ពិធីសែនព្រះយិនស៊ិន របស់ជនជាតិសេដាំង (Xe-dang)

ពិធីសែនព្រះយិនស៊ិន របស់ជនជាតិសេដាំង (Xe-dang)

ជនជាតិ សេដាំង (Xe -dang) នៅឃុំត្រាលិញ (Tra Linh) ទីក្រុងដាណាំង (Da Nang) រក្សាបាននូវចំណេះដឹងប្រជាប្រិយអំពី យិនស៊ិន ង៉ុកលិញ (Ngoc Linh) ដ៏មានតម្លៃជាច្រើន ចាប់តាំងពីវិធីសម្គាល់ ការដាំដុះ  ការថែទាំ រហូតដល់ការប្រមូលផល និងការប្រើប្រាស់។ ក្នុងនោះ ពិធីសែនព្រះយិនស៊ិន គឺជាពិធីសាសនា និងជំនឿដ៏វិសេសវិសាល ដែលបង្ហាញនូវការដឹងគុណ​ ចំពោះអាទិទេពព្រៃភ្នំ និងបំណងប្រាថ្នាជីវភាពធូរធារ និងសុខសាន្ត។

បងប្អូនជនជាតិ សេដាំង (Xe-dang) ចូលរួមដោយក្តីសប្បាយរីករាយ ក្នុងពិធីដង្ហែក្បួន និងសែនព្រះយិនស៊ិន ង៉ុក លិញ (Ngoc Linh)។ រូបថត៖ ថាញ់ហ្វា/VNP

ស្ថិតនៅកម្ពស់ជាង ១.៥០០ម៉ែត្រ ប្រាសាទបូជាព្រះយិនស៊ិន ង៉ុកលិញ​ នៅភូមិ កនភិន (Kon Pin)  ឃុំត្រាលិញ (Tra Linh) គឺជាកន្លែងដែលបងប្អូនជនជាតិសេដាំង រៀបចំពិធីថ្លែងអំណរគុណ ចំពោះអាទិទេព បុព្វបុរស និងបួងសួងសុំឱ្យធាតុអាកាសអំណោយផល ការប្រមូលផលយិនស៊ិនទទួលបានបរិមាណផលខ្ពស់។

មុនថ្ងៃរៀបចំពិធីបុណ្យនេះ អ្នកភូមិបានរៀបចំ ដើមនេវ (Neu -ការតែងលម្អដើមឫស្សី) និងគ្រឿងរណ្តាប់សែនប្រពៃណី។ ដើមនេវមានតួនាទីសំខាន់ ដែលជានិមិត្តរូបនៃការសម្តែងអំណរគុណ ចំពោះមេឃដី ដែលបានការពារ​ឱ្យដើមយិនស៊ិនដុះឫស និងលូតលាស់ល្អ នៅកណ្តាលព្រៃព្រឹក្សា ដោយនាំមកនូវជីវភាពរស់នៅរុងរឿង។ ពិធីនេះរួមមានសកម្មភាពផ្សេង​ៗ ដូចជា៖ ពិធីដង្ហែព្រះយិនស៊ិន ការបញ្ចុះដើមនេវ ការទស្សន៍ទាយអណ្តាតមាន់ ពិធីសែនស្រា និងការបួងសួង។ គ្រឿងសំណែនរួមមាន៖ យិនស៊ិនង៉ុកលិញ មាន់ស្ងោរ ស្លាម្លូរ ស្រាពាង និងគ្រឿងរណ្តាប់សែនប្រពៃណីជាច្រើនទៀត។

 
បងប្អូនជនជាតិ សេដាំង (Xe-dang) ធ្វើពិធីការ ដោយគោរព នៅជុំវិញប្រាសាទបូជាព្រះយិនស៊ិន ង៉ុកលិញ ។ រូបថត៖ ថាញ់ហ្វា/VNP
យុវជន និងយុវនារីជនជាតិ សេដាំង (Xe-dang) អុជធូបថ្វាយព្រះយិនស៊ិន ង៉ុកលីញ។ រូបថត៖ ថាញ់ហ្វា/VNP

សូរគងឃ្មោះលាន់ឮរំពងក្នុង​កណ្តាលតំបន់ព្រៃភ្នំ ព្រឹទ្ធាចារ្យលើកដើមយិនស៊ិន ង៉ុក​លិញ ឡើង ដោយក្តីគោរព និងអានពាក្យបួងសួង ដើម្បីសុំឱ្យអាទិទេព ទទួលស្គាល់នូវចិត្តស្មោះត្រង់របស់សហគមន៍ ជួយបីបាច់ថែរក្សា ឱ្យដើមយិនស៊ិនលូតលាស់ល្អ ស្រូវទទួល​បានផលផ្លែផ្កាច្រើន និងប្រជាជនមានជីវភាពរស់នៅគ្រប់គ្រាន់។

សម្រាប់ជនជាតិសេដាំង យិនស៊ិនង៉ុកលិញ មិនត្រឹមតែជាឱសថ​បុរាណ​ដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាអំណោយពីអាទិទេព និងជានិមិត្តរូបនៃកាតភ្ជាប់រវាងមនុស្ស និងធម្មជាតិ​​។ តាំងពីយូរលង់ណាស់មកហើយ ប្រជាជនរស់នៅជុំវិញជួរភ្នំង៉ុក​លិញ បានសន្សំ និងផ្ទេរចំណេះដឹង បទពិសោធន៍អំពី ការសម្គាល់ដើមយិនស៊ិន ការជ្រើសរើសធាតុដីសមស្រប ការបង្កាត់ពូជ ការថែទាំ ការប្រមូលផល និងការប្រើប្រាស់រុក្ខជាតិប្រភេទនេះ។ យោង​តាមប្រជាប្រិយ យិនស៊ិន ង៉ុកលិញ នៅទាំងត្រូវបានគេហៅថាជា “ថ្នាំលាក់” ដែលផ្សារភ្ជាប់ នឹងទម្លាប់រក្សាទុកនូវថ្នាំដ៏មានតម្លៃនៅក្នុងគ្រួសារ នាម​ត្រកូល និងសហគមន៍។
 
បងប្អូនជនជាតិ សេដាំង (Xe-dang) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធម្មជាតិ និងព្រៃភ្នំ ង៉ុកលិញ - ទីតាំងលូតលាស់នៃដើមយិនស៊ិនដ៏មានតម្លៃនេះ ជាច្រើនជំនាន់មកហើយ។ រូបថត៖ ថាញ់ ហ្វា/VNP
ក្រុមគង ឃ្មោះសម្តែងក្នុងពិធីសែនព្រះយិនស៊ិន ង៉ុកលិញ (Ngoc Linh)។ រូបថត៖ ថាញ់ ហ្វា/VNP

លោក ទ្រិញ មិញហាយ (Trinh Minh Hai) ប្រធានគណៈកម្មាធិការប្រជាជនឃុំត្រាលិញ (Tra Linh) បានឱ្យដឹងថា ដើមយិនស៊ិនមានតួនាទីសំខាន់ក្នុងវប្បធម៌ និងជីវភាពរស់នៅ និង​ការរកស៊ីចញ្ចឹមជីវិត ប្រកបដោយចីរភាព របស់បងប្អូនជនជាតិសេដាំង។ ការអភិរក្ស និងការរៀបចំឡើងវិញនូវពិធីសែនព្រេនព្រះយិន​ស៊ិន មិនត្រឹមតែរួមចំណែកថែរក្សាបេតិកភណ្ឌ​វប្បធម៌​ពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសឱ្យភ្ញៀវទេសចរស្វែងយល់អំពីចំណេះដឹងក្នុងតំបន់ និងដំណើរការលូតលាស់នៃដើម​យិន​ស៊ិនង៉ុកលិញផងដែរ។

យុវជន និងយុវនារី ជនជាតិសេដាំង ជ្រមុជខ្លួនក្នុងសំឡេងគង ឃ្មោះ និងរបាំអបអរសាទរព្រះយិនស៊ិន ង៉ុកលិញ។ រូបថត៖ ថាញ់ហ្វា/VNP

យិនស៊ិន ង៉ុកលិញ ជាឱសថដ៏កម្រ និងមានតម្លៃពិសេសរបស់ជនជាតិ សេដាំង (Xe-dang)។ រូបថត៖ ថាញ់ ហ្វា/VNP
 

យិនស៊ិន ង៉ុកលិញ គឺជាប្រភេទឱសថដ៏កម្រ និងមានតម្លៃពិសេសរបស់វៀតណាម ដែលដុះ និង​លូតលាស់ តាមបែបធម្មជាតិ ក្នុងតំបន់ភ្នំខ្ពស់ ង៉ុកលិញ នាពេលបច្ចុប្បន្ន ស្ថិតក្នុងភូមិសាស្ត្រទីក្រុងដាណាំង (Da Nang) និងខេត្តក្វាងង៉ាយ (Quang Ngai) ។ ហេតុនេះ ការរក្សាពិធីសែនព្រេនព្រះយិនស៊ិន មិនត្រឹមតែបង្ហាញពីជំនឿសាសតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុង​ការរំលឹកបច្ឆាជនអំពី ទំនួលខុសត្រូវក្នុងការការពារព្រៃឈើ អភិរក្សប្រភពឱសថដ៏មានតម្លៃ និងបន្តតម្លៃវប្បធម៌របស់សហគមន៍៕

អត្ថបទ និងរូបថត៖ ថាញ់ហ្វា/VNP


Top