ហាណូយជំរុញប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព
ហាណូយសព្វថ្ងៃមានប្រជាជនរស់នៅ ធ្វើការ និងសិក្សា ប្រហែល១០លាននាក់ នៅលើមូលដ្ឋាន ហើយរៀងរាល់ឆ្នាំទទួលភ្ញៀវទេសចរក្នុងស្រុក និង អន្តរជាតិ រាប់លាននាក់ ដែលអញ្ជើញមកទស្សនា ដូចនេះតម្រូវការប្រើប្រាស់កសិផលសុវត្ថិភាពយ៉ាងច្រើន។ ដើម្បីដោះស្រាយបញ្ហាមួយនេះ វិស័យកសិកម្មហាណូយ បានសហការនឹងបណ្តាខេត្ត ក្រុង ដំណើរការរុករកប្រភពដើមផលិតផល ចរាចរណ៍នៅលើទីផ្សារ ជំរុញអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព។
តាមរបាយការណ៍នៃអគ្គនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារហាណូយ មកដល់ពេលនេះ ទីក្រុងមានប្រព័ន្ធតំណសុវត្ថិភាពស្បៀងអាហារចំនួន១៥៩ តាំងពីការផលិតកម្ម រហូតដល់ការប្រើប្រាស់ផលិតផល ក្នុងនោះមានប្រព័ន្ធជាច្រើន ដែលបានរៀបចំដោយគ្មានចន្លោះ តាំងពីវគ្គផលិតកម្ម រហូតដល់វគ្គចែកចាយដូចជា៖ ប្រព័ន្ធបន្លែសុវត្ថិភាព វ៉ាន់ឌឹក (Van Duc) ប្រព័ន្ធសាច់សហករណ៍ ហ្វាងឡុង (Hoang Long) ប្រព័ន្ធផ្លែឈើក្រូចថ្លុង ចឿងមី (Chuong My) មៀន ដាយថាញ (Dai Thanh) អង្ករ បាវមិញ (Bao Minh)។ល។
ប្រព័ន្ធតំណទាំងនេះ ទាក់ទាញបានសហគ្រាស សហករណ៍ ប្រជាកសិករជាច្រើនចូលរួម រួមចំណែកក្នុងលំនឹងបរិមាណផល បន្សាំនឹងបម្រែបម្រួលតម្រូវការទីផ្សារ កាត់បន្ថយស្ថានភាព ការផ្គត់ផ្គង់លើសតម្រូវការ កាត់បន្ថយការខូចខាតសម្រាប់ប្រជាកសិករ។
ជាមួយគោលដៅជំរុញការអភិវឌ្ឍ ប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព ពេលកន្លងហើយ អគ្គនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារហាណូយ បានផ្តោតលើការត្រួតពិនិត្យសហគ្រាស សហករណ៍ ចូលរួមផលិតកម្ម ប្រើប្រាស់កសិផល ដើម្បីកំណត់ទិសដៅកសាងប្រព័ន្ធតំណឆ្លើយតបតម្រូវការនៃទីផ្សារ។
លោក ង្វៀន ឌិញហ្វ័រ (Nguyen Dinh Hoa) នាយករងនៃមន្ទីរកសិកម្ម និង អភិវឌ្ឍជនបទហាណូយឱ្យដឹងថា ហាណូយជាទីផ្សារសក្តានុពលប្រើប្រាស់ ចំពោះទំនិញកសិផល ស្បៀងអាហារ ដោយមានប្រជាជនកុះករ ដូចនេះតម្រូវការប្រើប្រាស់ស្បៀងអាហារសុវត្ថិភាព គឺយ៉ាងច្រើន។ ហេតុនេះ ហាណូយបានពង្រាយចុះហត្ថលេខាជាមួយនឹងបណ្តាខេត្តក្រុងទូទាំងប្រទេស តាមរយៈនោះកសាង និងអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារសុវត្ថិភាពចំនួន៩៩៧ កើន៧១ប្រព័ន្ធ បើប្រៀបនឹងឆ្នាំ២០២២ និង ២១១ប្រព័ន្ធ បើប្រៀបនឹងដំណាក់កាលឆ្នាំ២០១៥ - ២០២០។
សហគ្រាសមួយក្នុងចំណោមសហគ្រាសគំរូ សកម្មសហការចូលរួមកសាងប្រព័ន្ធផ្គត់ផ្គង់កសិផល ស្បៀងអាហារសុវត្ថិភាព នៅលើភូមិសាស្រ្តហាណូយ គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកបុគ្គលអាហរ័ណ - នីហរ័ណ និង អភិវឌ្ឍបច្ចេកវិទ្យាជប៉ុន ជាមួយនឹងពាណិជ្ជសញ្ញា Kochi ជំនាញផលិតស្បៀងអាហារ ថែទាំសុខភាពសហគមន៍ មានប្រភពមកពីកសិផល ឱសថ ដូចជា៖ មើមខ្ទឹមខ្មៅ ដើម Reynoutria multiflora ផ្លែជូជូបេ រមៀត ផ្សិតដង្កូវ (Cordyceps millitaris) ។ល។ លោក ដូ ហូវស្វឹន (Do Huu Xuan) តំណាងក្រុមហ៊ុនឱ្យដឹងថា ក្រុមហ៊ុនមានបំណងចង់សហការជាមួយដៃគូ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព ផ្តើមពីនោះ បង្កើតបន្ថែមឱកាសបើកទូលាយទីផ្សារនៅវៀតណាម ក៏ដូចជាអន្តរជាតិ។ បច្ចុប្បន្ន ជាមួយការខិតខំឥតឈប់ឈរ ផលិតផលខ្ទឹមខ្មៅ របស់ក្រុមហ៊ុនបាននាំចេញទៅកាន់ទ្វីបទាំង៣ ជាក់ស្តែងគឺប្រទេសអាមេរិក ស្វិស កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន។ល។ ហើយនឹងបន្តនាំចេញទៅកាន់ទ្វីប២ទៀត គឺទ្វីបអូស្រ្តាលី និង ទី្វបអាហ្វ្រិក អះអាងគុណភាព និង ទំនុកចិត្តទីផ្សារបរទេស ជាមួយនឹងពាណិជ្ជសញ្ញាកសិផលស្បៀងអាហារសុវត្ថិភាព ដែលនាំចូលមកពីប្រទេសវៀតណាម។
វាយតម្លៃតួនាទីនៃការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព លោកស្រី ង្វៀន ធីធូហាំង (Nguyen Thi Thu Hang) នាយកនៃអគ្គនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារហាណូយ រៀបរាប់ថា៖ ការកសាង និង អភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព មានតួនាទីពិសេសសំខាន់។ បច្ចុប្បន្ន បណ្តាប្រព័ន្ធនេះ ទាក់ទាញបានសហគ្រាស សហករណ៍ ប្រជាកសិករជាច្រើន ចូលរួមសហការកសាងប្រព័ន្ធ ចូលរួមលំនឹងបរិមាណ បន្សាំនឹងបម្រែបម្រួលតម្រូវការទីផ្សារ កាត់បន្ថយការខួចខាត សម្រាប់ប្រជាកសិករ។ ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព នៅទាំងឧបត្ថម្ភជំនួយអង្គភាពផលិតកម្ម ផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផល ទៅដល់អ្នកប្រើប្រាស់ ក្នុងស្រុក និង ក្រៅប្រទេស ជួយអ្នកចែកចាយជម្រើសកសិផល មានគុណភាព មានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារ។
ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព រវាងហាណូយជាមួយនឹងបណ្តាខេត្ត លោកង្វៀន ឌិញហ្វ័រ (Nguyen Dinh Hoa) នាយករងនៃមន្ទីរកសិកម្ម និង អភិវឌ្ឍជនបទហាណូយអះអាងថា ក្នុងពេលខាងមុខ វិស័យកសិកម្មហាណូយ បន្តពង្រាយសកម្មភាពជំរុញពាណិជ្ជកម្ម តភ្ជាប់នឹងផលិតកម្មប្រើប្រាស់កសិផល រវាងហាណូយជាមួយនឹងបណ្តាខេត្តនានា។ ទន្ទឹមនោះ សហការរឹងមាំនឹងបណ្តាខេត្ត ត្រូវយកជាទៀងទាត់នូវសំណាកត្រួតពិនិត្យកោសល្យវិច័យគុណភាពកសិផល នៃបណ្តាខេត្តនាំចូលទីក្រុងហាណូយប្រើប្រាស់ ហើយផលិតផលរបស់ហាណូយនាំទៅកាន់បណ្តាខេត្ត ដើម្បីដំណើរការរុករកប្រភពដើមស្បៀងអាហារ តាមរយៈនោះគ្រប់គ្រងបានប្រភពដើមកសិផលនៅលើទីផ្សារ។ ក្រៅពីនោះ តាមរយៈប្រព័ន្ធតំណ សហគ្រាស សហករណ៍ ជំរុញការប្រើប្រាស់ផលិតផល តាមរយៈបណ្តាញចែកចាយទំនើប ផ្សារទំនើប ដូចជា៖ Central Group, Aeon, Lotte… ចូលរួមលើកកម្ពស់គុណភាព និង តម្លៃកសិផលហាណូយ៕
អត្ថបទ និង រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង