ទំព័រសៀវភៅរក្សាអនុស្សាវរីយ៍រដ្ឋធានីហាណូយ
ក្នុងចង្វាក់ជីវិតសម័យទំនើបនៃរដ្ឋធានី ហាណូយ (Ha Noi) ហាងលក់សៀវភៅចាស់នៅមានវត្តមានយ៉ាងស្ងប់ស្ងាត់ ដែលចាត់ទុកដូចជាកន្លែងរក្សាអនុស្សាវរីយ៍ និងជាទីដែលសៀវភៅនីមួយៗសុទ្ធតែជារឿងរ៉ាវមួយអំពី កាលអាកាស វប្បធម៌ និងប្រជាជនទីក្រុងហាណូយ។
លាក់ខ្លួននៅក្នុងបណ្ដាវិថីធ្លាប់ស្គាល់ ដូចជាផ្លូវ បាទ្រីវ (Ba Trieu) ផ្លូវ ឌិញលេ (Dinh Le) ផ្លូវ ង៉ូ ធីញ៉ឹម (Ngo Thi Nham)… ហាងលក់សៀវភៅចាស់ នៅរដ្ឋធានីហាណូយ មិនត្រឹមតែជាកន្លែងសម្រាប់ទិញ និងលក់សៀវភៅតែប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជា "ឃ្លាំងផ្ទុកអនុស្សាវរីយ៍" ពិសេសរបស់ទីក្រុងផងដែរ។ នៅទីនោះ ក្លិនក្រដាសចាស់ៗ ធ្នើរសៀវភៅខ្ពស់បាំងបិទជិតជញ្ជាំង និងស្លាកស្នាមនៃពេល វេលា លើទំព័រសៀវភៅនីមួយៗ បង្កើតជាបរិយាកាសពិសេសមួយដោយឡែក ខុសពីហាងលក់សៀវភៅទំនើបៗ។
ខុសប្លែកពីការស្វែងរកទិញសៀវភៅថ្មីតាមបញ្ជីមានស្រាប់ ការមកកាន់ហាងលក់សៀវភៅចាស់ គឺជាដំណើរការស្វែងយល់មួយ។ អ្នកអានអាចស្វែងរកនូវសៀវភៅមួយក្បាល ដែលឈប់បោះពុម្ពឡើងវិញ សៀវភៅកំណាព្យមួយភាក ដែលបានបោះពុម្ពក្នុងទសវត្សរ៍មុនៗ ឬឯកសារមួយមានតម្លៃ ដែលធ្លាប់ជាកម្មសិទ្ធិរបស់បណ្ណាល័យមួយ គ្រួសារមួយ ឬបុគ្គលម្នាក់។ ក្នុងសៀវភៅជាច្រើន នៅជាប់កំណត់ចំណាំនៅគែមពីបីបន្ទាត់ ឬសំណេរជូន ត្រាចាស់ៗ ឬសំណេររបស់ម្ចាស់សៀវភៅ ដែលធ្វើឱ្យសៀវភៅនីមួយៗ ក្លាយជាសាក្សីនៃពេលវេលា។
ហាងលក់សៀវភៅចាស់ បានក្លាយទៅជាគោលដៅ ទាំងមនុស្សពេញវ័យ និងកុមារ ដែលរួមចំណែកបង្កើតចំណូល ចំណង់ចិត្តអានឆ្លងកាត់ជំនាន់ជាច្រើន។ រូបថត៖ ខាញ់ឡុង / VNPរដ្ឋធានីហាណូយមានផ្លូវជាច្រើន ដែលភ្ជាប់ជាមួយអាជីវកម្មលក់សៀវភៅ ដូចជា ផ្លូវ ឌិញលេ (Dinh Le) និង ផ្លូវ ង្វៀនស្វ៊ី (Nguyen Xi) ប៉ុន្តែសម្រាប់អ្នក ដែលចូលចិត្តសៀវភៅចាស់ ផ្លូវ ឡាង (Lang) និងផ្លូវ បាទ្រីវ (Ba Trieu) ទើបជាអាសយដ្ឋានពេញនិយម។ នៅទីនេះ ហាងតូចៗ ជាច្រើន នៅតែដាក់សៀវភៅតម្រៀបតម្រួត លើគ្នាខ្ពស់ដល់ដំបូលផ្ទះ ដោយមានគ្រប់ប្រភេទ តាំងពីសៀវភៅអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ រហូតដល់សៀវភៅឯកទេស ដែលបង្កើតលំហមួយ ពោរញេញទៅដោយពណ៌ចម្រុះនៃចំណេះដឹង។.
យុវតី ដាំង ហៀនត្រាំ (Dang Huyen Tram) និស្សិតនៅសាកលវិទ្យាល័យ FPT បានចែករំលែកថា៖ «មិនដូចសម្លៀកបំពាក់ សៀវភៅគ្រាន់តែមានរូបរាងចាស់ប៉ុណ្ណោះ ប៉ុន្តែខ្លឹមសារនៅតែមិនផ្លាស់ប្តូរ។ ដូច្នេះសម្រាប់ខ្ញុំ សៀវភៅចាស់ និងសៀវភៅថ្មីមានតម្លៃស្មើគ្នា»។
សម្រាប់លោកស្រី ង្វៀន ធូភឿង (Nguyen Thu Phuong) អ្នកអានម្នាក់ នៅរដ្ឋធានីហាណូយ ការទិញសៀវភៅចាស់គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយ។ លោកស្រី ភឿង (Phuong) ជឿជាក់ថា៖ «អ្វីដែលទាក់ទាញបំផុត មិនត្រឹមជាខ្លឹមសារនៃសៀវភៅនោះទេ នៅទាំងជារឿងរ៉ាវពីខាងក្រោយនៃសៀវភៅនោះ៖ ផ្កាស្ងួត ១ទងរក្សាទុកក្នុងចន្លោះទំព័រ ធៀបតូចមួយ ឬកំណត់ចំណាំពីបីបន្ទាត់ ដែលអ្នកអានបានបន្សល់ទុក កាលពីប៉ុន្មានឆ្នាំមុន - ទាំងអស់នោះរួមចំណែកទាក់ទាញពិសេសនៃសៀវភៅនីមួយៗ»។
នៅក្នុងយុគសម័យឌីជីថល ខណៈដែលសៀវភៅអេឡិចត្រូនិច និងវេទិកាអនឡាញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការពេញនិយមយ៉ាងណានោះ តែហាងលក់សៀវភៅចាស់ៗ នៅតែមានភាពទាក់ទាញពិសេសយ៉ាងនោះដែរ។ ហាងលក់សៀវភៅចាស់ជាកន្លែងដែលមនុស្សរកឃើញភាពយឺតៗ តំណភ្ជាប់ជាមួយអតីតកាល និងមានអារម្មណ៍ជ្រាលជ្រៅ ចំពោះវប្បធម៌នៃរដ្ឋធានីហាណូយ តាមរយៈទំព័រសៀវភៅនីមួយៗ ដោយស្លាកស្នាមនៃពេលវេលា។
បណ្តាហាងលក់សៀវភៅចាស់ទាំងនោះ មិនត្រឹមតែរក្សាចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការថែរក្សា «ព្រលឹងទីក្រុង» សម្រស់នៃរដ្ឋធានីមានអរិយធម៌រាប់ពាន់ឆ្នាំ ទីដែលអនុស្សាវរីយ៍ និងវប្បធម៌អំណាន នៅតែបន្តពីមួយជំនាន់ទៅមួយជំនាន់៕
អត្ថបទ និងរូបថត៖ ខាញ់ឡុង / VNP












