តាំងពិព័រណ៍ "យុគសម័យប្លាស្ទិក” ពេលកាកសំណល់ក្លាយទៅជាសិល្បៈ
អង្គតាំងពិព័រណ៍ “យុគសម័យប្លាស្ទិក” នាំមកនូវសារដ៏សំខាន់ និង ផ្ទាល់អំពីស្ថានភាពកាកសំណល់ប្លាស្ទិកនាបច្ចុប្បន្ននៅទូទាំងពិភពលោក ដែលជាហេតុធ្វើឱ្យផ្លាស់ប្តូរការយល់ដឹង និង សកម្មភាពរបស់មនុស្ស ចំពោះបញ្ហាការពារបរិស្ថាន ជាពិសេសការកាត់បន្ថយកាកសំណល់ប្លាស្ទិក។
កណ្តាលសម័យកាល ដែលកាកសំណល់ប្លាស្ទិក កំពុងក្លាយជាបញ្ហាគំរាមកំហែងធ្ងន់ធ្ងរដល់បរិស្ថានរស់នៅ មជ្ឈមណ្ឌលរួមប្រាស្រ័យវប្បធម៌ជប៉ុនប្រចាំនៅប្រទេសវៀតណាម បាននាំមកនូវគំហើញថ្មីមួយ និង ពោរពេញដោយការបំផុសគំនិត តាមរយៈការតាំងពិព័រណ៍ “យុគសម័យប្លាស្ទិក”។
មជ្ឈមណ្ឌលនៃអង្គតាំងពិព័រណ៍ គឺជាកម្រងស្នាដៃគួរឱ្យចាប់អារម្មណ៍នៃវិចិត្រករជនជាតិជប៉ុនល្បីឈ្មោះ គឺលោក Fuji Hiroshi។ ជាមួយនឹងគំនិតច្នៃប្រតិដ្ឋអស្ចារ្យរបស់គាត់ គាត់បានកម្លាយប្រដាប់ប្រដាក្មេងលេងចាស់ៗ ដែលត្រូវបានគេចាត់ទុកថាជាកាកសំណល់ ឱ្យទៅជាស្នាដៃសិល្បៈមានតម្លៃអប់រំខ្ពស់។ ដើម្បីបង្កើតស្នាដៃដ៏ស្មុគស្មាញទាំងនេះ វិចិត្រករ Hiroshi បានប្រមូលប្រដាប់ប្រដាក្មេងលេងចាស់ៗជាង៥០.០០០ប្រភេទផ្សេងៗគ្នា ពីកុមារនៅទូទាំងប្រទេសជប៉ុន។
“ប្រដាប់ប្រដាក្មេងលេងនីមួយៗបង្កប់នូវរឿងរ៉ាវ អនុស្សាវរីយ៍នៃកុមារម្នាក់ៗ។ នៅពេលដែលខ្ញុំរួមបញ្ចូលពួកវាជាមួយគ្នា ខ្ញុំមិនត្រឹមតែបង្កើតបានស្នាដៃសិល្បៈប៉ុណ្ណោះទេ នៅទាំងកំពុងបរិយាយប្រាប់អំពីរឿងរ៉ាវនៃស្រទាប់ជំនាន់មួយផងដែរ។ ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាឃើញថា “កាកសំណល់” គ្រាន់តែជាទស្សនាទាន ដែលបង្កើតឡើងដោយមនុស្សប៉ុណ្ណោះ។ ជាមួយនឹងទស្សនៈច្នៃប្រតិដ្ឋ អ្វីគ្រប់យ៉ាង ក៏អាចមានតម្លៃ” វិចិត្រករ Hiroshi បានរៀបរាប់”។
ដំណើរការច្នៃប្រតិដ្ឋរបស់លោក Hiroshi ចាប់ផ្តើមពីការប្រមូលប្រដាប់ប្រដាក្មេងលេងចាស់ៗតាមរយៈយុទ្ធនាការនៅសាលារៀន និង សហគមន៍នានា ក្នុងប្រទេសជប៉ុន។ ប្រដាប់ប្រដាក្មេងលេងនីមួយៗ ត្រូវបានសម្អាតដោយប្រុងប្រយ័ត្ន មុនពេលបែងចែកទៅតាមពណ៌ ទំហំ និង វត្ថុធាតុ។ បន្ទាប់មក វិចិត្រករនឹងរចនាទម្រង់ សម្រាប់ស្នាដៃ ហើយចាប់ផ្តើមបិទភ្ជាប់ប្រដាប់ប្រដាក្មេងលេងនីមួយៗទៅលើទីតាំងសមស្រប។ ដំណាក់កាលនេះ ទាមទារភាពអត់ធ្មត់ និង ភាពហ្មត់ចត់ខ្លាំង ពេលខ្លះត្រូវចំណាយពេលរាប់ខែសម្រាប់ស្នាដៃមួយ។ តាមរយៈស្នាដៃរបស់វិចិត្រករ Fuji Hiroshi ប្រជាជនវៀតណាមមានឱកាសស្វែងយល់បន្ថែមអំពីស្មារតី Mottainai - ទស្សនវិជ្ជា ស្តីពីការគោរព មិនខ្ជះខ្ជាយធនធានក្នុងវប្បធម៌ជប៉ុន។
ស្នាដៃលេចធ្លោនៅក្នុងអង្គតាំងពិព័រណ៍ គឺកម្រង Jurassic Plastic - រូបភាពដាយណូស័រទំហំពិត ដែលបានបង្កើតឡើងពីប្រដាប់ប្រដាក្មេងលេងប្លាស្ទិកគ្រប់ពណ៌រាប់ពាន់។ ឈរនៅចំពោះមុខដាយណូស័រ ដែលមានកម្ពស់៣ម៉ែត្រ ធ្វើពីប្រដាប់ប្រដាក្មេងលេងចាស់ៗជាង ៥០០០គ្រឿង ភ្ញៀវទេសចរយ៉ាងច្រើនមិនអាចទប់ចិត្តនឹងការភ្ញាក់ផ្អើលបាន។ រថយន្តក្មេងលេង តុក្កតា ប្លុកប្រគំរូប និងប្រដាប់ប្រដាក្មេងលេងរាប់មិនអស់ផ្សេងទៀត បានរៀបចំដ៏ប៉ិនប្រសប់ ដើម្បីបង្កើតសត្វបុរេប្រវត្តិមួយ ដែលរស់រវើកគ្រប់ចំណុច។
តំបន់ “សកម្មភាពតូច ផ្លាស់ប្តូរធំ” នៃអង្គតាំងពិព័រណ៍ អនុញ្ញាតឱ្យកុមារបង្កើតស្នាដៃសិល្បៈតូចៗដោយខ្លួនឯង មកពីប្រដាប់ប្រដាក្មេងលេងចាស់ៗ និងកាកសំណល់ប្លាស្ទិក ដែលបានប្រើប្រាស់រួច។ ក្រោមការណែនាំពីអ្នកស្ម័គ្រចិត្ត កុមារមិនត្រឹមតែអភិវឌ្ឍគំនិតច្នៃប្រតិដ្ឋប៉ុណ្ណោះទេ នៅទាំងបានរៀនសូត្រអំពីការកែច្នៃ និង ការការពារបរិស្ថានទៀតផង។
មិនត្រឹមតែជះឥទ្ធិពលដល់សិស្សសាលាប៉ុណ្ណោះទេ ការតាំងពិព័រណ៍នេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកឡើងផែនការគោលនយោបាយ និង សហគ្រាសផងដែរ។ ក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងលេងមួយចំនួន នៅប្រទេសវៀតណាមបានចាប់ផ្តើមសិក្សាអំពីវត្ថុធាតុដើម ដែលមិនប៉ះពាល់ដល់បរិស្ថាន បន្ទាប់ពីបានទស្សនាការតាំងពិព័រណ៍នេះ។
អង្គតាំងពិព័រណ៍ទទួលបានជោគជ័យ ក្នុងការផ្សព្វផ្សាយសារថា “ខណៈពេលកាកសំណល់ក្លាយជាសិល្បៈ យើងអាចផ្លាស់ប្តូរការយល់ដឹងអំពីតម្លៃនៃវត្ថុធាតុ និងទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗ ចំពោះបរិស្ថានរស់នៅ” តំណាងក្រសួងធនធាន និង បរិស្ថាន ក៏បានអញ្ជើញមកទស្សនា និងសម្តែងការគាំទ្រចំពោះសារ ដែលអង្គតាំងពិព័រណ៍នេះនាំមក៕
អត្ថបទ៖ កុងដាត/ រូបថត៖ ខាញឡុង - កាសែតរូបភាពវៀតណាម