សរទរដូវរបស់រដ្ឋធានី ហាណូយ

សរទរដូវរបស់រដ្ឋធានី ហាណូយ


រដ្ឋធានី ហាណូយ នាចុងខែសីហា និងដើមខែកញ្ញា មានសម្រស់ប្លែកមួយ នៅពេលដែលមេឃនិង​ដីឈានចូលក្នុង សរទ រដូវ។ ពន្លឺនៃព្រះអាទិត្យលែងក្តៅខ្លាំងទៀតហើយ មេឃកាន់តែខ្ពស់ និងថ្លាជាងមុន ហើយជួរដើមឈើតាមដងផ្លូវ ចាប់ផ្តើមផ្លាស់ប្តូរពណ៌។ ក្នុងចង្វាក់ជីវិតដែលធ្លាប់តែប្រញាប់ប្រញាល់ រដ្ឋធានី ហាណូយ ហាក់ដូចជាថយល្បឿនយឺតៗ  ដើម្បីឱ្យគ្រប់ជ្រុងផ្លូវ ជួរដើមឈើ និងផ្ទៃបឹង ក្លាយជាផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយ។

នៅពេលព្រឹក រដ្ឋធានី ហាណូយភ្ញាក់ពីដំណេក ក្នុងពន្លឺព្រះអាទិត្យស្រាលៗ។ នៅលើផ្លូវដែលគ្រប់ដណ្តប់ដោយម្លប់នៃដើមឈើ ក្រុមមនុស្សដើរ ជិះកង់ និងហាត់ប្រាណ។ កង់ដឹកនិង​លក់ផ្កា ធ្វើ​ដំណើរឆ្លងកាត់តាម​ដងផ្លូវ ដោយនាំមកនូវពណ៌ ស្រស់ឆើតឆាយនៃរដូវកាលថ្មី។ ក្លិនផ្កា ពណ៌នៃស្លឹកឈើ និងពន្លឺព្រះអាទិត្យ រួមផ្សំជាមួយគ្នា ដើម្បីបង្កើតជាលក្ខណៈ​ពិសេស ដែលមិនអាចច្រឡំបាននៃសរទរដូវរបស់រដ្ឋធានី ហាណូយ។

ក្នុងតំបន់បឹង ហ្វ័នគៀម (Hoan Kiem) សម្រស់នៃសរទរដូវ ត្រូវបានទទួលអារម្មណ៍យ៉ាងច្បាស់ ក្នុងរាល់កាលៈទេសៈប្រចាំថ្ងៃ។ ប្រជាជនដើរជុំវិញបឹង ភ្ញៀវទេសចរឈប់សម្រាក ដើម្បីគយគន់ទេសភាព និងជួរដើមឈើឆ្លុះរូបភាពរបស់វា នៅលើផ្ទៃទឹក។ ផ្លូវបុរា នៅតែរក្សាចង្វាក់ជីវិត ដែលធ្លាប់ស្គាល់ ប៉ុន្តែនៅក្នុងពន្លឺនៃព្រះអាទិត្យក្នុង​សរទរដូវ ដំបូលផ្ទះចាស់ៗ  យ៉រ និងច្រកផ្លូវចង្អៀត កាន់តែមានភាពទាក់ទាញ និងស្ងប់ស្ងាត់ជាងមុន។

 

សរទរដូវក៏ជាពេលវេលា ដែលរដ្ឋធានី ហាណូយឋ​មានភាពរស់រវើក ពីព្រោះនារីពាក់អាវផាយប្រពៃណី និងកម្រងរូបថតដែលថតរក្សាពេលវេលាដ៏ស្រស់ស្អាតរបស់អ្នក​ស្រុក និងភ្ញៀវទេសចរ។ នៅតាមដងផ្លូវជាច្រើន យុវជន គ្រួសារ និងអ្នកចូលចិត្តថតរូប ស្វែងរកកន្លែងដែលធ្លាប់ស្គាល់ ដើម្បីថតរូបខ្លួនឯង និងរដ្ឋធានីហាណូយ។

ពន្លឺថ្ងៃនៃសរទរដូវ គ្រប់ដណ្តប់លើតំបន់វិហារកាតូលិក កឿបាក់ (Cua Bac) ដែលបង្កើតបានជាទិដ្ឋភាពពិសេសនៃរដ្ឋធានីហាណូយ ក្នុង​ប៉ុន្មានថ្ងៃឆ្លងរដូវ។ រូបថត៖ កុងដាត​ / VNP

ជាពិសេសក្នុងសរទរដូវឆ្នាំនេះ ស្របនឹងទិវាបុណ្យឯករាជ្យជាតិ​ នៅថ្ងៃទី ២ ខែកញ្ញា។ ទង់ជាតិពណ៌ក្រហមដែលមានផ្កាយពណ៌លឿង លេចឡើង នៅលើដងផ្លូវជាច្រើន ដែលបង្កើតចំណុចលេចធ្លោដ៏គួរឱ្យចាប់អារម្មណ៍ នៅចំកណ្តាលពណ៌បៃតងនៃដើមឈើ និងពណ៌លឿងនៃពន្លឺព្រះអាទិត្យក្នុងសរទរដូវ។ ការរួមផ្សំ​រវាង​ភាពទន់ភ្លន់នៃសរទរដូវ និងបរិយាកាសអ៊ូរអរនៃបុណ្យសំខាន់ៗ របស់ប្រទេសជាតិ ដែល​បង្កើតបានមុខមាត់នៃរដ្ឋធានី ហាណូយ ប្រកបដោយសុខសាន្ត បុរាណ ស្រស់ថ្លា និងពោរពេញដោយភាពរស់រវើក

 
រូបភាពដៃមួយ​គូរបស់លោកយាយកំពុងខ្ចប់អំបុក – អាហារពិសេសដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសរទរដូវ នៅរដ្ឋធានីហាណូយ។ រូបថត៖ កុងដាត​ / VNP
ផ្លែច័នពណ៌លឿងទុំ – ផ្លែឈើមួយ​ប្រភេទ ដែលរំលឹកដល់សរទដូវស្លឹក ក្នុងជីវិតរស់នៅ របស់ប្រជាជនហាណូយ។ រូបថត៖ កុងដាត​ / VNP

ដោយមិនចាំបាច់មានទេសភាព​ស្មុគស្មាញ គ្រាន់តែជួរដើមឈើ កងដឹក​និងលក់ផ្កា ផ្ទៃបឹង ឬជ្រុងផ្លូវ ដែលធ្លាប់ស្គាល់ រដ្ឋធានី ហាណូយ ក្នុង​សរទរដូវ នៅតែគ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកដើរឆ្លងកាត់។ នោះជាសម្រស់ដ៏សាមញ្ញ ប៉ុន្តែពិសេស ដែលបង្កើតភាពទាក់ទាញតែមួយគត់ នៃរដ្ឋធានីជារៀងរាល់សរទរដូវមក​ដល់៕

អត្ថបទ៖ កុង​ដាត / VNP

 


top