បទយកការណ៍ឯកទេស

ភាពពិសេសនៃពិធីបុណ្យសែនលោកយាយ ភ្នំសាម ខេត្តអានយ៉ាង (An Giang)

ជារៀងរាល់ឆ្នាំ នៅចុងខែ៤ចន្ទគតិ ប្រជាជន​ខេត្តអានយ៉ាង ក៏ដូច​ជា​បង​ប្អូន​ជន​រួមជាតិ​នៅតំបន់​ភាគនិរតី និងភ្ញៀវទេសចរគ្រប់​ចតុទិស​ បានធ្វើដំណើរទៅកាន់ភ្នំសាម... 

ជារៀងរាល់ឆ្នាំ នៅចុងខែ៤ចន្ទគតិ ប្រជាជន​ខេត្តអានយ៉ាង ក៏ដូច​ជា​បង​ប្អូន​ជន​រួមជាតិ​នៅតំបន់​ភាគនិរតី និងភ្ញៀវទេសចរគ្រប់​ចតុទិស​ បានធ្វើដំណើរទៅកាន់ភ្នំសាមសង្កាត់​ថើយ​សឺន​ (Thoi Son) ខេត្តអានយ៉ាង ដើម្បី​ចូលរួម​ពិធីបុណ្យសែន លោកយាយ​​ ដែលជា​ពិធីបុណ្យ​ប្រជាប្រិយ​ពិសេស​មួយ​ ទើបតែ​បានអង្គការ UNESCO ដាក់ចូលក្នុង​បញ្ជី​​បេតិកភណ្ឌ​វប្បធម៌​អរូបី តំណាង​មនុស្សជាតិ នៅចុងឆ្នាំ២០២៤។

ពិធីបុណ្យសែន លោកយាយ​ភ្នំសាម​ នៅសង្កាត់​ថើយ​សឺន​ (Thoi Son) ខេត្តអានយ៉ាង ដែល​មាន​តាំង​ពីយូរ​លង់​ណាស់​មក​ហើយ ដោយ​មាន​លក្ខណៈ​អត្តសញ្ញាណ​​វប្បធម៌ជន​ជាតិ​​ជ្រាល​ជ្រៅនៃ​​ប្រជាជន​នៅតំបន់ទន្លេ ភូមិ​ភាគ​​ខាងត្បូង​វៀតណាម​។ យោង​តាម​ឯកសារ​របស់​គណៈអភិបាល​​​គ្រប់​គ្រង​ផ្នូរ និង​ បូជនីយដ្ឋាន​​​​ភ្នំសាម នៅ​ប្រមាណ​ ២០០ ​ឆ្នាំមុន រូប​សំណាក​ លោកយាយកាល​​ដើមឡើយ​ គង់នៅលើកំពូលភ្នំសាម។ ថ្ងៃមួយ ​មានមនុស្សមួយ​ក្រុម​ តែង​តែ​មាន​ចិត្ត​ប៉ុនប៉ងបង្កភាពវឹកវរ នៅជុំវិញ​មណ្ឌល​​រូប​ណាក​ លុះ​ពេល​​​ឃើញ​រូបសំណាកក៏​កើត​ចិត្ត​អាក្រក់កើត​ឡើង​។ ពួកវា​​បាន​នាំគ្នា​​លើក​​រូប​សំណាក​​នោះ​ ចុះ​ពីលើ​​ភ្នំ ប៉ុន្តែធ្វើ​ដំណើរ​បាន​មួយ​សន្ទុះ ឃើញថា​រូប​សំណាក​នោះ​ធ្ងន់​ពេក​ មិនអាច​លើកឡើង​រួច​។ ខឹង​សម្បារ ក្មេងទំនើងម្នាក់​ក្នុងក្រុម​​ បានវាយបំបាក់​ដៃ​​ឆ្វេង ​នៃ​រូបសំណាក​នោះទៅ​។

បូជនីយដ្ឋាន​លោក​យាយ​ភ្នំ​សាម​ គឺជាអាសយដ្ឋាន​ទេសចរណ៍​ល្បីល្បាញ​របស់​ខេត្ត​អានយ៉ាង (An Giang)។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​

ភ្លាមៗនោះ បុរសម្នាក់​នោះត្រូវ​ទទួលទោស​ក្នុង​ទីនោះតែម្ដង។ តាំង​ពីពេលនោះ​មក លោកយាយ​តែង​តែ​មក​និមិត្ត​ខ្លួន​សន្តមាតា​​​​​​ (ព្រះម៉ែទេវតាម្ចាស់ស្រុក​) ហើយ​បង្រៀន​​ប្រជាជន​ពីរ​បៀប​​កសាងបូជនីយដ្ឋាន​​សម្រាប់គោរពបូជា ដើម្បីឱ្យគាត់​ជួយ​​ការពារ​​ឃុំគ្រង​ មាន​​ភ្លៀង​ធ្លាក់​​​ខ្យល់​ល្អ ​ដំណាំ​អំណោយផល​ ចៀស​ផុត​ចោរ​ប្លន់ និង​ជំងឺរាតត្បាត។ ឃើញ​ភាព​​សក្តិសិទ្ធិ ប្រជាជន​​ក៏សម្រេចចិត្ត​ដង្ហែ​​រូប​សំណាក​នោះ មកគោរព​បូជា។

បន្ទាប់មក រឿងព្រេងនិទានកាន់​តែច្រើន​ឡើងៗ ពោរពេញ​ដោយ​ភាពអាថ៌​កំបាំង​អំពី​សក្តិសិទ្ធិភាព​នៃលោកយាយ ហាក់ដូចជា​អព្ភូត​ហេតុ និង ​សក្តិសិទ្ធិ​ភាពដែល​​ពិបាក​​ពន្យល់​។ល។

ពិធី​បុណ្យសែន ព្រះលោកយាយ ​ភ្នំសាម​ មានពិធីកិច្ច​សំខាន់ៗជាច្រើន​ ពិសេស​​ដូច​ជា​​​ពិធី​បុណ្យ​ដង្ហែ​រូបសំណាក​ ពីកំពូល​ភ្នំសាម ​​ចុះមក​កាន់​ទីបូជនីយដ្ឋាន​។ នេះ​គឺជា​ពិធីកិច្ច​មួយ ដែល​​បង្ហាញឡើង​វិញ​នូវ​ប្រវត្តិ​ដែល​អ្នកភូមិ​បាន​ដង្ហែ​​រូប​សំណាក​លោកយាយ​ពី​លើ​កំពូល​​ភ្នំ ​ចុះ​មកកាន់បូជនីយដ្ឋាន​​តាម​​រឿងនិទាន​​។

 


យុវជន​កម្លាំង​មាំមួន​មិនអាច​ចល័ត​ដង្ហែ​លោកយាយ​ចុះពីលើភ្នំបាន​​ បន្ទាប់ពី​​កញ្ញា​៩នាក់ ទើប​​អាច​ចល័ត​ដង្ហែ​លោក​យាយ​ដោយ​ងាយ​។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​

ពិធីដង្ហែរូបសំណាកលោកយាយ មានភាព​ឧឡារិក អ៊ូអរ រីករាយ​ជាមួយ​នឹង​សំឡេង​ស្គរ គង និងម៉ុង​សាយ​ សិង្ហ នាគ រាប់សិបក្រុម នៅសង​ខាងផ្លូវដើម្បី​ទទួល​ស្វាគមន៍​​ក្បួន​ដង្ហែ​។

ពិធីស្រង់​ទឹក ឬ​នៅ​ហៅថា​ពិធីម៉ុកយុក (Moc Duc) ក៏ជាពិធីកិច្ច​សំខាន់មួយ ​តែង​តែ​បាន​រៀប​ចំ​ឡើង​នៅពេលទៀប​ភ្លឺ​ បន្ទាប់ពីថ្ងៃ​ដង្ហែរូបសំណាកមកកាន់ទីបូជនយដ្ឋាន។ ពិធីកិច្ច​​នេះ​ រួមមាន​ការ​​រៀបចំ​ទឹក​សម្រាប់ស្រង់ ស្រង់​ទឹករូបសំណាក និង ប្តូរសម្លៀក​បំពាក់​គ្រឿង​អលង្ការ​ ​ទាំងអស់សុទ្ធ​បានធ្វើដោយ​សម្ងាត់។

 

រៀបចំសម្លៀកបំពាក់ មុនពេលធ្វើពិធីស្រង់ទឹ​ក​លោកយាយ​។  រូបថត៖ ថុង​ហាយ/កាសែតរូបភាពវៀតណាម

ក្រៅពីពិធីកិច្ច​ទាំងនេះ ពិធី​បុណ្យក៏មិនអន់​ផងដែរ ដោយមាន​​សកម្មភាព កីឡា ល្បែង​ប្រជាប្រិយ​ សម្តែងសិល្បៈប្រជាប្រិយយ៉ាង​រស់រវើក ជាពិសេស​​បង្ហាញ​ច្បាស់​លក្ខណៈ​​វប្បធម៌ និងស្មារតី​​សាមគ្គីភាព ​នៃជនជាតិ​បងប្អូនទាំង​៤ គិញ ចាម ចិន និងខ្មែរ នៅ​ខេត្ត​អាន​យ៉ាង។

លោក ថៃ កុងណូ (Thai Cong No) សមាជិក​គណៈកម្មាភិបាលបូជនីយដ្ឋានភ្នំសាម​ បាន​ឱ្យ​ដឹងថា ចំពោះ​ប្រជាជនក្រុង​​ចូវដុក (Chau Doc) លោកយាយ​ភ្នំសាម ​ គឺជាអង្គ​សន្តមាតា​ក្នុងជំនឿគោរពបូជាទេវតា​​តែង​តែ​ការ​ពារ ឃុំគ្រង​ប្រជាជន​។ ការ​ចូល​រួម​​ពិធីបុណ្យ គឺដើម្បី​បំពេញ​ជំនឿ និង ​សេចក្តី​ប៉ង​ប្រាថ្នារបស់ប្រជាជនអំពីសុខភាព សុខស្ងប់​ និងលាភសំណាង​។ ពិធីបុណ្យនេះ នៅ​ជួយ​​ឱ្យ​​ប្រជាជនខេត្ត​អានយ៉ាង បង្កើន​ភាព​សាមគ្គី​ក្នុងសហគមន៍ ជួយឱ្យ​បងប្អូន​​មាន​ភាព​ស្អិត​​រមួត ជួយ​គ្នាទៅវិញទៅមក ក្នុង​គ្រា​លំបាក​នៃ​ជីវិត។

ក្នុងពិធីទទួល​វិញ្ញាបនបត្រ​ ទទួលស្គាល់​បេតិកភណ្ឌ​ពិភពលោករបស់​អង្គការ​​យូណេស្កូ បាន​​រៀបចំឡើងនៅខែមីនា ឆ្នាំ​២០២៥ លោក​ឧបនាយក​រដ្ឋមន្ត្រី ម៉ៃ វ៉ាន់ជិញ (Mai Van Chinh) បាន​សង្កត់​​ធ្ងន់​ថា កិត្តិនាម​នេះ មិនត្រឹមតែ​​ជា​កិត្តិយស ​មោទនភាព ​នៃ​​បក្ខភាគ​ រដ្ឋអំណាច​ និង​ ប្រជាជននៅ​ខេត្តអាន​យ៉ាងប៉ុណ្ណោះទេ នៅទាំង​​ជា​មោទនភាព​នៃ​​តំបន់​ភាគ​ខាង​ត្បូង (ណាម​បូ)​ និង ប្រទេសវៀតណាមទាំងមូល​ផងដែរ។

 

ក្រុម​ម៉ុង​សាយ​ សិង្ហ នាគ​ប្រមូល​ផ្តុំ​មក​ខេត្ត​អាន​យ៉ាង​ ដើម្បី​បម្រើ​ពិធី​បុណ្យ​សែន​លោក​យាយ​ភ្នំសាម​។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​
ក្រៅ​ពី​ពិធី​កិច្ច​ នៃ​​ពិធីបុណ្យ​សែន​លោកយាយ​ភ្នំសាម​ នៅមាន​ប្រព្រឹត្ត​ទៅ​សកម្មភាព​ពិសេស​ជា​ច្រើន​។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​

យោងតាម​លោកឧបនាយករដ្ឋមន្ត្រី ម៉ៃ វ៉ាន់ជីញ (Mai Van Chinh) រយៈ​ពេល​ជាង​២០០​ឆ្នាំមកនេះ ជំនឿគោរព​បូជា​លោកយាយ ​ភ្នំសាម​ បាន​ក្លាយ​​ជាទីពឹង​​ពំនាក់​ផ្លូវចិត្ត​សំខាន់ ​សម្រាប់​ប្រជាជន​​រាប់លាន​​នាក់ មិនត្រឹមតែ​នៅតំបន់​ភាគខាង​ត្បូង​ប៉ុណ្ណោះ​ទេ នៅទាំង​​បាន​រីករាល​ដាល​​​ទូទាំង​ប្រទេស​​ផងដែរ។ ពិធីបុណ្យ​នេះ ​មិនត្រឹម​តែ​បង្ហាញ​ពី​ការ​គោរពជ្រាល​ជ្រៅ ​ចំពោះលោកយាយ ​ភ្នំសាម ​ប្រៀបបាន​ដូចជា​ម្ចាស់​ទឹកម្ចាស់​ដីប៉ុណ្ណោះទេ នៅទាំង​ជា​តំណាង​​អំពី​និមិត្ត​រូប​​នៃជំនឿ​គោរព​មេរបស់​​​វៀតណាម ចូល​​រួមចំណែក​​បង្កើត​​អត្តសញ្ញាណ​​វប្បធម៌​​ជន​ជាតិ។

តាមការ​​ពិត មិនមែនមានតែតំបន់ភ្នំសាម​ សង្កាត់ថើយ​សឺន​ប៉ុណ្ណោះទេ ដែល​មានបូជនីយដ្ឋាន​​លោកយាយ​​ និង​ប្រពៃណី​គោរព​បូជាលោកយាយ តែ​ប្រពៃណី​គោរព​បូជា​នេះ ​គឺជាចំណែក​មួយ​សំខាន់​នៅ​ក្នុង​ជីវភាព​​វប្បធម៌ ចេតភាព​ នៃ​ប្រជាជននៅតំបន់ភាគខាងត្បូង (ណាម​បូ)​។ ភាគច្រើន​​នៅ​តំបន់​ភាគ​ខាងត្បូង សុទ្ធតែមាន​បូជនីយដ្ឋាន​លោកយាយ ឬនៅតាម​បរិវេណទីស្ការបូជា​ វត្ត​អារាម​ ក៏សុទ្ធតែ​​មាន​បូជនីយដ្ឋាន​បូជាលោកយាយ​ដែរ ​នៅ​ក្បែរទីស្ការបូជា​​ធាតុ​ទាំង​៥ និង អារក្សភូមិ​។ គេបង្ហាញពីការគោរពចំពោះលោកយាយ ​បាន​​ចាត់​ទុក​ថាជា​ "មាតា" នៃដែនដី ដែល​មានសមត្ថភាពការ​ពារឃុំ​គ្រង​ប្រជាជន។

គ្រឿង​បូជា​បាន​អ្នកស្រុក​តម្រៀម​ហ្មត់​ចត់​ មុនពេល​ថ្វាយ​ជូន​លោក​យាយ​ភ្នំសាម​។រូបថត៖ ង្វៀន​ឡឹ/កាសែតរូបភាពវៀតណាម​

ក្នុងចំណោមនោះ បូជនីយដ្ឋាន​លោកយាយ បាវមឿប (Bau Muop) គឺ​ជា​ទីតាំង​ទេសចរណ៍​ស្រស់​ស្អាត​មួយ​ នៅ​​ខេត្តអាន​យ៉ាង ដែលបាន​ភ្ញៀវទេសចរគ្រប់​រូប​ស្គាល់ ដោយ​សារ​បូជនីយដ្ឋាន​​លោកយាយ បាវ​មឿប (Bau Muop) មានភាព​ល្បីល្បាញ ​ភាព​សក្តិសិទ្ធិ​​មិនចាញ់​បូជនីយដ្ឋាន​លោកយាយ ​ភ្នំសាម ​​​ឡើយ​។ បូជនីយដ្ឋាន​លោកយាយ ​​បាវមឿប (Bau Muop) មាន​ទីតាំង​​ស្ថិត​នៅសង្កាត់​ថើយសឺន (Thoi Son) ខេត្ត​អានយ៉ាង។ បូជនីយដ្ឋាន​លោកយាយ ​បាវមឿប (Bau Muop) គឺជាទីកន្លែងទាក់ទាញ​ប្រជាជន ​ភ្ញៀវទេសចរ​ជាច្រើននាក់ មកគោរពបូជា និងទស្សនា ដោយសារតែភាព​​ល្បីល្បាញ ​ថា​ជាទីកន្លែង​សក្តិសិទ្ធិ និង​​មានទេសភាពធម្មជាតិស្រស់ស្អាតអស្ចារ្យ។

នៅ​ថ្ងៃបុណ្យ​សែន​លោក​យាយ​ភ្នំសាម​ មាន​អ្នកស្រុក​និង​ភ្ញៀវទេសចរ​កុះករ​ ចូល​មកទស្សនា​ និង បូជា​លោក​យាយ​។ រូបថត៖ ង្វៀន​ឡឹន/កាសែតរូបភាពវៀតណាម​

តាមការនិទាននៃប្រជាជនក្នុងតំបន់ បាវមឿប (Bau Muop) គឺជាសិស្សគណ​ម្នាក់ក្នុង​ចំណោមសិស្សគណ​ទាំង​១២នាក់​ របស់ព្រះ​គ្រូតីអាន (Tay An)។ អ្នក​នាង គឺជា​មនុស្ស​អាថ៌​កំបាំងម្នាក់​ ​មិនសូវ​បង្ហាញ​ខ្លួន​នៅ​ទីសាធារណៈទេ ដូច្នេះមាន​មនុស្ស​តិច​តួច​ណាស់​ ដែល​​ដឹងអំ​​ពីអត្ថិភាព​​របស់អ្នក​នាង​។ មនុស្ស​​គ្រប់គ្នា​ស្គាល់​អ្នក​នាង​​​ បន្ទាប់​ពី​គាត់​បាត់​បង់ជីវិត​ទៅ ព្រោះអ្នក​នាង​​តែងតែ​បង្ហាញខ្លួន ជួយអ្នក​ដែលជួបការទុក្ខ​លំបាក និង​គ្រោះថ្នាក់។ អ្នកស្រុក​ដែល​ទទួល​ការជួយពីអ្នក​នាង បានធ្វើ​ដំណើរ​មកគោរព​បូជា និង​ចូល​រួម​ចំណែក កម្លាំងកាយ​ចិត្ត​សម្ភារៈក​សាងបូជនីយដ្ឋាន​ឡើង។

មិនត្រឹម​តែប្រជាជនដែលរស់នៅជុំវិញតំបន់ប៉ុណ្ណោះទេ សូម្បីតែ​ភ្ញៀវទេសចរ​នៅ​​ទី​ក្រុង​ឆ្ងាយៗ​ ក៏បានធ្វើ​ដំណើរ​មកកាន់បូជនីយដ្ឋាន​បាវមឿប (Bau Muop) ដើម្បី​បួង​សួង​សុំ​សេចក្តី​សុខ និង​សំណាង​​ល្អដែរ។ បន្ទាប់ពី​ទទួលបានការ​ឃុំគ្រង ការពារពីអ្នក​នាង​ឱ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់ ពួកគាត់​​បាន​​វិល​ត្រឡប់​មកទីនេះ ​បរិច្ចាគ​ទ្រព្យ​សម្បត្តិ ​ជួយក​សាង​បូជនីយដ្ឋាន​​ស្រស់​​ស្អាត​​ដូច​​សព្វ​ថ្ងៃ។

 

ការគោរពបូជាលោក​យាយម៉ាចូវ​ ត្រូវបានអ្នកស្រុកទីនេះ ជឿថា លោក​យាយ​ គឺជាអាទិទេពដែលគ្រប់គ្រងតំបន់ដីនេះ។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​

ក៏ដូចជាប្រពៃណីគោរពបូជាលោកយាយ ​ភ្នំសាម ក្រុង​ចូវដុក​ (Chau Doc) បូជនីយដ្ឋាន​​លោកយាយ ​​​ម៉ា​ចូវ (Ma Chau) មាន​​ទីតាំងនៅកោះ​​សឺនរ៉ៃ (Son Rai) ​​​ឈ្មោះជា​អក្សរថា ឡៃសឺន (Lai Son) ជា​ឃុំកោះ​មួយ ​ដែល​ស្ថិត​​នៅ​​តំបន់​ពិសេស​គៀន​ហៃ (Kien Hai) ខេត្ត​អានយ៉ាង​។ មុខ​​បូជនីយដ្ឋាន​​បែរទៅរកសមុទ្រ ហាក់​ដូចជា​តែងតែ​​តាម​ដាន ​ដើម្បី​ការពារ​ប្រជាជន​នៅ​លើសមុទ្រ រាល់ពេលពួកគាត់​ចេញ​ទៅ​នេសាទ​​​ម្តងៗ​។ នៅ​​មុខបូជនីយដ្ឋាន​​គឺជាទ្វារ​ធំខ្ពស់ មានដំបូល ប្រកបដោយ​ភាព​ស្រស់​ស្អាត​។ វិហារ​ធំ​ ​បាន​​តុប​តែង​​ស្រស់​ស្អាត ប្រណីត​ បង្ហាញ​ពីទឹកចិត្ត​នៃ​​ប្រជាជន​នៅលើ​កោះចំពោះ​​លោកយាយ​។​

ការគោរពបូជាលោកយាយ ​ម៉ាចូវ (Ma Chau) ត្រូវបានប្រជាជននៅទីនេះជឿថា លោកយាយ ​ជាទេពវតា ​ដែល​គ្រប់គ្រង​​ដែនដីផង និងជាទេពវតាសមុទ្រផង ​អាច​ការ​ពារ​អ្នក​នេសាទ​រាល់​ពេល​ពួកគាត់​ជួបព្យុះខ្យល់​ខ្លាំង គ្រោះថ្នាក់​ដល់​អាយុជីវិត ​នៅលើ​មហាសាគរ​ល្វឹង​ល្វើយ។

រាំរបាំ បម្រើការកម្សាន្ត​ជូនលោក​យាយម៉ាចូវ ​។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​

ពិធីបុណ្យសែន​បូជនីយដ្ឋានលោកយាយម៉ាចូវ (Ma Chau) ជារៀងរាល់ឆ្នាំ បានរៀបចំឡើង នៅថ្ងៃ៨ ដល់​ថ្ងៃ១០ ខែ៩​ចន្ទគតិ។ ក្នុងឱកាសពិធីបុណ្យនេះ គណៈ​អភិបាល​គ្រប់គ្រង​បូជនីយដ្ឋាន​ បាន​អញ្ជើញ​ក្រុមសិល្បៈ​ទីក្រុងហូជីមិញ មកសម្តែងជូន​បងប្អូន​ទស្សនា។ ប្រជាជន​​ពីដី​គោក ​ក៏បាន​​នាំយកផលិតផល និង​ទំនិញ​ជាច្រើន ទៅ​កាន់​កោះ​​សម្រាប់​បម្រើ​ពិធីបុណ្យ ដូច្នេះ​​បរិយាកាស​​កាន់តែអ៊ូអរ​រីករាយ។ ក្នុងឱកាស​ពិធី​បុណ្យសែនលោកយាយ ​មិនត្រឹម​តែ​​​មាន​ប្រជាជន​ក្នុងតំបន់មក​ចូលរួម​ប៉ុណ្ណោះទេ នៅទាំង​មាន​​ភ្ញៀវទេសចរ​ជាច្រើន​នាក់ ​មក​ពី​ខេត្ត​ផ្សេងៗ​ទៀត បានធ្វើដំណើរ​មកដល់កោះ ដើម្បីចូលរួម​ពិធី និង​បួង​សួង​​សុំ​សេចក្តី​សុខ ​សម្រាប់​គ្រួសារ​។ ដូច្នេះ រាល់ពេលបុណ្យសែន​ព្រះម៉ែ កោះសឺន ទទួល​ភ្ញៀវទេសចរ​រាប់ពាន់​នាក់។

ជនីយដ្ឋាន​លោកយាយម៉ាចូវ (Ma Chau) នៅកោះ​ហន​សឺន (Hon Son) មិនត្រឹម​តែ​ជា​ទី​លំនៅ​​ខាងចេតភាព សម្រាប់​​ប្រជាជន​​នៅលើកោះប៉ុណ្ណោះទេ នៅទាំង​ជាទីតាំង​​ទេសចរណ៍​ចេតភាព​ ​ដែល​ទាក់​ទាញ​ភ្ញៀវទេសចរ​គ្រប់ទិសទី​ផងដែរ។

 

អ្នកស្រុក បណ្តែត​ទូកខ្នាតតូច​ ក្នុងពិធីបន់ស្រន់សូមលោកយាយ​ម៉ាចូវ​ ដើម្បីសុំសេចក្តីសុខ និងសំណាងល្អ ក្នុងពេលចេញសមុទ្រ។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​

អាចនិយាយបានថា លោកយាយ មាន​តួនាទី​សំខាន់ក្នុងជីវិតផ្លូវចិត្ត ​នៃ​​ប្រជាជន​​នៅ​តំបន់​ភាគនិរតីជាដោយ​ឡែក​ និង​ តំបន់ភាគ​ខាងត្បូង (ណាម​បូ)​ ជាទូទៅ​។ ជំនឿ​លោកយាយ ណែនាំ​មនុស្ស​ឱ្យបោះ​បង់​អំពើ​អាក្រក់ ​ប្រព្រឹត្ត​អំពើ​ល្អ ជំរុញ​​ឱ្យ​មាន​ក្តីមេត្តា​ក្នុង​កិច្ចការ​មនុស្សធម៌​​សង្គម ក៏ដូចជា​ជួយ​មនុស្ស​ឱ្យមាន​ជំនឿ​មុតមាំក្នុងជីវិត៕

អត្ថបទ៖ ថុងហាយ​  រូបថត៖ ង្វៀនឡឹន​ ថុងហាយ និង​ ឯកសារ

ប្រែសម្រួល៖ រីកើង​


top