ដើមឆ្នាំទៅបុណ្យហ្គូវតាវ (Gau Tao)

ដើមឆ្នាំទៅបុណ្យហ្គូវតាវ (Gau Tao)

តាម​ភាសា​ជនជាតិ​ម៉ុ​ង ហ្គូវ​តាវ​ (Gau Tao) មាន​ន័យ​ថា “លេង​ក្រោម​លំហអាកាស​” ឬ “លេង​លើ​ខ្ពង់រាប​”។ ដំបូង​ ពិធី​បុណ្យ​ គ្រាន់តែបាន​រៀប​ចំ​ក្នុង​គ្រួសារ​ ដោយ​គោលបំណង​បួងសួង​សូម​មានកូន​។ ក៏ប៉ុន្តែ​ យូរទៅៗ ពិធីបុណ្យ​ហ្គូវតាវ​ (Gau Tao) បាន​ក្លាយ​ជា​សកម្ម​ភាព​រួម​របស់​ភូមិស្រុក និង សហគមន៍​ទៅវិញ។ បច្ចុប្បន្ន​ អត្ថន័យ​នៃពិធីបុណ្យ​មិនត្រឹមតែ​កំណត់​ត្រឹម​ការ​បួងសួង​ នៅទាំង​បាន​បើក​ទូលាយ​ក្នុងការ​បួងសួង​សូម​ទឹក​ភ្ញៀង​អំណោយ​ផល​ រដូវដំណាំ​អំណោយ​ផល​ សព្វសត្វ​លូត​លាស់​ និង ជីវភាព​រស់នៅ​សុខសាន្ត​ រុង​រឿង​ទៀតផង។ 

ពិធី​សែន​នៅក្រោម​បង្គោលទង់​ ​ជា​ពិធី​សំខាន់​បំផុត​នៅក្នុង​ពិធីបុណ្យ​ហ្គូវ​តាវ​(Gau Tao) ។

ចំណែក​ពិធី​កិច្ច​នៃបុណ្យ​ហ្គូវ​តាវ​ (Gau Tao) ប្រព្រឹត្តទៅ​នៅក្រោម​បង្គោលទង់​​ ជា​និមិត្តរូប​ពិសិដ្ឋ​មួយ​តភ្ជាប់​មេឃនឹង​ដី ក្នុង​ទស្សនាទាន​នៃជនជាតិ​ម៉ុង​។ ដើម​បង្គោលទង់​​បាន​ជ្រើស​រើស​មកពី​ដើម​​ឫស្សី​ស្អាត​ ត្រង់ និង មាំមួន​។ ក្រោយ​ពេល​ដំឡើង​នៅ​កណ្តាល​វាលទូលាយ​ រាបស្មើ​ ចុង​បង្គោលទង់​តម្រង់ទៅទិសខាងកើត​ ដោយ​បាន​តុបតែង​នឹង​​សំពត់​ឡាញ​ ពណ៌ក្រហម​ និង ខ្មៅ​ពីរទង​ រួម​ជាមួយ​​ស្រាមួយ​ពីង​ ស្រូវ​ដំណើប​បីបាច់ និង ​ឈើ​ “ស៊ឺយ” មួយ​ក្តាប់ (ជាប្រភេទ​ដើម​ឈើ​ក្នុង​ស្រុក​អំបូរ Polypodium leucotomos)។ គ្រឿងសំណែន​​នីមួយ​ៗ នៅលើ​បង្គោលទង់​​សុទ្ធតែមានអត្ថន័យ​ដោយឡែក​៖ សំពត់ឡាញ​ពីរ​ទង តំណាង​ឱ្យ​ភាព​ជំនួប​​ជុំ​ សេចក្តី​​ប្រកាសប្រាប់​បុព្វការីជន​។ ពីង​ស្រា និង កួរ​ស្រូវ​ តំណាងឱ្យ​ភាពសុខុមរមនា​។ ឈើ​ស៊ឺយ​មួយ​ក្តាប់​ បង្ហាញពី​ភាព​លូតលាស់​។​

ចំណែក​ពិធីសែន​​បាន​ប្រព្រឹត្តទៅ​យ៉ាង​ឱឡារិក​ នៅ​ក្រោម​បង្គោលទង់​ផង​ដែរ​ដោយ​មាន​គ្រឿង​សំណែន​គឺមាន់ និង ស្រា​។ គ្រូអាចារ្យ​ ជាអ្នកកាន់ពិធីកិច្ច​ ជំនួស​អ្នកភូមិ​ អ្នកស្រុក​​អុជធូប​ សូត្រ​ធម៌បួង​សួង​ និង ដុត​ប្រាក់​ខ្មោច​ ដើម្បី​ប្រកាស​ប្រាប់​អាទិទេព​។ ក្រោយ​ពេល​សូត្រធម៌​បួងសួង​ គ្រូអាចារ្យ​ណែនាំមនុស្ស​ដើរ​ប្រទាក់កសិណ​ជុំវិញបង្គោល​ទង​​ ធ្វើ​ដំណើរ​ផង​ ច្រៀងផង​ គេច្រៀង​បទ “ទិញ​ចៃ” (មានន័យថា​ថ្ងៃ​សន្យា​)។ កំណាព្យ​បទចម្រៀង​ មាន​ខ្លឹមសារ​ផ្ញើ​ជូន​អាទិទេព​ ប្រកាសប្រាប់​អំពី​ពិធី​តបគុណ​របស់អ្នក​ភូមិ​ ចំពោះ​អាទិទេព​។​

ពិធីប្រឡង​ធ្វើ​នំ​បាញ់យ៉ី (Giay) ប្រពៃណីនៃជនជាតិ​ម៉ុង​ ជា​សកម្មភាព​ទាក់ទាញ​មនុស្ស​ជាច្រើន​ចូល​រួម​។​
អ្នកភូមិ​អ្នកស្រុក​ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ។​

ពេល​ពិធីកិច្ច​បាន​បញ្ចប់​ បរិយាកាស​ពិធីបុណ្យ​បន្តឈាន​ចូល​ពិធីសប្បាយ​ផុសផុល​ និង អ៊ូអរ​។ នៅ​ម្តុំ​ទីធ្លា​ទូលាយ​ជិត​បង្គោល​ទង​ ​ អ្នកភូមិ​ អ្នកស្រុក​ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​នៃជនជាតិ​ម៉ុង​​ ដូចជា​៖ បោះ​ឈូង​ រុញ​ឈើ​។ល។ កំលោះក្រមុំ​ជនជាតិម៉ុង​ ក្នុង​សម្លៀក​បំពាក់​ពណ៌ឆើត​ឆាយ​ ជុំគ្នា​ផ្លុំគែន​ រាំ​សប្បាយ​ បង្កើត​បានជា​បរិយាកាសមួយ​ចម្រុះទៅ​ដោយ​ពណ៌សម្បុរ​។ ទំនុក​គែន​ជនជាតិម៉ុង​ រំពងឡើង​ឥតឈប់ឈរ​ ទាក់ទាញ​មនុស្ស​គ្រប់គ្នា​បណ្តែត​អារម្មណ៍​ជាមួយ​ទំនុក​របាំប្រពៃណីដ៏ទន់ភ្លាន់ជាប់ចិត្ត​។ ទន្ទឹមនឹងសកម្មភាព​សិល្បៈ​ ជនជាតិម៉ុង​នៅ​ឃុំ​ហាង​គា (Hang Kia) - ផាករ​ (Pa Co) រៀប​ចំ​សកម្មភាពមាន​អត្ថន័យ​ជាច្រើន​ទៀត ដូចជា ការ​ប្រឡង​បុកម្សៅនំយ៉ី (Giay) ​ប្រពៃណី ជា​សកម្មភាព​លេចធ្លោ​និងទាក់ទាញអ្នកភូមិ អ្នកស្រុក និងភ្ញៀវទេសចរ​គ្រប់ចតុទិស​។ ​ពិធីបុណ្យ​ហ្គូវ​តាវ​ (Gau Tao) តែង​បានប្រព្រឹត្តទៅ​ពេញមួយ​ថ្ងៃ ក្រោម​បរិយាកាស​យ៉ាងសប្បាយរីករាយ​។​

ពិធី​បុណ្យ​ហ្គូវ​តាវ​ (Gau Tao) ប្រព្រឹត្តទៅ​ដូចជា​សញ្ញាប្រកាស​​​និទាឃរដូវ​មកដល់​។​ ​នេះ​ជា​ឱកាស​សម្រាប់​ជនជាតិ​ម៉ុង​ បង្ហាញពីទឹក​ចិត្ត​គោរព​ដឹងគុណ​ចំពោះ​បុព្វការីជន អាទិទេព​ និងជា​ឱកាស​ដើម្បី​រក្សា​ និង ពង្រីក​តម្លៃ​វប្បធម៌​ប្រពៃណី​។ តាម​រយៈ​សកម្មភាព​ផុសផុល​ បងប្អូន​ជនជាតិ​នៅ​ឃុំ​ហាង​គា (Hang Kia) - ផាករ​ (Pa Co) មិនត្រឹមតែ​ផ្សារភ្ជាប់​សាមគ្គីភាព​ នៅទាំង​បំផុសអារម្មណ៍​ បំផុស​មោទន​ភាព​ជនជាតិ​ និង​រួម​គ្នា​ជឿជាក់ថា ​​ឆ្នាំថ្មីនឹង​​សុខដុម​រមនា​ សុភមង្គល៕​

  • អត្ថបទ និង រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

top