ស្ពកសំណែនបុណ្យតេតប្រពៃណីរបស់ប្រជាជនហាណូយ (Ha Noi)

ស្ពកសំណែនបុណ្យតេតប្រពៃណីរបស់ប្រជាជនហាណូយ (Ha Noi)

និទាឃរដូវមកដល់ បុណ្យ​តេត​ឈានចូល​  បរិយាកាស​អ៊ូអរ​គ្រប​ដណ្តប់​គ្រប់​ទិសទី។ សម្រាប់​ប្រជាជន​រដ្ឋធានីហាណូយ (Ha Noi) ស្ពកសំណែន​ក្នុង​បុណ្យ​តេតប្រពៃណី​មិន​គ្រាន់​តែ​ជា​អាហារ​សាមញ្ញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នេះ​ជា​ស្នា​ដៃ​សិល្បៈ និង​ជា​ការបង្ហាញ​ពី​ភាព​ផ្ចិតផ្ចង់ និង​ការ​គោរព​​ទៀតផង​។

ស្ពកសំណែន​ក្នុង​បុណ្យ​តេត​ គឺ​ជា​ផ្ទាំងគំនូរដ៏​រស់​រវើក​នៃ​វប្បធម៌​ ទំ​នៀម​ទម្លាប់​របស់​ប្រជាជន​ហាណូយ​

សិប្បការិនីច្នៃ​ម្ហូប​ អាញ​ទៀត (Anh ​​Tuyet) ​បាន​ចែក​រំ​លែក​ថា​៖ “​ស្ពក​សំ​ណែន​​បុណ្យ​តេត​ ហាណូយ (​Ha Noi) មិន​ត្រឹម​តែ​ជា​ការរួម​ផ្សំ​​រវាង​មុខ​ម្ហូប​ដ៏​ឈ្ងុយ​​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នេះ​ជាផ្ទាំងគំនូរ​រស់​រវើក​នៃ​វប្បធម៌ ទំ​នៀម​ទម្លាប់​របស់​ប្រជាជន​ហា​ណូយ ​(​Ha Noi) ទៀតផង”។ ជា​ការ​ពិត​ណាស់​ មុខ​ម្ហូប​នីមួយៗ ​​ក្នុង​ស្ពកសំណែនសុទ្ធ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ ហើយ​បង្ហាញ​ពី​ការ​គោរព​របស់​មនុស្ស​ចំ​ពោះ​ធម្មជាតិ​ និង​ជី​វិត​។

ដំណាក់កាល​​នៃ​​ការដាំសម្ល​​ទំពាំង​ឫ​ស្សី​​ជាមួយ​មីសួរ​ និង​​ជើង​​ជ្រូក​​ត្រូវបានធ្វើដោយផ្ចិតផ្ចង់​។

នំ​អន្សមជ្រុង (បាញ់ជឹង) គឺ​ជា​និមិត្តរូប​នៃមេឃដី​ នៃ​ការ​ជួប​ជុំ​​។ នំ​អន្សមជ្រុង (បាញ់ជឹង)​ តែង​តែ​មាន​វត្ត​មាន​លើ​ស្ពក​សំណែនបុណ្យ​តេត​ប្រពៃណីរបស់​គ្រួសារ​​នីមួយ​ៗ​។ ការ​វេច​ នំ​អន្សមជ្រុង (បាញ់ជឹង) ​គឺ​ជា​ពិធី​ដ៏សំខាន់​មួយ ដែល​​បង្ហាញ​​ពី​​​ភាព​ជិតស្និទ្ធ​​រវាង​​សមាជិក​ក្នុង​​គ្រួសារ។ ប៉ាតេ​សាច់ជ្រូក​មាន​ពណ៌ផ្កា​ឈូក​ភ្លឺ​ មិន​ត្រឹម​តែ​ជា​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មុខ​ម្ហូបនេះជា​និមិត្តរូប​នៃ​សំ​ណាង​ និង​ភាព​រុង​រឿង​ផង​ដែរ​។ មាន់​​ស្ងោរ​​ដែល​​គេ​​ជ្រើស​​រើស​​ជា​​មាន់​ឈ្មោល​​​ ដែល​​មាន​​ស្បែក​​ពណ៌​​​លឿង​ មាន​ភាពសង្ហារ ​​តំណាង​ឱ្យ​សុខភាព និង​សំណាង។ ណែម​ចៀន​ស្រួយដែល​​មាន​​រស​ជាតិ​​ឈ្ងុយ​ ​គួប​​ផ្សំ​​ជាមួយ​​ទឹក​​ត្រី​ជូរ​ផ្អែម​​ ​បាន​ក្លាយ​ជា​​រស​ជាតិ​​ពិសេស​នៃបុណ្យ​​​តេត​។ សម្លទំពាំងឫស្សី​ ជា​មុខ​ម្ហូប​សាមញ្ញ​ៗ តែ​នាំ​មក​នូវ​អារម្មណ៍​ស្រស់​ស្រាយ​ ជួយ​សម្រួល​រស​ជាតិ​ បន្ទាប់​ពី​ហូប​មុខ​ម្ហូប​ដែល​ពោរពេញជាតិខ្លាញ់...

ប្រជាជន​ហាណូយ​ (Ha Noi) យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​របៀប​រៀប​ចំ​តុបតែងស្ពកសំណែន។ មុខ​ម្ហូប​នីមួយ​ៗ​ត្រូវ​​បាន​រៀប​​យ៉ាងហ្មត់ចត់ បង្កើត​បាន​ភាពចម្រុះមួយដ៏​ស្រស់​ស្អាត​។ ពណ៌​​នៃ​​មុខ​ម្ហូប​នីមួយៗ ​ក៏​​ត្រូវ​​បាន​​សម្រប​​សម្រួល​​គ្នា​​ប្រកបដោយសមរម្យ  ​ហើយ​​បង្កើតជាផ្ទាំងគំនូរមួយដ៏​​រស់​រ​វើក​។

មុខ​ម្ហូប​នីមួយ​ៗ ក្នុង​ស្ពកសំណែននៃបុណ្យតេត សុទ្ធតែបានផ្សារ​ភ្ជាប់​ជាមួយ​នឹង​រឿង​រ៉ាវ​ និង​អនុស្សាវរីយ៍ស្រស់​ស្អាត​​។ លោកស្រី អាញទៀត (Anh Tuyet) បានរំលឹក​​ថា​៖ «កាល​ពី​មុន​​ ពេលខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​ឧស្សាហ៍​ទៅ​ផ្សារ​ជាមួយ​ម្តាយ​ ដើម្បី​រៀប​ចំ​បុណ្យ​តេត​។ ក្លិន​ឈ្ងុយ​នៃ​សាច់​មាន់​ស្ងោរ​ នំ​អន្សមជ្រុង (បាញ់ជឹង) កំ​ពុង​វេច ផ្កា​មាក់​ខៃ ផ្កា​អង្គារសិល្ប៍... នៅ​តែ​ដិតជាប់​ក្នុង​ការ​ចង​ចាំ​របស់​ខ្ញុំ​»​។

សិល្បការិនី អាញ​ទៀត (Anh Tuyet) ក្នុង​ដំណើរ​ការ​រៀបចំ​​ស្ពកសំណែន។

ដើម្បី​រក្សា​ និង​លើក​តម្កើង​តម្លៃ​វប្បធម៌​ប្រពៃណី​ សិប្បការិនីច្នៃម្ហូប អាញទៀត (Anh Tuyet) បានមានប្រសាសន៍​ថា​៖ "យើង​ត្រូវ​បង្រៀន​ក្មេង​ៗជំ​នាន់​ក្រោយ​នូវ​ចំណេះ​ដឹង​អំពី​មុខ​ម្ហូប​ប្រពៃណី​ ជួយឱ្យ​ពួក​​គេ​យល់​កាន់​តែ​ច្បាស់​អំ​ពី​អត្ថន័យ​នៃ​មុខ​ម្ហូប​នីមួយ​ៗ​ ក្រៅ​ពី​​នេះ យើង​ក៏​ត្រូវ​បង្កើត​លក្ខណៈងាយស្រួល​សម្រាប់​មនុស្ស​គ្រប់​គ្នា​អាចយល់ដឹងនូវមុខ​ម្ហូប​ប្រពៃណី​នេះ"។
ស្ពកសំណែន​ក្នុង​បុណ្យតេត បាន​រៀបចំដោយ​សិប្បការិនី  អាញ​ទៀត (Anh ​​Tuyet) ។

ស្ពក​សំណែនក្នុង​បុណ្យ​តេតហាណូយ មិនត្រឹម​តែ​ជា​អាហារ​មួយពេលប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នោះ​ជា​បេតិកភណ្ឌ​វប្បធម៌​ដ៏​មាន​តម្លៃ​ទៀត​ផង​។ ដូច្នេះ​ហើយ​ ការ​ថែ​​រក្សា​ និង​លើក​តម្កើង​តម្លៃ​​ប្រពៃណី​សម្រាប់​ម្ហូបអាហារ​ គឺ​ជាតួនាទី​របស់​ប្រជាជន​វៀតណាម​គ្រប់​រូប​ ដើម្បី​ឱ្យរសជាតិនៃបុណ្យតេតប្រពៃណី តែងបាន​បន្សល់​​ទុក​ និង​អភិវឌ្ឍ​សម្រាប់​អនាគត​៕

  អត្ថបទ៖ ប៊ិច​វ៉ឹន រូបថត៖ ថាញ​យ៉ាង/ VNP

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top