និញវឹន (Ninh Van) ជាទីកន្លែងបញ្ចូលព្រលឹងលើស្នាដៃថ្មវិចិត្រសិល្បៈ

និញវឹន (Ninh Van) ជាទីកន្លែងបញ្ចូលព្រលឹងលើស្នាដៃថ្មវិចិត្រសិល្បៈ

ជាមួយនឹង​ប្រវត្តិសាស្រ្ត​ជាង​៤០០​ឆ្នាំ សិប្បករ​ចម្លាក់​ថ្ម​វិចិត្រសិល្បៈឃុំ​​និញ​វឹន​ (Ninh Van) ស្រុក​ហ្វ័រ​លឺ (Hoa Lu) ខេត្ត​និញ​ប៊ិញ​ (Ninh Binh) បាន​និង​កំពុង​បន្សល់ទុក​ជូន​មនុស្ស​លោក​នូវ​ស្នាដៃ​ពិសេសច្នៃ​ពីថ្ម​ ពិតជា​​បង្កើត​បានចំណាប់​អារម្មណ៍ និង​កេរ្តិ៍ឈ្មោះ​​​ល្បី​រន្ទឺ​សម្រាប់​ភូមិ​។​

វិហារ​ថ្ម​ផាត​យេម​ (Phat Diem) - គិម​សឺន​ (Kim Son) - និញ​ប៊ិញ​ (Ninh Binh) ជា​សំណង់​​ស្ថាបត្យកម្ម​​​​មាន​អាយុកាល​យូរយារ ប្រកប​ដោយ​ស្លាកស្នាម​​ស្នាដៃនៃ​​​ជាង​ថ្ម​​វិចិត្រ​​​សិល្បៈឃុំ​​និញវឹន (Ninh Van)​។​

ផ្តើម​ចេញពី​ភូមិ​របរ​មួយ ដែ​ល​​​​ផលិតកម្មដោយ​ទ្រ​ងទ្រាយ​​ខ្នាតតូច​ សិប្បកម្ម​ពិតមែន ប៉ុន្តែ​​មក​ដល់​​បច្ចុប្បន្ន ​ភូមិ​ថ្ម​និញ​វឹន​ (Ninh Van) បាន​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ខ្លាំង ដោយ​មាន​​សហគ្រាស​​ធំៗ​ឯកទេសច្នៃ​ថ្ម​សិល្បៈ​។ តាម​​ការ​ស្ថិតិ​ បច្ចុប្បន្ននៅ​ឃុំ​​និញ​វឹន (Ninh Van) ​មាន​សហគ្រាស​ប្រហែល​៨០​ សហផលិតកម្ម​​៦០០​ ភូមិ​ចំនួន​១០​នៅ​​ក្នុង​​ឃុំ​​បាន​​ទទួល​ស្គាល់​ជា​ភូមិ​របរ​ប្រពៃណី​។ ជា​រៀង​រាល់​​ឆ្នាំ ប្រាក់​ចំណូល​​សរុប​របស់​ភូមិ​របរ​ប្រមាណ​​​ជិត​​២០០​ពាន់លាន​ដុង​។​

មកដល់​បច្ចុប្បន្ន​ គ្មាន​នរណាម្នាក់​ដឹង​ច្បាស់ថា​របរ​ថ្មវិចិត្រសិល្បៈ​និញ​វឹន​ (Ninh Van) មាន​មក​​ពី​អង្កាលទេ​។ មានរឿងតំណាលថា​​គ្រូដើម​​មុខរបរ​ថ្ម​​នៅ​ឃុំ​និញ​វឹន (Ninh Van)​ មាន​ឈ្មោះ​ពិត​ថា​ហ្វាង​ស៊ុង​ (Hoang Sung) មាន​ដើមកំណើតនៅ​​ស្រុក​ថាញ​ហ្វ័រ​ (Thanh Hoa) (ភូមិ​ញយ - Nhoi) ជា​​ជាង​ចម្លាក់​​ថ្មមាន​​ថ្វី​ដៃ​ម្នាក់​ កាលពីនៅ​វ័យក្មេង​គាត់​​​​មក​រស់នៅ​​ទី​នេះធ្វើ​ជា​​កូនប្រសារ​នៅ​ក្នុង​ភូមិ​​ ហើយបង្កើត​ជា​អាជីព​​ រួច​បង្រៀន​ជូន​អ្នក​ភូមិ​ អ្នកស្រុកទីនេះ។​

ស្នាដៃគំរូ​មួយ​ចំនួន​​របស់ភូមិ​ថ្ម​និញវឹន​ (Ninh Van) បច្ចុប្បន្ន​​​បន្សល់ទុក​នៅ​កេរ​ដំណែល​​ប្រវត្តិសាស្រ្ត​សំខាន់នៃប្រទេសជាតិ​ដូចជា​ ទីក្រុង​បុរាណ​ហ្វ័រលឺ (Hoa Lu) ផ្នូរ​លោកយាយ​​លេវ​ (Lieu) (នៅ​ស្រុក​វូ​បាន - Vu Ban ខេត្ត​ណាម​ដិញ - Nam Dinh) វិហារ​ថ្ម​​ផាត​យេម (Phat Diem)​ (នៅ​ស្រុក​គិម​សឺន​ - Kim Son ខេត្ត​និញ​ប៊ិញ - Ninh Binh) ផ្នូរ​ស្តេច​​ខាយ​ដិញ (Khai Dinh) (ទីក្រុង​ហ្វេ) ពុទ្ធបដិមានៅ​វត្ត​ហឿង​ទិច​ (Huong Tich) (ហាណូយ​) វិហារ​ថៃវី​ (Thai Vi) (នៅ​ស្រុក​ហ្វ័រ​លឺ - Hoa Lu ខេត្ត​និញ​ប៊ិញ - Ninh Binh)​។​

 
 

ដើម្បី​ធ្វើ​បាន​សម្រេច​ស្នាដៃ​ថ្ម​វិចិត្រ​សិល្បៈ​មួយ​ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជា​ច្រើន​ ក្នុងនោះការ​​ជ្រើស​រើស​វត្ថុធាតុដើម​ ជា​ដំណាក់កាល​សំខាន់បំផុត​ ពីព្រោះ​ប្រសិន​បើ​វត្ថុធាតុ​​ដើមមិនអាចធានា​បាន​ គុណភាព​ស្នាដៃ​​​ក៏មិនបាន​ល្អខ្ពស់​ឡើយ​។ អ្នក​ជ្រើស​រើស​​ថ្ម​ ត្រូវ​មាន​បទ​ពិសោធន៍​យូរឆ្នាំ​ ជ្រើស​ផែន​ថ្ម​​​ស្អាត​បាត​ ជៀស​វាង​មានស្នាម​រហែក​ប្រេះ ប្រឡាក់ស្នាម​។​ល។

ជាអ្នក​មាន​បទពិសោធន៍​មុខ​របរ​យូរ​ឆ្នាំ ​ សិប្បករ​យឿង​ វ៉ាន់​ថាំង (Duong Van Thang) រៀប​​រាប់​ថា​ មុខរ​បរ​នេះ ទាមទារ​ភាព​​ផ្ចិត​ផ្ចង់​ ប៉ិន​ប្រសប់​​របស់​ជាងចម្លាក់​​ អ្នក​​ទើប​រៀន​​របរ​ថ្មីៗ​​ យោង​​តាម​​សមត្ថភាព​ទេពកោសល្យ​ ហើយ​សំខាន់​បំផុត ​ត្រូវ​មានការ​​ព្យាយាម​រៀន​សូត្រ​ ធ្វើ​កាន់​តែច្រើន​  កាន់តែ​​រហ័ស​​និង​ស្អាត​។​


 

ស្នាដៃ​នៅ​ភូមិ​ថ្ម​វិចិត្រសិល្បៈ​និញ​វឹន​ (Ninh Van) មានច្រើនប្រភេទ និង​​សម្បូរបែប​ ពិពិធភាព ដូចជា​ ស្តូប​វិមាន ផ្នូរ​ខ្មោច​ វិហារ​ ពុទ្ធបដិមា​ ផើង​ធូប​ ផ្ទាំង​ចរិក​ ផ្តែ។ល។​ ពី​ផែន​ថ្ម​រដិប​​រដុប​ ជាងចម្លាក់​​ថ្ម​និញ​វឹន (Ninh Van) បង្កើតបាន​​ជាស្នាដៃ​ថ្ម​វិចិត្រសិល្បៈ​​ពិសេស​ដោយមាន​​​អតិថិជន​​ក្នុង​ និង​ក្រៅ​ស្រុក​​ពេញ​និយម​​ប្រើ​។​

កាល​ដើម​ឡើយ​​ ដំណាក់កាលច្នៃ​ថ្ម​​នីមួយ​ៗ នៅ​ឃុំនិញ​វឹន (Ninh Van) ​សុទ្ធតែ​​បាន​ធ្វើ​​ដោយ​​ដៃយ៉ាង​​នឿយហត់​​។ ក្រោយមក​ បច្ចេកវិទ្យា​​ម៉ាស៊ីន​អភិវឌ្ឍ​​ប្រសិទ្ធភាព​ការ​ងារ​របស់​ជាង​ចម្លាក់ ​ត្រូវបាន​កែលម្អយ៉ាង​ច្បាស់​លាស់​ផង​ដែរ​។​

ស្នាដៃនៃ​​ភូមិ​របរ​ថ្ម​វិចិត្រសិល្បៈ​នៅឃុំ​​វិញ​វឹន​ (Ninh Van) មិនត្រឹម​តែ​មាន​តម្លៃ​​រូបី នៅ​ទាំង​​​បង្កប់​​តម្លៃវប្បធម៌​​ស្មារតី​ ​​ពោរពេញដោយអត្តសញ្ញាណ​ប្រពៃណី​ នៃ​ប្រជាជន​ដែល​​ប្រកប​​មុខ​រ​បរ​ចម្លាក់​ថ្ម​វិចិត្រសិល្បៈ​នៅទីនេះ​៕​

អត្ថបទនិង​រូបថត៖ ង្វៀន ង៉ុក​ឡិញ​

ប្រែសម្រួល​៖ រីកើង​



Top