ស្វែងយល់អំពីសារមន្ទីរអវកាសដំបូងបង្អស់នៅវៀតណាម
ស្ថិតនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac (ទីក្រុងហាណូយ) សារមន្ទីរអវកាសវៀតណាម ដែលជាសារមន្ទីរដំបូងបង្អស់របស់ប្រទេសលើវិស័យអវកាស កំពុងបើកដំណើរការស្វែងយល់ពីចក្រ វាលដ៏រស់រវើក។ ទីកន្លែងនេះមិនត្រឹមតែបង្ហាញឡើងវិញ នូវភាពអស្ចារ្យនៃផ្ទៃមេឃតាមរយៈបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងនិទានរឿងអំពីក្តីប្រាថ្នាក្នុងការយកឈ្នះលំហអាកាស របស់ប្រជាជនវៀតណាម ចាប់តាំងពីជំហានដំបូង រហូតដល់ដំណើរនៃការគ្រប់គ្រងបច្ចេកវិទ្យាអវកាសនាពេលបច្ចុប្បន្ន។
ជាមួយនឹងផ្ទៃក្រឡាសរុបជាង ៣.០០០ម៉ែត្រការ៉េ សារមន្ទីរបានបែងចែកជាបីតំបន់សំខាន់ៗ៖ តំបន់តាំងបង្ហាញខាងក្រៅ តំបន់តាំងបង្ហាញក្នុងផ្ទះ និងតំបន់បញ្ចាំងរូបភាពអវកាស ដោយមានប៉មសង្កេតតារាសាស្ត្រ។ គ្រប់លំហទាំងអស់សុទ្ធតែត្រូវបានរចនាឡើង ដើម្បីនាំមកនូវបទពិសោធន៍ជាក់ស្តែង និងរស់រវើកជូនភ្ញៀវទស្សនា។ បច្ចេកវិទ្យាទំនើបបានអនុវត្តជាក់ស្តែង ក្នុងការបង្កើតឡើងវិញនូវបាតុភូតធម្មជាតិ ដូចជា ឥន្ធនូ កាឡាក់ស៊ី ដែលមានផ្កាយរាប់ពាន់លានដួង ឬរូបភាពនៃភពផែនដី និងចក្រវាល ដែលបានបញ្ចាំងនៅលើគ្រាប់បាលឌីជីថល តាមរយៈប្រព័ន្ធម៉ាស៊ីនបញ្ចាំង 3D និងឧបករណ៍ចាប់សញ្ញាចលនា។
ចំណុចលេចធ្លោ និងចំណាប់អារម្មណ៍បំផុតនៃសារមន្ទីរ គឺដំបូលរាងគ្រាប់បាលសម្រាប់បញ្ចាំងរូបភាព ដែលបង្ហាញឡើងវិញនូវផ្ទៃមេឃពេលរាត្រីជាមួយនឹងបាតុភូតតារាសាស្ត្រដ៏អស្ចារ្យ។ មិនត្រឹមតែជាកន្លែងសម្រាប់ស្វែងយល់ប៉ុណ្ណោះទេ ទីនេះក៏ជាមជ្ឈមណ្ឌលរក្សាទុក និងណែនាំយ៉ាងធំទូលំទូលាយអំពីដំណើរការអភិវឌ្ឍនៃបច្ចេកវិទ្យាអវកាសវៀតណាម ចាប់តាំងពីឯកសារនាសម័យសក្តិភូមិ រូបភាពលោកប្រធាន ហូជីមិញ ជួបសំណេះសំណាលជាមួយអវកាសយានិកសូវៀត រហូតដល់សមិទ្ធផលជានិមិត្តរូប ដូចជាការហោះហើរទៅកាន់លំហអាកាសរបស់វីរបុរស ផាមត្វឹន (Pham Tuan) ឬម៉ូដែលផ្កាយរណបនានា ដែលអភិវឌ្ឍដោយវៀតណាម។
លោកសាស្ត្រាចារ្យរង បណ្ឌិត ផាម ង៉ុកយីប (Pham Ngoc Diep) នាយកមជ្ឈមណ្ឌលរូបវិទ្យាតារាសាស្ត្រ និងស្វែងយល់អវកាស បានឱ្យដឹងថា៖ “យើងខ្ញុំអនុវត្តការផ្លាស់ប្តូរឌីជីថល ក្នុងការកសាងសារមន្ទីរ ដើម្បីបង្កើតអន្តរកម្ម និងអារម្មណ៍រស់រវើកសម្រាប់អ្នកទស្សនា ទន្ទឹមនឹងនោះនៅតែធានាបាននូវភាពត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ”។ លោកក៏បានចែករំលែកផងដែរថា បញ្ហាប្រឈមធំបំផុតរបស់ក្រុមការងារសាងសង់ គឺការផ្សះផ្សារវាងកត្តាវិទ្យាសាស្ត្រតឹងរ៉ឹង និងរបៀបបង្ហាញដ៏ទាក់ទាញ ដើម្បីជួយឱ្យទស្សនាទានស្មុគស្មាញ ក្លាយជាការងាយយល់ និងជិតស្និទ្ធ។
មិនមែនឈប់ត្រឹមការតាំងបង្ហាញប៉ុណ្ណោះទេ សារមន្ទីរអវកាសវៀតណាម នៅទាំងមានទិសដៅដើរតួនាទីក្នុងការអប់រំ និងតំណភ្ជាប់។ ទីកន្លែងនេះតែងតែសហការជាមួយអង្គការផ្សេងៗក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់គុណភាពនៃការតាំងពិព័រណ៍ រៀបចំកម្មវិធីបទបង្ហាញដោយអ្នកជំនាញ ដើម្បីផ្សព្វផ្សាយក្តីស្រឡាញ់ ចំពោះវិទ្យាសាស្ត្រទៅកាន់សហគមន៍ ជាពិសេសគឺយុវជន។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង ប្អូនង្វៀន ហ្វីយុង (Nguyen Huy Dung) សិស្សសាលាវិទ្យាល័យត្រឹន ញឹនតុង (Tran Nhan Tong) បានចែករំលែកដោយក្តីរំភើបថា៖ “ប្អូនបានស្វែងយល់រឿងរ៉ាវដ៏អស្ចារ្យជាច្រើន និងយល់កាន់តែច្បាស់អំពីបាតុភូតនានានៅក្នុងចក្រវាល”។ នៅតំបន់ “ការយកឈ្នះលំហអាកាស” ហ្វីយុង (Huy Dung) និងមិត្តភក្តិ អាចតំឡើង និងបាញ់បង្ហោះគ្រាប់រ៉ុក្កែតធ្វើត្រាប់តាម ឬបញ្ជាមនុស្សយន្ត ស្វែងយល់ភពអង្គារ ជាបទពិសោធន៍ ដែលពីមុនមកអាចឃើញតែនៅក្នុងភាពយន្តប៉ុណ្ណោះ។
យោងតាមលោកបណ្ឌិត ឡេ ស្វឹនហ្វី (Le Xuan Huy) អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាម គោលដៅរបស់សារមន្ទីរគឺ “នាំយកវិទ្យាសាស្ត្រអវកាសឱ្យកាន់តែជិតស្និទ្ធជាមួយសហគមន៍ ជួយឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថា បច្ចេកវិទ្យាទំនើប មិនមែនជារឿងឆ្ងាយហួសប្រមាណនោះទេ វាជិតស្និទ្ធនឹងជីវិតរស់នៅរបស់យើងខ្លាំងណាស់”។
អាស្រ័យហេតុនេះ សារមន្ទីរអវកាសវៀតណាម មិនត្រឹមតែជាកន្លែងរក្សាទុកចំណេះដឹងប៉ុណ្ណោះទេ តែវាក៏ជាទីដៅណាត់ជួបនៃចំណង់ចំណូលចិត្ត ស្វែងយល់ និងបំណងប្រាថ្នាឈោងទៅកាន់លំហអាកាស។ ពីទីនេះ វៀតណាមមិនត្រឹមតែនិទានរឿងអំពីអតីតកាល និងបច្ចុប្បន្នរបស់ខ្លួន ក្នុងវិស័យអវកាសប៉ុណ្ណោះទេ តែថែមទាំងបើកនូវទំព័រថ្មីមួយ ដែលជាកន្លែងចាប់ផ្តើមនៃក្តីសុបិនហោះហើរទៅឆ្ងាយរបស់យុវជនជំនាន់ក្រោយផង៕
អត្ថបទ៖ ង៉ឹនហា រូបភាព៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង














