ផ្លូវរូងវិញម៉ុក (Vinh Moc) - ពិភពមួយប្លែកសម័យសង្រ្គាម

ផ្លូវរូងវិញម៉ុក (Vinh Moc) - ពិភពមួយប្លែកសម័យសង្រ្គាម

 ផ្លូវរូង​វិញ​ម៉ុក​ (Vinh Moc) និង ប្រព័ន្ធ​ភូមិ​រូង​វិញ​លិញ​ (Vinh Linh) ជា​សំណង់​ស្ថាបត្យកម្ម​យោធា​អស្ចារ្យ​ពិសេស ដែល​មានប្រវែង​រាប់សិប​គីឡូម៉ែត្រ​ស្ថិត​នៅ​ក្រោម​ដី​ បានកសាង​នៅ​សម័យ​សង្គ្រាមគាម​ប្រឆាំង​អាមេរិក​ រំដោះ​ជាតិ​ ជា​ទីកន្លែង​ដែល​ទាហាន​ និងប្រជាជន​ដែន​ដីដែក​ថែប​វិញ​លិញ​ (Vinh Linh) អត់ធ្មត់​រស់​នៅ​ច្បាមជាប់ មួយ​តឹក​មិនព្រាត់ មួយ​មីលី​មិនឃ្លាតដើម្បីប្រយុទ្ធការ​ពារ​មាតុភូមិ និងរក្សា​សសៃឈាម​គមនាគមន៍​ចេញទៅ​​ជួរមុខនៃ​សមរភូមិ​។

ផ្លូវរូង​វិញ​ម៉ុក (Vinh Moc) ជាទីកន្លែង​រស់នៅ​នៃ​ទាហាន ប្រជាជន​ដែនដីដែក​ថែប​ ស្រុក​វិញ​លិញ​ (Vinh Linh) នាសម័យសង្រ្គាម​​ទ័ពជើង​អាកាស​អាមេរិក​វាយ​ប្រហារកាច់សាហាវ។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

ក្នុងបុព្វហេតុប្រឆាំង​អាមេរិក​ (១៩៥៤ - ១៩៧៥) តំបន់​វិញ​លិញ​ (Vinh Linh) មាន​តួនាទី​ជា​​ទីតាំង​យោធា​ដ៏សំខាន់​ ជាព្រំដែន​ដើម​ចំ​​នៃ​ភូមិភាគ​ខាងជើង​ សង្គមនិយម​ ជា​សមរភូមិខាង​​ក្រោយ​ផ្ទាល់ ​នៃ​វាល​ចម្បាំងរបស់​ភូមិភាគខាងត្បូង​ និង​ជា​ច្រក​ចូលនៃ​​ទីលាន​ប្រយុទ្ធ​ខេត្ត​ក្វាង​ទ្រី (Quang Tri) ​ខាងជើង​។ នៅទីនេះ​ មានផ្លូវ​ដឹក​ជញ្ជូន​យុទ្ធសាស្រ្ត​ជា​ច្រើន​ ពី​ភូមិភាគ​ខាង​ជើង​ជំនួយ​ដល់ទីលាន​​ប្រយុទ្ធ​ភូមិភាគ​ខាង​ត្បូង។ ហេតុនេះ នៅ​អំឡុងពេល​ ​ឆ្នាំ១៩៦៥ - ឆ្នាំ១៩៧២ ស្រុក​វិញ​លិញ​ (Vinh Linh) ​ត្រូវ​វាយ​ប្រហារជាបន្ត​បន្ទាប់​ ដោយទទួលរងគ្រោះជាង​កន្លះលាន​តោន​គ្រាប់មីន គ្រាប់បែក ​គ្រប់ប្រភេទ​។ គិត​ជាមធ្យម​ មនុស្ស​ម្នាក់ៗនៅទីនេះ ត្រូវ​រង​សម្ពាធ​៧តោន​គ្រាប់មីន គ្រាប់បែក របស់​​អាមេរិក​។​

ដើម្បីប្រឆាំង​សង្រ្គាម​បំផ្លាញមហាអំណាច​​អាមេរិក​ ជាមួយទិស​​ស្លោក​ថា យោធានីយកម្ម​ទូទាំង​ប្រជា​ជន​ លេណដ្ឋានូបនីយកម្ម​ទូទាំងតំបន់ ទាហាន​ និង ប្រជាជន​ស្រុក​វិញ​លិញ (Vinh Linh) ​បាន​ដំណើរការ​​ជីកគាស់ធ្វើ​​ប្រព័ន្ធ​ផ្លូវ​រូង​ លេណដ្ឋាន​ជាមួយ​មុខ​ងារជាច្រើន ​ដូចជា​៖ ទីស្តីការ​ ឃ្លាំង សាលារៀន មន្ទីរពេទ្យ​ មតេយ្យដ្ឋាន​​ មន្ទីរ​សម្ភព​ មណ្ឌល​សកម្មភាព​នៃក្រុមគ្រួសារ​នីមួយៗ​។ល។ សំណង់ទាំងនេះ បាន​រៀប​ដាក់​គ្រប់មណ្ឌល​​ទីប្រជុំ​ជន​ បណ្តោយ​តាមដង​​ផ្លូវ​ធ្វើ​ដំណើរ​ តាមក្បែរ​វាលស្រែ ឆ្នេរសមុទ្រ​ ហើយ​បាន​តភ្ជាប់​ជាមួយ​គ្នា​ដោយ​ប្រព័ន្ធ​ផ្លូវ​រូង​ និង គមនាគមន៍​ផ្លូវ​រូង​ដេរដាស់​​ដើម្បីជំនួស​ផ្លូវ​លើ​មុខ​ដី​។ តាម​ឯកសារ​ជា​ផ្លូវការ​ ក្រោម​ជំនោរគ្រាប់បែក ​គ្រាប់មីន​ ទាហាន និងប្រជា​ជនស្រុក​​វិញ​លិញ​ (Vinh Linh) បាន​ចំណាយ​ប្រហែល​១៨.០០០ថ្ងៃ​ធ្វើ​ការ​ ជីកគាស់​ ដឹក​ជញ្ជូនដីថ្ម​​ជាង​៦.០០០ម៉ែត្រ​គីប​ ទើប​អាច​ធ្វើ​សម្រេច​ជា​សំណង់​អស្ចារ្យ​ និង ពិសេសនេះ​។​

 

រូបភាព​ជីវភាព​រស់នៅ​ដោយ​ទុក្ខលំបាក​នៅក្នុង​ផ្លូវរូង​ក្រោមដី​ ងងឹត​ និង សំណើម​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

គិត​តាំងពី​ចុ​ងឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៦៨ (តាម​ស្ថិតិមិនពេញ​លេញ) ទូទាំង​ស្រុក​វិញ​លិញ​ (Vinh Linh) មាន​ផ្លូវ​រូងចំនួន​​១១៤ខ្សែ ​សរុប​ជាង​៤០គីឡូម៉ែត្រ​ ប្រព័ន្ធ​គមនាគមន៍​ផ្លូវ​រូង​ជាង​២.០០០គីឡូម៉ែត្រ​ និងរាប់រយ​ផ្លូវ​រូង​តូចៗ​​ផ្សេង​ទៀត​ ក្លាយ​ជា​ ភូមិរូង លើក​ដំបូង​កើតមាននៅ​​ក្នុងប្រវត្តិសាស្រ្ត​សង្រ្គាម​វៀតណាម​ បង្ហាញ​ពី​ឆន្ទៈ​ មួយតឹក​មិនព្រាត់ មួយមីលី​មិនឃ្លាត របស់​ទាហាន​ និង ប្រជាជនដែន​​ដីដែកថែប​ស្រុក​វិញ​លិញ​ (Vinh Linh) ប្តេជ្ញាចិត្ត​ច្បាមជាប់​ប្រយុទ្ធ​ការ​ពារ​ភូមិស្រុក​ និង រក្សា​សសៃឈាម​ផ្លូវគមនាគមន៍ចេញទៅ​​ជួរមុខ​សមរភូមិ​។​

 

ភ្ញៀវទេសចរ​ចូល​ស្វែងយល់ខាងក្នុង​ផ្លូវ​រូង​វិញ​ម៉ុក (Vinh Moc)​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

ផ្លូវរូងក្រោម​ដី​ ​ជា​ទីកន្លែង​រស់នៅនៃ​ទាហាន​ និង ប្រជាជនស្រុក​វិញ​លិញ​ (Vinh Linh) នៅក្នុង​អំឡុង​​ឆ្នាំ​កើត​សង្រ្គាម​កាច់សាហាវ​ ខណៈ​ពេល​កុះករ​បំផុត​ មានមនុស្ស​រស់នៅ​ប្រហែល​១.២០០នាក់។ ជីវភាពរស់នៅក្នុង​​​ផ្លូវរូង​តែងតែ​ខ្វះពន្លឺ វត្ថុធាតុ​សម្រាប់​​អុជ​បំភ្លឺ​ដូចជា ​ប្រេង​ ខ្លាញ់ តែង​​បាន​សំចៃ​ទុក​សម្រាប់​ពេល​ចាំ​បាច់​ដូចជា​ កិច្ច​ប្រជុំ សង្គ្រោះអ្នក​​ជំងឺជា​​បន្ទាល់ ថែទាំ​​ទារក​។ល។ ខ្យល់​នៅក្នុង​​ផ្លូវ​រូង ​តែងមាន​​សំណើម​នៅរដូវ​ភ្លៀង​ ក្តៅ​ស្អុសស្អាប់​នៅរដូវប្រាំង​ លក្ខណៈអនាម័យ​មិនបាន​ធានា​ ដូចនេះស្ទើរទាំង​អស់​ នរណា​ក៏មានជំងឺ​លើ​ស្បែក​ ឆ្អឹង​ ភ្នែក​។ នៅ​រយៈពេល​ជិត​២.០០០យប់ថ្ងៃ​ រស់នៅ​ក្នុង​​ផ្លូវ​រូងក្រោម​ដី​​ មាន​សុវត្ថិភាព​​ ដើម្បីអាច​​រក្សាតំណពូជ​ គ្រួសារ វង្សត្រកូល​ ប្រជា​ជន​នៅ​តំបន់​ផ្លូវ​រូង​វិញ​ម៉ុក​ (Vinh Moc)​ ត្រូវ​បែងចែក​គ្នា​រស់នៅ​ក្នុង​រូង​ផ្សេង​ៗ​។ ក្នុងលក្ខណៈ​តឹង​តែង​ដូចនេះ ប្រព័ន្ធ​ផ្លូវ​រូង​នៃ​ ភូមិរូង​ ស្រុក​វិញ​លិញ (Vinh Linh) ជា​សាក្សី​​នៃ​ការប្រសូតចេញ​ពោរពេញ​ដោយ​ភាព​អស្ចារ្យ​ នៃ​ទារកទាំង​​៦០នាក់​ ដោយ​ឡែក​​ចំពោះ​ផ្លូវ​រូង​វិញ​ម៉ុក (Vinh Moc) ​មាន​ទារក​ប្រសូត​ចំនួន​១៧នាក់​។​

 

ទ្វារផ្លូវ​រូងនីមួយ​ៗ ច្រក​ចូល​ផ្លូវ​រូង​នីមួយៗ​ ជាតឹក​តាង​នៃ​ស្មារតី​ឆន្ទៈ​អង់អាច​ “មួយ​តឹក​មិនព្រាត់ មួយ​មីលី​មិន​ឃ្លាត” របស់​ទាហាន​ និង ប្រជាជន​ស្រុក​វិញ​លិញ (Vinh Linh) នៅអំឡុងពេល​ជិត​២០០០យប់ថ្ងៃ ក្រោម​ជំនោរ​គ្រាប់មីន​ គ្រាប់បែក​នៃ​ទ័ព​អាកាសអាមេរិក។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

តាមជាក់ស្តែង​នៃសង្រ្គាម​កាច់សាហាវ​ ប្រព័ន្ធ​ផ្លូវរូង​ជា​ច្រើន​នៅ ភូមិ​រូង​ ស្រុក​វិញ​លិញ​ (Vinh Linh) ត្រូវ​រងការ​ខូច​ខាតមិនតិច​ខាង​មនុស្ស ប៉ុន្តែ​ដោយ​ឡែក​​ចំពោះ​ផ្លូវរូង​វិញ​ម៉ុក (Vinh Moc) ​ដោយសារមានការ​​រៀប​ចំ​កសាង​រឹង​មាំ និង សមស្របជាង ដូច្នេះគ្មានការ​ខូចខាត​ខាងមនុស្ស​ឡើយ​។​

និយាយ​​អំពី​ផ្លូវ​រូង​វិញ​ម៉ុក​ (Vinh Moc) ​នៅក្នុង​ភាពយន្ត​ឯកសារ​ ពិភពមួយ​សម័យសង្រ្គាម​៖ អាថ៌កំបាំង​ផ្លូវ​រូង​វៀតណាម នារី​អ្នកដឹកនាំ​រឿង​ជនជាតិ​ហូឡង់​ Janet Gardner បាន​សរសេរ​ថា នៅ​ឆ្នាំ​១៩៦៥ ប្រជា​ជន​នៅ​ខេត្តមួយនៃ​ភូមិភាគ​កណ្តាលប្រទេស​វៀតណាម​ (ខេត្ត​ក្វាងទ្រី (Quang Tri) - ​អ្នក​ព័ត៌មាន) ឈរមុខ​​សមរភូមិ ​នៃ​សង្រ្គាម​មួយ​កាន់តែតាន់តឹង​។​ ចំពោះ​ពួកគាត់​សង្រ្គាម​បានក្លាយ​ជា​បុព្វហេតុតស៊ូ​ដើម្បី​ជីវិត​។ ក៏​ប៉ុន្តែ​ជំនួស​ដោយ​ការ​ឃ្លាតចាក​​ភូមិ​ស្រុករបស់​ដូនតា​ ពួកគាត់​បែរ​​ជា​​បង្កើត​បាន​ផ្លូវរូង​ដេរដាស់​ កកើត​​ជា​ពិភព​មួយ​​សម័យ​សង្រ្គាម​។​

 

ស្រុក​វិញ​លិញ (Vinh Linh) បច្ចុប្បន្ន ផ្លូវ​រូង​វិញ​ម៉ុក ឥឡូវ​ក្លាយ​ជា​អាសយដ្ឋាន​ទាក់ទាញ​ និង មានអត្ថន័យ​ចំពោះ​ដំណើរ​ទេសចរណ៍​ DMZ នៃ​ខេត្ត​ក្វាង​ទ្រី (Quang Tri)។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

ជាមួយ​​តម្លៃ​ពិសេស​គំរូ​ ឆ្នាំ​២០១៤ កេរដំណែល​ប្រវត្តិសាស្រ្ត​ផ្លូវរូង​​វិញ​ម៉ុក​ (Vinh Moc) និង ប្រព័ន្ធ​ ភូមិ​រូង​ ស្រុក​វិញ​លិញ​ (Vinh Linh) បាន​ជាប់​ចំណាត់ថ្នាក់​ ជា​កេរដំណែល​​ជាតិ​ពិសេស​។ បច្ចុប្បន្ន​ ផ្លូវ​រូង​វិញ​ម៉ុក (Vinh Moc) ​ដោយ​ឡែក និង ប្រព័ន្ធ​ ភូមិរូង ស្រុក​វិញ​លិញ (Vinh Linh) ​ជាទូទៅ ក្លាយ​ជា​​កេរដំណែល​ប្រវត្តិសាស្រ្ត​ វប្បធម៌ពិសេសជាង​គេ​ មានអត្ថន័យ​ដ៏ធំធេង​ក្នុងការ​អប់រំ​ប្រពៃណី​បដិវត្តិ​ ស្មារតី​ស្នេហា​ជាតិ​ ពលកម្ម​ច្នៃប្រតិដ្ឋ​ ទន្ទឹមនោះ​ក៏ជា​​អាសយដ្ឋាន​ទាក់ទាញ​ដំណើរ​​​ទេសចរណ៍​ DMZ (Demilitarised Zone  តំបន់​​ក្រៅយោធា) នៃ​ខេត្តក្វាងទ្រី (Quang Tri) ចូល​រួមចំណែក​ទាក់ទាញភ្ញៀវទេសចរ​ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​នៃមូលដ្ឋាន​៕

  • អត្ថបទ និង រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
  • ប្រែសម្រួល៖ រីកើង​

top