សិប្បករភូមិ ដុងហូ (Dong Ho) ថែរក្សាសិប្បកម្មសូនរូបតុក្កតាដីឥដ្ឋ
នៅក្នុងភូមិដុងហូ (Dong Ho) (សង្កាត់ធួនថាញ់ (Thuan Thanh)ខេត្តបាក់និញ(Bac Ninh)) ជាតំបន់មួយ ដែលមិនត្រឹមតែល្បីល្បាញ ដោយសារគំនូរប្រជាប្រិយប្រពៃណីប៉ុណ្ណោះទេ សិប្បកម្មសូនរូបតុក្កតាដីឥដ្ឋ ក៏ត្រូវបានរក្សាទុក អស់ជាច្រើនទសវត្សរ៍មកហើយ។ សិប្បករ ភូង ឌិញយ៉ាប (Phung Dinh Giap)គឺជាម្នាក់ក្នុងចំណោមបណ្តាសិប្បករ ដែលថែរក្សាសិប្បកម្មប្រពៃណីនេះ ដោយដៃដ៏ប៉ិនប្រសប់របស់គាត់ បានរួមចំណែកដល់ការអភិរក្សតម្លៃវប្បធម៌ប្រជាប្រិយពិសេស នៃតំបន់គីញបាក (ភាគខាងជើងនៃប្រទេសវៀតណាម)។
និយាយអំពីប្រភពដើមនៃរូបតុក្កតាដីឥដ្ឋ សិប្បករ ភូង ឌិញយ៉ាប (Phung Dinh Giap) បាននិយាយថា “បុព្វបុរសរបស់យើង មិនបានប្រាប់យើងអំពី ប្រភពដើមនៃសិប្បកម្មនោះទេ។ ពួកគេគ្រាន់តែដឹងថា មុខរបរនេះត្រូវបានបន្តប្រគល់ដល់ជំនាន់ក្រោយ ហើយបន្ទាប់មកខ្ញុំបានរៀន និងចេះសូន។ ខ្ញុំគិតថា កម្រងរូបតុក្កតាដីឥដ្ឋ ត្រូវបានប្រើប្រាស់ ក្នុងការអប់រំកូនចៅៗ ដែលវាពិតជាល្អ និងមានតម្លៃណាស់ ដូច្នេះខ្ញុំចង់ថែរក្សាមុខរបរនេះ រហូតមកដល់ពេលនេះ”។
យោងតាមសិប្បករ ភូង ឌិញយ៉ាប (Phung Dinh Giap) សិប្បកម្មសូនរូបតុក្កតាដីឥដ្ឋធ្លាប់មានប្រជាប្រិយភាព នៅក្នុងតំបន់នោះ។ ប៉ុន្តែថែមទាំងជាមធ្យោបាយ ដែលមនុស្សជំនាន់មុនប្រើប្រាស់ ដើម្បីបង្កប់នូវមេរៀនជីវិត ដល់កូនចៅជំនាន់ក្រោយ។
នៅពេលឃើញរូបតុក្កតាដីឥដ្ឋដែលមានទំហំតូចៗ មនុស្សជាច្រើនអាចគិតថា ការសូនរូបតុក្កតាពីដីឥដ្ឋ មិនស្មុគស្មាញនោះទេ។ ប៉ុន្តែបើតាមសិប្បករ ភូង ឌិញយ៉ាប (Phung Dinh Giap) នៅពីក្រោយផលិតផលនីមួយៗ គឺជាដំណើរការយ៉ាងល្អិតល្អន់ ដែលតម្រូវឱ្យអ្នកប្រកបរបរមានភាពអត់ធ្មត់ និងបទពិសោធន៍ច្រើនឆ្នាំ។
វត្ថុធាតុដើមសំខាន់បំផុតគឺដី។ ដីត្រូវបានជីកពីជម្រៅប្រមាណ ២,៥ ទៅ ៣ ម៉ែត្រក្រោមដី រួចយកមកហាលឱ្យស្ងួត។ នៅពេលចាប់ផ្តើមសូន គេបុកដីឱ្យម៉ត់ រហូតក្លាយជាម្សៅ។ វត្ថុធាតុដើមសំខាន់មួយទៀតគឺក្រដាសបាន (ក្រដាសបានធ្វើដោយដៃ និងបានប្រើប្រាស់សម្រាប់គូរគំនូរ ដុងហូ) ដែលត្រូវត្រាំក្នុងទឹកប្រហែលមួយសប្តាហ៍ឱ្យទន់ មុននឹងកែច្នៃទៅជាម្សៅក្រដាស។ បន្ទាប់មក គេយកម្សៅក្រដាសលាយជាមួយម្សៅដីបានបុកឲ្យម៉ត់ ដើម្បីបង្កើតជាដុំមួយសម្រាប់សូនរូប។
ចំណុចពិសេសមួយគឺ សមាមាត្ររវាងដី និងក្រដាសមិនមានរូបមន្តកំណត់ជាក់លាក់នោះទេ។ លោក យ៉ាប (Giap) បានបញ្ជាក់ថា ដើម្បីដឹងថា ល្បាយមានភាពទន់ល្មម សម្រាប់សូនរូបឬនៅ សិប្បករត្រូវពឹងផ្អែកលើបទពិសោធន៍ តាមរយៈការប៉ះស្ទាបដោយដៃ និងការមើលឃើញដោយភ្នែក។ នេះជាជំនាញ ដែលត្រូវសន្សំសំចៃ អស់រយៈពេលជាច្រើនឆ្នាំ ហើយពិបាកនឹងបង្រៀនរូបមន្តមួយដ៏ជាក់លាក់។
ពីល្បាយ មកពីម្សៅក្រដាសលាយជាមួយម្សៅដី ដែលបានបុកម៉ត់ សិប្បកម្មចាប់ផ្តើមសូនរូបតុក្កតានីមួយៗ ។ ដំណាក់កាលនេះ ត្រូវការមានភាពម៉ត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យគ្រប់ផ្នែកលម្អិតនៃរូបតុក្កតារក្សាបាននូវភាពពិសេស ។ ក្រោយពេលសូនរូបរួច ផលិតផលត្រូវបានយកទៅហាលឱ្យស្ងួតតាមបែបធម្មជាតិ ក្រោមពន្លឺព្រះអាទិត្យ ដោយមិនឆ្លងកាត់ដំណើរការដុតឡើយ។
នៅពេលរូបតុក្កតាស្ងួតល្អហើយ សិប្បករនឹងគ្របដណ្តប់ក្រដាសពណ៌សមួយស្រទាប់ បន្ទាប់មកលាបកាវមួយស្រទាប់ទៀត។ នៅពេលផ្ទៃរូបមានពណ៌ស និងស្ងួតតាមកម្រិតដែលត្រូវការ សិប្បករចាប់ផ្តើមលាបពណ៌ និងគូរ។ ពណ៌ប្រពៃណីត្រូវបានប្រើប្រាស់ ដើម្បីបង្កើតភាពរស់រវើក និងលក្ខណៈពិសេសដល់រូបតុក្កតានីមួយៗ។ ជាចុងក្រោយ ផលិតផលត្រូវបានលាបស្រទាប់ថ្នាំរលោងមួយទៀត ដើម្បីបង្កើនភាពធន់ និងធ្វើឱ្យផលិតផលមានភាពស្រស់ស្អាត។
តាមលោក ភូង ឌិញយ៉ាប (Phung Dinh Giap) ជាមួយកម្រងរូបតុក្កតាដីឥដ្ឋប្រពៃណី រួមមាន រូបតុក្កតាចំនួនប្រាំ ។ រូបតុក្កតានីមួយៗ មានអត្ថន័យ និងសារអប់រំរៀងៗខ្លួន។
ស្ថិតនៅចំកណ្តាលគឺព្រះពុទ្ធ ដែលជានិមិត្តរូបឱ្យការរំឭកមនុស្សឱ្យរស់នៅ ដោយមានចិត្តល្អ ប្រកាន់ខ្ជាប់នូវគុណធម៌ និងតម្រង់ឆ្ពោះទៅរកអំពើល្អ។ រូបទីពីរតំណាងឱ្យមនុស្សចាស់ដែលមានបទពិសោធន៍ជាច្រើន និងមានតួនាទីចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងគោលធម៌ដល់មនុស្សជំនាន់ក្រោយ។
បន្ទាប់គឺរូបភាពកុមារម្នាក់កាន់ផ្កា ដែលតំណាងឱ្យការបន្តវេនរវាងមនុស្សជំនាន់ចាស់ និងជំនាន់ថ្មី ស្របតាមគំនិតថា ទំពាំងស្នងឫស្សី។ រូបភាពទីបួនពាក់ព័ន្ធនឹងរូបសត្វស្លាប ក្នុងនោះមានសត្វព្រាប ដែលជានិមិត្តរូបនៃសេចក្តីប្រាថ្នាចង់បានសន្តិភាព ព្រមទាំងបង្កប់នូវសារអំពី ភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីស្រឡាញ់។ ចំណែកតួរូបភាពចុងក្រោយគឺអណ្តើក ដែលតំណាងឱ្យភាពអត់ធ្មត់ ការព្យាយាម ព្រមទាំងរំឭកមនុស្សកុំឱ្យងាយបោះបង់ចោលគោលដៅ នៅពេលជួបការលំបាក និងឧបសគ្គ។
ទន្ទឹមនឹងការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង
ចំពោះតម្លៃវប្បធម៌ប្រពៃណី រូបតុក្កតាដីឥដ្ឋរបស់លោក ភូង ឌិញយ៉ាប ត្រូវបានភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរបរទេសជាច្រើននាក់ស្គាល់
និងចាប់អារម្មណ៍។ ពួកគេក៏បានស្វែងរកទិញផលិតផលនេះ។
រូបតុក្កតាដីឥដ្ឋមួយចំនួន ដែលលោកបានសូន និងយកទៅណែនាំ និងដាក់តាំងបង្ហាញ នៅសារមន្ទីរមួយចំនួន នៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នៅឆ្នាំ២០២៥ លោកក៏មានឱកាសធ្វើដំណើរទៅប្រទេសបារាំង ដើម្បីផ្សព្វផ្សាយផលិតផល និងណែនាំសិប្បកម្មប្រពៃណីរបស់ស្រុកកំណើតផងដែរ។
លោក ភូង ឌិញយ៉ាប (Phung Dinh Giap) បានចែករំលែកថា៖ «ខ្ញុំក៏បានចូលរួមក្នុង workshop ជាច្រើន ណែនាំ និងពិភាក្សាជាមួយអ្នក ដែលចាប់អារម្មណ៍លើសិប្បកម្មសូនរូបតុក្កតាដីឥដ្ឋ។ មកដល់ពេលនេះ មនុស្សកាន់តែច្រើន បានស្គាល់ផលិតផលទាំងនេះ ដែលធ្វើឱ្យខ្ញុំមានកម្លាំងចលរបន្តផលិត និងថែរក្សាសិប្បកម្មដ៏មានលក្ខណៈពិសេសរបស់ភូមិដុងហូ »៕
អត្ថបទ៖ ង៉ឹនហា — រូបថត៖ ខាញ់ឡុង/ VNP















