ផ្ទះរក្សាទុកស្នាមជើងរបស់លោកប្រធានហូជីមិញ
ស្ថិតនៅចំកណ្ដាលភូមិសូត្រ វ៉ានភុក (Van Phuc) ដ៏ល្បីល្បាញ របស់ទីក្រុងហាណូយ ផ្ទះអនុស្សាវរីយ៍លោកប្រធានហូជីមិញ គឺជាកន្លែងរក្សាទុកនូវចំណុចរបត់ដ៏វិសេសវិសាលនៅក្នុងប្រវត្តិសាស្ត្រវៀតណាម។ មិនត្រឹមតែជាកេរដំណែលបដិវត្តន៍ប៉ុណ្ណោះទេ កន្លែងនេះថែមទាំងនាំភ្ញៀវទេសចរត្រឡប់ទៅកាន់ថ្ងៃខែដែលសម្រេចវាសនារបស់ប្រជាជាតិ នៅចុងឆ្នាំ១៩៤៦ ផងដែរ។
ស្ថិតនៅក្នុងផ្លូវលំតូចមួយ នៃភូមិសូត្រ វ៉ានភុក (សង្កាត់ហាដុង ទីក្រុងហាណូយ) ផ្ទះអនុស្សាវរីយ៍លោកប្រធានហូជីមិញ មានសម្រស់ស្ងប់ស្ងាត់ នៃផ្ទះបែបប្រពៃណីភាគខាងជើង។ មិនសូវមានអ្នកណាអាចនឹកស្មានថា កន្លែងនេះផ្ទាល់ គឺជាកន្លែងដែលបានឃើញផ្ទាល់ភ្នែក នូវការសម្រេចចិត្តជាប្រវត្តិសាស្ត្រ បើកឆាកសម្រាប់សង្គ្រាមតស៊ូការពារឯករាជ្យភាពរបស់វៀតណាម។
ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ លោកប្រធានហូជីមិញ បានរស់នៅ និងធ្វើការដោយសម្ងាត់ នៅក្នុងផ្ទះរបស់គ្រួសារ លោក ង្វៀន វ៉ាន់យឿង (Nguyen Van Duong) ដែលជាសហគ្រិន ក្នុងវិស័យសូត្រមានទឹកចិត្តស្នេហាជាតិ។ ក្នុងបរិបទដែលស្ថានភាពប្រទេសជាតិ មួយថ្ងៃៗកាន់តែមានភាពតានតឹង បន្ទាប់ពីវៀតណាម ទទួលបានឯករាជ្យ វ៉ានភុកបានជ្រើសរើសជាតំបន់សុវត្ថិភាពរបស់មជ្ឈិមបក្ស និងគណៈកម្មាធិការបក្សភូមិភាគខាងជើង។
ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការនៅទីនេះ លោកប្រធានហូជីមិញ បានធ្វើជាអធិបតីនៃកិច្ចប្រជុំសំខាន់ៗជាច្រើន ជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីគោលនយោបាយ ចំពោះវាសនាប្រទេសជាតិ។ ជាពិសេស នៅក្រោមដំបូលផ្ទះនេះ លោកបានបំពេញសម្រេចនូវសេចក្តីព្រាង "អំពាវនាវឱ្យមានការតស៊ូទូទាំងប្រទេស" ដែលជាឯកសារប្រវត្តិសាស្ត្រអំពាវនាវឱ្យប្រជាជនវៀតណាមទាំងអស់ក្រោកឈរឡើង ការពារឯករាជ្យភាព បើកឆាកសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគម និយមឈ្លានពាន។ សេចក្តីព្រាងនេះ បច្ចុប្បន្នត្រូវបានទទួលស្គាល់ជា រតនសម្បត្តិជាតិ។
ផ្ទះនេះបច្ចុប្បន្ននៅតែបានអភិរក្សស្ទើរតែទាំងស្រុងដូចសភាពដើម។ បន្ទប់ដែលមានទំហំប្រហែល ១២ម៉ែត្រការ៉េ នៅជាន់ទីពីរជាកន្លែងសម្រាក និងធ្វើការរបស់លោកប្រធានហូជីមិញ នៅតែរក្សាទុកគ្រែឈើដ៏សាមញ្ញ តុធ្វើការ ស្នួរសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់សាមញ្ញៗដទៃទៀត ដែលជួយឱ្យភ្ញៀវទេសចរអាចស្រមៃឃើញពីជីវភាពរស់នៅរបស់លោក ក្នុងអំឡុងថ្ងៃប្រវត្តិសាស្ត្រទាំងនោះ។
នៅឆ្នាំ១៩៧៥ ផ្ទះអនុស្សាវរីយ៍លោកប្រធានហូជីមិញ នៅវ៉ានភុក បានរៀបចំណាត់ ថ្នាក់ ជាកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ជាតិ។ ឆ្លងកាត់ការជួសជុលជាច្រើនលើក ទីនេះ នៅតែរក្សាបានស្ថាបត្យកម្មដើម រួមជាមួយលំហសួនច្បារបៃតង បង្កើតបានជាភាពស្ងប់ស្ងាត់ខុសប្លែកពីចង្វាក់ជីវិតដ៏មមាញឹកនៃទីក្រុងហាណូយនាពេលបច្ចុប្បន្ន។
ប្រការដែលធ្វើឱ្យដំណើរទស្សនានេះ មានភាពពិសេស គឺការរួមបញ្ចូលរវាងប្រវត្តិសាស្ត្រ និងវប្បធម៌។ ដើលត្រឹមតែពីរបីនាទីពីកេរដំណែលនេះ គឺភូមិសូត្រ វ៉ានភុក ធ្លាប់ជាភូមិរបរត្បាញសូត្រចំណាស់បំផុតមួយនៅវៀតណាម។ បន្ទាប់ពីស្វែងយល់អំពីចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសជាតិ ភ្ញៀវទេសចរ អាចបន្តស្វែងយល់ពីកីត្បាញប្រពៃណី ហាងលក់សូត្រធ្វើដោយដៃ និងលំហភូមិរបរដែលនៅតែរក្សាបានសម្រស់វប្បធម៌ជាច្រើន នៃតំបន់ដីសណ្ដភាគខាងជើង។
នាពេលបច្ចុប្បន្ននេះ ផ្ទះអនុស្សាវរីយ៍លោកប្រធានហូជីមិញ នៅវ៉ានភុក មិនត្រឹមតែជា "អាសយដ្ឋានក្រហម" អប់រំប្រពៃណី សម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាសយដ្ឋានសម្រាកដ៏មានន័យ សម្រាប់មិត្តភក្តិអន្តរជាតិ ដែលចង់ស្វែងយល់បន្ថែមអំពីដំណើរឆ្ពោះទៅរកឯករាជ្យភាពរបស់ប្រជាជាតិវៀតណាម។ នៅចំកណ្ដាលលំហស្ងប់ស្ងាត់ នៃភូមិសូត្រដ៏ល្បីល្បាញ កេរដំណែលនេះរៀបរាប់ឡើងវិញនូវជំពូកប្រវត្តិសាស្ត្រមួយ តាមរយៈវត្ថុតាងដ៏សាមញ្ញៗ ជួយឱ្យភ្ញៀវទេសចរម្នាក់ៗ មានអារម្មណ៍កាន់តែច្បាស់ អំពីឆន្ទៈ និងបំណងប្រាថ្នាចង់បានសន្តិភាព និងឯករាជ្យភាព របស់ប្រជាជនវៀតណាម៕
អត្ថបទ និងរូបថត៖ កុងដាត/VNP


















