ដើមឆ្នាំទៅបុណ្យហ្គូវតាវ (Gau Tao)
តាមភាសាជនជាតិម៉ុង ហ្គូវតាវ (Gau Tao) មានន័យថា “លេងក្រោមលំហអាកាស” ឬ “លេងលើខ្ពង់រាប”។ ដំបូង ពិធីបុណ្យ គ្រាន់តែបានរៀបចំក្នុងគ្រួសារ ដោយគោលបំណងបួងសួងសូមមានកូន។ ក៏ប៉ុន្តែ យូរទៅៗ ពិធីបុណ្យហ្គូវតាវ (Gau Tao) បានក្លាយជាសកម្មភាពរួមរបស់ភូមិស្រុក និង សហគមន៍ទៅវិញ។ បច្ចុប្បន្ន អត្ថន័យនៃពិធីបុណ្យមិនត្រឹមតែកំណត់ត្រឹមការបួងសួង នៅទាំងបានបើកទូលាយក្នុងការបួងសួងសូមទឹកភ្ញៀងអំណោយផល រដូវដំណាំអំណោយផល សព្វសត្វលូតលាស់ និង ជីវភាពរស់នៅសុខសាន្ត រុងរឿងទៀតផង។
ចំណែកពិធីកិច្ចនៃបុណ្យហ្គូវតាវ (Gau Tao) ប្រព្រឹត្តទៅនៅក្រោមបង្គោលទង់ ជានិមិត្តរូបពិសិដ្ឋមួយតភ្ជាប់មេឃនឹងដី ក្នុងទស្សនាទាននៃជនជាតិម៉ុង។ ដើមបង្គោលទង់បានជ្រើសរើសមកពីដើមឫស្សីស្អាត ត្រង់ និង មាំមួន។ ក្រោយពេលដំឡើងនៅកណ្តាលវាលទូលាយ រាបស្មើ ចុងបង្គោលទង់តម្រង់ទៅទិសខាងកើត ដោយបានតុបតែងនឹងសំពត់ឡាញ ពណ៌ក្រហម និង ខ្មៅពីរទង រួមជាមួយស្រាមួយពីង ស្រូវដំណើបបីបាច់ និង ឈើ “ស៊ឺយ” មួយក្តាប់ (ជាប្រភេទដើមឈើក្នុងស្រុកអំបូរ Polypodium leucotomos)។ គ្រឿងសំណែននីមួយៗ នៅលើបង្គោលទង់សុទ្ធតែមានអត្ថន័យដោយឡែក៖ សំពត់ឡាញពីរទង តំណាងឱ្យភាពជំនួបជុំ សេចក្តីប្រកាសប្រាប់បុព្វការីជន។ ពីងស្រា និង កួរស្រូវ តំណាងឱ្យភាពសុខុមរមនា។ ឈើស៊ឺយមួយក្តាប់ បង្ហាញពីភាពលូតលាស់។
ចំណែកពិធីសែនបានប្រព្រឹត្តទៅយ៉ាងឱឡារិក នៅក្រោមបង្គោលទង់ផងដែរដោយមានគ្រឿងសំណែនគឺមាន់ និង ស្រា។ គ្រូអាចារ្យ ជាអ្នកកាន់ពិធីកិច្ច ជំនួសអ្នកភូមិ អ្នកស្រុកអុជធូប សូត្រធម៌បួងសួង និង ដុតប្រាក់ខ្មោច ដើម្បីប្រកាសប្រាប់អាទិទេព។ ក្រោយពេលសូត្រធម៌បួងសួង គ្រូអាចារ្យណែនាំមនុស្សដើរប្រទាក់កសិណជុំវិញបង្គោលទង ធ្វើដំណើរផង ច្រៀងផង គេច្រៀងបទ “ទិញចៃ” (មានន័យថាថ្ងៃសន្យា)។ កំណាព្យបទចម្រៀង មានខ្លឹមសារផ្ញើជូនអាទិទេព ប្រកាសប្រាប់អំពីពិធីតបគុណរបស់អ្នកភូមិ ចំពោះអាទិទេព។
ពេលពិធីកិច្ចបានបញ្ចប់ បរិយាកាសពិធីបុណ្យបន្តឈានចូលពិធីសប្បាយផុសផុល និង អ៊ូអរ។ នៅម្តុំទីធ្លាទូលាយជិតបង្គោលទង អ្នកភូមិ អ្នកស្រុកចូលរួមលេងល្បែងប្រជាប្រិយជាច្រើននៃជនជាតិម៉ុង ដូចជា៖ បោះឈូង រុញឈើ។ល។ កំលោះក្រមុំជនជាតិម៉ុង ក្នុងសម្លៀកបំពាក់ពណ៌ឆើតឆាយ ជុំគ្នាផ្លុំគែន រាំសប្បាយ បង្កើតបានជាបរិយាកាសមួយចម្រុះទៅដោយពណ៌សម្បុរ។ ទំនុកគែនជនជាតិម៉ុង រំពងឡើងឥតឈប់ឈរ ទាក់ទាញមនុស្សគ្រប់គ្នាបណ្តែតអារម្មណ៍ជាមួយទំនុករបាំប្រពៃណីដ៏ទន់ភ្លាន់ជាប់ចិត្ត។ ទន្ទឹមនឹងសកម្មភាពសិល្បៈ ជនជាតិម៉ុងនៅឃុំហាងគា (Hang Kia) - ផាករ (Pa Co) រៀបចំសកម្មភាពមានអត្ថន័យជាច្រើនទៀត ដូចជា ការប្រឡងបុកម្សៅនំយ៉ី (Giay) ប្រពៃណី ជាសកម្មភាពលេចធ្លោនិងទាក់ទាញអ្នកភូមិ អ្នកស្រុក និងភ្ញៀវទេសចរគ្រប់ចតុទិស។ ពិធីបុណ្យហ្គូវតាវ (Gau Tao) តែងបានប្រព្រឹត្តទៅពេញមួយថ្ងៃ ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ។
ពិធីបុណ្យហ្គូវតាវ (Gau Tao) ប្រព្រឹត្តទៅដូចជាសញ្ញាប្រកាសនិទាឃរដូវមកដល់។ នេះជាឱកាសសម្រាប់ជនជាតិម៉ុង បង្ហាញពីទឹកចិត្តគោរពដឹងគុណចំពោះបុព្វការីជន អាទិទេព និងជាឱកាសដើម្បីរក្សា និង ពង្រីកតម្លៃវប្បធម៌ប្រពៃណី។ តាមរយៈសកម្មភាពផុសផុល បងប្អូនជនជាតិនៅឃុំហាងគា (Hang Kia) - ផាករ (Pa Co) មិនត្រឹមតែផ្សារភ្ជាប់សាមគ្គីភាព នៅទាំងបំផុសអារម្មណ៍ បំផុសមោទនភាពជនជាតិ និងរួមគ្នាជឿជាក់ថា ឆ្នាំថ្មីនឹងសុខដុមរមនា សុភមង្គល៕
- អត្ថបទ និង រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង