អាស៊ាន៖ ការនាំចេញទំនិញមានការរីកចម្រើន
ការស្តារឡើងវិញនៃការនាំចេញកាន់តែខ្លាំងនឹងមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្ម។ សេដ្ឋកិច្ចនៃប្រទេសអាស៊ានដែលមានសមាមាត្រខ្ពស់នៃការនាំចេញទំនិញក្នុង GDP រួមមាន សិង្ហបុរី (១១០%) វៀតណាម (៩១%) និងម៉ាឡេស៊ី (៨៦%)។ ការនាំចេញទំនិញគឺជាកម្លាំងចលករដ៏សំខាន់នៅក្នុងប្រទេសថៃ (៥៨%) ក្នុងនោះបណ្តាប្រទេសដែលមានទីផ្សារក្នុងស្រុកធំជាង ដូចជា ប្រទេសឥណ្ឌូនេស៊ី (២២%) និងហ្វីលីពីន (២០%) នឹងរងផលប៉ះពាល់តិចជាងនេះ។
ការនាំចេញគ្រឿងអេឡិចត្រូនិកកំពុងនាំមុខគេក្នុងការស្តារឡើងនៃពាណិជ្ជកម្ម ហើយមានចំណែកធំនៃការនាំចេញពីប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី និងក្នុងកម្រិតតិចជាងប្រទេសថៃ។ ការនាំចេញគ្រឿងអេឡិចត្រូនិកមានចំនួនប្រហែល ៥៨% នៃទំហំនាំចេញសរុបរបស់ប្រទេសហ្វីលីពីន ៣៨% នៅម៉ាឡេស៊ី; ៣១ % នៅវៀតណាម; និង ២៣% នៅសិង្ហបុរី។
កសិកម្មតែងតែជាវិស័យដ៏សំខាន់បំផុតមួយសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលស្មើ និងខ្ពស់ជាង ២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសមួយចំនួន។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា វិស័យនេះបង្កើតការងារច្រើនជាង ៤០% នៃការងារសរុប។ អាស៊ានជាប្រភពផ្គត់ផ្គង់កសិផលសំខាន់សម្រាប់ទីផ្សារធំៗជាច្រើនលើពិភពលោក។ ជាគំរូគឺឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី ដាំកៅស៊ូប្រហែល ៣,៣ លាន តោនក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ ៧០% នៃផលិតកម្មពិភពលោក។
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺជាប្រទេសផលិតប្រេងដូងសំខាន់ពីរនៅអាស៊ីអាគ្នេយ៍ ហើយផ្គត់ផ្គង់ជិត ៩០% នៃបរិមាណផលសរុបពិភពលោក។ លើសពីនេះ ប្រទេសឥណ្ឌូនេស៊ីក៏ជាប្រទេសផលិតកាកាវធំទី ៣ ក្នុងពិភពលោក ដោយផ្តល់ប្រហែល ៤៥ ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជាប្រទេសផលិតតែធំទី ៨ ក្នុងពិភពលោក យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ។
ប្រទេសហ្វីលីពីនគឺជាប្រទេសផលិត និងនាំចេញដូង និងម្នាស់ដ៏ធំបំផុតមួយរបស់ពិភពលោក ហើយក៏ជាប្រទេសផលិតស្ករសដ៏សំខាន់ផងដែរ។ យោងតាមទិន្នន័យដែលទើបប្រកាសស្ថាប័នស្ថិតិជាតិហ្វីលីពីន នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ការនាំចេញទំនិញ និងសេវាកម្មរបស់ប្រទេសបានកើនឡើង ៧,៥% ។ វៀតណាម និងថៃ ជាប្រទេសនាំមុខគេទាំងពីរក្នុងការនាំចេញអង្ករ។ ប្រទេសវៀតណាម និងឥណ្ឌូនេស៊ី គឺជាមហាអំណាចនាំចេញម្រេច។ វៀតណាម ថៃ ម៉ាឡេស៊ី ជាប្រទេសនាំចេញទុរេនធំជាងគេទាំងបី…
ក្នុងត្រីមាសទីមួយនៃឆ្នាំនាំ ២០២៤ ទំហំនាំចេញទំនិញរបស់វៀតណាមត្រូវបានសន្និដ្ឋានថានឹងឈានដល់ ៩៣,០៦ ពាន់លានដុល្លារអាមេរិក កើនឡើងយ៉ាងខ្លាំង និងស្មើៗគ្នានៅក្នុងក្រុមទំនិញទាំង ៣ ជាពិសេស៖ ក្រុមកសិកម្ម រុក្ខាប្រមាញ់ និងជលផលត្រូវបានសន្និដ្ឋានថានឹងសម្រេចបាន ៨,៤៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣,៨ %; ក្រុមផលិតផលឧស្សាហកម្មកែច្នៃ និងផលិតកម្មត្រូវបានសន្និដ្ឋានថានឹងសម្រេចបាន ៧៩,៦ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៨៦% នៃទំហំនាំចេញសរុប។ ក្រុមឥន្ធនៈរ៉ែត្រូវបានសន្និដ្ឋានថានឹងសម្រេចបាន១,១៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ លើសពីនេះ សកម្មភាពនាំចេញផលិតផលកាត់ដេរនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ មានសញ្ញាវិជ្ជមាន។
នៅត្រីមាសទីមួយនៃឆ្នាំ ២០២៤ ឥណ្ឌូនេស៊ីគឺជាទីផ្សារនាំចូលធំទីបីរបស់វៀតណាមក្នុងអាស៊ាន (បន្ទាប់ពីប្រទេសថៃដែលមាន ២,៦ ពាន់លានដុល្លារ និងម៉ាឡេស៊ីដែលមាន ២,៤១ពាន់លានដុល្លារ)។ ជាលើកដំបូង វៀតណាមបានក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទៅកាន់ទីផ្សារសិង្ហបុរី និងជាដៃគូនាំចេញជលផលធំទី ៥ ទៅកាន់ប្រទេសនេះ។ ទំហំនាំចេញរបស់ប្រទេសសិង្ហបុរីសម្រេចបានជាង ១៦៥,៩៤ ពាន់លានដុល្លាសិង្ហបុរី កើនឡើង ៤,៤៥ % ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។
ធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសថា អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ីក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ សម្រេចបាន ៤,២ % ក្នុងរយៈពេលដូចគ្នា ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំមុន។ លទ្ធផលនេះកើតចេញពីការស្តារៈឡើងវិញនៃតម្រូវការនាំចេញពីដៃគូបរទេស ក៏ដូចជាការប្រើប្រាស់ឯកជនដែលកត់ត្រាកំណើនខ្លាំង។ ការនាំចេញរបស់ម៉ាឡេស៊ីបានកើនឡើង ៥,២% ធៀបនឹងការធ្លាក់ចុះ ៧,៩% នៅត្រីមាសទី ៤ ឆ្នាំ ២០២៣។
ការនាំចេញរបស់អាស៊ានកំពុងកើនឡើងវិញ នឹងជួយពង្រីកអតិរេកពាណិជ្ជកម្ម បង្កើនការទុកបម្រុងរូបយិវត្ថុបរទេស និងរក្សាស្ថិរភាពរូបិយប័ណ្ណនៅឆ្នាំ ២០២៤ ដោយហេតុនេះ សង្ឃឹមថាខឿនសេដ្ឋកិច្ចអាស៊ាននឹងស្តារឡើងវិញយ៉ាងខ្លាំងក្លា។
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖VNA
ប្រែសម្រួលដោយង្វៀនយ៉ាង