ទីតាំងតន្ត្រីបុរាណបន្លឺឡើងនៅកណ្តាលរដ្ឋធានីហាណូយ
មិនត្រឹមតែជាហាងកាហ្វេសាមញ្ញមួយ Nau Café & Workshop Cassette ដូចជា "ហាងលក់ថាស CD កាសែតម៉ាញ៉េ ដែលមានបម្រើកាហ្វេ" គ្រប់ម៉ាស៊ីន និងបរិក្ខារនិមួយៗ សុទ្ធតែលាក់ទុកនូវអនុស្សាវរីយ៍ នាអតីតកាល ហើយគ្រប់បទភ្លេងនិមួយៗ បន្លឺឡើងសុទ្ធតែមានអារម្មណ៍រំជួលចិត្តពិសេស ដែលមិនអាចប្រៀបផ្ទឹមបាន ហើយក៏មិនអាចធ្វើឌីជីថលបានដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ស្ថាបនិកទាំងពីររូបគឺ យុវជន យឿងដាំងគឿង (Duong Dang Cuong) និង យុវជន ង្វៀន ឌីញហៀវ (Nguyen Dinh Hieu) សុទ្ធតែកើតក្នុងឆ្នាំ ១៩៩៧ ដែលជាមនុស្សធំឡើងក្នុងយុគសម័យ MP3, YouTube និង Spotify ។ ប៉ុន្តែនិស្ស័យរបស់ពួកគេជាមួយវប្បធម៌នៃការស្តាប់តន្ត្រីតាមបែបបុរាណ បានកើតឡើងដោយធម្មជាតិ និងគួរឲ្យភ្ញាក់ផ្អើល។
យុវជន ហៀវ (Hieu) បាននិយាយថា "ដោយសារតែខ្ញុំស្រលាញ់ទំនិញ second-hand ខ្ញុំធ្លាប់ប្រមូលអាវយឺត រូបភាពក្រុមតន្រ្តីបរទេស។ ចាប់ពីពេលនោះមក ខ្ញុំចាប់អារម្មណ៍នឹងតន្ត្រី ក្នុងប៉ុន្មានឆ្នាំនៃទសវត្សរ៍ទី៩០ បន្ទាប់មក ខ្ញុំចាប់ផ្តើមប្រមូលផ្តុំថាស CD ម៉ាស៊ីនចាក់ថាស និងម៉ាញ៉េកាសែត"។ អស់រយៈពេល ៥ ឆ្នាំនៃការមានគំនិតផ្តួចផ្តើម និងប្រមូលផ្តុំ យុវជន ហៀវ (Hieu) ចង់បង្កើតកន្លែងមួយ ជាទីដែលមនុស្សមិនត្រឹមតែហូបកាហ្វេតែប៉ុណ្ណោះ ថែមទាំងបានស្តាប់បទភ្លេង ដែលជំនាន់មុនធ្លាប់ចូលចិត្តទៀតផង។ គាត់បានចែករំលែកគំនិតនេះ ជាមួយមិត្តជិតស្និទ្ធរបស់គាត់ ដែលធ្លាប់រៀនជាមួយគ្នានៅវិទ្យាល័យ គឺយុវជន គឿង (Cuong) ហើយអ្នកទាំងពីរបានរួមគ្នា កសាងហាងមួយយ៉ាងឆាប់រហ័ស។ រហូតដល់ឆ្នាំ២០២៣ Nau Café & Workshop Cassette បានដំណើរការជាផ្លូវការ ក្តីសុប៉ិនរបស់យុវជនពីរនាក់នោះបានក្លាយជាការពិត។
អ្វីដែលធ្វើឱ្យ Nau Café & Workshop Cassette បន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ភ្ញៀវ គឺមិនត្រឹមតែស្តាប់តន្ត្រីប៉ុណ្ណោះទេ ថែមទាំងទីនេះក៏ជាកន្លែងដែលបានរចនាឡើង ដូចជាហាងលក់និងឱ្យជួល ថាស CD និងកាសែតសម្រាប់ម៉ាញ៉េទៀតផង។
នៅកណ្តាលហាង - កន្លែងផ្សាយបទភ្លេងពីថាសខ្មៅ ជារៀងរាល់ថ្ងៃ។
ហាង Nau Café & Workshop Cassette គឺជាកន្លែងដ៏ល្អមួយ សម្រាប់ពិសាភេសជ្ជៈ ខណៈពេលដែលកំពុងស្វែងយល់នូវឧបករណ៍ថតសំឡេង និងការចាក់ផ្សាយ។
បច្ចុប្បន្ននេះ ហាង Nau Café & Workshop Cassette មានកម្រងមួយគួរឱចាប់អារម្មណ៍ ដែលមាន CD ប្រហែល ២០០០ បន្តះ ម៉ាញ៉េកាសែតរាប់រយគ្រឿង និងថាសដ៏កម្រជាច្រើន៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញឡុង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង