៥០ឆ្នាំ ទីក្រុង​ដាក់ឈ្មោះ តាម​ឈ្មោះ​លោក​អ៊ំ​៖ ទីក្រុងហូជីមិញជំរុញឧស្សាហកម្មវប្បធម៌ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខស្រួច

៥០ឆ្នាំ ទីក្រុង​ដាក់ឈ្មោះ តាម​ឈ្មោះ​លោក​អ៊ំ​៖ ទីក្រុងហូជីមិញជំរុញឧស្សាហកម្មវប្បធម៌ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខស្រួច

ទីក្រុងហូជីមិញ កំពុងជម្រុញការអភិវឌ្ឍ​ឧស្សាហកម្មវប្បធម៌ ដោយឆ្ពោះទៅរកការធ្វើឱ្យវិស័យនេះក្លាយជាវិស័យសេដ្ឋកិច្ចមុខស្រួច។​ ជាមួយនឹងសក្តានុពលច្នៃប្រតិដ្ឋ​ ប្រភពធនធានវប្បធម៌ដ៏សម្បូរបែប និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ទីក្រុងរំពឹង​នឹង​បង្កើត កម្លាំង​ចលករ​កំណើនថ្មីសម្រាប់អនាគត។

របត់ដ៏សំខាន់មួយ គឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទីក្រុងហូជីមិញ ​បានអង្គការ UNESCO ចុះ​បញ្ជីជា “ទីក្រុង​ច្នៃ​ប្រតិដ្ឋ​ក្នុង​វិស័យ​ភាពយន្ត​" កាយ​ជា​តំណាង​ដំបូង​របស់​អាស៊ីអាគ្នេយ៍ ​ដែលទទួលបានពានរង្វាន់​នេះ។ នេះ​បានចាត់ទុកថា ជាឱកាសមួយ សម្រាប់ទីក្រុង​ជំរុញការអភិវឌ្ឍ​វិស័យឧស្សាហកម្មវប្បធម៌ តាមទិសដៅប្រកប​ដោយវិជ្ជាជីវៈ និង​ការធ្វើ​សមាហរណកម្ម​អន្តរជាតិ។

ទស្សនិកជនយ៉ាងច្រើនកុះករ បានចូលរួមទស្សនាដោយសប្បាយរីករាយ នូវកម្មវិធីសិល្បៈតន្ត្រីក្នុងភាពយន្ត "Cineshow - Music in Film" នៅលើឆាកដ៏អស្ចារ្យក្រៅអាគារ នៃមហោស្រពភាពយន្តអន្តរជាតិ​ទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ
ទិដ្ឋភាពទូទៅនៃលំហដ៏ស្កឹមស្កៃរបស់​មហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញ នៅតំបន់រោងមហោស្រពទីក្រុង។ រូបថត៖ ឯកសារ

បច្ចុប្បន្ននេះ ទីក្រុងហូជីមិញ ជាមូលដ្ឋានដែលមានទំហំឧស្សាហកម្មវប្បធម៌ធំ​បំផុត នៅក្នុង​ប្រទេស ដោយមាន​ពលករប្រមាណ ៩៧.០០០នាក់ និង​សហគ្រាសជាង ១៧.៦៧០ កំពុង​ប្រតិបត្តិការក្នុងវិស័យច្នៃប្រតិដ្ឋ​នានា។ ក្នុង​ដំណាក់កាលឆ្នាំ២០១០ - ២០១៩ តម្លៃផលិតកម្ម​ នៃវិស័យឧស្សាហកម្មវប្បធម៌ បានកើនឡើងពីជាង ៣៦.០០០ពាន់លាន​ដុង ដល់​ជាង ៨៤.០០០ពាន់លានដុង (ប្រហែល​ជាង​៣ ពាន់លាន​ដូល្លាអាមេរិក)។ គិត​ត្រឹម​ចុង​​ឆ្នាំ២០២៥​ វិស័យនេះ​ បានរួមចំណែកប្រមាណ ៥.៧% នៃ​ GRDP របស់​​ទីក្រុង​។

សក្តានុពលនៃការអភិវឌ្ឍ ក៏បានមកពីប្រភពធនធានវប្បធម៌ដ៏សម្បូរបែបផងដែរ។ បច្ចុប្បន្ន ទីក្រុងមានទម្រង់វប្បធម៌ - កេរដំណែល​ប្រវត្តិសាស្ត្រចំនួន ៣១៤កន្លែង​បាន​រៀបចំណាត់​ថ្នាក់ ក្នុងនោះមានកេរដំណែល​ពិសេស​ថ្នាក់ជាតិ​ចំនួន ៤កន្លែង រួមជាមួយ​នឹងពិធីបុណ្យប្រពៃណីពិសេសៗ​ជាច្រើន​ដូចជា៖ ពិធីបុណ្យ ង៉ិញអុង (Nghinh ong) ពិធីបុណ្យនៅ​បូជនិយដ្ឋាន ធៀនហូវ (Thien Hau) ​ពិធីបុណ្យងួន​សៀវ/បុណ្យ​សែន​គោម​ ឬសិល្បៈ​ម៉ុងសាយ ។ល។ នេះគឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់ សម្រាប់វិស័យ​ភាពយន្ត ការរចនា ការផ្សាយពាណិជ្ជកម្ម ទេសចរណ៍វប្បធម៌ និងវិស័យច្នៃប្រតិដ្ឋ​ជាច្រើនទៀត។

ក្រៅពីនេះ ទីក្រុងហូជីមិញក៏មានប្រៀបខ្លាំងក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈទ្រង់ទ្រាយធំផងដែរ។ មហោស្រពភាពយន្តអន្តរជាតិ ពិធីបុណ្យអាវផាយ​ ពិធី​បុណ្យទន្លេ ព្រមទាំង​កម្មវិធីបង្ហាញ​ម៉ូដសម្លៀកបំពាក់ និងតន្ត្រីនានា បាន​រួមចំណែក​បង្កើតនូវជីវភាព​វប្បធម៌ដ៏រស់រវើក ទាក់ទាញ​សាធារណជន និង​ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ​។

 

ពិធីបុណ្យពន្លឺ 3D mapping ក្នុងកម្រងព្រឹត្តិការណ៍ “ពណ៌សម្បុរទីក្រុង​ឈ្មោះអ៊ំ” នៅទីក្រុង​ហូជីមិញ។ រូបថត៖ ឌិញ​ ហាយ​ង៉ុក​
ការសម្ដែងសិល្បៈបង្កើតរូបរាងមនុស្ស​យន្ត​ ដែលបង្ហាញពីស្មារតីបច្ចេកវិទ្យា និងការច្នៃប្រតិដ្ឋ​ថ្មី នៅ GRECO 2025។ រូបថត៖ ថុងហាយ​/VNP

ជាពិសេស បន្ទាប់ពីការ​បញ្ចូលភូមិសាស្រ្ត​​រដ្ឋបាល និងអនុវត្តទម្រង់​រដ្ឋបាលពីរ​ថ្នាក់ ទីក្រុងទទួល​បាននូវគុណសម្បត្តិថ្មីៗជាច្រើន​ទៀត។ ខេត្តប៊ិញយឿង ជាមួយនឹង​​ចំណុចខ្លាំងខាងបច្ចេកវិទ្យា ត្រូវបានរំពឹងថានឹងជួយគាំទ្រដល់បរិវត្តកម្ម​ឌីជីថល និងការអនុវត្តបច្ចេកវិទ្យា​ក្នុងវិស័យច្នៃប្រតិដ្ឋ​។ ទន្ទឹមនឹងនោះ ខេត្តបារៀ - វុងតាវ ​ដែលមាន​សក្តានុពលទេសចរណ៍ និងកីឡាសមុទ្រ នឹងរួមចំណែកអភិវឌ្ឍន៍​ព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ថ្នាក់​អន្តរជាតិ។

យោងតាមគម្រោងអភិវឌ្ឍន៍វិស័យឧស្សាហកម្មវប្បធម៌ ដល់ឆ្នាំ២០៣០ ទីក្រុងហូជីមិញបានកំណត់គោលដៅទទួលចំណូលពីវិស័យនេះ នឹងរួមចំណែកលើសពី ៧.២% នៃ​ GRDP។ ទីក្រុង នឹងផ្តោតលើការអភិវឌ្ឍ​វិស័យសំខាន់ៗចំនួន ៨ រួមមាន៖ ភាពយន្ត សិល្បៈសម្តែង វិចិត្រសិល្បៈ ម៉ូដសម្លៀកបំពាក់ ថតរូប តាំងពិព័រណ៍ ផ្សាយពាណិជ្ជកម្ម និងទេសចរណ៍វប្បធម៌។ ទន្ទឹមនឹងនោះ ទីក្រុងខិតខំកសាងពាណិជ្ជសញ្ញាជាតិ​ ​ឱ្យបានយ៉ាងហោចណាស់​ចំនួន ៥ នៅក្នុងវិស័យទាំងនេះ។

 

ការសម្ដែងល្ខោន ហាតបូយ (Hat Boi) នៅតាមដងផ្លូវក្នុងទីក្រុងសាយ​ហ្គន។ រូបថត៖ ថុងហាយ​/VNP
របាំនាគរបស់ជនជាតិចិន ក្នុងឱកាសបុណ្យងួន​សៀវ​ (ពិធី​បុណ្យសែន​​គោម​) នៅសាយ​ហ្គន។ រូបថត៖ ត្រឹន​ ថេផុង​

ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងនឹងពង្រាយ​គោលនយោបាយអនុគ្រោះ​ ផ្នែកពន្ធដារ និងឥណទាន ពង្រឹង​ការការពារកម្មសិទ្ធិបញ្ញា គាំទ្រដល់សិល្បករ សិល្បការិនី និងសហគ្រាសច្នៃប្រតិដ្ឋ​ ព្រមទាំង​ជំរុញការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ ការអនុវត្ត​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និងបរិវត្តកម្ម​ឌីជីថល។

ការអភិវឌ្ឍ​ឧស្សាហកម្មវប្បធម៌ មិនត្រឹមតែបង្កើតតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងអំណាចទន់ ​ផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាម​ ទៅកាន់ពិភពលោកផងដែរ។ ជាមួយនឹងផលប្រយោជន៍ដែលមានស្រាប់ រួមផ្សំ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ច្បាស់លាស់ ទីក្រុងហូជីមិញ កំពុងបោះជំហានបន្តិចម្ដងៗ ក្នុងការនាំយកឧស្សាហកម្មវប្បធម៌ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខស្រួច​ បង្កើត​ជាកម្លាំងចលករ សម្រាប់កំណើន​ចីរភាពនាពេលអនាគត៕

អត្ថបទ៖ ថាញ់ហ្វា/VNP

រូបថត៖ ថុង​ហាយ​/VNP ត្រឹន​ ថេផុង ឌិញ​ ហាយ​ង៉ុក និង​ឯកសារ​

ប្រែសម្រួល៖ រីកើង​


top