ពណ៌នៃសម្លៀកបំពាក់បុរាណវៀតណាមលេចធ្លោ នៅរដូវកាលទេសចរណ៍ទីក្រុងហូជីមិញ

ពណ៌នៃសម្លៀកបំពាក់បុរាណវៀតណាមលេចធ្លោ នៅរដូវកាលទេសចរណ៍ទីក្រុងហូជីមិញ

ការដង្ហែក្បួនសម្លៀកបំពាក់បុរាណវៀតណាមបានក្លាយជាចំណុចលេចធ្លោផ្នែកវប្បធម៌ និងទេសចរណ៍ពិសេសនៅទីក្រុងហូជីមិញ ដោយចូលរួមចំណែកលើកតម្កើងបេតិ​កភណ្ឌ និងផ្សព្វផ្សាយរូបភាពទីក្រុងថាមពល​ ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណជាតិយ៉ាងល្អឥខ្ចោះ​។ ព្រឹត្តិការណ៍ប្រចាំឆ្នាំដូចជា ពិធីបុណ្យអាវ​ផាយ​វៀតណាម​ នៅខែមីនា ពិធីបុណ្យ​ពណ៌សម្បុរវប្បធម៌​នៅខែមេសា ឬក្បួន​ដង្ហែរយផ្កានៅដើមឆ្នាំថ្មី បាន​បន្សល់ទុកនូវចំណាប់​អារម្មណ៍ជាច្រើន ក្នុងដួងចិត្តប្រជាជន និងភ្ញៀវទេសចរ ដោយ​គូស​បញ្ជាក់យ៉ាង​រស់រវើក នូវផ្ទាំងគំនូរទេសចរណ៍ ដែលសម្បូរទៅដោយអត្តសញ្ញាណ​របស់​ទីក្រុង។​

យុវជន​ជាង ៦០០នាក់ ធ្វើព្យុហយាត្រាសម្លៀកបំពាក់បុរាណវៀតណាម ក្រោមប្រធានបទ "បាច់វៀតរុង​រឿង​" ក្នុង​ក្របខ័ណ្ឌនៃពិធីបុណ្យពណ៌សម្បុរវប្បធម៌លើកទី២ (២២ - ២៧ ខែមេសា ឆ្នាំ២០២៦) នៅសួន​សត្វ ថាវ​កឹមវៀន សាយហ្គន (សង្កាត់​សាយហ្គន ទីក្រុងហូជីមិញ)។ រូបថត៖ សើនងៀ​/កាសែតរូបភាពវៀតណាម

ថ្មីៗនេះ ពិធីបុណ្យពណ៌សម្បុរវប្បធម៌លើកទី២ ដែលបានប្រព្រឹត្តទៅនៅក្នុងលំហបៃតងនៃសួនសត្វ ថាវ​កឹមវៀន ​សាយហ្គន (ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែមេសា) បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ឱ្យចូលរួមក្នុងបរិយាកាសដ៏រីករាយ អ៊ូអរ និងពោរពេញដោយពណ៌ចម្រុះ។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺយុវជនប្រមាណ ៦០០នាក់ ក្នុងសម្លៀកបំពាក់បុរាណវៀតណាម ជាមួយនឹងប្រធានបទចំនួនពីរគឺ បាច់វៀត​រុង​រឿង​និង ទេពអប្សរយាងប្រពាតដែលបានចូលរួមក្បួនព្យុហយាត្រា​ និងបង្ហាញ​ឡើងវិញនូវពិធីបូជាស្តេច​ ហ៊ុង។

 
ព្រឹត្តិការណ៍នេះទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើន ជាពិសេសយុវជនចូលរួម។ រូបថត៖ សើន​ងៀ​/កាសែតរូបភាពវៀតណាម

ក្បួនដង្ហែ​ធ្វើ​ដំណើរ​ឆ្លងកាត់ទីតាំងនានា នៅកណ្តាល​ទីក្រុងជា​បន្តបន្ទាប់។ នៅអាសយដ្ឋាន​​ឈប់សម្រាប់​នីមួយៗ ភ្ញៀវទេសចរមាន​ពេលវេលា ដើម្បីសង្កេត​មើលសម្លៀកបំពាក់ឱ្យបានច្បាស់ ថតរូបអនុស្សាវរីយ៍ ឬកត់ត្រាឯកសារ​។ អ្នកដឹក​នាំ​ក្បួន បានពន្យល់ដោយផ្ទាល់ អំពី​តួអង្គ​ដែល "តួ​សម្តែង" បានតាក់តែង ណែនាំ​ពីប្រភពដើម កាលបរិច្ឆេទ លក្ខណៈសម្គាល់ ក៏ដូចជា​ភាពខុសគ្នា រវាងសម្លៀកបំពាក់ នៃសម័យកាលនីមួយៗ និងគ្រឿងបន្លាស់​ដែលភ្ជាប់មកជាមួយ។ តាមរយៈ​នោះ​ សាធារណជន មិនត្រឹមតែបានគយគន់សម្រស់ នៃសម្លៀកបំពាក់បុរាណប៉ុណ្ណោះទេ ថែមទាំង​យល់បន្ថែមអំពីជម្រៅ​នៃវប្បធម៌ និងប្រវត្តិសាស្ត្រ នៅពីក្រោយសម្លៀកបំពាក់នីមួយៗ បង្កើតបានជាប្រសិទ្ធភាពផ្សព្វផ្សាយយ៉ាងរស់រវើក និង​គួរឱ្យ​ចាប់​អារម្មណ៍។

ការដង្ហែក្បួន“បាច់​វៀត​រុង​រឿង​” ឆ្លងកាត់​ទីតាំងល្បីៗជាច្រើននៅក្នុង​បរិវេណបៃតងនៃសួន​សត្វ ថាវ​កឹមវៀន សាយហ្គន។ រូបថត៖ ផ្តល់ដោយសួនសត្វ ថាវ​កឹមវៀន សាយហ្គន
ប្រជាជន និងភ្ញៀវទេសចរចូលរួមក្នុងពិធីថ្វាយដង្វាយដល់ស្តេច ហ៊ុង​ ក្នុងឱកាសពិធីបូជាស្តេច​ ហ៊ុង​ ដែលប្រព្រឹត្តទៅ​នៅវិហារ​ស្ដេច ហ៊ុង​ ខាងក្នុង​បរិវេណ​សួនសត្វ ថាវ​កឹមវៀន ។ រូបថត៖ សើន​ងៀ​/កាសែតរូបភាពវៀតណាម
 
មួក សម្លៀកបំពាក់ និងសម្ភារៈនៃរបាំព្រះបរមរាជវាំងហ្វេ (Hue) ជាសម្លៀកបំពាក់សម្រាប់អ្នករាំ​របាំក្នុង​ពិធីសាសនា។ រូបថត៖ សើន​ងៀ​/កាសែតរូបភាពវៀតណាម

ពិធីបុណ្យ ប្រព្រឹត្តទៅចំពេលដែលប្រទេសទាំងមូល កំពុងឆ្ពោះទៅរកថ្ងៃបូជាស្តេច ហ៊ុង​ ដូច្នេះ​ហើយ នៅតំបន់វិហារ​រំលឹកគុណស្ដេច ហ៊ុង​ ក្នុង​បរិវេណ​សួនសត្វ ថាវ​កឹមវៀន ក្បួនព្យុហយាត្រា​ បានបង្ហាញឡើងវិញ​នូវពិធីសាសនា និង​ការថ្វាយដង្វាយដល់​បិតាជាតិ​។ ទន្ទឹមនឹង​នោះ ពិធីប្រពៃណីជាច្រើន​របស់ជនជាតិវៀតណាម ក៏ត្រូវបានណែនាំ​ដល់សាធារណជន​ផងដែរ ដូចជារបាំស្រមោល​ស្បែង​ធំ​ - ទម្រង់​សិល្បៈប្រជាប្រិយ នៅភាគខាងត្បូង ដែលមាន​ប្រវត្តិជាង ៣០០ឆ្នាំ។ ពិធីបុណ្យប្រមូលផ្តុំរស្មីស័ក្តិសិទ្ធិ ដែលបង្ហាញឡើងវិញនូវពិធីព្រះរាជក្រឹត្យ​តែងតាំង​ នៅក្នុងពិធីបុណ្យគីអៀន នៃភូមិ​នៅភាគ​ខាងត្បូង រួមជាមួយ​នឹង​ការតាំងពិពណ៌គោម អាវក្រោះ អាវុធវៀតណាម ក្នុងសម័យសក្តិភូមិ គំរូតួអង្គ​ប្រវត្តិសាស្ត្រវៀតណាម។ល។​

 
 

លើសពីនេះ សកម្មភាពណែនាំសិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយ និងម្ហូបប្រជាប្រិយពិសេសៗ ក៏បានរួមចំណែកបង្កើតបរិយាកាសពិធីបុណ្យឱ្យ​មានភាពរស់រវើក ចម្រុះ និងពោរពេញដោយបទពិសោធន៍សម្រាប់ភ្ញៀវទេសចរផងដែរ។

របាំ​ស្រមោល​ស្បែក​ធំ​ – ទម្រង់សិល្បៈប្រជាប្រិយនៅភាគខាងត្បូង ដែលមានប្រវត្តិជាង ៣០០ឆ្នាំ។ រូបថត៖ សើនងៀ​/កាសែតរូបភាពវៀតណាម

លោក ង្វៀន ថាញ់​ញឹត​ (Nguyen Thanh Nhut) នាយករង​សួនសត្វ ថាវ​កឹមវៀន ​សាយហ្គន បានមានប្រសាសន៍ថា ពិធីបុណ្យ​ពណ៌វប្បធម៌លើកទី២ ត្រូវបានរៀប​ចំឡើង ដោយមានបំណងនាំយក​បទពិសោធន៍ថ្មីៗ និង​គួរឱ្យទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរនៅពេលមកកាន់ទីក្រុងហូជីមិញនិយាយរួម ជាពិសេស​គឺសួនសត្វ ថាវ​កឹមវៀនសាយហ្គន (Thao Cam Vien Sai Gon)។

ប្រជាជនសូត្រធម៌ និងធ្វើពិធីនៅខាងក្នុងវិហារ​ស្តេច ហ៊ុង​ ក្នុងឱកាសទិវាបិតាជាតិ ស្តេច​ហ៊ុង​ (ទី១០ ខែទី៣ តាមច័ន្ទគតិ)។ រូបថត៖ សើន​ងៀ​/កាសែតរូបភាពវៀតណាម
ដង្វាយថ្វាយស្ដេច ហ៊ុង​ ក្នុងឱកាសទិវាបិតាជាតិ ស្តេចហ៊ុង​ (ទី១០ ខែទី​៣ តាមច័ន្ទគតិ)។ រូបថត៖ សើនងៀ​/កាសែតរូបភាពវៀតណាម
 

ការបង្ហាញឡើងវិញនូវសម្លៀកបំពាក់បុរាណ និងពិធីប្រពៃណី ដែលភ្ជាប់ទៅនឹងព្រឹត្តិការណ៍ទេសចរណ៍ និងលំហវប្បធម៌នៅទីក្រុងហូជីមិញ បានរួមចំណែកនាំយកវប្បធម៌​វៀតណាម ឱ្យកាន់តែខិតជិតសាធារណជន តាមរយៈរូបភាពរស់រវើក និងទាក់ទាញ។ នេះក៏ជាវិធី​អភិរក្ស និងលើកកម្ពស់យ៉ាង​មានប្រសិទ្ធភាពនូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំង​បង្កើតបានជាចំណុចពិសេស និង​គួរឱ្យទាក់ទាញ សម្រាប់វិស័យទេសចរណ៍របស់ទីក្រុងផងដែរ។

ក្រុមអ្នកជំនាញ​ខាងស្រាវ​ជ្រាវ និង​ប្រមូលសម្លៀកបំពាក់​បុរាណវៀតណាម ចូលរួម​ក្នុងពិធីបុណ្យពណ៌សម្បុរវប្បធម៌លើកទី​២។ រូបថត៖ សើន​ងៀ​/កាសែតរូបភាពវៀតណាម

អនុវត្ត៖ សើន​ងៀ​/កាសែតរូបភាពវៀតណាម

ប្រែសម្រួល៖ រីកើង​


Top