ពិសេសភាពនៃការបោះឆ្នោតមួយ សម្រេចដោយជោគជ័យ

ពិសេសភាពនៃការបោះឆ្នោតមួយ សម្រេចដោយជោគជ័យ

ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជន​គ្រប់ជាន់​ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ បាន​ប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយមាន​អត្រាម្ចាស់ឆ្នោត​ចូលរួម​បោះឆ្នោត រហូតដល់ ៩៩,៦៩%។ ការរៀបចំយ៉ាងហ្មត់ចត់ និង​ព្រមព្រៀងគ្នានៃប្រព័ន្ធ​នយោបាយ​ទាំងមូល រួមជាមួយនឹងការអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់​គ្រងទិន្នន័យ និងការផ្តល់ព័ត៌មាន​ដល់ម្ចាស់ឆ្នោត បានរួម​ចំណែកធានា​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅប្រកប​ដោយ​​លក្ខណៈប្រជាធិបតេយ្យ តម្លាភាព និងស្របច្បាប់។

កំណត់សម្គាល់​នៅមណ្ឌលបោះឆ្នោត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូឡឹម បាន​មានប្រសាសន៍ថា៖ ការងារបោះឆ្នោតលើកនេះ បានរៀបចំឡើង​យ៉ាង​ដិតដល់ និង​តាំងពីព្រលឹមនៅ​លើគ្រប់វិស័យ បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីឱ្យម្ចាស់ឆ្នោត ទោះ​បី​ស្ថិតក្នុង​កាលៈទេសៈណាក៏ដោយ ក៏អាចបង្ហាញមតិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត​របស់គេ។ ប្រការ​នេះ សបញ្ជាក់ឱ្យឃើញពី​ការរៀបចំ ដែលមានលក្ខណៈជាប្រព័ន្ធ ម្ចាស់ការ ព្រមព្រៀង និង​ម៉ឹងម៉ាត់នៃ​ប្រព័ន្ធ​នយោបាយទាំងមូល ក្នុងការចាត់តាំងបោះឆ្នោត។

នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) លេខាគណៈកម្មាធិការយោធាបក្សមជ្ឈិម បានអញ្ជើញទៅបោះឆ្នោតជ្រើសសមាជិករដ្ឋសភា
នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ -២០៣១ នៅមណ្ឌលបោះឆ្នោតលេខ ០២ សង្កាត់បាដិញ (Ba Dinh) រដ្ឋធានីហាន់ណូយ។ រូបថត៖ VNA
 

ការងារ​បោះឆ្នោតបានអនុវត្តផ្អែកលើមូលដ្ឋាន​សេចក្តីណែនាំ របស់​ការិយាល័យ​នយោបាយ សេចក្តី​សម្រេចលេខ ១៩៩/២០២៥/QH15 របស់​រដ្ឋសភា និង​សេចក្តីណែនាំរបស់នាយក​រដ្ឋមន្ត្រី​ ស្តីពីការចាត់តាំង​បោះឆ្នោត។ ខ្លឹមសារផ្សេងៗដូចជា ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន​ ការ​រៀបចំមណ្ឌលបោះឆ្នោត ពិធីបើក និងការគ្រប់គ្រង​បោះឆ្នោត សុទ្ធតែ​មានការណែនាំ​យ៉ាងជាក់​លាក់​។

លោកអគ្គលេខាបក្ស តូឡឹម សំណេះសំណាលជាមួយម្ចាស់​បោះឆ្នោត នៅមណ្ឌលបោះឆ្នោតលេខ០២ សង្កាត់បាដិញ រដ្ឋធានីហាន់ណូយ។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រី ផាម មីញជិញ (Pham Minh Chinh) និងភរិយា សំណេះ​​សំណាល ​ជាមួយម្ចាស់​បោះឆ្នោត នៅមណ្ឌលបោះឆ្នោតលេខ២១ សង្កាត់តីហូ (Tay Ho) រដ្ឋធានីហាណូយ។ រូបថត៖ VNA

នៅ​ពេល​បញ្ចប់ការបោះឆ្នោត អត្រា​ម្ចាស់ឆ្នោតទូទាំងប្រទេស ដែលបានទៅបោះឆ្នោត​សម្រេចបាន ៩៩,៦៨%។ នៅតាមខេត្ត​ តំបន់​ភ្នំភាគខាងជើងជាច្រើន ទោះបី​ជាលក្ខខណ្ឌ​ភូមិសាស្ត្រ នៅ​មាន​ការលំបាកយ៉ាងណា ក៏ម្ចាស់ឆ្នោតនៅតែចូលរួមយ៉ាង​សកម្ម និង​បញ្ចប់ការបោះឆ្នោតបាន​ឆាប់រហ័ស ក្នុងអត្រាខ្ពស់បំផុត។ ប្រការ​នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកកចិត្ត និងស្មារតី​ទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋនៃប្រជាជនក្នុងការចូលរួមគ្រប់គ្រង​រដ្ឋ តាមរយៈសន្លឹក​ឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ​ពី​ការងារ​រៀបចំ និង​ចាត់តាំងការបោះឆ្នោត បានអនុវត្ត​យ៉ាង​ព្រមព្រៀង ម៉ឹងម៉ាត់ ប្រជាធិបតេយ្យ និងត្រឹមត្រូវ​តាមច្បាប់។

ការ​បោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ ក៏ជាខ្នាតវាស់ស្ទង់ដ៏រស់រវើក នូវសមត្ថភាពរៀបចំ និង​ការដឹកនាំ​របស់​រដ្ឋបាល​គ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់មូលដ្ឋាន។ ព្រឹត្តិការណ៍នេះ បានបង្ហាញពី​សមត្ថភាព ក្នុងការ​ធានា​បាននូវប្រជាធិបតេយ្យ សន្តិសុខ ​ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងដំណើរការ​រៀបចំ​ការបោះឆ្នោត។

នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្នុងបរិយាកាសដ៏ឱឡារិក និងសប្បាយរីករាយនៃ "ទិវាបុណ្យជាតិ" ម្ចាស់​បោះឆ្នោតរាប់លាននាក់ នៅរដ្ឋធានីហាណូយ បាន​ចូលរួមបោះឆ្នោតជ្រើសតាំងសមាជិក​រដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ ជាផ្លូវការ។ រូបថត៖ ខាញ់ឡុង​/ VNP
ម្ចាស់​​បោះឆ្នោតហាណូយ ចូលរួមបោះឆ្នោត នៅវិហារ គីមង៉ឹន (Kim Ngan)។ រូបថត៖ ឡេមិញសឺន​
 

យោងតាម លោក ប៊ូយ​ យាញត្វៀន​ (Bui Danh Tuyen) ប្រធាននាយកដ្ឋានបរិវត្តកម្ម​ឌីជីថល (ខុទ្ទកាល័យ​រដ្ឋសភា) កក្តា​ដែល​មាន​សារៈសំខាន់បំផុត ក្នុងបរិវត្តកម្ម​ឌីជីថល សម្រាប់ការបោះឆ្នោត គឺទិន្នន័យ​។ ការទាញយក​មូលដ្ឋានទិន្នន័យជាតិ ស្តីពីប្រជាជន​បានជួយឱ្យ​ព័ត៌មាន​ម្ចាស់ឆ្នោតមាន​ភាព​សុក្រឹត​។ ដំណើរការធ្វើឌីជីថលភាវូបនីយកម្ម​ទិន្នន័យ ការគ្រប់គ្រង​បញ្ជីឈ្មោះម្ចាស់ឆ្នោត និង​ការធ្វើបច្ចុប្បន្នភាពព័ត៌មានបានឆាប់រហ័ស កំពុងរួមចំណែកធ្វើឱ្យ​ការ​ងារ​បោះឆ្នោតកាន់​តែ​មានលក្ខណៈ​វិទ្យាសាស្ត្រ ច្បាស់លាស់ និងមានតម្លាភាពជាងមុន។

បរិយាកាសអ៊ូអរតាំងពីព្រឹកព្រលឹមនៃថ្ងៃបោះឆ្នោត នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តា​ជនជាតិវៀតណាម។ រូបថត៖ វៀតគឿង​​ / VNP
ទោះបីផ្លូវឆ្ងាយ និងភូមិសាស្ត្រធ្វើដំណើរមានការលំបាកក៏ដោយ ក៏ចាប់ពីព្រឹកព្រលឹមថ្ងៃទី១៥ ខែមីនា ម្ចាស់​បោះឆ្នោតជាច្រើន នៅឃុំលុងគូ (Lung Cu) ខេត្តទ្វៀនក្វាង (Tuyen Quang) បានធ្វើដំណើរឆ្លងកាត់ជួរភ្នំថ្មយ៉ាងលំបាក ដើម្បីទៅដល់មណ្ឌលបោះឆ្នោតនៅភូមិឡូឡូចាយ (Lo Lo Chai)។ រូបថត៖ ង្វៀនណាម​
 

តាមរយៈការអនុវត្តបរិវត្តកម្ម​ឌីជីថល ព័ត៌មានម្ចាស់ឆ្នោតក៏ត្រូវបានធ្វើបច្ចុប្បន្នភាព នៅ​លើ​កម្មវិធីអត្តសញ្ញាណកម្មអេឡិចត្រូនិក (VNeID) ផងដែរ។ ម្ចាស់ឆ្នោត​អាចចូលប្រើកម្មវិធី ដើម្បីតាមដាន​ទីតាំង​បោះឆ្នោតរបស់​ខ្លួន​។ ក្នុង​ករណីមានតម្រូវការផ្លាស់ប្តូរទីកន្លែងបោះឆ្នោតឱ្យស្របតាម​ការរស់នៅ និង​ការងារក្នុង​ថ្ងៃបោះឆ្នោត ម្ចាស់ឆ្នោត​ក៏អាចផ្ញើសំណើ​​ដោយ​ផ្ទាល់នៅលើកម្មវិធីនោះក៏​បាន​ដែរ។

ម្ចាស់​បោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ១៤ តំបន់ពិសេសទ្រឿងសា (Truong Sa) បោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និង​ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១។ រូបថត៖ VNA​
 

ថ្លែងក្នុងសន្និសីទលើកទី៤ នៃគណៈកម្មាធិការប្រតិបត្តិការ​បក្សនៃ​រដ្ឋសភា អាណត្តិ ២០២៥ - ២០៣០ នារសៀល​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មឹន​ (Tran Thanh Man) បានអះអាងថា៖ ជោគ​ជ័យនៃការបោះឆ្នោត គឺជាការ​ខិតខំប្រឹងប្រែង​នៃទូទាំង​បក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជន។ ក្រោមការដឹកនាំរបស់​គណៈកម្មាធិការប្រតិបត្តិការ​​មជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ដែល​មាន​លោកអគ្គលេខាធិការ តូឡឹម​ ជាប្រមុខ ប្រព័ន្ធ​នយោបាយទាំងមូល បានចូលរួមក្នុង​ស្មារតីសកម្ម និងបន្ទាន់ ដើម្បីដឹកនាំ ចង្អុលការ និង​ចាត់តាំងអនុវត្ត​ការងារ​បោះឆ្នោត​។

 
កងកម្លាំងមានសមត្ថកិច្ចដឹកជញ្ជូនឯកសារបោះឆ្នោតទៅកាន់ស្ថានីយ៍ខួង​ប្រេង​ DK1 នៅសមុទ្រខាងកើត ដើម្បីបម្រើការងារបោះឆ្នោត។ រូបថត៖ ផាន​ យ៉ាង
ឃុំមិញចូវ (Minh Chau) រដ្ឋធានីហាណូយ ស្ថិតនៅកណ្តាលទន្លេក្រហម ជាកន្លែងរស់នៅរបស់ប្រជាជនរាប់ពាន់នាក់ ដែលភាគច្រើនធ្វើកសិកម្ម និងចិញ្ចឹមសត្វ។ ក្នុងថ្ងៃបោះឆ្នោត បរិយាកាសនៅទីនេះបានប្រព្រឹត្តទៅយ៉ាងហ្មត់ចត់ ស្របតាមបទប្បញ្ញត្តិ និងធានាបាននូវសិទ្ធិ ក៏ដូចជាកាតព្វកិច្ចរបស់ម្ចាស់បោះឆ្នោត។ រូបថត៖ កុងដាត​ / VNP

អាច​បញ្ជាក់បានថា ការបោះឆ្នោតជ្រើសតាំងសមាជិក​រដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជន​គ្រប់ជាន់​ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ បានប្រព្រឹត្ត​ទៅដោយជោគជ័យ​ត្រចះត្រចង់​។ នេះគឺជាលទ្ធផល​នៃដំណើរការ​រៀបចំ និងចាត់តាំងការបោះឆ្នោតដោយប្រព័ន្ធ ម្ចាស់ការ ព្រមព្រៀង ម៉ឹងម៉ាត់ និងត្រឹមត្រូវតាមច្បាប់ នៃ​ប្រព័ន្ធនយោបាយទាំងមូល៕

អត្ថបទ៖ VNP (ចងក្រង) រូបថត៖ កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top