សមកាលដំណោះស្រាយបង្ការការបាក់ស្រុតតាមឆ្នេរសមុទ្រ

សមកាលដំណោះស្រាយបង្ការការបាក់ស្រុតតាមឆ្នេរសមុទ្រ


រងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ជំនោរឡើងខ្ពស់ និងអាកាសធាតុអាក្រក់ ដូចជា ព្យុះ ទឹកជំនន់ និងមូលហេតុមួយចំនួនទៀត ស្ថានភាពបាក់ស្រុតឆ្នេរសមុទ្ររបស់វៀតណាមកាន់តែកើត​ឡើងយ៉ាងធ្ងន់ធ្ងរ នៅភាគកណ្តាល និងភាគខាងត្បូង ដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ឆ្នេរសមុទ្រ ដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។

ជាមួយនឹងឆ្នេរសមុទ្រវែងជាង ៣.២៦០km លាតសន្ធឹងពីស្រុក ម៉ុងកាយ (Mong Cai) (ខេត្ត ក្វាងនីញ (Quang Ninh) ដល់ទីក្រុង ហាទៀន ( Ha Tien) (ខេត្ត គៀន​យ៉ាង (Kien Giang)) វៀតណាមជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងចំណោម ១៥៧ ប្រទេសលើពិភពលោកមានឆ្នេរសមុទ្រ កោះ និងដែនដីនៅ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការហូរច្រោះ និង​បាក់ស្រុតឆ្នេរសមុទ្របានកើតឡើងយ៉ាងលឿន បង្កហានិភ័យ និងគ្រោះថ្នាក់ជាច្រើន។ មូលហេតុត្រូវបានកំណត់ថា បណ្ដាខេត្តនៅភាគកណ្តាលមានសណ្ឋានដីតូចចង្អៀត ប្រព័ន្ធព្រែក ទន្លេខ្លី និងចោត ហើយងាយស្រួលផ្លាស់ប្តូរ​ចរន្តទឹក។ ក្រៅពីសណ្ឋានដី ជំនោរឡើងខ្ពស់ រួមផ្សំនឹងឥទ្ធិពលនៃអាកាសធាតុអាក្រក់ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់មូសុង បង្កអតុល្យភាពឆ្នេរសមុទ្រ គឺជាមូលហេតុចម្បងនៃកម្ពស់ទឹក បណ្តាលឱ្យមានការហូរច្រោះស្រុត និងទឹកជំនន់អូសបន្លាយក្នុង​រយៈពេល​ច្រើន​ថ្ងៃ។

ជាមធ្យម ជារៀងរាល់ឆ្នាំ ខេត្ត កាម៉ៅ (Ca Mau) បាត់បង់ដី និងព្រៃការពារឆ្នេរសមុទ្រពី ៣០០ ទៅ ៤០០ ហិកតា ដោយសារការបាក់ស្រុតដី។ ទីក្រុង ហូយ​អាន (Hoi An) ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយ ក៏កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរផងដែរ ដោយសារការហូរច្រោះ និង​បាក់ស្រុតឆ្នេរសមុទ្រ គំរាមកំហែងដល់អាយុជីវិតប្រជាជននៅទីនោះ និងអនាគតនៃវិស័យទេសចរណ៍ក្នុងស្រុក។ ត្រឹមតែរយៈ​ពេល ៧ ឆ្នាំប៉ុណ្ណោះ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ឆ្នេរសមុទ្រ ហូយអាន (Hoi An) មានប្រវែងជាង ៧km ត្រូវបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ។

សាងសង់ទំនប់ទប់ស្កាត់រលកសមុទ្រ និងការពារទីប្រជុំជនស្ថិត​ក្នុងតំបន់ផ្លូវ នីញជឹ ១  (Ninh Chu 1) (ទីរួមខេត្ត ខាញហាយ (Khanh Hai) ស្រុក នីញហាយ (Ninh Hai)) ។ រូបថត៖ TTXVN

ការកសាងទំបន់ទប់ស្កាត់​រលក​សមុទ្រ នៅទីរួម​ស្រុក វិញ​ចូវ (Vinh Chau) ខេត្ត សុក​ត្រាំង (Soc Trang) ។ រូបថត៖ TTXVN

ប្រឈមមុខនឹងស្ថានភាពខាងលើ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១៦៦២/QD-TTg អនុម័តលើគម្រោង ការពារ និងអភិវឌ្ឍព្រៃឈើនៅតំបន់ឆ្នេរ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងជំរុញកំណើនបៃតងក្នុងកំឡុងឆ្នាំ២០២១-២០៣០ លើកឡើងដំណោះស្រាយសំខាន់ៗ រួមមាន៖ ការគ្រប់គ្រង ការពារ និងប្រើប្រាស់ដោយនិរន្តរភាពនូវព្រៃឈើមានស្រាប់ តាម​តំបន់សមុទ្រ ​និង​ព្រៃ​ថ្មី ក្នុង​ដំណាក់កាល ២០២១​ - ២០៣០;

លើកកម្ពស់តួនាទី និងមុខងាររបស់ព្រៃឈើតាមឆ្នេរសមុទ្រក្នុងខេត្តប្រកបដោយប្រសិទ្ធភាព ការពារបរិស្ថាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឆ្នេរសមុទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងវាលខ្សាច់ និងសំណឹករិចរិលដី។ អភិរក្សជីវចម្រុះ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់; បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជននៅតំបន់ឆ្នេរ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ការពារបរិស្ថាន និងពង្រឹងការការពារប្រទេសជាតិ និងសន្តិសុខ កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ។

ប្រព័ន្ធទំនប់ឆ្នេរសមុទ្រក្នុងសង្កាត់ ដុង​ហាយ (Dong Hai)  (ទីក្រុង ផានរាង (Phan Rang) - ថាបចាម (Thap Cham) ទប់ស្កាត់រលកសមុទ្រ បង្កើតច្រករបៀងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ រូបថត៖ TTXVN

ជាក់ស្តែង ដាំព្រៃឈើថ្មីទំហំ ២០០០០ហិចតា  រួមទាំងព្រៃឈើការពារ ទប់ស្កាត់រលកសមុទ្រ និងព្រៃឈើ​លិចទឹក​សមុទ្រ មាន​ទំហំ  ៩៨០០ហិកតា ព្រៃឈើរាំងខ្យល់ និងខ្សាច់ (នៅលើដី និងឆ្នេរខ្សាច់) មាន​ទំហំ ១០២០០ហិចតា។ លើសពីនេះ ការដាំបន្ថែមដើម្បីស្ដារព្រៃឈើឡើង​វិញ និងបង្កើនទំហំព្រៃឈើមានចំនួន ១៥.០០០ហិកតា។

នាពេលថ្មីៗនេះ បណ្ដាខេត្តក្រុង ដែលរងផលប៉ះពាល់ដោយការហូរច្រោះ និង​បាក់ស្រុតតាមឆ្នេរសមុទ្រ ដូចជា ខេត្ត បេនត្រែ (Ben Tre) ខេត្ត​ បាកលីវ (Bac Lieu) ខេត្ត ត្រាវិញ (Tra Vinh) ខេត្ត ក្វាងណាម ( Quang Nam)... បានវិនិយោគរាប់ពាន់លានដុង ដើម្បីសាងសង់ទំនប់ឆ្នេរសមុទ្រ​សំខាន់ៗ និងសាងសង់ទំនប់ទឹកការពារទីតាំងសំខាន់​ៗ។ ក្រៅ​ពី​នេះ​ក៏​មាន​ដំណោះស្រាយ​សាងសង់​ទំនប់​ដោយ​ប្រើ​សម្ភារៈ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​ជា​បច្ចេកវិទ្យា Geotube... ដែល​មាន​ប្រសិទ្ធភាព​ផង​ដែរ។

ទំនប់ទប់ស្កាត់​រលកសមុទ្រ ដីដុះ និងបង្កើតព្រៃឈើការពារ​ នៅតំបន់ទំនប់ទឹកសមុទ្រក្នុងភូមិសាស្ត្រស្រុក ហនដីត (Hon Dat) ខេត្ត គៀន​យ៉ាង (Kien Giang) ។ រូបថត៖ TTXVN

សម្រាប់ឆ្នេរសមុទ្រ ហូយអាន (Hoi An) សាស្ត្រាចារ្យរង បណ្ឌិត លោក ម៉ាយ​វ៉ាន់កុង (Mai Van Cong) (មជ្ឈមណ្ឌលទឹក និងបរិស្ថានវៀតណាម - ហូឡង់) បានចែករំលែកថា ដំណោះស្រាយរចនាបានលើកឡើង ដើម្បីអនុវត្តគម្រោងប្រឆាំងនឹង​ការហូរច្រោះ និងបាក់ស្រុតឆ្នេរសមុទ្រ ហូយអាន (Hoi An) ជាបន្ទាន់ គឺប្រើប្រាស់ទំនប់ក្រោមដីដែលមានកំពូលនៃទំនប់ទាប ដើម្បីទប់ស្កាត់រលកសមុទ្រពីចម្ងាយ រួមផ្សំជាមួយការពង្រីកឆ្នេរសមុទ្រ។ ដំណោះស្រាយនេះអនុវត្តបច្ចេកវិទ្យាជឿនលឿនរបស់​ហូឡង់ ដើម្បីការពារឆ្នេរសមុទ្រជាមួយនឹងការកែសម្រួលសមស្របទៅនឹងលក្ខខណ្ឌធម្មជាតិនៅក្នុងតំបន់ដែលកសាងគម្រោង។

នាពេលខាងមុខ បណ្ដាខេត្តក្រុង ដែលរងផលប៉ះពាល់ដោយហូរច្រោះ និង​បាក់ស្រុតឆ្នេរសមុទ្រសមុទ្រ ត្រូវពង្រីកដំណោះស្រាយដ៏ប្រសើរ និងសមស្រប ដើម្បីការពារឆ្នេរសមុទ្រទាំងមូល ហើយឆ្នេរសមុទ្រនឹងបានស្តារឡើងវិញជាបណ្តើរ​ៗ​។ ជាងនេះទៅទៀត ដំណោះស្រាយទាំងនេះនឹងធានាបានទាំងសុវត្ថិភាព និងសុខមាលភាពសង្គមសម្រាប់ប្រជាជនក្នុងតំបន់ ទន្ទឹមនឹងការរួមចំណែកក្នុងការស្តារមុខមាត់ឆ្នេរសមុទ្រឡើងវិញ និងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចសមុទ្រ។/.

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA

ប្រែសម្រួលដោយង្វៀនយ៉ាង


top