គ្រួសារប្រកបរបរធ្វើធូប នៅភូមិធូប ធុយស្វឹន (Thuy Xuan) រៀបចំកន្លែងប្លែកៗជាច្រើន ដើម្បីភ្ញៀវទេសចរថតរូប។
ដើម្បីធ្វើធូបក្រអូប សិប្បករនៃភូមិ ធុយស្វឹន (Thuy Xuan) ត្រូវឆ្លងកាត់ដំណាក់កាលដ៏ល្អិតល្អន់ជាច្រើន។ វត្ថុធាតុដើមសំខាន់ៗ សម្រាប់ធ្វើធូបរួមមាន ម្សៅឈើក្រអូប កាវ (ធ្វើពីម្សៅសំបកឈើក្រពុលបាយ ពីព្រោះសំបកនៃប្រភេទឈើនេះ មានសារធាតុស្អិតដូចកាវ) និងគ្រឿងធម្មជាតិដាក់បន្ថែមដូចជា ខ្លឹមចន្ទន៍ ទេព្វិរូ... ម្សៅត្រូវបានលាយបញ្ចូលជាមួយកាវក្នុងសមាមាត្រសម្ងាត់ បន្ទាប់មកដាក់ចូលទៅក្នុងម៉ាស៊ីន ដើម្បីបង្កើតជាសរសៃ ហើយភ្ជាប់លើបន្ទះឫស្សីតូច។ បន្ទាប់មក ធូបត្រូវហាលដោយកម្ដៅធម្មជាតិក្នុងរយៈពេលជាច្រើនថ្ងៃរហូតដល់ស្ងួតល្មម។
ធូប ធុយស្វឹន (Thuy Xuan) មានលក្ខណៈប្លែកពីគេ ជាមួយនឹងក្លិនក្រអូបល្មម ស្រទន់ មិនក្រអូបឈ្ងប់ដូចធូបដែលផលិតតាមបែបឧស្សាហកម្ម។ ធូបនៃភូមិនេះ ត្រូវបានធ្វើពីវត្ថុធាតុដើមធម្មជាតិទាំងស្រុង មិនប្រើសារធាតុគីមីពុល ធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ហើយជិតស្និទ្ធនឹងបរិស្ថាន។ សរសៃធូបនីមួយៗ មិនត្រឹមតែជាគ្រឿងរណ្តាប់ប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវវប្បធម៌ ហ្វេ ( Hue) ដែលជាវប្បធម៌រាជវាំងដ៏ល្អិតល្អន់ និងឆើតឆាយផងដែរ។
របរធ្វើធូបមិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចដល់ប្រជាជន ភូមិ ធុយស្វឹន (Thuy Xuan) ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាវប្បធម៌ស្មារតីដ៏វិសេសវិសាលរបស់ជនជាតិវៀតណាមទៀតផង។ ភ្ញៀវទេសចរមក និងទស្សនាភូមិរបរសិប្បកម្ម អាចស្វែងយល់នូវដំណើរការធ្វើធូបដោយដៃ និងទិញផលិតផលដែលមានគុណភាព ដើម្បីធ្វើជាអំណោយជូនសាច់ញាតិ។
ភ្ញៀវទេសចររំភើបចិត្តនឹងការស្វែងយល់នូវដំណើរការធ្វើធូបប្រពៃណី។
ខុសពីតំបន់ផ្សេងទៀត ធូប ធុយស្វឹន (Thuy Xuan) បានបង្កើតម៉ាកយីហោផ្ទាល់ខ្លួន ដោយសារគុណភាព និងកិត្យានុភាព តាំងពីយូរមកហើយ។ សរសៃធូបនីមួយៗ ត្រូវបានធ្វើយ៉ាងល្អិតល្អន់ និងប្រុងប្រយ័ត្ន តាំងពីដំណាក់កាលជ្រើសរើសវត្ថុធាតុដើម រហូតដល់សម្រេចទៅជាផលិតផល។ ដោយមានគុណភាពពិសេស ធូប ធុយស្វឹន (Thuy Xuan) មិនត្រឹមតែពេញនិយមក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅកាន់ប្រទេសអាស៊ីជាច្រើនទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ជាដើម
ភ្ញៀវទេសចររំភើបចិត្តនឹងការស្វែងយល់នូវដំណើរការធ្វើធូបប្រពៃណី។
គ្រួសារប្រកបរបរធ្វើធូប នៅភូមិធូប ធុយស្វឹន (Thuy Xuan) រៀបចំកន្លែងប្លែកៗជាច្រើន ដើម្បីភ្ញៀវទេសចរថតរូប។
ភូមិធូប ធុយស្វឹន (Thuy Xuan) ជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ទីក្រុង ហ្វេ (Hue) ដែលត្រូវការថែរក្សា និងពង្រីក។ ជាមួយនឹងតម្លៃវប្បធម៌ដ៏វិសេសវិសាល ភូមិរបរនេះ មិនត្រឹមតែរួមចំណែកថែរក្សាសោភ័ណភាពនៃវប្បធម៌ស្មារតីប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទាក់ទាញក្នុងដំណើរការទៅទស្សនាអតីតរាជធានី ហ្វេ (Hue) សម្រាប់ភ្ញៀវទេសចរមកពីជិត និងឆ្ងាយទៀតផង៕