ទេសភាពធម្មជាតិនៃឆ្នេរសមុទ្រ គីកូ (Ky Co)

ទេសភាពធម្មជាតិនៃឆ្នេរសមុទ្រ គីកូ (Ky Co)

ឆ្នេរសមុទ្រ​​ គីក (Ky Co) គឺជា​កន្លែង​ទេសចរមួយ​ ដែលមិនអាច​រំលងបាន​ នៅពេល​មកកាន់ទីក្រុង​ គ្វីញ៉ឹន (Quy Nhon) 

ចម្ងាយពី​​កណ្តាល​ទីក្រុង ​​គ្វីញ៉ឹន (Quy Nhon) ប្រហែល​ ២០ គីឡូម៉ែត្រ​​ តាម​ទិស​អាគ្នេយ៍ ឧបទ្វីប​កោះ​ គីកូ (Ky Co) (ស្ថិត​ក្នុ​ងភូមិសាស្ត្រ​ឃុំ ញ៉ឹន​លី (Nhon Ly) ខេត្ត​ ប៊ិញ​ឌីញ (Binh Dinh)) បាន​ចាត់ទុក​ដូចជា​កន្លែង​ទេសចរ​ដ៏​ចាប់​ចិត្ត​បំផុត​ នៅទីក្រុង​ គ្វីញ៉ឹន (Quy Nhon)។ ឧបទ្វីប​កោះ​ គីកូ (Ky Coល្បីល្បាញ ​ដោយសារឆ្នេរសមុទ្រមាន​មុខទាំង ៣ ផ្អែកទៅ​នឹង​ភ្នំ និងមុខមួយទៀតឆ្ពោះទៅ​​លំហរ​សមុទ្រដែល​បង្កើតជា​ទេសភាព​ធម្មជាតិ​ស្រស់ស្អាត​និង​ជា​ជម្រើសដ៏​ចាប់​ចិត្ត​សម្រាប់​ភ្ញៀវ​ទេសចរ​ មិត្តភត្តិ និងសាច់​ញាតិ​ ក្នុង​ពេល​សម្រាក។

ឆ្នេរសមុទ្រ​ ​ គីកូ (Ky Co) មាន​ទីតាំង​ពិសេស​ដែល​មាន​មុខទាំង ៣ ផ្អែក​ទៅនឹង​ភ្នំ និងមុខមួយទៀតឆ្ពោះទៅ​​លំហរ​សមុទ្រ ហើយ​បង្កើត​បានជាឆ្នេរសមុទ្រ​មួយ​ដាច់​ដោយឡែក​ជាមួយ​តំបន់ដី​គោក និ​ង​មិន​ទទួល​​ឥទ្ធពល​ពី​ជីវភាព​រស់នៅ នៅ​ទីក្រុង ដូច្នេះ​ភ្ញៀវ​​អាច​ស្ងប់​ចិត្ត​ក្នុង​ការគយ​គន់​ទេសភាពនិង​ហែល​ទឹក​សមុទ្រ​។ ធម្មជាតិ​បាន​បង្កើតឈូង​សមុទ្រ​តូចមួយ​ រួមមាន​ ភ្នំធំៗខ្ពស់ៗរួម​ជាមួយ​ដើម​ឈើ​ពណ៌បៃតង ឬដើម​ដូងបញ្ចេញស្រមោលនៅលើវាលខ្សាច់ពណ៌ស ដែលបង្កើតភាពស្រស់ស្អាតបែបរ៉ូមែនទិចទាក់ទាញមនុស្ស​គ្រប់ទិសទី។  

ជាពិសេស ​សង្ខាង​​ឆ្នេរសមុទ្រ​ គីកូ (Ky Co) មាន​​វាល​ថ្មដែល​បាន​រលក​សមុទ្រ​បោកបក់ជាយូរមក​ហើយបាន​បង្កើត​ប្រហោង​ធំៗ មើល​ដូចជា​​រូង​ភ្នំ​គួរឲ្យចាប់​ចិត្ត ដែលកំពុងលាតសន្ធឹងលើផ្ទៃសមុទ្រ។ ភ្នំថ្មស្ថិតនៅជាប់គ្នាឈរជាជួរ មើលទៅហាក់ដូចជាត្រូវបានមនុស្សរៀបចំដោយគ្មានកំហុសសោះឡើយ។ ពេលខ្លះ ភ្ញៀវ​ទេសចរនឹងមើលឃើញនូវតំបន់ថ្មដែលស្រុតជារន្ធរាក់ៗ នៅពេលដែលជំនោរទឹកឡើង ឬរលកបក់បោក បរិមាណទឹកត្រូវបានរក្សាទុក ហើយក៏បង្កើតបានជាបឹងតូចៗ។​

ដំណើរការ​បង្កើត​ឧបទ្វីប​កោះ​ គីកូ (Ky Co) គឺជា​ការស្វែងយល់គួរ​ឲ្យ​ចង់​ចាំ។ នៅពេល​ភ្ញៀវ​ទេសចរ​មកលេងឃុំ​កោះ​ញ៉ឹន​លី (Nhon Ly) ភ្ញៀវ​អាច​ជ្រើសរើស​​​របៀប​ធ្វើដំណើរ​ចំនួន​ពីរ​ គឺ៖ ការធ្វើ​ដំណើរ​តាមផ្លូវ​គោក ឬធ្វើ​ដំណើរ​ដោយ​ទូក​កានូ។ បើ​សិនបើ​ភ្ញៀវ​ជ្រើសរើស​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក នៅតាម​ដងផ្លូវ​ ពួក​គេ​នឹងបាន​គយគន់​ទេសភាពទូទៅក្នុង​ភូមិសាស្ត្រ​ឃុំកោះ ​ញ៉ឹន​លី (Nhon Ly) រួមមាន​៖ ភូមិ​នេសាទ​​​មាន​ទីតាំង​នៅ​​ឆ្នេរសមុទ្រ​ខៀវ​ស្រងាត់។ 


 

ដោយ​ទេសភាព​រ៉ូមែនទិចនេះ ភ្ញៀវ​អាច​​ថត​រូបនិង​ស្វែងយល់នូវ​ភាពអស្ចារ្យ​នៃទេសភាព​សមុទ្រ​ដែល​មាន​ភូមិនេសាទ​ដ៏សុខ​សាន្ត​នៅ​ឆ្ងាយៗ។ លើស​ពី​នេះ ភ្ញៀវទេសចរអាច​ជ្រើសរើសការធ្វើ​ដំណើរ​ទៅ​កាន់​កោះ​នេះដោយ​កានូ។ ទូកកានូនឹងដឹក​ជញ្ជូនភ្ញៀវទេសចរ​ទៅកាន់ឧបទ្វីប គីក (Ky Co) ក្នុង​រយៈពេលប្រហែល ៤០ នាទី ។ នៅពេលភ្ញៀវទេសចរធ្វើដំណើរតាមទូក ពីលំហរសមុទ្រទៅដល់​ឆ្នេរសមុទ្រ គេនឹងឃើញយ៉ាងច្បាស់ថា ទឹកសមុទ្រត្រូវបានបែងចែកទៅជាចរន្តទឹកសមុទ្រច្រើន​ពណ៌ ផ្លាស់ប្តូរបន្តិចម្តងៗពីពណ៌ខៀវចាស់ទៅជាពណ៌ខៀវខ្ចី ហើយប្រែទៅជាពណ៌បៃតងថ្លា។ សម្របខ្លួន​ចូលក្នុង​ទឹកសមុទ្រ​ខៀវ​ថ្លា ​រួចមើល​ជ្រៅ​ទៅ​ក្នុង​បាតសមុទ្រ​ ភ្ញៀវទេសចរនឹង​មាន​អារម្មណ៍​ថា​បាន​ហែល​ទឹក​នៅ​កណ្តាល​ "អាងហែលទឹក​ធំ​" ដ៏​ស្រស់​ស្អាត​។

មកទេសចរនៅ គីកូ (Ky Co) ភ្ញៀវទេសចរមិនគួររំលងសេវាកម្មទៅឆ្នេរសមុទ្រ បាយយឿ (Bai Dua) ដើម្បីគយគន់ផ្កាថ្មតាមទូក។ អ្នកនេសាទដែលមានបទពិសោធន៍នេសាទ ក្នុង​រយៈពេល​ច្រើន​ឆ្នាំនឹងជិះទូកដោយសុវត្ថិភាព ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរឆ្លងកាត់ជ្រោះ ដើម្បីស្វែងរកផ្កាថ្មដ៏ស្រស់ស្អាតនៅក្នុងតំបន់ បាយ​យឿ (Bai Dua )។ នៅក្នុងទឹកសមុទ្រពណ៌ខៀវស្រងាត់ ភ្ញៀវ​ទេសចរគ្រាន់តែបំពាក់វ៉ែនតាហែលទឹក ពាក់អាវពោង និងក្រោមការណែនាំរបស់អ្នកនេសាទ ភ្ញៀវទេសចរអាចរីករាយនឹងការគយគន់ផ្កាថ្មចម្រុះពណ៌បានដោយងាយ។ ក្នុងអំឡុងពេលនៃការមុជទឹកសមុទ្រដើម្បីគយគន់ផ្កាថ្ម ភ្ញៀវ​ទេសចរនឹងឃើញហ្វូងត្រីតូចៗហែលជុំវិញ ដោយភាពរំភើបរីករាយ។ លើសពីនេះ ភ្ញៀវក៏អាចជួលទូក ឬកានូ ដើម្បីទៅស្ទូចត្រី ស្ទូចមឹក ឬទៅតាមអ្នកនេសាទទៅកាន់សមុទ្រ ដើម្បីស្វែងយល់ពីការងារនេសាទប្រចាំថ្ងៃរបស់ពួកគេ។


ឧបទ្វីប គីកូ (Ky Co) គឺជាគោលដៅទេសចរនៅតែ​រក្សា​បានភាព​ធម្មជាតិ សេវាកម្មទេសចរនៅទីនេះមានភាព​សាមញ្ញ ប៉ុន្តែប្រហែលជាអ្វីដែលធ្វើឱ្យភ្ញៀវ​ទេសចរចង់ត្រឡប់មកវិញគឺប្រជាជននៅទីនេះ មានភាពស្និទ្ធស្នាល និងរួសរាយរាក់ទាក់។ អាចនិយាយបានថា កោះ គី ក (Ky Co) រួមជាមួយនឹងកន្លែងជិតៗមួយចំនួនទៀតដូចជា អែវយ៉ (Eo Gio) កោះអៀន (Yen) កន្លែងបោះជំរុំ ទ្រុង​លឿង (Trung Luong) ជាដើម បានរួមចំណែកក្នុង​ការបង្កើតភាពចម្រុះនៃ "សៀវភៅណែនាំអំពីការធ្វើដំណើរដ៏អស្ចារ្យរបស់ខេត្ត គីញ៉ឹន ( Quy Nhon)"។/.

ភ្ញៀវ​ទេសចរ​មក​លេងកោះគីកូ (Ky Co) ដោយទូកនូ

បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ភ្ញៀវ​គួរ​ជួល​ម៉ូតូ​និងបើក​បរ​ដោយ​ខ្លួន​ឯង​ក្នុង​ទីក្រុង គ្វីញ៉ឹន (Quy Nhon) ដោយ​តម្លៃ​ជួល​ពី ១៥០.០០០ ដល់ ១៨០.០០០ដុង/មួយថ្ងៃ។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​មធ្យោបាយ​សន្សំ​ប្រាក់ និង​ជួយភ្ញៀវទេសចរ​ម្ចាស់ការក្នុង​​ដំណើរការ​របស់​គេ និង​ងាយស្រួល​បំផុត​សម្រាប់​ការធ្វើ​ដំណើរ​និង​គយ​គន់ទេសភាព​តាមដង​ផ្លូវ។

ចំពោះការជិះទូកកានូ ភ្ញៀវទេសចរគួរតែជ្រើសរើសក្រុមដឹក​ជញ្ជូន​ដោយ​កានូ និងកក់សំបុត្រ ដើម្បីមាន​បុគ្គលិកទទួល​ភ្ញៀវ​ទេសចរ និង​នាំ​គេទេសចរ​កោះ​គីក (Ky Co)។  តម្លៃសំបុត្រទូកកានូនាំចេញទៅ និងនាំមកទៅវិញ រួមទាំងអាហារថ្ងៃត្រង់ជាគ្រឿង​សមុទ្រ និងសំបុត្រចូលឆ្នេរសមុទ្រកោះ គីក (Ky Co) មានតម្លៃចាប់ពី ៣៧០.០០០ ដល់ ៤៥០.០០០ដុង/ម្នាក់។


អត្ថបទ និងរបថត៖ កុង​ដាត​ /កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយង្វៀន​យ៉ាង



Top