ទូកកន្ត្រក៖ ពីឧបករណ៍នេសាទចិញ្ចឹមជីវិត ក្លាយជានិមិត្តសញ្ញាទេសចរណ៍

ទូកកន្ត្រក៖ ពីឧបករណ៍នេសាទចិញ្ចឹមជីវិត ក្លាយជានិមិត្តសញ្ញាទេសចរណ៍

មិនត្រឹមតែជាមធ្យោបាយ​ចិញ្ចឹមជីវិតធ្លាប់ផ្សារភ្ជាប់​ជាមួយអ្នកនេសាទ​ជាច្រើន​ជំនាន់​ប៉ុណ្ណោះ​ទេ ពេលនេះ​ទូកកន្ត្រកកំពុងឈាន​ទៅក្លាយ​ជាផលិតផល​​ទេសចរណ៍​ដ៏ពិសេសមួយ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិយ៉ាង​ខ្លាំង​។
អ្នកនេសាទ វុងតាវ​ មួលស្រាយសំណាញ់​ ក្រោយពេលចេញនេសាទ ដោយទូកកន្ត្រក​។ រូបថត៖ ដាំង​ គីម​ផឿង​/VNP
អ្នកនេសាទ ខាញ់ហ្វា ដឹកទូកកន្ត្រក​ ចេញទៅស្ទូចមឹក។ រូបថត៖ ហូវ​ថាញ់​/VNP
ភ្ញៀវទេសចរពិសោធន៍ស្ទូចត្រី លើទូកកន្ត្រកនៅកោះ ប៊ែ តំបន់ពិសេស លីសឺន​ (ខេត្ត ក្វាងងាយ​)។ រូបថត៖ ថុងថៀន​/VNP

ទូកកន្ត្រក​កើតចេញពីការច្នៃប្រតិដ្ឋ​ ដើម្បី​សម្របខ្លួន​នឹងភូមិសាស្រ្ត​​​​លំបាក​។ ជាមួយនឹង​ការរចនា​រាងមូល គ្មាន​ឆ្អឹង​កងបាត ទូកល្អី​​អាចបង្វិលបានយ៉ាងបត់បែន ក្នុង​ទីចង្អៀត​ ថ្ម​ប៉ប្រះទឹកតាម​ឆ្នេរ​សមុទ្រ​ដ៏ស្មុគស្មាញ ឬតំបន់​សមុទ្ររលក​ នៅជិតច្រាំង​ដែលទូក​ធំៗ​ពិបាក​ចូល​ទៅដល់​។

ជាធម្មតា ទូកកន្ត្រកបានត្បាញដោយ​ឫស្សី លាបជ័រដូង ឬជ័រឈើទា​ជាច្រើនជាន់នៅខាងក្រៅ ដើម្បីការ​ពារកុំឱ្យ​ជ្រាបទឹក។ នៅតំបន់ឆ្នេរជាច្រើន ដែលគ្មានកំពង់ផែទឹកជ្រៅ ទូកល្អី​ដើរតួជា "ស្ពាន" សម្រាប់ដឹកជញ្ជូនអ្នកនេសាទ និងគ្រឿងសមុទ្រពីទូកនេសាទធំៗ ដែលបោះយុថ្កានៅឆ្ងាយ ពេលចូលចតនៅច្រាំង។ ទូកកន្ត្រក​ក៏​បានប្រើប្រាស់ សម្រាប់ដាក់​សំណាញ់ ស្ទូចមឹក និងនេសាទ​បង្កងត្រីនៅជិតច្រាំង ដើម្បីធានាបានជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់គ្រួសារនេសាទករ​រាប់ពាន់​គ្រួសារ។

អ្នក​គាំទ្រនៅលើទូកកន្ត្រកក្នុងការ​ប្រកួតប្រណាំង​ទូកសត្វទេពទាំង​បួន​ នៅតំបន់ពិសេស លីសឺន​ (ខេត្ត ក្វាង​ង៉ាយ​)។ រូបថត៖ កុងដាត​/VNP

នៅតាមតំបន់ល្បីៗដូចជា ហូយអាន (ព្រៃដូងបីម៉ូវ​ (Bay Mau) - ដាណាំង) (អែវយ៉ (Eo Gio) - ខេត្ត​យ៉ាឡាយ) ញ៉ាត្រាង (Nha Trang) ឬ ភូក្វឹក (Phu Quoc) សេវាកម្មអុំទូកកន្ត្រក​ បានក្លាយជាពាណិជ្ជសញ្ញា​ ដែលមិនអាចរំលងបាន។ សកម្មភាព​អង្គុយ​លើទូកល្អី​រសាត់​កាត់ព្រៃចាក​ ចូលរួមការសម្តែង "កាត់រលក" និង​​បង្វិលទូក អមដោយ​តន្ត្រីរស់​រវើក នាំមកនូវបទពិសោធន៍ដ៏រំភើបរីករាយជូន​ភ្ញៀវទេសចរ។

ការសម្តែងបង្វិលទូកកន្ត្រកនៅព្រៃដូង បីម៉ៅ​ (ដាណាំង​) គឺជា​ការសម្តែង​ជំនាញ​ដ៏ប្លែក និង​រំភើបចិត្ត នៃ​ "សិល្បករ" អុំទូកល្អី​ក្នុងស្រុក ​បម្រើភ្ញៀវទេសចរ​។ រូបថត៖ ថាញ់ហ្វា/VNP​
ពីមធ្យោបាយចិញ្ចឹមជីវិតដ៏ស្និទ្ធស្នាលនៃ​ប្រជាជននៅ​តំបន់ឆ្នេរ ទូកកន្ត្រក​បានក្លាយជាសញ្ញា​សម្គាល់​ទេសចរណ៍​ដ៏ប្លែក ប្រកបដោយភាពទាក់ទាញផ្ទាល់ខ្លួន សម្រាប់វៀតណាម នៅលើផែនទីទេសចរណ៍​ពិភពលោក។ រូបថត៖ កុង​ដាត​/VNP

ទេសចរណ៍​ទូកកន្ត្រក​ ជួយអ្នកនេសាទផ្លាស់ប្តូរ ឬរួមជាមួយ​​សេវាកម្ម ដែល​នាំមកនូវប្រភព​ចំណូល​ខ្ពស់ និងមានស្ថិរភាពជាង ការដែលគ្រាន់តែសម្រាប់​នេសាទតាមបែបប្រពៃណី។ រូបភាព និងវីដេអូ អំពីទូកកន្ត្រក​រាងមូល​ពិសេស​របស់វៀតណាម បន្ត "ផ្ទុះចំណាប់​អារម្មណ៍​" នៅ​លើបណ្តាញសង្គម​អន្តរជាតិ រួមចំណែក​នាំយក​វប្បធម៌​ក្នុងស្រុក ឱ្យ​កាន់តែ​ខិតជិត​មិត្តភក្តិ​ជុំវិញ​ពិភពលោក។

ទូកកន្ត្រកដែលមានពណ៌ឆើតឆាយ បម្រើភ្ញៀវទេសចរនៅ បាយង៉ាង​ តំបន់​ពិសេស លីសឺន​ (ខេត្ត ក្វាង​ង៉ាយ)។ រូបថត៖ ត្រុង​ចិញ​

ទូកកន្ត្រកតាមឆ្នេរសមុទ្រវៀតណាម គឺជាសក្ខីភាពដ៏រស់រវើក នៃការច្នៃប្រតិដ្ឋ​ និង​ស្មារតីសម្រប​ខ្លួន​ដ៏អស្ចារ្យរបស់ប្រជាជនវៀតណាមចំពោះ​សមុទ្រ​ធំល្វឹង​ល្វើយ​។ ពីឧបករណ៍​​ចិញ្ចឹមជីវិតដ៏សាមញ្ញ ពេលនេះទូកកន្ត្រក​ បាន​ក្លាយជាស្ពានវប្បធម៌ ដែលធ្វើឱ្យទេសចរណ៍សមុទ្រវៀតណាមភ្លឺស្វាងនៅលើផែនទីពិភពលោក ព្រមទាំងរក្សាបាន​ព្រលឹង​ នៃភូមិរបរនេសាទពីអតីតកាលផង​ បើកចេញ​ទំព័រអនាគត នៃការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយចីរភាពផង​៕​

  • អត្ថបទ៖ ថុងថៀន​- រូបថត៖ VNP 
  • ប្រែសម្រួល៖ រីកើង

Top