ភាពពិសេសនៃពិធីបុណ្យសែនលោកយាយ ភ្នំសាម ខេត្តអានយ៉ាង (An Giang)
ជារៀងរាល់ឆ្នាំ នៅចុងខែ៤ចន្ទគតិ ប្រជាជនខេត្តអានយ៉ាង ក៏ដូចជាបងប្អូនជនរួមជាតិនៅតំបន់ភាគនិរតី និងភ្ញៀវទេសចរគ្រប់ចតុទិស បានធ្វើដំណើរទៅកាន់ភ្នំសាមសង្កាត់ថើយសឺន (Thoi Son) ខេត្តអានយ៉ាង ដើម្បីចូលរួមពិធីបុណ្យសែន លោកយាយ ដែលជាពិធីបុណ្យប្រជាប្រិយពិសេសមួយ ទើបតែបានអង្គការ UNESCO ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី តំណាងមនុស្សជាតិ នៅចុងឆ្នាំ២០២៤។
ពិធីបុណ្យសែន លោកយាយភ្នំសាម នៅសង្កាត់ថើយសឺន (Thoi Son) ខេត្តអានយ៉ាង ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយមានលក្ខណៈអត្តសញ្ញាណវប្បធម៌ជនជាតិជ្រាលជ្រៅនៃប្រជាជននៅតំបន់ទន្លេ ភូមិភាគខាងត្បូងវៀតណាម។ យោងតាមឯកសាររបស់គណៈអភិបាលគ្រប់គ្រងផ្នូរ និង បូជនីយដ្ឋានភ្នំសាម នៅប្រមាណ ២០០ ឆ្នាំមុន រូបសំណាក លោកយាយកាលដើមឡើយ គង់នៅលើកំពូលភ្នំសាម។ ថ្ងៃមួយ មានមនុស្សមួយក្រុម តែងតែមានចិត្តប៉ុនប៉ងបង្កភាពវឹកវរ នៅជុំវិញមណ្ឌលរូបណាក លុះពេលឃើញរូបសំណាកក៏កើតចិត្តអាក្រក់កើតឡើង។ ពួកវាបាននាំគ្នាលើករូបសំណាកនោះ ចុះពីលើភ្នំ ប៉ុន្តែធ្វើដំណើរបានមួយសន្ទុះ ឃើញថារូបសំណាកនោះធ្ងន់ពេក មិនអាចលើកឡើងរួច។ ខឹងសម្បារ ក្មេងទំនើងម្នាក់ក្នុងក្រុម បានវាយបំបាក់ដៃឆ្វេង នៃរូបសំណាកនោះទៅ។
ភ្លាមៗនោះ បុរសម្នាក់នោះត្រូវទទួលទោសក្នុងទីនោះតែម្ដង។ តាំងពីពេលនោះមក លោកយាយតែងតែមកនិមិត្តខ្លួនសន្តមាតា (ព្រះម៉ែទេវតាម្ចាស់ស្រុក) ហើយបង្រៀនប្រជាជនពីរបៀបកសាងបូជនីយដ្ឋានសម្រាប់គោរពបូជា ដើម្បីឱ្យគាត់ជួយការពារឃុំគ្រង មានភ្លៀងធ្លាក់ខ្យល់ល្អ ដំណាំអំណោយផល ចៀសផុតចោរប្លន់ និងជំងឺរាតត្បាត។ ឃើញភាពសក្តិសិទ្ធិ ប្រជាជនក៏សម្រេចចិត្តដង្ហែរូបសំណាកនោះ មកគោរពបូជា។
បន្ទាប់មក រឿងព្រេងនិទានកាន់តែច្រើនឡើងៗ ពោរពេញដោយភាពអាថ៌កំបាំងអំពីសក្តិសិទ្ធិភាពនៃលោកយាយ ហាក់ដូចជាអព្ភូតហេតុ និង សក្តិសិទ្ធិភាពដែលពិបាកពន្យល់។ល។
ពិធីបុណ្យសែន ព្រះលោកយាយ ភ្នំសាម មានពិធីកិច្ចសំខាន់ៗជាច្រើន ពិសេសដូចជាពិធីបុណ្យដង្ហែរូបសំណាក ពីកំពូលភ្នំសាម ចុះមកកាន់ទីបូជនីយដ្ឋាន។ នេះគឺជាពិធីកិច្ចមួយ ដែលបង្ហាញឡើងវិញនូវប្រវត្តិដែលអ្នកភូមិបានដង្ហែរូបសំណាកលោកយាយពីលើកំពូលភ្នំ ចុះមកកាន់បូជនីយដ្ឋានតាមរឿងនិទាន។
ពិធីដង្ហែរូបសំណាកលោកយាយ មានភាពឧឡារិក អ៊ូអរ រីករាយជាមួយនឹងសំឡេងស្គរ គង និងម៉ុងសាយ សិង្ហ នាគ រាប់សិបក្រុម នៅសងខាងផ្លូវដើម្បីទទួលស្វាគមន៍ក្បួនដង្ហែ។
ពិធីស្រង់ទឹក ឬនៅហៅថាពិធីម៉ុកយុក (Moc Duc) ក៏ជាពិធីកិច្ចសំខាន់មួយ តែងតែបានរៀបចំឡើងនៅពេលទៀបភ្លឺ បន្ទាប់ពីថ្ងៃដង្ហែរូបសំណាកមកកាន់ទីបូជនីយដ្ឋាន។ ពិធីកិច្ចនេះ រួមមានការរៀបចំទឹកសម្រាប់ស្រង់ ស្រង់ទឹករូបសំណាក និង ប្តូរសម្លៀកបំពាក់គ្រឿងអលង្ការ ទាំងអស់សុទ្ធបានធ្វើដោយសម្ងាត់។
ក្រៅពីពិធីកិច្ចទាំងនេះ ពិធីបុណ្យក៏មិនអន់ផងដែរ ដោយមានសកម្មភាព កីឡា ល្បែងប្រជាប្រិយ សម្តែងសិល្បៈប្រជាប្រិយយ៉ាងរស់រវើក ជាពិសេសបង្ហាញច្បាស់លក្ខណៈវប្បធម៌ និងស្មារតីសាមគ្គីភាព នៃជនជាតិបងប្អូនទាំង៤ គិញ ចាម ចិន និងខ្មែរ នៅខេត្តអានយ៉ាង។
លោក ថៃ កុងណូ (Thai Cong No) សមាជិកគណៈកម្មាភិបាលបូជនីយដ្ឋានភ្នំសាម បានឱ្យដឹងថា ចំពោះប្រជាជនក្រុងចូវដុក (Chau Doc) លោកយាយភ្នំសាម គឺជាអង្គសន្តមាតាក្នុងជំនឿគោរពបូជាទេវតាតែងតែការពារ ឃុំគ្រងប្រជាជន។ ការចូលរួមពិធីបុណ្យ គឺដើម្បីបំពេញជំនឿ និង សេចក្តីប៉ងប្រាថ្នារបស់ប្រជាជនអំពីសុខភាព សុខស្ងប់ និងលាភសំណាង។ ពិធីបុណ្យនេះ នៅជួយឱ្យប្រជាជនខេត្តអានយ៉ាង បង្កើនភាពសាមគ្គីក្នុងសហគមន៍ ជួយឱ្យបងប្អូនមានភាពស្អិតរមួត ជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាកនៃជីវិត។
ក្នុងពិធីទទួលវិញ្ញាបនបត្រ ទទួលស្គាល់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរៀបចំឡើងនៅខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ម៉ៃ វ៉ាន់ជិញ (Mai Van Chinh) បានសង្កត់ធ្ងន់ថា កិត្តិនាមនេះ មិនត្រឹមតែជាកិត្តិយស មោទនភាព នៃបក្ខភាគ រដ្ឋអំណាច និង ប្រជាជននៅខេត្តអានយ៉ាងប៉ុណ្ណោះទេ នៅទាំងជាមោទនភាពនៃតំបន់ភាគខាងត្បូង (ណាមបូ) និង ប្រទេសវៀតណាមទាំងមូលផងដែរ។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី ម៉ៃ វ៉ាន់ជីញ (Mai Van Chinh) រយៈពេលជាង២០០ឆ្នាំមកនេះ ជំនឿគោរពបូជាលោកយាយ ភ្នំសាម បានក្លាយជាទីពឹងពំនាក់ផ្លូវចិត្តសំខាន់ សម្រាប់ប្រជាជនរាប់លាននាក់ មិនត្រឹមតែនៅតំបន់ភាគខាងត្បូងប៉ុណ្ណោះទេ នៅទាំងបានរីករាលដាលទូទាំងប្រទេសផងដែរ។ ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីការគោរពជ្រាលជ្រៅ ចំពោះលោកយាយ ភ្នំសាម ប្រៀបបានដូចជាម្ចាស់ទឹកម្ចាស់ដីប៉ុណ្ណោះទេ នៅទាំងជាតំណាងអំពីនិមិត្តរូបនៃជំនឿគោរពមេរបស់វៀតណាម ចូលរួមចំណែកបង្កើតអត្តសញ្ញាណវប្បធម៌ជនជាតិ។
តាមការពិត មិនមែនមានតែតំបន់ភ្នំសាម សង្កាត់ថើយសឺនប៉ុណ្ណោះទេ ដែលមានបូជនីយដ្ឋានលោកយាយ និងប្រពៃណីគោរពបូជាលោកយាយ តែប្រពៃណីគោរពបូជានេះ គឺជាចំណែកមួយសំខាន់នៅក្នុងជីវភាពវប្បធម៌ ចេតភាព នៃប្រជាជននៅតំបន់ភាគខាងត្បូង (ណាមបូ)។ ភាគច្រើននៅតំបន់ភាគខាងត្បូង សុទ្ធតែមានបូជនីយដ្ឋានលោកយាយ ឬនៅតាមបរិវេណទីស្ការបូជា វត្តអារាម ក៏សុទ្ធតែមានបូជនីយដ្ឋានបូជាលោកយាយដែរ នៅក្បែរទីស្ការបូជាធាតុទាំង៥ និង អារក្សភូមិ។ គេបង្ហាញពីការគោរពចំពោះលោកយាយ បានចាត់ទុកថាជា "មាតា" នៃដែនដី ដែលមានសមត្ថភាពការពារឃុំគ្រងប្រជាជន។
ក្នុងចំណោមនោះ បូជនីយដ្ឋានលោកយាយ បាវមឿប (Bau Muop) គឺជាទីតាំងទេសចរណ៍ស្រស់ស្អាតមួយ នៅខេត្តអានយ៉ាង ដែលបានភ្ញៀវទេសចរគ្រប់រូបស្គាល់ ដោយសារបូជនីយដ្ឋានលោកយាយ បាវមឿប (Bau Muop) មានភាពល្បីល្បាញ ភាពសក្តិសិទ្ធិមិនចាញ់បូជនីយដ្ឋានលោកយាយ ភ្នំសាម ឡើយ។ បូជនីយដ្ឋានលោកយាយ បាវមឿប (Bau Muop) មានទីតាំងស្ថិតនៅសង្កាត់ថើយសឺន (Thoi Son) ខេត្តអានយ៉ាង។ បូជនីយដ្ឋានលោកយាយ បាវមឿប (Bau Muop) គឺជាទីកន្លែងទាក់ទាញប្រជាជន ភ្ញៀវទេសចរជាច្រើននាក់ មកគោរពបូជា និងទស្សនា ដោយសារតែភាពល្បីល្បាញ ថាជាទីកន្លែងសក្តិសិទ្ធិ និងមានទេសភាពធម្មជាតិស្រស់ស្អាតអស្ចារ្យ។
តាមការនិទាននៃប្រជាជនក្នុងតំបន់ បាវមឿប (Bau Muop) គឺជាសិស្សគណម្នាក់ក្នុងចំណោមសិស្សគណទាំង១២នាក់ របស់ព្រះគ្រូតីអាន (Tay An)។ អ្នកនាង គឺជាមនុស្សអាថ៌កំបាំងម្នាក់ មិនសូវបង្ហាញខ្លួននៅទីសាធារណៈទេ ដូច្នេះមានមនុស្សតិចតួចណាស់ ដែលដឹងអំពីអត្ថិភាពរបស់អ្នកនាង។ មនុស្សគ្រប់គ្នាស្គាល់អ្នកនាង បន្ទាប់ពីគាត់បាត់បង់ជីវិតទៅ ព្រោះអ្នកនាងតែងតែបង្ហាញខ្លួន ជួយអ្នកដែលជួបការទុក្ខលំបាក និងគ្រោះថ្នាក់។ អ្នកស្រុកដែលទទួលការជួយពីអ្នកនាង បានធ្វើដំណើរមកគោរពបូជា និងចូលរួមចំណែក កម្លាំងកាយចិត្តសម្ភារៈកសាងបូជនីយដ្ឋានឡើង។
មិនត្រឹមតែប្រជាជនដែលរស់នៅជុំវិញតំបន់ប៉ុណ្ណោះទេ សូម្បីតែភ្ញៀវទេសចរនៅទីក្រុងឆ្ងាយៗ ក៏បានធ្វើដំណើរមកកាន់បូជនីយដ្ឋានបាវមឿប (Bau Muop) ដើម្បីបួងសួងសុំសេចក្តីសុខ និងសំណាងល្អដែរ។ បន្ទាប់ពីទទួលបានការឃុំគ្រង ការពារពីអ្នកនាងឱ្យរួចផុតពីគ្រោះថ្នាក់ ពួកគាត់បានវិលត្រឡប់មកទីនេះ បរិច្ចាគទ្រព្យសម្បត្តិ ជួយកសាងបូជនីយដ្ឋានស្រស់ស្អាតដូចសព្វថ្ងៃ។
ក៏ដូចជាប្រពៃណីគោរពបូជាលោកយាយ ភ្នំសាម ក្រុងចូវដុក (Chau Doc) បូជនីយដ្ឋានលោកយាយ ម៉ាចូវ (Ma Chau) មានទីតាំងនៅកោះសឺនរ៉ៃ (Son Rai) ឈ្មោះជាអក្សរថា ឡៃសឺន (Lai Son) ជាឃុំកោះមួយ ដែលស្ថិតនៅតំបន់ពិសេសគៀនហៃ (Kien Hai) ខេត្តអានយ៉ាង។ មុខបូជនីយដ្ឋានបែរទៅរកសមុទ្រ ហាក់ដូចជាតែងតែតាមដាន ដើម្បីការពារប្រជាជននៅលើសមុទ្រ រាល់ពេលពួកគាត់ចេញទៅនេសាទម្តងៗ។ នៅមុខបូជនីយដ្ឋានគឺជាទ្វារធំខ្ពស់ មានដំបូល ប្រកបដោយភាពស្រស់ស្អាត។ វិហារធំ បានតុបតែងស្រស់ស្អាត ប្រណីត បង្ហាញពីទឹកចិត្តនៃប្រជាជននៅលើកោះចំពោះលោកយាយ។
ការគោរពបូជាលោកយាយ ម៉ាចូវ (Ma Chau) ត្រូវបានប្រជាជននៅទីនេះជឿថា លោកយាយ ជាទេពវតា ដែលគ្រប់គ្រងដែនដីផង និងជាទេពវតាសមុទ្រផង អាចការពារអ្នកនេសាទរាល់ពេលពួកគាត់ជួបព្យុះខ្យល់ខ្លាំង គ្រោះថ្នាក់ដល់អាយុជីវិត នៅលើមហាសាគរល្វឹងល្វើយ។
ពិធីបុណ្យសែនបូជនីយដ្ឋានលោកយាយម៉ាចូវ (Ma Chau) ជារៀងរាល់ឆ្នាំ បានរៀបចំឡើង នៅថ្ងៃ៨ ដល់ថ្ងៃ១០ ខែ៩ចន្ទគតិ។ ក្នុងឱកាសពិធីបុណ្យនេះ គណៈអភិបាលគ្រប់គ្រងបូជនីយដ្ឋាន បានអញ្ជើញក្រុមសិល្បៈទីក្រុងហូជីមិញ មកសម្តែងជូនបងប្អូនទស្សនា។ ប្រជាជនពីដីគោក ក៏បាននាំយកផលិតផល និងទំនិញជាច្រើន ទៅកាន់កោះសម្រាប់បម្រើពិធីបុណ្យ ដូច្នេះបរិយាកាសកាន់តែអ៊ូអររីករាយ។ ក្នុងឱកាសពិធីបុណ្យសែនលោកយាយ មិនត្រឹមតែមានប្រជាជនក្នុងតំបន់មកចូលរួមប៉ុណ្ណោះទេ នៅទាំងមានភ្ញៀវទេសចរជាច្រើននាក់ មកពីខេត្តផ្សេងៗទៀត បានធ្វើដំណើរមកដល់កោះ ដើម្បីចូលរួមពិធី និងបួងសួងសុំសេចក្តីសុខ សម្រាប់គ្រួសារ។ ដូច្នេះ រាល់ពេលបុណ្យសែនព្រះម៉ែ កោះសឺន ទទួលភ្ញៀវទេសចររាប់ពាន់នាក់។
ជនីយដ្ឋានលោកយាយម៉ាចូវ (Ma Chau) នៅកោះហនសឺន (Hon Son) មិនត្រឹមតែជាទីលំនៅខាងចេតភាព សម្រាប់ប្រជាជននៅលើកោះប៉ុណ្ណោះទេ នៅទាំងជាទីតាំងទេសចរណ៍ចេតភាព ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីផងដែរ។
អាចនិយាយបានថា លោកយាយ មានតួនាទីសំខាន់ក្នុងជីវិតផ្លូវចិត្ត នៃប្រជាជននៅតំបន់ភាគនិរតីជាដោយឡែក និង តំបន់ភាគខាងត្បូង (ណាមបូ) ជាទូទៅ។ ជំនឿលោកយាយ ណែនាំមនុស្សឱ្យបោះបង់អំពើអាក្រក់ ប្រព្រឹត្តអំពើល្អ ជំរុញឱ្យមានក្តីមេត្តាក្នុងកិច្ចការមនុស្សធម៌សង្គម ក៏ដូចជាជួយមនុស្សឱ្យមានជំនឿមុតមាំក្នុងជីវិត៕
អត្ថបទ៖ ថុងហាយ រូបថត៖ ង្វៀនឡឹន ថុងហាយ និង ឯកសារ
ប្រែសម្រួល៖ រីកើង