សុខហ្វាម (Sokfarm): រឿងរ៉ាវស្តីពី “កសិកម្មសុភមង្គល”
នៅក្នុងផ្ទាំងគំនូរកសិកម្មវៀតណាម ដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង សុខហ្វាម (Sokfarm) បានលេចធ្លោឡើង ដូចជារឿងនិទានបែបទំនើប។ មិនមែនត្រឹមតែជាសហគ្រាសមួយនោះទេ សុខហ្វាម (Sokfarm) នៅជានិមិត្តរូបនៃភាពរឹងមាំ ភាពច្នៃប្រតិដ្ឋ និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះតម្លៃភូមិស្រុក នាំយកបុព្វហេតុស្ថាបនិក “កសិកម្មសុភមង្គល” និងភាពថ្លៃថ្នូរនៃប្រទេសវៀតណាមទៅកាន់ពិភពលោក។
រឿងរ៉ាវរបស់សុខហ្វាម (Sokfarm) បានចាប់ផ្តើមពីក្តីកង្វល់ធម្មតាៗ។ នៅពេលឃើញការពិតក្នុងភូមិស្រុកត្រាវិញ (ចាស់) ដែលខ្លួនរស់នៅ បងស្រី ថាច់ ធីចន្ធី (Thach Thi Chal Thi) និងប្តី បង ផាម ឌិញង៉ាយ (Pham Dinh Ngai) ជាអនុបណ្ឌិតមានចំណេះដឹងជំនាញរឹងមាំ (ម្នាក់ជំនាញបច្ចេកវិទ្យាស្បៀងអាហារ ម្នាក់ទៀតជំនាញបចេ្ចកទេសអគ្គិសនី) បានសម្រេចចិត្តចាកចេញពីទីក្រុងហូជីមិញដ៏អ៊ូអរ ដើម្បីត្រឡប់ទៅកាន់ស្រុកកំណើតត្រាវិញ (ចាស់) វិញ ដោយបេ្តជ្ញាចិត្តផ្តើមធុរកិច្ច ជាមួយគោលបំណងចង់ជួយឪពុកម្តាយ និងបងប្អូនកសិករខ្មែរ។ បងស្រី មិនបានជ្រើសរើសផ្លូវចាស់នោះទេ តែគាត់ស្វែងរកមកជាមួយតម្លៃប្រពៃណី ដែលហាក់ដូចជាបាត់បង់ទៅហើយ នោះគឺមុខរបរប្រមូលទឹកផ្កាដូងពីជនជាតិខ្មែរនៅភូមិស្រុក។ ដំបូង គំនិតនេះបានជួបប្រទះការសង្ស័យ សូម្បីតែអ្នកភូមិខ្លួនឯងក៏មិនយល់ស្របដែរ ព្រោះ “កាលដើមឡើយ កសិករដាំដូងយកផ្លែ មិនដែលមានអ្នកណាម្នាក់ដាំដូងយកទឹកផ្កានោះទេ"។
កាលនោះ បងស្រី ចន្ធី បានបញ្ចុះបញ្ចូលឪពុកឱ្យខ្ចីដើមដូង២០ដើម ដើម្បីស្រាវជ្រាវប្រមូលយកទឹកផ្កាដូង។ ជាមួយប្រៀបខ្លាំង ជាអនុបណ្ឌិតសិក្សាជំនាញបច្ចេកវិទ្យាស្បៀងអាហារ គាត់បានស្រាវជ្រាវឯកសារវិទ្យាសាស្ត្រអំពីទឹកផ្កាដូង។ ប៉ុន្តែពេលអនុវត្ត រយៈពេល៦ខែក្រោយមក បងចន្ធីនៅតែមិនអាចប្រមូលយកបានទឹកផ្កាដូងសូម្បីមួយដំណក់។ អ្នកជិតខាងពេលនោះ បានពោលទៅកាន់ខ្ញុំថា៖ “លោកម៉ី (My) (ឈ្មោះឪពុកបងចន្ធី) ឆ្កួតហើយ ឱ្យកូនទៅរៀនត្រឡប់មកបំផ្លាញទ្រព្យ” បងចន្ធី លាន់មាត់សើច នៅពេលចែករំលែកអនុស្សាវរីយ៍ កាលពីមុនចាប់ផ្តើមធុរកិច្ចសុខហ្វាម (Sokfarm)។
បន្ទាប់មក ឪពុក និងកូនទាំងបីនាក់ បានអង្គុយមើលវីដេអូ អំពីរបៀបដែលកសិករ នៅបណ្តាប្រទេសដទៃម៉ាស្សា និងគោះដើម្បីយកទឹកផ្កាដូង តើគេធ្វើដូចម្តេច។ ចំណាយពេល ១ឆ្នាំក្រោយមក ទើបបច្ចេកទេសម៉ាស្សាដើម្បីយកទឹកផ្កាដូងបានសម្រិតសម្រាំង។ បន្តធ្វើអ្វីដែលមានអត្ថន័យ ជាមួយគោលបំណងចង់ជួយឪពុកម្តាយ និងបងប្អូនទល់តែបានសម្រេច បានជួយឱ្យបងចន្ធីជំនះរាល់ការរើសអើង និងការលំបាកក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមធុរកិច្ច។
នៅខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតត្រាវិញហ្វាម (Tra Vinh Farm) ដោយពាណិជ្ជសញ្ញា Sokfarm បានបង្កើតឡើងជាផ្លូវការ។ ឈ្មោះ "Sokfarm" មិនមែនត្រឹមតែជាពាណិជ្ជសញ្ញាធម្មតាទេ នៅទាំងជាសេចក្តីប្រកាសដ៏ពោរពេញអត្ថន័យផងដែរ។ ក្នុងភាសាខ្មែរ "សុខ" មានន័យថា "សុភមង្គល"។ ដូច្នេះ "Sokfarm" គឺជា "កសិកម្មសុភមង្គល"។
សុខហ្វាម (Sokfarm) មានមោទនភាពចំពោះដំណើរការផលិតតែមួយគត់ ជាទីកន្លែងប្រពៃណីនិងបច្ចេកវិទ្យា ស៊ីចង្វាក់ល្អឥតខ្ចោះ។ ទឹកផ្កាដូងបានប្រមូលផលដោយដៃដោយប្រើបច្ចេកទេសម៉ាស្សាផ្កាដូង តាមបែបប្រពៃណីនៃជនជាតិខ្មែរត្រាវិញ។ បន្ទាប់មក ទឹកផ្កាដូងស្រស់ត្រូវបានចម្រាញ់ដោយបច្ចេកវិទ្យាសុញ្ញាកាសក្នុងសីតុណ្ហភាពទាប ៥៥⁰C ធានាថារក្សាបានរសជាតិធម្មជាតិ ជាតិបំប៉ន និងសារធាតុរ៉ែមានតម្លៃ។ លក្ខណៈពិសេសនៃផលិតផលសុខហ្វាម (Sokfarm) គឺធម្មជាតិ ១០០% មិនបន្ថែមជាតិស្ករ មិនមានសារធាតុរក្សា ឬគ្រឿងផ្សំអាហារផ្សេងឡើយ។
បច្ចុប្បន្ន ផលិតផលរបស់សុខហ្វាម (Sokfarm) មានភាពសម្បូរបែបណាស់៖ តាំងពីទឹកផ្កាដូងខាប់សរីរាង្គ ស្ករផ្កាដូងសរីរាង្គ ទឹកខ្មេះផ្កាដូងសរីរាង្គ រហូតដល់ភេសជ្ជៈទឹកផ្កាដូង គ្រាប់កាកាវ ទឹកផ្កាដូង ស្រា cider ទឹកផ្កាដូង ជាពិសេសគឺទឹកស៊ីអ៊ីវផ្កាដូង។
ឆ្នាំ២០២៣ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) បានទទួលស្គាល់ស្ករផ្កាដូង ថាជាសារធាតុផ្អែមប្រកបដោយនិរន្តរភាពបំផុត នៅលើពិភពលោក ដោយផ្អែកទៅលើសមត្ថភាពកែលម្អជីវភាពរស់នៅ បន្ស៊ាំនឹងបម្រែសម្រួលអាកាសធាតុ និងភាពរឹងមាំនៃនិន្នាការប្រើប្រាស់។ នេះគឺជាភាពប្រៀបមួយសម្រាប់ការប្រកួតប្រជែងខ្លាំងក្លា អះអាងតម្លៃប្រកបដោយចីរភាព នៃផលិតផលសុខហ្វាម (Sokfarm)។
សកម្មភាពប៉ុន្មានឆ្នាំប៉ុណ្ណោះ សុខហ្វាម (Sokfarm) បានឆក់យកទីផ្សារអន្តរជាតិជាច្រើនដែលមានការប្រកួតប្រជែងខ្លាំង។ ផលិតផលរបស់គាត់ មានវត្តមាននៅប្រទេសជប៉ុន ហូឡង់ អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា លីបង់ និងកម្ពុជា។ គួរកត់សម្គាល់ថានៅដើមខែធ្នូ ឆ្នាំ២០២៤ ស្ករផ្កាដូងសរីរាង្គសុខហ្វាម (Sokfarm) ជិត១តោន បាននាំចេញទៅសហរដ្ឋអាមេរិក ដើម្បីផលិត snack healthy។ នៅខែកញ្ញា ឆ្នាំ២០២៤ ឡូទឹកផ្កាដូងដំបូងបង្អស់ ក៏បាននាំចេញទៅកាន់ប្រទេសកាណាដាជាផ្លូវការផងដែរ។
ដើម្បីបង្កើនការសម្គាល់ពាណិជ្ជសញ្ញា និងពង្រីកបណ្តាញដៃគូលើពិភពលោក សុខហ្វាម (Sokfarm) បានចូលរួមយ៉ាងសកម្មនូវបណ្ដាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិធំៗ។ ពួកគាត់បានចូលរួមពីរលើក "ទិវាសរីរាង្គអន្តរជាតិ" Biofach 2024 នៅប្រទេសអាល្លឺម៉ង់ និងមានគម្រោងចូលរួម THAIFEX – Anuga Asia 2025។
ជំហានយុទ្ធសាស្ត្រទាំងនេះ មិនត្រឹមតែពង្រីកទីផ្សារប៉ុណ្ណោះទេ នៅទាំងអះអាងទីតាំងរបស់សុខហ្វាម (Sokfarm) ក្នុងនាមជាឯកអគ្គរដ្ឋទូតមួយ សម្រាប់កសិកម្មវៀតណាមនៅលើឆាកអន្តរជាតិ។ ជាមួយនឹងប្រាក់ចំណូលគួរឱ្យចាប់អារម្មណ៍ជាង ៣០ពាន់លានដុងក្នុងមួយឆ្នាំ សុខហ្វាម (Sokfarm) កំណត់គោលដៅក្លាយជាសហគ្រាសឈានមុខក្នុងវិស័យផលិតទឹកផ្កាដូងនៅវៀតណាម ហើយឈានដល់សហគ្រាសមួយក្នុងចំណោមសហគ្រាសកំពូលទាំង៥ ដែលផលិតទឹកផ្កាដូងធំជាងបំផុតនៅលើពិភពលោក។
ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សុខហ្វាម (Sokfarm) បានតបស្នងដោយរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់កិត្យានុភាពជាបន្តបន្ទាប់។ ឆ្នាំ២០២៣ ផលិតផលសំខាន់ៗចំនួនបីរបស់គាត់ (ទឹកផ្កាដូង ស្ករផ្កាដូង ទឹកខ្មេះផ្កាដូង) បានឈ្នះពានរង្វាន់កិត្តិនាម Great Taste (ប្រទេសអង់គ្លេស) ដែលបានប្រៀបធៀបទៅនឹង "ពានរង្វាន់អូស្ការ" នៃពិភពម្ហូបអាហារសកលលោក។ ក្នុងឆ្នាំដដែល ទឹកផ្កាដូង និងស្ករផ្កាដូងសុខហ្វាម (Sokfarm) ក៏បានទទួលស្គាល់ជាផលិតផល OCOP ផ្កាយ៥ ថ្នាក់ជាតិផងដែរ៕
- អត្ថបទ៖ ថាវវី រូបភាព៖ សុខហ្វាម (Sokfarm)
- ប្រែសម្រួល៖ រីកើង