បាននិងកំពុងបន្សល់ទុកជូនមនុស្សលោកនូវស្នាដៃពិសេសច្នៃពីថ្ម ពិតជាបង្កើតបានចំណាប់អារម្មណ៍ និងកេរ្តិ៍ឈ្មោះល្បីរន្ទឺសម្រាប់ភូមិ។
ជាមួយនឹងប្រវត្តិសាស្រ្តជាង៤០០ឆ្នាំ សិប្បករចម្លាក់ថ្មវិចិត្រសិល្បៈឃុំនិញវឹន (Ninh Van) ស្រុកហ្វ័រលឺ (Hoa Lu) ខេត្តនិញប៊ិញ (Ninh Binh) បាននិងកំពុងបន្សល់ទុកជូនមនុស្សលោកនូវស្នាដៃពិសេសច្នៃពីថ្ម ពិតជាបង្កើតបានចំណាប់អារម្មណ៍ និងកេរ្តិ៍ឈ្មោះល្បីរន្ទឺសម្រាប់ភូមិ។
វិហារថ្មផាតយេម (Phat Diem) - គិមសឺន (Kim Son) - និញប៊ិញ (Ninh Binh) ជាសំណង់ស្ថាបត្យកម្មមានអាយុកាលយូរយារ ប្រកបដោយស្លាកស្នាមស្នាដៃនៃជាងថ្មវិចិត្រសិល្បៈឃុំនិញវឹន (Ninh Van)។
ផ្តើមចេញពីភូមិរបរមួយ ដែលផលិតកម្មដោយទ្រងទ្រាយខ្នាតតូច សិប្បកម្មពិតមែន ប៉ុន្តែមកដល់បច្ចុប្បន្ន ភូមិថ្មនិញវឹន (Ninh Van) បានអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ដោយមានសហគ្រាសធំៗឯកទេសច្នៃថ្មសិល្បៈ។ តាមការស្ថិតិ បច្ចុប្បន្ននៅឃុំនិញវឹន (Ninh Van) មានសហគ្រាសប្រហែល៨០ សហផលិតកម្ម៦០០ ភូមិចំនួន១០នៅក្នុងឃុំបានទទួលស្គាល់ជាភូមិរបរប្រពៃណី។ ជារៀងរាល់ឆ្នាំ ប្រាក់ចំណូលសរុបរបស់ភូមិរបរប្រមាណជិត២០០ពាន់លានដុង។
មកដល់បច្ចុប្បន្ន គ្មាននរណាម្នាក់ដឹងច្បាស់ថារបរថ្មវិចិត្រសិល្បៈនិញវឹន (Ninh Van) មានមកពីអង្កាលទេ។ មានរឿងតំណាលថាគ្រូដើមមុខរបរថ្មនៅឃុំនិញវឹន (Ninh Van) មានឈ្មោះពិតថាហ្វាងស៊ុង (Hoang Sung) មានដើមកំណើតនៅស្រុកថាញហ្វ័រ (Thanh Hoa) (ភូមិញយ - Nhoi) ជាជាងចម្លាក់ថ្មមានថ្វីដៃម្នាក់ កាលពីនៅវ័យក្មេងគាត់មករស់នៅទីនេះធ្វើជាកូនប្រសារនៅក្នុងភូមិ ហើយបង្កើតជាអាជីព រួចបង្រៀនជូនអ្នកភូមិ អ្នកស្រុកទីនេះ។
ស្នាដៃគំរូមួយចំនួនរបស់ភូមិថ្មនិញវឹន (Ninh Van) បច្ចុប្បន្នបន្សល់ទុកនៅកេរដំណែលប្រវត្តិសាស្រ្តសំខាន់នៃប្រទេសជាតិដូចជា ទីក្រុងបុរាណហ្វ័រលឺ (Hoa Lu) ផ្នូរលោកយាយលេវ (Lieu) (នៅស្រុកវូបាន - Vu Ban ខេត្តណាមដិញ - Nam Dinh) វិហារថ្មផាតយេម (Phat Diem) (នៅស្រុកគិមសឺន - Kim Son ខេត្តនិញប៊ិញ - Ninh Binh) ផ្នូរស្តេចខាយដិញ (Khai Dinh) (ទីក្រុងហ្វេ) ពុទ្ធបដិមានៅវត្តហឿងទិច (Huong Tich) (ហាណូយ) វិហារថៃវី (Thai Vi) (នៅស្រុកហ្វ័រលឺ - Hoa Lu ខេត្តនិញប៊ិញ - Ninh Binh)។
ដើម្បីធ្វើបានសម្រេចស្នាដៃថ្មវិចិត្រសិល្បៈមួយ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ក្នុងនោះការជ្រើសរើសវត្ថុធាតុដើម ជាដំណាក់កាលសំខាន់បំផុត ពីព្រោះប្រសិនបើវត្ថុធាតុដើមមិនអាចធានាបាន គុណភាពស្នាដៃក៏មិនបានល្អខ្ពស់ឡើយ។ អ្នកជ្រើសរើសថ្ម ត្រូវមានបទពិសោធន៍យូរឆ្នាំ ជ្រើសផែនថ្មស្អាតបាត ជៀសវាងមានស្នាមរហែកប្រេះ ប្រឡាក់ស្នាម។ល។
ជាអ្នកមានបទពិសោធន៍មុខរបរយូរឆ្នាំ សិប្បករយឿង វ៉ាន់ថាំង (Duong Van Thang) រៀបរាប់ថា “មុខរបរនេះ ទាមទារភាពផ្ចិតផ្ចង់ ប៉ិនប្រសប់របស់ជាងចម្លាក់ អ្នកទើបរៀនរបរថ្មីៗ យោងតាមសមត្ថភាពទេពកោសល្យ ហើយសំខាន់បំផុត ត្រូវមានការព្យាយាមរៀនសូត្រ ធ្វើកាន់តែច្រើន កាន់តែរហ័សនិងស្អាត”។
ស្នាដៃនៅភូមិថ្មវិចិត្រសិល្បៈនិញវឹន (Ninh Van) មានច្រើនប្រភេទ និងសម្បូរបែប ពិពិធភាព ដូចជា ស្តូបវិមាន ផ្នូរខ្មោច វិហារ ពុទ្ធបដិមា ផើងធូប ផ្ទាំងចរិក ផ្តែ។ល។ ពីផែនថ្មរដិបរដុប ជាងចម្លាក់ថ្មនិញវឹន (Ninh Van) បង្កើតបានជាស្នាដៃថ្មវិចិត្រសិល្បៈពិសេសដោយមានអតិថិជនក្នុង និងក្រៅស្រុកពេញនិយមប្រើ។
កាលដើមឡើយ ដំណាក់កាលច្នៃថ្មនីមួយៗ នៅឃុំនិញវឹន (Ninh Van) សុទ្ធតែបានធ្វើដោយដៃយ៉ាងនឿយហត់។ ក្រោយមក បច្ចេកវិទ្យាម៉ាស៊ីនអភិវឌ្ឍប្រសិទ្ធភាពការងាររបស់ជាងចម្លាក់ ត្រូវបានកែលម្អយ៉ាងច្បាស់លាស់ផងដែរ។
ស្នាដៃនៃភូមិរបរថ្មវិចិត្រសិល្បៈនៅឃុំវិញវឹន (Ninh Van) មិនត្រឹមតែមានតម្លៃរូបី នៅទាំងបង្កប់តម្លៃវប្បធម៌ស្មារតី ពោរពេញដោយអត្តសញ្ញាណប្រពៃណី នៃប្រជាជនដែលប្រកបមុខរបរចម្លាក់ថ្មវិចិត្រសិល្បៈនៅទីនេះ៕
អត្ថបទនិងរូបថត៖ ង្វៀន ង៉ុកឡិញ
ប្រែសម្រួល៖ រីកើង