គំនូរប៉ាក់លើស្លឹកពោធិ៍
ជាមួយនឹងទឹកចិត្តស្រឡាញ់របរដេរប៉ាក់ប្រពៃណីរបស់គ្រួសារ បងស្រី ក្វាន ធីកុក (Quan Thi Cuc) នៅសង្កាត់ឡិញដាម (Linh Dam) ស្រុកហ្វាងម៉ាយ (Hoan Mai) ក្រុងហាណូយ បន្តដំណើរអភិវឌ្ឍន៍ទៅមុខ ជាមួយនឹងផលិតផលគំនូរប៉ាក់លើស្លឹកពោធិ៍ ដែលមានតម្លៃវិចិត្រសិល្បៈខ្ពស់ ព្រមទាំងជួយរក្សាតម្លៃអត្តសញ្ញាណជនជាតិវៀតណាម។
ជាអ្នកភូមិរបរប៉ាក់នៅឃុំភុកថាញ (Phuc Thanh) ស្រុកវូធឺ (Vu Thu) ខេត្តថៃប៊ិញ (Thai Binh) តាំងពីតូចបងស្រី បានអ្នកម្តាយបង្ហាញប៉ាក់ដោយផ្ទាល់ដៃ។ អាយុ១០ឆ្នាំ បងស្រីកុក (Cuc) អាចប៉ាក់ស្នាដៃមួយ បានសម្រេចដោយខ្លួនឯង។ ប៉ុន្មានឆ្នាំថ្មីៗនេះ ចំពោះការអភិវឌ្ឍដោយម៉ាស៊ីននិងដេរប៉ាក់ដោយបច្ចេកវិទ្យាកាន់តែច្រើនទៅ ម្លោះហើយអ្នកស្រុកជាច្រើនបានបោះបង់ស៊ុមប៉ាក់ ដោយសារមិនអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតផ្តើមពីមុខរបរនេះបានទៀត។ ប៉ុន្តែដោយចំណង់ចំណូលចិត្តចង់អភិរក្សនិងអភិវឌ្ឍន៍ភាពប្រណីត នៃបច្ចេកទេសប៉ាក់ដោយដៃបែបប្រពៃណី បងស្រីកុក (Cuc) ក៏បានរិះរកយកគំនិតវ័យក្មេង បង្កើតបានស្នាដៃប៉ាក់ជាច្រើន បែប 3D ព្រមទាំងបើកថ្នាក់បង្រៀនប៉ាក់អនឡាយទៀតផង។
ដល់ឆ្នាំ២០១៩ ពេលបានសិក្ខកាមសាកសួរអំពីរបៀបប៉ាក់លើស្លឹកពោធិ៍ បងស្រីក៏ចាប់ផ្តើមធ្វើសាកលើស្លឹកពោធិ៍ជាវត្ថុធាតុថ្មីនេះ។ បន្ទាប់ពេលស្វែងយល់អំពីអត្ថន័យស្លឹកពោធិ៍ បងស្រីក៏ចាប់ផ្តើមផ្តោតអភិវឌ្ឍន៍បច្ចេកទេសប៉ាក់ប្រភេទថ្មីនេះ។
ក្វាន ធីកុក (Quan Thi Cuc) បច្ចុប្បន្នកំពុងបង្រៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលប៉ាក់ដោយដៃ ធូកុក (Thu Cuc) ទន្ទឹមនោះបងស្រី ជានាយកនៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតប៉ាក់ដៃវៀតណាម។
និយាយអំពីដំណាក់កាលសាងគំនូរលើស្លឹកពោធិ៍មួយផ្ទាំង បងស្រីកុក (Cuc) រៀបរាប់ថា ជាមូលដ្ឋានវាមានដំណាក់កាលធ្វើ ដូចជាការដេរប៉ាក់លើវត្ថុធាតុដទៃផ្សេងៗ ជំហានដំបូង បង្កើតគំនិត គូរពង្រាងលើក្រដាស កែសម្រួលស្របតាមគំនិតខ្លួន គូរជារូបរាង រួចព្រីនរូបលើស្លឹក។ តាមធម្មតា ស្នាដៃគំនូរប៉ាក់បានធ្វើនៅលើសំពត់ ដោយអាចកែសម្រួលតាមចិត្តរបស់ខ្លួន តែចំពោះការដេរប៉ាក់នៅលើស្លឹកពោធិ៍វិញ អ្នកប៉ាក់ត្រូវចេះបត់បែន ប្រែប្រួលតាម ឱ្យសមស្របនឹងរចនាសម្ពន្ធនៃស្លឹកឈើនីមួយៗ។ ការប៉ាក់លើស្លឹកឈើមិនងាយស្រួលនោះទេ ឱ្យតែធ្វើធ្ងន់ដៃបន្តិច ទ្រនង់ស្លឹកឈើនឹងបាក់ជាមិនខាន។ ដោយស្នាមប៉ាក់រឹងមាំ តែទំហំស្លឹកមានកំណត់ ស្តើង ងាយដាច់ រវៀសដៃបន្តិចនឹងខូចស្នាដៃទាំងមូលភ្លាម។
ប៉ាក់ស្លឹកពោធិ៍ ជាស្នាដៃមានអត្ថន័យស្មារតីយ៉ាងធំធេង ដូច្នេះបងស្រីកុក (Cuc) យល់ឃើញថា ត្រូវតែព្យាយាម អត់ធ្មត់ ផ្ចិតផ្ចង់ មិនអាចប្រញាប់ក្នុងពេលប៉ាក់បានទេ ពុំនោះនឹងធ្វើឱ្យតម្លៃស្នាដៃរបស់អ្នកត្រូវខូចជាមិនខាន។ ក្រៅពីនោះ នេះជាផលិតផលទាមទារបច្ចេកទេសខ្ពស់បង្គួរ ដូច្នេះរៀងរាល់ថ្ងៃ សុទ្ធតែត្រូវការត្រិះរិះលើកស្ទួយតម្លៃ ភាពវិចិត្រនៃស្នាដៃនីមួយៗ។
ប្រធានបទចម្បងសម្រាប់ស្នាដៃរបស់បងស្រី គឺអក្សរក្បាច់ ដាក់បន្ថែមក្បាច់រចនាបែបស្លឹកឈើ ទន្ទឹមនោះ នៅមានសត្វទេពហ៊ុយសុយ ដូចជាឈូកនិងត្រី ដើមស្រល់និងសត្វក្រៀល នាគនិងហង្ស ។ល។ ស្នាដៃធម្មតានីមួយៗ ក៏ត្រូវចំណាយយ៉ាងពេលតិចបំផុតមួយថ្ងៃ ពិបាកត្រូវចំណាយពេលពី២អាទិត្យរហូតដល់មួយខែ ដើម្បីធ្វើសម្រេចវា។ ក្នុងនោះ ស្នាដៃដែលពិបាកបំផុត ដែលគាត់ធ្លាប់បានធ្វើ នោះគឺប៉ាក់ពុទ្ធរូប មិនងាយនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ព្រះអង្គ ពេលព្រះអង្គបើកព្រះនេត្រ។ ដោយដំណើរប៉ាក់ពិបាក ម្លោះហើយតម្លៃនៃផលិតផលនីមួយៗ មានតម្លៃពី៤០០ពាន់ដុង រហូតដល់រាប់សិបលានដុងឯណោះ។ ផលិតផលប៉ាក់លើស្ថឹកពោធិ៍របស់បងស្រី តែងបានយកធ្វើជាអំណោយសម្រាប់ពិធីបុណ្យទាន ទន្ទឹមនោះក៏មានលក់ទៅកាន់ប្រទេសជប៉ុននិងអាមេរិក។
បងស្រីកុក (Cuc) ឱ្យដឹងថាបច្ចុប្បន្ន គាត់មានបើកថ្នាក់ប៉ាក់អនឡាយ សម្រាប់មនុស្សគ្រប់គ្នា ផ្តល់ឱកាសរកប្រាក់ចំណូលដោយមុខរបរប៉ាក់នេះ។ ប៉ុន្តែគោលបំណងសំខាន់របស់បងស្រី គឺរក្សានិងអភិវឌ្ឍន៍មុខរបរប៉ាក់ប្រពៃណីជនជាតិ បង្រៀនបច្ចេកទេសប៉ាក់ដោយដៃ ទៅដល់បងប្អូនរាប់ពាន់នាក់ ដែលស្រឡាញ់ចូលចិត្តប៉ាក់ ដើម្បីមុខរបរប្រពៃណីមិនសាបរលាបទៅ ក្រោមជំនោរឧស្សាហកម្ម៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត
ប្រែសម្រួល៖ រីកើង