ផ្លូវរូងវិញម៉ុក (Vinh Moc) - ពិភពមួយប្លែកសម័យសង្រ្គាម
ផ្លូវរូងវិញម៉ុក (Vinh Moc) និង ប្រព័ន្ធភូមិរូងវិញលិញ (Vinh Linh) ជាសំណង់ស្ថាបត្យកម្មយោធាអស្ចារ្យពិសេស ដែលមានប្រវែងរាប់សិបគីឡូម៉ែត្រស្ថិតនៅក្រោមដី បានកសាងនៅសម័យសង្គ្រាមគាមប្រឆាំងអាមេរិក រំដោះជាតិ ជាទីកន្លែងដែលទាហាន និងប្រជាជនដែនដីដែកថែបវិញលិញ (Vinh Linh) អត់ធ្មត់រស់នៅច្បាមជាប់ “មួយតឹកមិនព្រាត់ មួយមីលីមិនឃ្លាត”ដើម្បីប្រយុទ្ធការពារមាតុភូមិ និងរក្សាសសៃឈាមគមនាគមន៍ចេញទៅជួរមុខនៃសមរភូមិ។
ក្នុងបុព្វហេតុប្រឆាំងអាមេរិក (១៩៥៤ - ១៩៧៥) តំបន់វិញលិញ (Vinh Linh) មានតួនាទីជាទីតាំងយោធាដ៏សំខាន់ ជាព្រំដែនដើមចំនៃភូមិភាគខាងជើង សង្គមនិយម ជាសមរភូមិខាងក្រោយផ្ទាល់ នៃវាលចម្បាំងរបស់ភូមិភាគខាងត្បូង និងជាច្រកចូលនៃទីលានប្រយុទ្ធខេត្តក្វាងទ្រី (Quang Tri) ខាងជើង។ នៅទីនេះ មានផ្លូវដឹកជញ្ជូនយុទ្ធសាស្រ្តជាច្រើន ពីភូមិភាគខាងជើងជំនួយដល់ទីលានប្រយុទ្ធភូមិភាគខាងត្បូង។ ហេតុនេះ នៅអំឡុងពេល ឆ្នាំ១៩៦៥ - ឆ្នាំ១៩៧២ ស្រុកវិញលិញ (Vinh Linh) ត្រូវវាយប្រហារជាបន្តបន្ទាប់ ដោយទទួលរងគ្រោះជាងកន្លះលានតោនគ្រាប់មីន គ្រាប់បែក គ្រប់ប្រភេទ។ គិតជាមធ្យម មនុស្សម្នាក់ៗនៅទីនេះ ត្រូវរងសម្ពាធ៧តោនគ្រាប់មីន គ្រាប់បែក របស់អាមេរិក។
ដើម្បីប្រឆាំងសង្រ្គាមបំផ្លាញមហាអំណាចអាមេរិក ជាមួយទិសស្លោកថា “យោធានីយកម្មទូទាំងប្រជាជន លេណដ្ឋានូបនីយកម្មទូទាំងតំបន់” ទាហាន និង ប្រជាជនស្រុកវិញលិញ (Vinh Linh) បានដំណើរការជីកគាស់ធ្វើប្រព័ន្ធផ្លូវរូង លេណដ្ឋានជាមួយមុខងារជាច្រើន ដូចជា៖ ទីស្តីការ ឃ្លាំង សាលារៀន មន្ទីរពេទ្យ មតេយ្យដ្ឋាន មន្ទីរសម្ភព មណ្ឌលសកម្មភាពនៃក្រុមគ្រួសារនីមួយៗ។ល។ សំណង់ទាំងនេះ បានរៀបដាក់គ្រប់មណ្ឌលទីប្រជុំជន បណ្តោយតាមដងផ្លូវធ្វើដំណើរ តាមក្បែរវាលស្រែ ឆ្នេរសមុទ្រ ហើយបានតភ្ជាប់ជាមួយគ្នាដោយប្រព័ន្ធផ្លូវរូង និង គមនាគមន៍ផ្លូវរូងដេរដាស់ដើម្បីជំនួសផ្លូវលើមុខដី។ តាមឯកសារជាផ្លូវការ ក្រោមជំនោរគ្រាប់បែក គ្រាប់មីន ទាហាន និងប្រជាជនស្រុកវិញលិញ (Vinh Linh) បានចំណាយប្រហែល១៨.០០០ថ្ងៃធ្វើការ ជីកគាស់ ដឹកជញ្ជូនដីថ្មជាង៦.០០០ម៉ែត្រគីប ទើបអាចធ្វើសម្រេចជាសំណង់អស្ចារ្យ និង ពិសេសនេះ។
គិតតាំងពីចុងឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៨ (តាមស្ថិតិមិនពេញលេញ) ទូទាំងស្រុកវិញលិញ (Vinh Linh) មានផ្លូវរូងចំនួន១១៤ខ្សែ សរុបជាង៤០គីឡូម៉ែត្រ ប្រព័ន្ធគមនាគមន៍ផ្លូវរូងជាង២.០០០គីឡូម៉ែត្រ និងរាប់រយផ្លូវរូងតូចៗផ្សេងទៀត ក្លាយជា “ភូមិរូង” លើកដំបូងកើតមាននៅក្នុងប្រវត្តិសាស្រ្តសង្រ្គាមវៀតណាម បង្ហាញពីឆន្ទៈ “មួយតឹកមិនព្រាត់ មួយមីលីមិនឃ្លាត” របស់ទាហាន និង ប្រជាជនដែនដីដែកថែបស្រុកវិញលិញ (Vinh Linh) ប្តេជ្ញាចិត្តច្បាមជាប់ប្រយុទ្ធការពារភូមិស្រុក និង រក្សាសសៃឈាមផ្លូវគមនាគមន៍ចេញទៅជួរមុខសមរភូមិ។
ផ្លូវរូងក្រោមដី ជាទីកន្លែងរស់នៅនៃទាហាន និង ប្រជាជនស្រុកវិញលិញ (Vinh Linh) នៅក្នុងអំឡុងឆ្នាំកើតសង្រ្គាមកាច់សាហាវ ខណៈពេលកុះករបំផុត មានមនុស្សរស់នៅប្រហែល១.២០០នាក់។ ជីវភាពរស់នៅក្នុងផ្លូវរូងតែងតែខ្វះពន្លឺ វត្ថុធាតុសម្រាប់អុជបំភ្លឺដូចជា ប្រេង ខ្លាញ់ តែងបានសំចៃទុកសម្រាប់ពេលចាំបាច់ដូចជា កិច្ចប្រជុំ សង្គ្រោះអ្នកជំងឺជាបន្ទាល់ ថែទាំទារក។ល។ ខ្យល់នៅក្នុងផ្លូវរូង តែងមានសំណើមនៅរដូវភ្លៀង ក្តៅស្អុសស្អាប់នៅរដូវប្រាំង លក្ខណៈអនាម័យមិនបានធានា ដូចនេះស្ទើរទាំងអស់ នរណាក៏មានជំងឺលើស្បែក ឆ្អឹង ភ្នែក។ នៅរយៈពេលជិត២.០០០យប់ថ្ងៃ រស់នៅក្នុងផ្លូវរូងក្រោមដី មានសុវត្ថិភាព ដើម្បីអាចរក្សាតំណពូជ គ្រួសារ វង្សត្រកូល ប្រជាជននៅតំបន់ផ្លូវរូងវិញម៉ុក (Vinh Moc) ត្រូវបែងចែកគ្នារស់នៅក្នុងរូងផ្សេងៗ។ ក្នុងលក្ខណៈតឹងតែងដូចនេះ ប្រព័ន្ធផ្លូវរូងនៃ “ភូមិរូង” ស្រុកវិញលិញ (Vinh Linh) ជាសាក្សីនៃការប្រសូតចេញពោរពេញដោយភាពអស្ចារ្យ នៃទារកទាំង៦០នាក់ ដោយឡែកចំពោះផ្លូវរូងវិញម៉ុក (Vinh Moc) មានទារកប្រសូតចំនួន១៧នាក់។
តាមជាក់ស្តែងនៃសង្រ្គាមកាច់សាហាវ ប្រព័ន្ធផ្លូវរូងជាច្រើននៅ “ភូមិរូង” ស្រុកវិញលិញ (Vinh Linh) ត្រូវរងការខូចខាតមិនតិចខាងមនុស្ស ប៉ុន្តែដោយឡែកចំពោះផ្លូវរូងវិញម៉ុក (Vinh Moc) ដោយសារមានការរៀបចំកសាងរឹងមាំ និង សមស្របជាង ដូច្នេះគ្មានការខូចខាតខាងមនុស្សឡើយ។
និយាយអំពីផ្លូវរូងវិញម៉ុក (Vinh Moc) នៅក្នុងភាពយន្តឯកសារ “ពិភពមួយសម័យសង្រ្គាម៖ អាថ៌កំបាំងផ្លូវរូងវៀតណាម” នារីអ្នកដឹកនាំរឿងជនជាតិហូឡង់ Janet Gardner បានសរសេរថា “នៅឆ្នាំ១៩៦៥ ប្រជាជននៅខេត្តមួយនៃភូមិភាគកណ្តាលប្រទេសវៀតណាម (ខេត្តក្វាងទ្រី (Quang Tri) - អ្នកព័ត៌មាន) ឈរមុខសមរភូមិ នៃសង្រ្គាមមួយកាន់តែតាន់តឹង។ ចំពោះពួកគាត់សង្រ្គាមបានក្លាយជាបុព្វហេតុតស៊ូដើម្បីជីវិត។ ក៏ប៉ុន្តែជំនួសដោយការឃ្លាតចាកភូមិស្រុករបស់ដូនតា ពួកគាត់បែរជាបង្កើតបានផ្លូវរូងដេរដាស់ កកើតជាពិភពមួយសម័យសង្រ្គាម”។
ជាមួយតម្លៃពិសេសគំរូ ឆ្នាំ២០១៤ កេរដំណែលប្រវត្តិសាស្រ្តផ្លូវរូងវិញម៉ុក (Vinh Moc) និង ប្រព័ន្ធ “ភូមិរូង” ស្រុកវិញលិញ (Vinh Linh) បានជាប់ចំណាត់ថ្នាក់ ជាកេរដំណែលជាតិពិសេស។ បច្ចុប្បន្ន ផ្លូវរូងវិញម៉ុក (Vinh Moc) ដោយឡែក និង ប្រព័ន្ធ “ភូមិរូង” ស្រុកវិញលិញ (Vinh Linh) ជាទូទៅ ក្លាយជាកេរដំណែលប្រវត្តិសាស្រ្ត វប្បធម៌ពិសេសជាងគេ មានអត្ថន័យដ៏ធំធេងក្នុងការអប់រំប្រពៃណីបដិវត្តិ ស្មារតីស្នេហាជាតិ ពលកម្មច្នៃប្រតិដ្ឋ ទន្ទឹមនោះក៏ជាអាសយដ្ឋានទាក់ទាញដំណើរទេសចរណ៍ DMZ (Demilitarised Zone – តំបន់ក្រៅយោធា) នៃខេត្តក្វាងទ្រី (Quang Tri) ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃមូលដ្ឋាន៕
- អត្ថបទ និង រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង