ទីតាំងតន្ត្រីបុរាណបន្លឺឡើងនៅកណ្តាលរដ្ឋធានីហាណូយ

ទីតាំងតន្ត្រីបុរាណបន្លឺឡើងនៅកណ្តាលរដ្ឋធានីហាណូយ

ខណៈពេលយុវវ័យសម័យនេះធ្លាប់នឹងការស្ដាប់តន្ត្រី ដោយគ្រាន់តែចុចនៅលើស្មាតហ្វូនរបស់ពួកគេ ​ ហាង Nau Café & Workshop Cassette - ហាងតូចមួយ ដែលមានទីតាំង នៅផ្លូវ ង្វៀន​លឿង​បាំង (Nguyen Luong Bang) (រដ្ឋធានី ហាណូយ) បាននាំមនុស្សជាច្រើននាក់ ត្រឡប់ទៅសម័យកាល ដែលការ​ស្តាប់តន្ត្រីគឺជាបទពិសោធន៍គួរឱ្យ​​ចាប់​អារម្មណ៍ ៖ ​ជ្រើសរើសថាស បើកគម្រប់ cassette ការចុច​ប៊ូតុងបើកម៉ាញ៉េ និងស្តាប់នូវបណ្ដាបទភ្លេងដ៏ពិត និងរស់រវើក។

លំហ និងបទភ្លេងដ៏ពិរោះទាក់ទាញយុវវ័យ។

មិនត្រឹមតែជាហាងកាហ្វេសាមញ្ញមួយ  Nau Café & Workshop Cassette ដូចជា "ហាងលក់​ថាស CD ​កាសែតម៉ាញ៉េ ដែលមាន​បម្រើកាហ្វេ​" គ្រប់ម៉ាស៊ីន និង​បរិក្ខារនិមួយៗ សុទ្ធតែលាក់ទុកនូវអនុស្សាវរីយ៍ នា​អតីតកាល  ហើយគ្រប់បទភ្លេងនិមួយៗ បន្លឺឡើងសុទ្ធតែមានអារម្មណ៍រំជួលចិត្តពិសេស ដែលមិនអាចប្រៀបផ្ទឹមបាន ហើយក៏មិនអាចធ្វើឌីជីថលបានដែរ។ អ្វីដែលគួរ​ឱ្យចាប់អារម្មណ៍នោះគឺថា ស្ថាបនិកទាំងពីររូបគឺ យុវជន យឿង​ដាំងគឿង (Duong Dang Cuong) និង យុវជន​ ង្វៀន​ ឌីញហៀវ (Nguyen Dinh Hieu) សុទ្ធតែកើត​ក្នុង​ឆ្នាំ ១៩៩៧ ដែលជាមនុស្សធំឡើងក្នុងយុគសម័យ MP3, YouTube និង Spotify ។ ប៉ុន្តែនិស្ស័យរបស់ពួកគេជាមួយវប្បធម៌នៃការស្តាប់តន្ត្រីតាមបែបបុរាណ បានកើតឡើងដោយធម្មជាតិ និងគួរឲ្យភ្ញាក់ផ្អើល។

Nau Café & Workshop Cassette ត្រូវបានបង្កើតឡើងដោយយុវជនពីររូបគឺ យឿង​ ដាំងគឿង (Duong Dang Cuong) និង ង្វៀន​ ឌីញហៀវ (Nguyen Dinh Hieu)។

 

យុវជន ហៀវ (Hieu) បាននិយាយថា "ដោយសារតែខ្ញុំស្រលាញ់ទំនិញ second-hand ខ្ញុំធ្លាប់ប្រមូលអាវយឺត​ រូបភាពក្រុមតន្រ្តីបរទេស។ ចាប់ពីពេលនោះមក ខ្ញុំចាប់អារម្មណ៍នឹងតន្ត្រី ក្នុង​ប៉ុន្មាន​ឆ្នាំនៃទសវត្សរ៍ទី៩០  បន្ទាប់មក ខ្ញុំ​ចាប់ផ្តើម​ប្រមូល​ផ្តុំថាស CD ម៉ាស៊ីនចាក់ថាស និងម៉ាញ៉េកាសែត"។ អស់រយៈពេល ៥ ឆ្នាំនៃការមាន​គំនិតផ្តួចផ្តើម​ ​និង​ប្រមូល​ផ្តុំ  យុវជន ហៀវ (Hieu)  ចង់បង្កើតកន្លែងមួយ ជាទីដែលមនុស្សមិនត្រឹមតែហូបកាហ្វេតែប៉ុណ្ណោះ ថែមទាំងបានស្តាប់​បទភ្លេង​ ដែល​ជំនាន់​មុន​ធ្លាប់ចូល​ចិត្តទៀតផង។ គាត់បានចែករំលែកគំនិតនេះ ជាមួយមិត្តជិតស្និទ្ធរបស់គាត់ ដែលធ្លាប់រៀនជាមួយគ្នានៅវិទ្យាល័យ គឺយុវជន គឿង (Cuong)  ហើយអ្នកទាំងពីរបានរួមគ្នា កសាង​ហាងមួយយ៉ាងឆាប់រហ័ស​។​ រហូតដល់ឆ្នាំ២០២៣ Nau Café & Workshop Cassette បាន​ដំណើរការជាផ្លូវ​ការ  ​ក្តី​សុប៉ិនរបស់យុវជន​ពីរនាក់នោះបានក្លាយជាការពិត។

ទីតាំងពិសោធន៍តន្ត្រីជាច្រើន ចាប់ពីទីតាំងរួម ទៅដល់​ជ្រុងឯកជន។

អ្វីដែលធ្វើឱ្យ Nau Café & Workshop Cassette បន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ភ្ញៀវ គឺមិនត្រឹមតែស្តាប់តន្ត្រីប៉ុណ្ណោះទេ ថែមទាំងទីនេះក៏ជាកន្លែងដែលបានរចនាឡើង ដូចជាហាងលក់​និង​ឱ្យ​ជួល ថាស CD និង​កាសែតសម្រាប់ម៉ាញ៉េទៀតផង។



នៅ Nau Café & Workshop Cassette បទពិសោធន៍នៃការស្តាប់តន្ត្រី - ពីការប្រើប្រាស់ម៉ាស៊ីនបុរាណ រហូតដល់ការជ្រើសរើសថាស  CD - ទាំងអស់សុទ្ធតែឥតគិតថ្លៃ។ បុគ្គលិកតែងតែរីករាយ ក្នុងការណែនាំយ៉ាងហ្មត់ចត់អំពី របៀបប្រើឧបករណ៍ analog ជារបស់ ដែលមិនធ្លាប់ស្គាល់ចំពោះយុវវ័យជាច្រើន។ ប្រការនេះបាននាំបទពិសោធន៍នៅហាង  Nau Café & Workshop Cassette មិនត្រឹមតែជាចំណាប់អារម្មណ៍ប៉ុណ្ណោះ ថែមទាំងពោរពេញទៅដោយការឈ្វេងយល់ទៀតផង។

នៅកណ្តាលហាង - កន្លែងផ្សាយបទភ្លេងពីថាសខ្មៅ ជារៀងរាល់ថ្ងៃ។

យុវវ័យ​ជាច្រើន​រីករាយ​នឹង​បទពិសោធន៍​ក្នុង​ហាង​នេះ។
 

កន្លែងទទួល​បានបទពិសោធន៍ពីកាសែតម៉ាញ៉េ៖ កៅអីនីមួយៗ មានម៉ាញ៉េកាសែតមួយ សម្រាប់ភ្ញៀវអាចធ្វើការបណ្ដើរ និងស្តាប់តន្ត្រីតាមចំណូលចិត្តផង


ហាង Nau Café & Workshop Cassette គឺជាកន្លែងដ៏ល្អមួយ សម្រាប់ពិសាភេសជ្ជៈ ខណៈពេលដែលកំពុងស្វែងយល់នូវឧបករណ៍ថតសំឡេង និងការចាក់ផ្សាយ។ 

នៅ​ខាងក្រៅផ្ទះ យុវវ័យចូល​ចិត្តអង្គុយ​ជជែកគ្នា

បច្ចុប្បន្ននេះ ហាង Nau Café & Workshop Cassette មាន​កម្រងមួយគួរឱចាប់អារម្មណ៍ ដែលមាន CD ប្រហែល ២០០០ បន្តះ ម៉ាញ៉េកាសែតរាប់រយគ្រឿង និង​ថាសដ៏កម្រជាច្រើន៕

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញឡុង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង

 

 


Top