ប្រជាជន​​ភូមិ ធុយស្វឹន (Thuy Xuan) បាន​ខិត​ខំ​ថែរក្សា​ និង​អភិវឌ្ឍ​មុខរបរ​ប្រពៃណី​នេះ​ ប្រែ​ក្លាយ​វា​ទៅ​ជា​ផ្នែក​មួយ​ ដែល​មិន​អាច​ខ្វះ​បាន​ក្នុងវប្បធម៌​ និង​ជំនឿរបស់​ប្រជាជន​ ហ្វេ (Hue)។ ភូមិ​របរ​មិន​ត្រឹម​តែ​បង្កើត​ការងារ​ស្ថិរភាព​ជូន​រាប់​រយ​គ្រួសារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំណែក​​ក្នុង​​ការផ្សព្វ​ផ្សាយ​រូបភាព​ វប្បធម៌​របស់​ទីក្រុង ហ្វេ (Hue)​ ដល់​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ និង​បរទេស​ផង​ដែរ​។

គ្រួសារ​ប្រកបរបរ​ធ្វើ​ធូប នៅភូមិធូប ធុយស្វឹន (Thuy Xuan) រៀបចំ​កន្លែង​ប្លែក​ៗ​ជា​ច្រើន​ ដើម្បីភ្ញៀវ​ទេសចរ​ថត​រូប​។

ដើម្បី​​ធ្វើ​​ធូប​​ក្រអូប​ សិប្បករ​នៃភូមិ ធុយស្វឹន (Thuy Xuan)  ត្រូវ​​ឆ្លង​កាត់​​ដំណាក់កាល​​ដ៏​​ល្អិត​ល្អន់​​ជា​ច្រើន​​។ វត្ថុធាតុដើម​សំខាន់ៗ​ សម្រាប់​ធ្វើ​ធូបរួមមាន​ ម្សៅ​ឈើ​ក្រអូប​ កាវ​ (ធ្វើពីម្សៅ​សំបក​ឈើ​ក្រពុលបាយ ពីព្រោះ​សំបកនៃប្រភេទឈើនេះ មាន​សារ​ធាតុ​ស្អិត​ដូច​កាវ​) និង​គ្រឿងធម្មជាតិដាក់បន្ថែមដូចជា ខ្លឹមចន្ទន៍ ទេព្វិរូ... ម្សៅត្រូវ​បាន​លាយ​បញ្ចូល​ជាមួយកាវក្នុង​សមាមាត្រ​សម្ងាត់​ បន្ទាប់​មក​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន ដើម្បី​បង្កើត​ជា​សរសៃ​ ហើយភ្ជាប់លើបន្ទះឫស្សី​តូច។ បន្ទាប់​មក​ ធូប​ត្រូវ​ហាល​​ដោយកម្ដៅ​ធម្មជាតិ​ក្នុងរយៈ​ពេល​ជា​ច្រើន​ថ្ងៃ​រហូត​ដល់​ស្ងួត​ល្មម។

ធូប ធុយស្វឹន (Thuy Xuan) មាន​លក្ខណៈ​ប្លែក​ពី​គេ​ ជាមួយ​នឹ​ងក្លិនក្រអូបល្មម ស្រទន់​  មិនក្រអូបឈ្ងប់ដូចធូបដែល​ផលិតតាមបែបឧស្សាហកម្ម។ ធូបនៃភូមិនេះ ត្រូវបាន​ធ្វើពី​វត្ថុធាតុដើម​ធម្មជាតិ​ទាំងស្រុង​ មិន​ប្រើ​សារធាតុ​គីមី​ពុល​ ធានា​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់​ ហើយ​ជិតស្និទ្ធនឹងបរិស្ថាន​។ សរសៃ​ធូប​នីមួយៗ មិន​ត្រឹមតែ​ជា​គ្រឿងរណ្តាប់ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កប់​នូវ​វប្បធម៌​ ហ្វេ ( Hue) ដែល​ជា​វប្បធម៌​រាជវាំងដ៏ល្អិតល្អន់ និង​ឆើតឆាយ​ផងដែរ​។

របរធ្វើ​ធូបមិន​ត្រឹមតែ​នាំ​មក​នូវ​តម្លៃ​សេដ្ឋកិច្ច​ដល់​ប្រជាជន ​ភូមិ  ធុយស្វឹន (Thuy Xuan) ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំណែក​ថែ​រក្សា​វប្បធម៌ស្មារតី​ដ៏​វិសេសវិសាល​របស់​ជនជាតិ​វៀតណាម​ទៀតផង។ ភ្ញៀវទេសចរមក ​និងទស្សនា​ភូមិ​របរសិប្បកម្ម​ អាចស្វែងយល់នូវដំណើរការ​ធ្វើ​ធូប​ដោយ​ដៃ​ និង​ទិញ​ផលិតផល​ដែល​មាន​គុណភាព​ ដើម្បី​ធ្វើ​ជាអំណោយជូន​សាច់ញាតិ។

ភ្ញៀវ​​ទេសចរ​​​រំភើប​ចិត្ត​​នឹង​ការស្វែងយល់នូវដំណើរការធ្វើ​ធូប​​ប្រពៃណី។

ខុស​ពី​តំបន់​ផ្សេង​ទៀត​ ធូប ធុយស្វឹន (Thuy Xuan) បាន​បង្កើត​ម៉ាក​យីហោ​ផ្ទាល់​ខ្លួន​ ដោយ​សារ​គុណភាព​ និង​កិត្យានុភាព តាំងពីយូរមកហើយ។ សរសៃធូប​នីមួយៗ​ ​ត្រូវបាន​ធ្វើយ៉ាងល្អិតល្អន់​ និងប្រុងប្រយ័ត្ន​ តាំង​ពី​ដំណាក់កាល​ជ្រើសរើស​វត្ថុធាតុដើម​ រហូតដល់​សម្រេចទៅជាផលិតផល​។ ដោយ​មានគុណភាព​ពិសេស​ ធូប ធុយស្វឹន (Thuy Xuan) មិន​ត្រឹមតែ​ពេញនិយ​ម​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​ ថែមទាំង​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​អាស៊ី​ជា​ច្រើនទៀត​ ដូចជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ជាដើម

ភ្ញៀវ​​ទេសចរ​​​រំភើប​ចិត្ត​​នឹង​ការស្វែងយល់នូវដំណើរការធ្វើ​ធូប​​ប្រពៃណី។

គ្រួសារ​ប្រកបរបរ​ធ្វើ​ធូប នៅភូមិធូប ធុយស្វឹន (Thuy Xuan) រៀបចំ​កន្លែង​ប្លែក​ៗ​ជា​ច្រើន​ ដើម្បីភ្ញៀវ​ទេសចរ​ថត​រូប​។

ភូមិធូប ធុយស្វឹន (Thuy Xuan) ជា​បេតិកភណ្ឌវប្បធម៌ដ៏​មាន​តម្លៃ​របស់​ទីក្រុង ហ្វេ (Hue) ដែល​ត្រូវការ​ថែរក្សា ​និង​ពង្រីក។ ជាមួយ​នឹង​តម្លៃ​វប្បធម៌​ដ៏​វិសេសវិសាល​ ភូមិ​របរនេះ មិន​ត្រឹមតែ​រួម​ចំណែក​ថែរក្សា​សោភ័ណភាព​នៃវប្បធម៌​ស្មារតី​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ជា​គោលដៅ​ទាក់ទាញ​ក្នុង​ដំណើរការទៅ​ទស្សនា​អតីតរាជធានី ហ្វេ (​Hue) សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ជិត​ និង​ឆ្ងាយទៀតផង​៕

អត្ថបទ និងរូបថត៖ កុងដាត / VNP
 ប្រែសម្រួលដោយង្វៀនយ៉ាង

 


Top