ចម្ងាយពីកណ្តាលទីក្រុង គ្វីញ៉ឹន (Quy Nhon) ប្រហែល ២០ គីឡូម៉ែត្រ តាមទិសអាគ្នេយ៍ ឧបទ្វីបកោះ គីកូ (Ky Co) (ស្ថិតក្នុងភូមិសាស្ត្រឃុំ ញ៉ឹនលី (Nhon Ly)
ឆ្នេរសមុទ្រ គីក (Ky Co) គឺជាកន្លែងទេសចរមួយ ដែលមិនអាចរំលងបាន នៅពេលមកកាន់ទីក្រុង គ្វីញ៉ឹន (Quy Nhon)
ចម្ងាយពីកណ្តាលទីក្រុង គ្វីញ៉ឹន (Quy Nhon) ប្រហែល ២០ គីឡូម៉ែត្រ តាមទិសអាគ្នេយ៍ ឧបទ្វីបកោះ គីកូ (Ky Co) (ស្ថិតក្នុងភូមិសាស្ត្រឃុំ ញ៉ឹនលី (Nhon Ly) ខេត្ត ប៊ិញឌីញ (Binh Dinh)) បានចាត់ទុកដូចជាកន្លែងទេសចរដ៏ចាប់ចិត្តបំផុត នៅទីក្រុង គ្វីញ៉ឹន (Quy Nhon)។ ឧបទ្វីបកោះ គីកូ (Ky Co) ល្បីល្បាញ ដោយសារឆ្នេរសមុទ្រមានមុខទាំង ៣ ផ្អែកទៅនឹងភ្នំ និងមុខមួយទៀតឆ្ពោះទៅលំហរសមុទ្រដែលបង្កើតជាទេសភាពធម្មជាតិស្រស់ស្អាតនិងជាជម្រើសដ៏ចាប់ចិត្តសម្រាប់ភ្ញៀវទេសចរ មិត្តភត្តិ និងសាច់ញាតិ ក្នុងពេលសម្រាក។
ឆ្នេរសមុទ្រ គីកូ (Ky Co) មានទីតាំងពិសេសដែលមានមុខទាំង ៣ ផ្អែកទៅនឹងភ្នំ និងមុខមួយទៀតឆ្ពោះទៅលំហរសមុទ្រ ហើយបង្កើតបានជាឆ្នេរសមុទ្រមួយដាច់ដោយឡែកជាមួយតំបន់ដីគោក និងមិនទទួលឥទ្ធពលពីជីវភាពរស់នៅ នៅទីក្រុង ដូច្នេះភ្ញៀវអាចស្ងប់ចិត្តក្នុងការគយគន់ទេសភាពនិងហែលទឹកសមុទ្រ។ ធម្មជាតិបានបង្កើតឈូងសមុទ្រតូចមួយ រួមមាន ភ្នំធំៗខ្ពស់ៗរួមជាមួយដើមឈើពណ៌បៃតង ឬដើមដូងបញ្ចេញស្រមោលនៅលើវាលខ្សាច់ពណ៌ស ដែលបង្កើតភាពស្រស់ស្អាតបែបរ៉ូមែនទិចទាក់ទាញមនុស្សគ្រប់ទិសទី។
ជាពិសេស សង្ខាងឆ្នេរសមុទ្រ គីកូ (Ky Co) មានវាលថ្មដែលបានរលកសមុទ្របោកបក់ជាយូរមកហើយបានបង្កើតប្រហោងធំៗ មើលដូចជារូងភ្នំគួរឲ្យចាប់ចិត្ត ដែលកំពុងលាតសន្ធឹងលើផ្ទៃសមុទ្រ។ ភ្នំថ្មស្ថិតនៅជាប់គ្នាឈរជាជួរ មើលទៅហាក់ដូចជាត្រូវបានមនុស្សរៀបចំដោយគ្មានកំហុសសោះឡើយ។ ពេលខ្លះ ភ្ញៀវទេសចរនឹងមើលឃើញនូវតំបន់ថ្មដែលស្រុតជារន្ធរាក់ៗ នៅពេលដែលជំនោរទឹកឡើង ឬរលកបក់បោក បរិមាណទឹកត្រូវបានរក្សាទុក ហើយក៏បង្កើតបានជាបឹងតូចៗ។
ដំណើរការបង្កើតឧបទ្វីបកោះ គីកូ (Ky Co) គឺជាការស្វែងយល់គួរឲ្យចង់ចាំ។ នៅពេលភ្ញៀវទេសចរមកលេងឃុំកោះញ៉ឹនលី (Nhon Ly) ភ្ញៀវអាចជ្រើសរើសរបៀបធ្វើដំណើរចំនួនពីរ គឺ៖ ការធ្វើដំណើរតាមផ្លូវគោក ឬធ្វើដំណើរដោយទូកកានូ។ បើសិនបើភ្ញៀវជ្រើសរើសធ្វើដំណើរតាមផ្លូវគោក នៅតាមដងផ្លូវ ពួកគេនឹងបានគយគន់ទេសភាពទូទៅក្នុងភូមិសាស្ត្រឃុំកោះ ញ៉ឹនលី (Nhon Ly) រួមមាន៖ ភូមិនេសាទមានទីតាំងនៅឆ្នេរសមុទ្រខៀវស្រងាត់។
ដោយទេសភាពរ៉ូមែនទិចនេះ ភ្ញៀវអាចថតរូបនិងស្វែងយល់នូវភាពអស្ចារ្យនៃទេសភាពសមុទ្រដែលមានភូមិនេសាទដ៏សុខសាន្តនៅឆ្ងាយៗ។ លើសពីនេះ ភ្ញៀវទេសចរអាចជ្រើសរើសការធ្វើដំណើរទៅកាន់កោះនេះដោយកានូ។ ទូកកានូនឹងដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ឧបទ្វីប គីក (Ky Co) ក្នុងរយៈពេលប្រហែល ៤០ នាទី ។ នៅពេលភ្ញៀវទេសចរធ្វើដំណើរតាមទូក ពីលំហរសមុទ្រទៅដល់ឆ្នេរសមុទ្រ គេនឹងឃើញយ៉ាងច្បាស់ថា ទឹកសមុទ្រត្រូវបានបែងចែកទៅជាចរន្តទឹកសមុទ្រច្រើនពណ៌ ផ្លាស់ប្តូរបន្តិចម្តងៗពីពណ៌ខៀវចាស់ទៅជាពណ៌ខៀវខ្ចី ហើយប្រែទៅជាពណ៌បៃតងថ្លា។ សម្របខ្លួនចូលក្នុងទឹកសមុទ្រខៀវថ្លា រួចមើលជ្រៅទៅក្នុងបាតសមុទ្រ ភ្ញៀវទេសចរនឹងមានអារម្មណ៍ថាបានហែលទឹកនៅកណ្តាល "អាងហែលទឹកធំ" ដ៏ស្រស់ស្អាត។
មកទេសចរនៅ គីកូ (Ky Co) ភ្ញៀវទេសចរមិនគួររំលងសេវាកម្មទៅឆ្នេរសមុទ្រ បាយយឿ (Bai Dua) ដើម្បីគយគន់ផ្កាថ្មតាមទូក។ អ្នកនេសាទដែលមានបទពិសោធន៍នេសាទ ក្នុងរយៈពេលច្រើនឆ្នាំនឹងជិះទូកដោយសុវត្ថិភាព ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរឆ្លងកាត់ជ្រោះ ដើម្បីស្វែងរកផ្កាថ្មដ៏ស្រស់ស្អាតនៅក្នុងតំបន់ បាយយឿ (Bai Dua )។ នៅក្នុងទឹកសមុទ្រពណ៌ខៀវស្រងាត់ ភ្ញៀវទេសចរគ្រាន់តែបំពាក់វ៉ែនតាហែលទឹក ពាក់អាវពោង និងក្រោមការណែនាំរបស់អ្នកនេសាទ ភ្ញៀវទេសចរអាចរីករាយនឹងការគយគន់ផ្កាថ្មចម្រុះពណ៌បានដោយងាយ។ ក្នុងអំឡុងពេលនៃការមុជទឹកសមុទ្រដើម្បីគយគន់ផ្កាថ្ម ភ្ញៀវទេសចរនឹងឃើញហ្វូងត្រីតូចៗហែលជុំវិញ ដោយភាពរំភើបរីករាយ។ លើសពីនេះ ភ្ញៀវក៏អាចជួលទូក ឬកានូ ដើម្បីទៅស្ទូចត្រី ស្ទូចមឹក ឬទៅតាមអ្នកនេសាទទៅកាន់សមុទ្រ ដើម្បីស្វែងយល់ពីការងារនេសាទប្រចាំថ្ងៃរបស់ពួកគេ។
ឧបទ្វីប គីកូ (Ky Co) គឺជាគោលដៅទេសចរនៅតែរក្សាបានភាពធម្មជាតិ សេវាកម្មទេសចរនៅទីនេះមានភាពសាមញ្ញ ប៉ុន្តែប្រហែលជាអ្វីដែលធ្វើឱ្យភ្ញៀវទេសចរចង់ត្រឡប់មកវិញគឺប្រជាជននៅទីនេះ មានភាពស្និទ្ធស្នាល និងរួសរាយរាក់ទាក់។ អាចនិយាយបានថា កោះ គី ក (Ky Co) រួមជាមួយនឹងកន្លែងជិតៗមួយចំនួនទៀតដូចជា អែវយ៉ (Eo Gio) កោះអៀន (Yen) កន្លែងបោះជំរុំ ទ្រុងលឿង (Trung Luong) ជាដើម បានរួមចំណែកក្នុងការបង្កើតភាពចម្រុះនៃ "សៀវភៅណែនាំអំពីការធ្វើដំណើរដ៏អស្ចារ្យរបស់ខេត្ត គីញ៉ឹន ( Quy Nhon)"។/.
ភ្ញៀវទេសចរមកលេងកោះគីកូ (Ky Co) ដោយទូកនូ
បើធ្វើដំណើរតាមផ្លូវគោក ភ្ញៀវគួរជួលម៉ូតូនិងបើកបរដោយខ្លួនឯងក្នុងទីក្រុង គ្វីញ៉ឹន (Quy Nhon) ដោយតម្លៃជួលពី ១៥០.០០០ ដល់ ១៨០.០០០ដុង/មួយថ្ងៃ។ នេះត្រូវបានគេចាត់ទុកថា ជាមធ្យោបាយសន្សំប្រាក់ និងជួយភ្ញៀវទេសចរម្ចាស់ការក្នុងដំណើរការរបស់គេ និងងាយស្រួលបំផុតសម្រាប់ការធ្វើដំណើរនិងគយគន់ទេសភាពតាមដងផ្លូវ។
ចំពោះការជិះទូកកានូ ភ្ញៀវទេសចរគួរតែជ្រើសរើសក្រុមដឹកជញ្ជូនដោយកានូ និងកក់សំបុត្រ ដើម្បីមានបុគ្គលិកទទួលភ្ញៀវទេសចរ និងនាំគេទេសចរកោះគីក (Ky Co)។ តម្លៃសំបុត្រទូកកានូនាំចេញទៅ និងនាំមកទៅវិញ រួមទាំងអាហារថ្ងៃត្រង់ជាគ្រឿងសមុទ្រ និងសំបុត្រចូលឆ្នេរសមុទ្រកោះ គីក (Ky Co) មានតម្លៃចាប់ពី ៣៧០.០០០ ដល់ ៤៥០.០០០ដុង/ម្នាក់។
អត្ថបទ និងរបថត៖ កុងដាត /កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង