ពិសេសភាពនៃប្រតិទិន រ៉យ (Roi) របស់ជនជាតិ មឿង (Muong)

ពិសេសភាពនៃប្រតិទិន រ៉យ (Roi) របស់ជនជាតិ មឿង (Muong)

ប្រតិទិន រ៉យ (roi)  - ប្រតិទិនបុរាណរបស់ជនជាតិមឿង (Muong) គឺជាបេតិកភណ្ឌវប្បធម៌ពិសេសមួយ ឆ្លុះបញ្ចាំងចំណេះដឹង និងពិភពលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ដំណាំ និងជំនឿ​ប្រជាប្រិយ។

ជនជាតិមឿង (Muong) នៅខេត្ត​ ភូថ (Phu Tho) មានក្តីមោទនភាពខ្លាំង ក្នុងការណែនាំប្រតិទិនរ៉យ (Roi) ប្រពៃណី។

ជនជាតិមឿង (Muong) នៅខេត្ត ភូថ (Phu Tho) មានមោទនភាពក្នុងការណែនាំប្រតិទិន រ៉យ (roi) ប្រពៃណី។ ប្រតិទិន រ៉យ  (roi) ដែលគេស្គាល់ថាជាប្រតិទិនឬស្សី ឬ ប្រតិទិនមឿង (Muong) ត្រូវបានធ្វើពីឫស្សីចាស់ ឬ ឫស្សីពក ដែល​មានប្រវែងប្រហែល៤០–៦០សង់ទីម៉ែត្រ​។ ប្រតិទិននីមួយៗ មាន ១២បន្ទះ ដែលត្រូវនឹង ១២ខែ ដោយឆ្លាក់សញ្ញា និងនិមិត្តសញ្ញា ដូចជា រូបរង្វង់មូល សញ្ញាគូសខ្វែង រូបត្រីកោណ... សញ្ញាទាំងនេះបង្ហាញពីថ្ងៃល្អ – អាក្រក់ ថ្ងៃមហាលាភ – លាភតូច ថ្ងៃហាមឃាត់ ឬថ្ងៃដែលសមស្របសម្រាប់កិច្ចការមួយចំនួនដូចជា សង់ផ្ទះ រៀបការ ឡើងភ្នំ ចុះអូរ ដាំដុះ រៀបចំពិធីកិច្ចផ្សេងៗជាដើម។

គំរូប្រតិទិនឬស្សីពង្រីកធំ ជួយឱ្យយល់ពីរបៀបអានប្រតិទិនបុរាណ។

 

សម្រាប់ជនជាតិមឿង (Muong) ប្រតិទិន រ៉យ (roi)  មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់វាស់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា "ត្រីវិស័យ" តម្រង់ទិសសកម្មភាពក្នុងជីវភាពផលិតកម្ម និងសកម្មភាពស្មារតី។ រៀងរាល់ដើមឆ្នាំ អ្នកកាន់ប្រតិទិននឹង "បកស្រាយប្រតិទិន" – មើលថ្ងៃល្អ ខែល្អ ជៀសវាងថ្ងៃមិនល្អ តាមរយៈនោះផ្ដល់ការណែនាំសម្រាប់ភូមិទាំងមូល។ រាល់ការសម្រេចចិត្តសំខាន់ៗ ដូចជា សង់ផ្ទះ រៀបការ... ជនជាតិមឿង (Muong) សុទ្ធតែមើលតាមប្រតិទិនរ៉យ (roi)។

ជនជាតិ មឿង (Muong)  មានវប្បធម៍ដ៏យូរលង់ជាមួយនឹងអត្តសញ្ញាណសម្បូរបែបនៅប្រទេសវៀតណាម។
ប្រតិទិនរ៉យ (Roi) មានតួនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ មឿង (Muong) ។

មិនមែនអ្នកណាក៏អាចធ្វើ ឬអាន និងយល់ប្រតិទិន រ៉យ (roi) ទាំងអស់គ្នាទេ។ តាមប្រពៃណី អ្នកដែលកាន់ និងប្រើប្រាស់ប្រតិទិននេះ គឺគ្រូអាចារ្យ  – ជាអ្នក​មានតួនាទីសំខាន់ក្នុងជំនឿរបស់ជនជាតិមឿង (Muong) ។ គ្រូអាចារ្យ គឺជាគ្រូសែនផង គ្រូពេទ្យផង និងជាអ្នកថែរក្សាឃ្លាំងចំណេះដឹងបុរាណផង។ ក្រៅពីនេះ មេភូមិ មេត្រកូលមួយចំនួនតូច ឬអ្នកចាស់ទុំ ដែលយល់ដឹងពីទំនៀមទម្លាប់ និងច្បាប់នៃរដូវកាល ក៏អាចកាន់ អាន និងបកស្រាយប្រតិទិនបាន នៅពេលដែលប្រជាជន​មឿង (Muong) ត្រូវការ។ ដើម្បីបង្កើតប្រតិទិន រ៉យ​​ (roi)  មួយ តម្រូវឱ្យអ្នកកាន់ប្រតិទិននេះ ត្រូវមានភាពឆ្លាតវៃ ម៉ត់ចត់ និងយល់ដឹងស៊ីជម្រៅអំពីតារាសាស្ត្របុរាណ។

ប្រតិទិនគឺជាការ​ប្រមូលផ្តុំនៃចំណេះដឹងឆ្លងកាត់ច្រើនជំនាន់របស់បងប្អូនជនជាតិ មឿង (Muong)  ។

បច្ចុប្បន្ន ក្រោមឥទ្ធិពលខ្លាំងក្លានៃដំណើរការទំនើបកម្ម ប្រតិទិនរ៉យ  (Rọi) នៅសេសសល់រប៉េះរប៉ោះខ្លះក្នុងតំបន់មួយ​ចំនួនរបស់​ជនជាតិ​មឿង​ (Muong) ប៉ុណ្ណោះ ដូចជា មឿង​ប៊ី (Muong Bi) មឿង​វ៉ាង (Muong Vang) (ខេត្តភូថ (Phu Tho))។ ចំនួនអ្នកដែល​​មានចំណេះអាចធ្វើ អាន និងបកស្រាយប្រតិទិនក៏កាន់តែតិចទៅៗ ភាគច្រើនសុទ្ធតែជាមនុស្សវ័យចំណាស់។

ទោះជាយ៉ាងណាក៏ដោយ ប្រតិទិនរ៉យ  (Rọi) នៅតែបន្តមានវត្តមាន ដូច​ជាសម្រស់វប្បធម៌ដ៏រឹងមាំ ត្រូវបានសហគមន៍ជនជាតិមឿង (Muong) គោរព និងអ្នកស្រាវជ្រាវទទួលស្គាល់។ ជាពិសេស នៅឆ្នាំ ២០២២ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានទទួលស្គាល់ប្រតិទិន រ៉យ (Rọi) របស់ជនជាតិមឿង (Muong) ជា បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ។ នោះជាការទទួលស្គាល់មួយស័ក្តិសមនឹងបេតិកភណ្ឌពិសេសមួយ ដែលរក្សាទុកនូវស្មារតី អត្តសញ្ញាណ ជម្រៅវប្បធម៌របស់ជនជាតិមឿង (Muong)៕

ប្រតិទិនពិសេសទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន។


អត្ថបទ និងរូបថត៖ វៀតគឿង/ VNP  ប្រែសម្រួល​ដោយង្វៀន​យ៉ាង

 



Top