ពង្រីកតម្លៃទីក្រុងស្អាតអាស៊ានរបស់វៀតណាម

ទីក្រុងទេសចរណ៍ស្អាតអាស៊ាន គឺជាពានរង្វាន់ដ៏សំខាន់មួយ ក្នុងចំណោមបណ្តាពានរង្វាន់ទេសចរណ៍អាស៊ាន។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនជារៀងរាល់ ២ឆ្នាំម្តង ក្នុងឆ្នាំគត់។ ដើម្បីទទួលបានកិត្តិនាមជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទីក្រុងដែលបានជ្រើសរើសត្រូវឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យចំនួន ១០៨ បានបែងចែកជា ៧ ប្រភេទ រួមមាន ការគ្រប់គ្រងបរិស្ថាន អនាម័យ ការគ្រប់គ្រងកាកសំណល់ និងការយល់ដឹងនូវការការពារបរិស្ថាន លំហរបៃតង សុវត្ថិភាព និងសន្តិសុខទីក្រុង សុខភិបាល និងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍សមស្រប និងទទួលបានស្តង់ដារ។ ការដែលទីក្រុង វូងតាវ (Vung Tau) ទីក្រុង ហ្វេ ( Hue) និងទីក្រុង គ្វីញ៉ឹន (Quy Nhon) ត្រូវបានគេចាត់ទុកជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នឹងក្លាយជាលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុងទាំងនេះ ក្នុងការផ្សព្វផ្សាយ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិមកទស្សនា និងសម្រាកលំហែកាយ។
នេះជាលើកទី ២ បន្តបន្ទាប់គ្នាដែលពានរង្វាន់ "ទីក្រុងទេសចរណ៍ស្អាតអាស៊ាន" ហៅឈ្មោះទីក្រុង ហ្វេ (Hue)។ បច្ចុប្បន្ននេះ ទីក្រុង ហ្វេ (Hue) ត្រូវបានគេវាយតម្លៃថា ជាទីក្រុងមួយក្នុងចំណោមបណ្តាទីក្រុងដែលមានបរិយាកាស "គួរឲ្យរស់នៅ" បំផុតក្នុងប្រទេសវៀតណាម ជាមួយនឹងចលនា "ថ្ងៃអាទិត្យបៃតង" កាន់តែរាលដាលយ៉ាងខ្លាំងក្លា។ ក្រៅពីនោះ ម៉ាកសញ្ញាទេសចរណ៍របស់ទីក្រុង ហ្វេ (Hue) ដូចជា៖ “រាជធានីបុរាណ បទពិសោធន៍ថ្មី” និងអត្តសញ្ញាណបីគឺ “ទីក្រុង ហ្វេ (Hue)- ទីក្រុង Festival” “រាជធានីម្ហូបអាហារ” និង “រាជធានីអាវផាយ” បាននិងកំពុងជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវទេសចរបរទេស។
ប្រហែលជាដោយសារហេតុនោះ បានជានៅចុងឆ្នាំ២០២៤ ទីក្រុង ហ្វេ (Hue) ត្រូវបានរដ្ឋសភាអនុម័តជាផ្លូវការនូវសមេចក្តីសម្រេចចិត្តអំពី ការបង្កើតទីក្រុង ហ្វេ (Hue) ក្លាយទៅជាទីក្រុងចំណុះមជ្ឈិម និងជ្រើសរើសខេត្ត ធឿធៀនហ្វេ (Thua Thien Hue) រៀបចំឆ្នាំទេសចរណ៍ថ្នាក់ជាតិ ឆ្នាំ២០២៥។
រួមគ្នាជាមួយទីក្រុងហ្វេ (Hue) ទីក្រុង គ្វីញ៉ឹន (Quy Nhon) ជាតំបន់ទីក្រុងលំដាប់លេខ ១ នៃខេត្ត ប៊ិញឌីញ (Binh Dinh) មានផ្ទៃដី ២៨៥,៤៩km2 ដោយមានប្រៀបខ្លាំងជាទីក្រុងជាប់មាត់សមុទ្រ និងមានឆ្នេរសមុទ្រវែង។ ទន្ទឹមនឹងការអភិវឌ្ឍទម្រង់រូបភាពគ្រប់គ្រងសហគមន៍ការពារផ្កាថ្មប៉ប្រះទឹក ជីវិតនៃរុក្ខជាតិ និងសត្វរស់ក្នុងទឹក ដែលបានរួមចំណែកការពារបរិស្ថានអេកូឡូស៊ី បង្កើនតម្លៃតាមរយៈការបើកឱកាសអភិវឌ្ឍទេសចរណ៍សមុទ្រទីក្រុង គ្វីញ៉ឹន (Quy Nhon) ។
ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងតំបន់ទេសចរណ៍ដែលគួរអោយចាប់អារម្មណ៍ជាច្រើន ទីក្រុង គ្វីញ៉ឹន (Quy Nhon) លេចធ្លោ ដោយការរួមផ្សំដ៏ចុះសម្រុងគ្នានៃភ្នំ ថ្ម ខ្សាច់ពណ៌មាសដ៏ស្រស់ស្អាត និងសមុទ្រពណ៌ខៀវសែនរ៉ូមែនទិច ជាមួយនឹងទេសភាពប្លែកៗ ទាំងបែបសាមញ្ញ និងបែបធម្មជាតិ ដែលបង្កើតគំនូរធម្មជាតិរ៉ូមែនទិច និងសុខសាន្ត ក្នុងនោះមានតំបន់ទេសចរណ៍ល្បីៗ ដូចជា៖ គីក (Ky Co) អែវយ៉ (Eo Gio) ហនសែវ (Hon Seo) ហនឃ (Hon Kho) ហាយយ៉ាង (Hai Gian) ហ្គេញរ៉ាង (Ghenh Rang)- ទៀនសា (Tien Sa) ឈូងសមុទ្រ គ្វីញ៉ឹន (Quy Nhon) ស្រះធីណាយ (Thi Nai)... រួមជាមួយនឹងសេវាកម្មទេសចរណ៍ជាច្រើនប្រភេទ ដូចជា៖ ទេសចរណ៍ទស្សនាទីក្រុង កីឡាផ្សងព្រេង ទេសចរណ៍សហគមន៍ ទេសចរណ៍លំហែកាយ ទេសចរណ៍ម្ហូបអាហារ... ដែលបានបង្កើតនូវរូបភាពវប្បធម៌ចម្រុះពណ៌សម្រាប់ទីក្រុងសមុទ្រ។ ទន្ទឹមនឹងការយកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់ទីក្រុង ទីក្រុងគ្វីញ៉ឹន (Quy Nhon) នៅទាំងបានលើកកម្ពស់ការអភិរក្សបេតិកភណ្ឌ វប្បធម៌ និងប្រវត្តិសាស្ត្រទៀតផង ។
ទីក្រុងទេសចរណ៍ស្អាត គ្វីញ៉ឹន (Quy Nhon) មានលក្ខខណ្ឌល្អគ្រាប់គ្រាន់ ដើម្បីធានាសុវត្ថិភាពសុខភាព និងសន្តិសុខទីក្រុងសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើបម្រើវិស័យទេសចរណ៍មានភាពសមស្រប និងស្របតាមស្តង់ដារ ក្នុងនោះផ្តល់អាទិភាពដល់គម្រោងវិនិយោគដែលមានលក្ខណៈជិតស្និទ្ធនឹងបរិស្ថាន និងគម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ សំដៅលើថាមពលបៃតង ថាមពលកកើតឡើងវិញ កាត់បន្ថយការបំពុលបរិស្ថាន។
ចាប់តាំងពីឆ្នាំ២០២០ មក នេះគឺជាលើកទី ៣ បន្តបន្ទាប់ ដែលទីក្រុង វូងតាវ (Vung Tau) បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ពានរង្វាន់នេះមានសុពលភាព ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ ឆ្នាំ២០២៤ គឺជាឆ្នាំដ៏សំខាន់សម្រាប់ទីក្រុង វូងតាវ (Vung Tau) ដែលអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ច - សង្គមស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុង វូងតាវ (Vung Tau) លើកទី ៧ និងផែនការអភិវឌ្ឍសង្គម ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ក្នុងបរិបទមានគុណសម្បត្តិ និងបញ្ហាប្រឈមជាច្រើន និងចម្រុះគ្នា ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទីក្រុង វូងតាវ (Vung Tau) តែងតែខិតខំរក្សាបានកិត្តិនាម “ទីក្រុងទេសចរណ៍ស្អាតអាស៊ាន” សម្រេចបាននូវគោលដៅអភិវឌ្ឍ និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ឆ្នាំ២០២៤៕
អត្ថបទ៖ VNP - រូបថត ៖VNA