ឧទ្យានជាតិ កាតបា (Cat Ba) - "សួតបៃតង" កណ្តាលសមុទ្រ
ឧទ្យានជាតិ កាតបា (Cat Ba) គឺជាតំបន់បម្រុងជីវមណ្ឌលមួយធំបំផុតក្នុងប្រទេសវៀតណាម និងពិភពលោក។ ទីនេះផ្ទុកតម្លៃពិសេសបំផុតទាំងព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ មកដល់ឧទ្យានជាតិ កាតបា (Cat Ba) ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ ស្វែងយល់នូវប្រព័ន្ធអេកូឡូស៊ីសត្វ និងរុក្ខជាតិចម្រុះប្រភេទ ដើរក្រោមម្លប់ព្រៃពណ៌បៃតងដ៏ធំសម្បើយ និងចូលរួមសកម្មភាពខាងក្រៅដ៏គួរឱ្យចាប់អារម្មណ៍។
ឧទ្យានជាតិ កាតបា (Cat Ba) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៦ ដែលមានផ្ទៃដី ១៥.២០០ ហិចតា តាមបណ្តោយផ្លូវឆ្លងកាត់កោះ កាតបា (Cat Ba) ។ នេះជាកន្លែងអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្ររួមមាន៖, ព្រៃឈើលើដីគោក ព្រៃកោងកាង រុក្ខជាតិកម្រ និងសត្វកម្រ ហើយក៏ជាជម្រករបស់សត្វព្រៃចម្រុះជាច្រើនប្រភេទ រួមមាន សត្វ langur កាតបា (Cat Ba) ឆ្មាបា ស្វាមុខក្រហម និងពស់វែករនាម។ ឧទ្យានជាតិក៏ជាទីតាំងមានរូងភ្នំជាច្រើនផងដែរ រួមទាំងរូង គ្វឹនអ៊ី (Quan Y) និងរូង ទ្រុងត្រាង (Trung Trang) ដែលជារូងភ្នំដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសវៀតណាម។
មកដល់ឧទ្យានជាតិ កាតបា (Cat Ba) ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បំផុត។ សកម្មភាពដូចជា ការដើរលើខ្សែផ្លូវវែង ចាប់ពីផ្លូវងាយស្រួលដល់ផ្លូវលំបាក។ ផ្លូវដើរដ៏ពេញនិយមបំផុតរួមមាន៖ ផ្លូវលំនាំទៅកាន់កំពូលភ្នំ ងឺឡឹម (Ngu Lam) ផ្លូវទៅកាន់រូងភ្នំ ទ្រុងត្រាង (Trung Trang) និងផ្លូវលំនាំទៅកាន់ភូមិនេសាទ កាតបា (Cat Ba)។
ចំពោះភ្ញៀវទេសចរដែលចូលចិត្តស្វែងយល់នូវសមុទ្រអាចជ្រើសរើសការជិះទូកកាយ៉ាក។ នេះគឺជាវិធីដ៏ល្អមួយ ដើម្បីស្វែងយល់នូវកោះ និងឈូងសមុទ្រជុំវិញកោះ កាតបា (Cat Ba)។ បទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតដែលភ្ញៀវទេសចរមិនអាចរំលងបាននោះគឺការមុជទឹក Scuba នៅឈូងសមុទ្រ ឡានហា (Lan Ha) ពីព្រោះនេះគឺជាទីតាំងមុជទឹក Scuba ដ៏ល្អបំផុតមួយនៅក្នុងប្រទេសវៀតណាមដែលមានប្រព័ន្ធអេកូឡូស៊ីសមុទ្រចម្រុះពណ៌។ ចំពោះភ្ញៀវទេសចរចូលចិត្តផ្សងព្រេងវិញ គឺមានទីតាំងឯទៀតជាច្រើននៅលើកោះ កាតបា (Cat Ba) មានខ្នងថ្មកំបោរដ៏អស្ចារ្យសម្រាប់វារឡើង។
ក្រៅពីសកម្មភាពទាំងនេះ ភ្ញៀវទេសចរក៏អាចទស្សនាភូមិនេសាទ កាតបា (Cat Ba) ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងហូបគ្រឿងសមុទ្រស្រស់ៗ នៅភោជនីយដ្ឋាននានានៅក្នុងភូមិផងដែរ។
មានពីរដំណាកកាលល្អបំផុតសម្រាប់ការទស្សនាឧទ្យានជាតិ កាតបា (Cat Ba) គឺ៖ នៅរដូវស្លឹកឈើជ្រុះ (ពីខែកញ្ញាដល់ខែវិច្ឆិកា) ពេលនេះមេឃស្រឡះ អាកាសធាតុត្រជាក់ មានភ្លៀងធ្លាក់តិចតួច ដែលសមស្របនឹងសកម្មភាពទស្សនា និងស្វែងយល់។ រីឯនៅរដូវផ្ការីក (ពីខែកុម្ភៈដល់ខែមេសា) នេះគឺជារដូវដែលផ្កាផ្លែម៉ាក់ខៃព្រៃរីក ទេសភាពមានលក្ខណៈរ៉ូមែនទិច សមស្របនឹងការថតរូប និងគយគន់ទេសភាព។
អាចនិយាយបានថា ឧទ្យានជាតិ កាតបា (Cat Ba) ជាតំបន់ទេសចរណ៍ដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្តទេសភាពធម្មជាតិ និងសកម្មភាពនៅខាងក្រៅ។ ដោយមានសកម្មភាពជាច្រើនដែលត្រូវជ្រើសរើស ភ្ញៀវទេសចរប្រាកដជាមានពេលវេលាសំរាកលំហែកាយដ៏ចំណាប់ និងមិនអាចបំភ្លេចបាននៅទីនេះ។/.
អត្ថបទ៖ ថាញយ៉ាង/កាសែទរូបភាពវៀតណាម
រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង