ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)
ចំងាយប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong) រស់នៅយ៉ាងកុះករ។ ឆ្លងកាត់ច្រើនជំនាន់ ជនជាតិ មឿង (Muong) នៅទីនេះបានបង្កើតឡើងនូវសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងពិសេស រួមចំណែកពង្រឹងអត្តសញ្ញាណវប្បធម៌ប្រជាជាតិវៀតណាម។
ចំណាប់អារម្មណ៍នូវអត្តសញ្ញាណវប្បធម៌ មឿង (Muong)
ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេចាត់ទុកជាស្រុកកំណើតរបស់ជនជាតិ មឿង (Muong) ដែលល្បីឈ្មោះសម្រាប់តំបន់ មឿង (Muong) ធំៗ ចំនួនបួនគឺ មឿងប៊ី (Muong Bi) (ស្រុក តឹនឡាក (Tan Lac)) មឿងវ៉ាង (Muong Vang) (ស្រុក ឡាកសើន (Lac Son)) មឿងថាង (Muong Thang) (ស្រុក កាវផង (Cao Phong)) មឿងដុង (Muong Dong) (ស្រុក ឡាកសើន (គីមបូយ (Kim Boi))
ជនជាតិ មឿង (Muong) គឺជាជណជាតិដើមរស់នៅខេត្ត ហ័រប៊ិញ (Hoa Binh) តាំងពីយូរយារណាស់មកហើយ។ ឆ្លងកាត់ដំណើរការប្រវត្តិសាស្ត្រដ៏យូរលង់ វប្បធម៌ មឿង (Muong) ត្រូវបានបង្កើតឡើង អភិវឌ្ឍ ហើយ "ចាក់ឬសស៊ីជម្រៅ" នៅក្នុងជីវិតរបស់សហគមន៍។ វប្បធម៍ មឿង (Muong) ត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងទំនៀមទម្លាប់ ជំនឿ ភាសា ម្ហូបអាហារ សម្លៀកបំពាក់ ពិធីបុណ្យ ចំណេះដឹងប្រជាប្រិយ ... គុណតម្លៃសិល្បៈ និងវប្បធម៌ពិសេសៗ ជាច្រើនរបស់ជនជាតិ មឿង (Muong) ដូចជា ចម្រៀងប្រជាប្រិយ សិល្បៈគងឃ្មោះ ត្រដោត និងវិរៈកថា “បង្កើតដី - បង្កើតទឹក”... នៅតែមាន និងបានវាយតម្លៃខ្ពស់ក្នុងឃ្លាំងវប្បធម៌ប្រជាជាតិវៀតណាម។
នៅដើមឆ្នាំ ២០២៤ យើងមានឱកាសចូលរួមពិធីបុណ្យខាយហា (Khai Ha) របស់ជនជាតិ មឿង (Muong) នៅស្រុក តឹនឡាក (Tan Lac) ខេត្ត ហ័រប៊ិញ (Hoa Binh)។ នេះជាពិធីបុណ្យមួយដែលជាប់ទាក់ទងនឹងកសិកម្មស្រូវជើងទឹក និងមានលក្ខណៈអរិយធម៌វៀតណាមបុរាណជាច្រើន ជាមួយនឹងអត្ថន័យនៃការគោរពព្រះអាទិទេព រំលឹកដល់អ្នកបង្កើតទឹកដី បង្កើតភូមិមឿង (Muong) និងបួងសួងឱ្យសត្វ និងរុក្ខជាតិទាំងឡាយមានសេចក្តីសុខ រីកចម្រើន ប្រមូលផលបានបរិបូរណ៍ ជីវិតមានភាពរុងរឿង និងសុភមង្គល។ សព្វថ្ងៃនេះ ពិធីបុណ្យ ខាយហា (Khai Ha) បានក្លាយជាសោភណ្ឌភាពវប្បធម៌ពិសេសមួយ ដែលជាសកម្មភាពសាសនាមិនអាចខ្វះបានរបស់ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)។
នៅពេលនិយាយអំពីវប្បធម៌ មឿង (Muong) មិនអាចមិនរំឭកដល់ទីតាំងរស់នៅរបស់ពួកគេបានឡើយ ជាពិសេសវប្បធម៌ផ្ទះខ្ពស់ពីដី។ នៅភូមិ យ៉ាងម៉ូ (Giang Mo) ឃុំ ប៊ិញថាញ (Binh Thanh) ស្រុក កាវផង (Cao Phong) ជនជាតិ មឿង (Muong) រស់នៅក្នុងផ្ទះខ្ពស់ពីដីជាមួយស្ថាបត្យកម្មប្រពៃណី។ បច្ចុប្បន្ននេះ ភូមិទាំងមូលមានផ្ទះជាង ១០០ ខ្នងដែលស្រស់ស្អាត និងកសាងតាំងយូរយារណាស់មកនេះ។ លោក ប៊ុយវ៉ានម៉ាញ (Bui Van Manh) អ្នកស្រុកម្នាក់នៅភូមិ យ៉ាងម៉ូ (Giang Mo) បានសារភាពថា៖ “ស្រុកកំណើត ភូមិស្រុក និងផ្ទះខ្ពស់ពីដីរបស់ជនជាតិ មឿង (Muong) គឺជាអ្វីដែលខ្ញុំត្រូវភ្ជាប់យ៉ាងជិតស្និទ្ធិអស់មួយជីវិតរបស់ខ្ញុំ ។ ដូច្នេះទោះបីធ្វើអ្វីក៏ដោយ ខ្ញុំនៅតែបន្តរក្សាអ្វីៗទាំងនេះ ដើម្បីផ្ទែរជូនមនុស្សជំនាន់ក្រោយ»។
ភាពពិសេស និងភាពទាក់ទាញនៃវប្បធម៌ មឿង (Muong) បានទាក់ទាញចំណាប់អារម្មណ៍ពិសេសពីអ្នកស្រាវជ្រាវ អ្នកនិពន្ធ និងវិចិត្រករ។ មនុស្សជាច្រើនបានសិក្សាស្រាវជ្រា ស្វែងយល់ដោយឧស្សាហ៍ព្យាយាម ដើម្បីបម្រើការងារស្រាវជ្រាវ និពន្ធ ការប្រមូល និងការអភិរក្សរបស់ពួកគេ។
ទស្សនាសារមន្ទីរលំហវប្បធម៌ មឿង (Muong) ដែលមានទីតាំងនៅផ្លូវ តីទៀន (Tay Tien) ក្នុងសង្កាត់ ថាយប៊ិញ (Thai Binh) ទីក្រុង ហ័រប៊ិញ (Hoa Binh) យើងបានស្វែងយល់នូវលំហវប្បធម៌ មឿង (Muong) ដ៏ពិសេស។ វិចិត្រករ វូឌឹកហៀវ (Vu Duc Hieu) ម្ចាស់សារមន្ទីរលំហវប្បធម៌ មឿង (Muong) ដែលជាសារមន្ទីរឯកជនដំបូងគេនៅវៀតណាមអំពីវប្បធម៌ មឿង (Muong) បានចែករំលែកថា៖ “ខេត្ត ហ័រប៊ិញ (Hoa Binh) គឺជាស្រុកកំណើតនៃវប្បធម៌ មឿង (Muong) បុរាណ ដូច្នេះខ្ញុំចង់បង្កើតលំហវប្បធម៌នេះនៅចំលើទឹកដី មឿង (Muong) នេះ។ នៅទីនេះ ខ្ញុំបង្កើតឡើងវិញនូវសង្គម មឿង (Muong) តូចមួយដែលមានកំណើតតាំងពីជាង ១០០ឆ្នាំមុន តាមរយៈវត្ថុបុរាណទាក់ទងនឹងស្ថាបត្យកម្ម ជីវិត ទំនៀមទម្លាប់ និងភាសា។ ថ្វីត្បិតតែវត្ថុបុរាណដែលដាក់តាំងនៅសារមន្ទីរនេះ ទោះបីវាមិនស្អាតបំផុត ល្អបំផុត មានតម្លៃបំផុតក៏ដោយ ប៉ុន្តែវត្ថុបុរាណទាំងនោះមានលក្ខណៈពិត និងសាមញ្ញបំផុតក្នុងជីវិតរបស់ជនជាតិ មឿង (Muong) ។”
ដោយការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការអភិរក្សវប្បធម៌ មឿង (Muong) ក្នុងឆ្នាំ ២០២០ វិចិត្រករ វូឌឹកហៀវ (Vu Duc Hieu) បានទទួលពានរង្វាន់អន្តរជាតិ Jeonju International Award ដែលជាពានរង្វាន់ឧបត្ថម្ភដោយទីក្រុង Jeonju (កូរ៉េខាងត្បូង) ដើម្បីលើកទឹកចិត្ត និងជំរុញសកម្មភាពផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់មនុស្សទាំងអស់លើពិភពលោក។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់វិចិត្រករវៀតណាមដែលតែងតែរក្សាបំណងចង់អភិរក្សវប្បធម៌ មឿង (Muong)។
អភិរក្ស និងពង្រីកតម្លៃវប្បធម៌ មឿង(Muong)
បច្ចុប្បន្ននេះ ក្រោមឥទ្ធិពលនៃពេលវេលា និងជីវិត តម្លៃវប្បធម៌ជាច្រើនរបស់ជនជាតិ មឿង (Muong) ប្រឈមនឹងការរលាយសូន្យ។ ប្រឈមមុខនឹងស្ថានភាពនោះ ខេត្ត ហ័រប៊ិញ (Hoa Binh) បានអនុវត្តវិធានការជាច្រើន ដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រកបដោយប្រសិទ្ធភាព។
លោក ង្វៀនភីឡុង (Nguyen Phi Long) លេខាធិការគណៈកម្មាធិការបក្សខេត្ត ហ័រប៊ិញ (Hoa Binh) បានឲ្យដឹងថា ទោះបីជាខេត្តកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកខាងធនធានក៏ដោយ ប៉ុន្តែខេត្តនៅតែចាត់ទុកថា នេះជាកិច្ចការបន្ទាន់បំផុត ហើយដាក់ពង្រាយយ៉ាងប្តូរប្តេជ្ញ និងកៀងគរធនធានវិនិយោគ គ្រប់គ្រង ការការពារ ការប្រើប្រាស់ និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណី បេតិកភណ្ឌវប្បធម៌បុរាណវិទ្យាផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ វិញ្ញាណរបស់ប្រជាជន; វិនិយោគលើធនធាន និងមូលដ្ឋានសម្ភារៈសម្រាប់ការស្រាវជ្រាវ ប្រមូល អភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌របស់ជនជាតិ មឿង (Muong) និង “វប្បធម៌ខេត្ត ហ័រប៊ិញ (Hoa Binh)”។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការបំពេញការងារដ៏ល្អក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ មឿង (Muong) ស្រុក ឡាកសើន (Lac Son) បានកសាងបរិយាកាសវប្បធម៌ផូរផង់ សម្បូរទៅដោយអត្តសញ្ញាណជាតិ តាមនោះរួមចំណែកក្នុងការអប់រំប្រពៃណីជាប្រវិត្តិសាស្ត្រនៃជជនជាតិ មឿង (Muong) ។
លោក ប៊ុយវ៉ានយឿង (Bui Van Duong) អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ឡាកសើន (Lac Son) បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ការយល់ដឹងរបស់ប្រជាជនអំពីតម្លៃវប្បធម៌ជាតិត្រូវបានលើកកម្ពស់។ ហេតុដូច្នេះស្រុកបានដាក់ចេញគោលដៅរហូតដល់ឆ្នាំ២០២៥ ២០% ជនជាតិ មឿង (Muong) ចេះសរសេរអក្សរ ជនជាតិមឿង (Muong ) ៨៥% ចេះស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិមឿង (Muong) និងតែងតែពាក់ក្នុងពិធីបុណ្យនានា បុណ្យតេត។ សិស្សានុសិស្សសាលាអនុវិទ្យាល័យ និងវិទ្យាល័យស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជនជាតិ មឿង (Muong) យ៉ាងហោចណាស់ ២ ថ្ងៃក្នុងមួយសប្តាហ៍។ ស្រុក ឡាកសើន (Lac Son) នឹងពង្រីកការរៀបចំពិធីបុណ្យវប្បធម៌ កីឡា ពិធីបុណ្យឯករាជ្យជាតិ វិនិយោគលើការអភិវឌ្ឍទម្រង់រូបភាពអភិរក្សភូមិវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ ...”។
ជាគំរូគឺសាលាវិទ្យាល័យ គ្វៀតថាំង (Quyet Thang) នៃស្រុក ឡាកសើន (Lac Son)។ ចាប់តាំងពីឆ្នាំ ២០១៩ មក សាលានេះបានបង្កើតក្លឹបមួយ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ មឿង (Muong) ដោយដំណើរការលើសកម្មភាពចំនួន ៦ គឺ ចម្រៀងប្រជាប្រិយ សម្លៀកបំពាក់ ឧបករណ៍ភ្លេង ម្ហូបអាហារ ល្បែងប្រជាប្រិយ វប្បធម៌ប្រជាប្រិយ។ លើសពីនេះ ក្លឹបក៏រៀបចំការបង្រៀនអក្សរ មឿង (Muong) ដល់សមាជិកផងដែរ។ រហូតមកដល់បច្ចុប្បន្ន ក្លឹបបានទាក់ទាញការចូលរួមរបស់សមាជិកជាង ៣០០ នាក់ ដែលសម្តែងជាទៀងទាត់ក្នុងពិធីបុណ្យនានា បុណ្យតេត និងពិធីបុណ្យវប្បធម៌របស់សាលារៀន និងតំបន់។
លោកស្រី ប៊ុយធីហឿង (Bui Thi Huong) ប្រធានក្លឹបអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ មឿង (Muong) នៃសាលា គ្វៀតថាំង (Quyet Thang) បានមានប្រសាសន៍ថា៖ “ក្លឹបនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងអប់រំការយល់ដឹងអំពីការអភិរក្ស និងពង្រីកវប្បធម៌ពិសេសរបស់ជនជាតិ មឿង (Muong)។ តមារយៈនោះ ចិញ្ចឹមក្តីស្រឡាញ់ និងទំនួលខុសត្រូវរបស់សិស្ស ក្នុងការអភិរក្សតម្លៃប្រពៃណី”។
ទ្រូវបានដឹងថា ក្នុងឆ្នាំ ២០២៣ ខេត្ត ហ័រប៊ិញ (Hoa Binh) បានចេញប្រកាសគម្រោងអភិរក្ស និងពង្រីកតម្លលៃវប្បធម៌របស់ជនជាតិ មឿង (Muong) និង “វប្បធម៌ ហ័រប៊ិញ (Hoa Binh)” ដំណាក់កាល ២០២៣ - ២០៣០ ដើម្បីបន្តស្រាវជ្រាវ អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជនជាតិ មឿង (Muong) រួមចំណែកក្នុងផ្សព្វផ្សាយ និងណែនាំទឹកដី និងប្រជាជន ហ័រប៊ិញ (Hoa Binh) កសាងផលិតផលទេសចរណ៍ពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នាពេលខាងមុខឆាប់ៗនេះ ខេត្ត ហ័រប៊ិញ (Hoa Binh) នឹងផ្តោតការយកចិត្តទុកដាក់លើការជួសជុល និងតុបតែងទេសភាពនៃកេរដំណែលប្រវត្តិសាស្ត្រជាតិ រូងភ្នំភូមិត្រាយ (Trai) (ឃុំ តឹនឡាប (Tan Lap) )និងដំបូលថ្មភូមិ វ៉ាញ (Vanh) (ឃុំ អៀនភូ (Yen Phu) ) ស្រុក ឡាកសើន (Lac Son) ដែលជាកេរដំណែលគំរូនៃខឿនវប្បធម៍ ហ័រប៊ិញ (Hoa Binh) ដើម្បីកសាងឯកសារដាក់ស្នើនាយករដ្ឋមន្ត្រី រៀបចំណាត់ថ្នាក់កេរដំណែលថ្នាក់ជាតិពិសេស និងបន្តដាក់ជូនអង្គការ UNESCO ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌មនុស្សជាតិ។/.