វៀតណាម - ក្តីប្រាថ្នាឆ្ពោះទៅមុខ

ក្នុងបរិបទពិភពលោកមានបម្រែបម្រួលខ្លាំងដោយជំងឺរាតត្បាត ជម្លោះ និងអតិផរណាសកល វៀតណាមមិនត្រឹមតែរក្សាស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតរបកគំហើញគួរឱ្យចាប់អារម្មណ៍ផងដែរ។ ក្នុងដំណាក់កាលពីឆ្នាំ២០២១ ដល់ ២០២៦ គឺជារយៈពេល ដែលកត់សម្គាល់នូវខឿនសេដ្ឋកិច្ចដ៏រឹងមាំមួយ សម្របខ្លួនយ៉ាងបត់បែន និងចិញ្ចឹមក្ដីប្រាថ្នាឆ្ពោះទៅមុខយ៉ាងខ្លាំងក្លា ក្នុងយុគសម័យការអភិវឌ្ឍថ្មី...
ក្នុងបរិបទនោះ សមត្ថភាពរក្សាស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ និងការធានានូវតុល្យភាពសំខាន់ៗ បានក្លាយជារង្វាស់នៃសមត្ថភាពគ្រប់គ្រង។ អត្រាកំណើនជាមធ្យមក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ សម្រេចបាន ៦,៣% ក្នុងមួយឆ្នាំ។ ជាពិសេស នៅឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចត្រូវបានកត់សម្គាល់ក្នុងកម្រិត ៨,០២% បាននាំឱ្យវៀតណាម ស្ថិតក្នុងក្រុមប្រទេស ដែលមានអត្រាកំណើនខ្ពស់បំផុត នៅលើពិភពលោក។
ទំហំសេដ្ឋកិច្ចកើនឡើងពី ៣៤៦ ពាន់លាន USD នៅឆ្នាំ២០២០ ឡើងដល់ ៥១៤ ពាន់លាន USD នៅឆ្នាំ២០២៥ ស្មើនឹងការកើនឡើងជិត ១,៥ដង ដែលធ្វើឱ្យវៀតណាម ជាប់លំដាប់ទី ៣២ លើទូទាំងពិភពលោក និងលំដាប់ទី ៤ នៅតំបន់អាស៊ាន។ ទំហំនៃការនាំចូល និងការនាំចេញសរុបលើសពី ៩៣០ ពាន់លាន USD នៅឆ្នាំ២០២៥ នាំឱ្យវៀតណាមចូលទៅក្នុងក្រុមសេដ្ឋកិច្ចទាំង ២០ ដែលមានទំហំពាណិជ្ជកម្មធំជាងគេ នៅលើពិភពលោក។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP) នៅឆ្នាំ២០២៥ សម្រេចបានប្រហែល ៥.០២៦ USD កើនឡើង ១,៤ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ហើយឈានចូលក្នុងចំណោមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
តួលេខទាំងនេះឆ្លុះបញ្ចាំងពីសមត្ថភាពប្រឆាំងរបស់ខឿនសេដ្ឋកិច្ច ”ខ្យល់បញ្ច្រាសទិស” ដែលមិនធ្លាប់មានពីមុនមក។ លោកបណ្ឌិត ហូ ក្វុកតួន (Ho Quoc Tuan) គ្រូបង្រៀនជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Bristol (ចក្រភពអង់គ្លេស) ជឿជាក់ថា ឆ្នាំ២០២៥ គឺជាសក្ខីភាពច្បាស់លាស់នៃសមត្ថភាពបត់បែនរបស់វៀតណាម។ ខណៈពេលដែលប្រទេសជាច្រើនប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើន និងភាពតានតឹងពាណិជ្ជកម្មស្មុគស្មាញ វៀតណាមនៅតែរក្សាបានសន្ទុះនាំចេញ និងទាក់ទាញ FDI ដែលមានស្ថិរភាព។ ក្រៅពីការឆ្លើយតបទៅនឹងវិបត្តិ ខឿនសេដ្ឋកិច្ចកំពុងបង្កើតគំរូកំណើនជាបណ្តើរៗ ដោយផ្អែកលើនវានុវត្រន៍។
សមិទ្ធផលលេចធ្លោទាំងពីរក្នុងដំណាក់កាលនេះ គឺអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ។ ផ្លូវល្បឿនលឿនប្រវែងជាង ៣.០០០ គីឡូម៉ែត្រ និងផ្លូវឆ្នេរសមុទ្រប្រវែង ១.៧១១ គីឡូម៉ែត្រ ត្រូវបានសាងសង់រួចរាល់ រួមជាមួយនឹងគម្រោងសំខាន់ៗ ជាច្រើន ដូចជា ខ្សែបណ្តាញអគ្គិសនី ៥០០kV (សៀគ្វីទី ៣) គម្រោងថាមពល ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ល្បឿនអ៊ីនធឺណិតចល័តរបស់វៀតណាមបច្ចុប្បន្ន ស្ថិតក្នុងចំណោម Top ២០ នៅលើពិភពលោក ដែលបង្កើតជាមូលដ្ឋានសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល។ ទោះបីលំហូរដើមទុន FDI សកលត្រូវផ្អាកក៏ដោយ ប៉ុន្តែវៀតណាមនៅតែរក្សាអត្រាបញ្ចេញដើមទុនវិនិយោគខ្ពស់ បញ្ជាក់ភាពទាក់ទាញនៃបរិយាកាសវិនិយោគ និងក្ដីសង្ឃឹមក្នុងរយៈពេលវែង។
រួមដំណើរជាមួយនឹងកំណើនសេដ្ឋកិច្ច គឺជាវឌ្ឍនភាពសង្គមច្បាស់លាស់។ នៅឆ្នាំ២០២៥ សន្ទស្សន៍សុភមង្គលរបស់ វៀតណាម ត្រូវបានជាប់ចំណាត់ថ្នាក់ទី ៤៦ ទូទាំងពិភពលោក កើនឡើង ៣៧ ថ្នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ ផ្ទះដែលទ្រុឌទ្រោម និងបណ្តោះអាសន្នជាង ៣៣៤.០០០ ខ្នង ត្រូវបានលុបបំបាត់។ កម្មវិធីផ្ទះសង្គម និងការគាំទ្រដល់កម្មករ និងក្រុមងាយរងគ្រោះត្រូវបានជំរុញ។ កម្មវិធីគោលដៅជាតិចំនួនបីស្តីពី ការកសាងតំបន់ជនបទថ្មី ការកាត់បន្ថយភាពក្រីក្រចីរភាព និងការអភិវឌ្ឍតំបន់ជនជាតិភាគតិច ត្រូវបានសម្រេចជាមូលដ្ឋាន មុនកាលកំណត់ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ១,៣% ដែលជាកម្រិតទាបបំផុត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
សរុបមកក្នុងដំណាក់កាលពីឆ្នាំ២០២១ ដល់ ២០២៦ បង្ហាញឱ្យឃើញថា វៀតណាមមិនត្រឹមតែយកឈ្នះ លើវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើនឋានៈអន្តរជាតិរបស់ខ្លួន និងពង្រឹងសមត្ថភាពទប់ទល់ផ្ទាល់ខ្លួន បង្កើតមូលដ្ឋានគ្រឹះ សម្រាប់ក្តីប្រាថ្នាឆ្ពោះទៅមុខក្នុងយុគសម័យអភិវឌ្ឍថ្មី។
ឈានចូលមហាសន្និបាតបក្សលើកទី ១៤ វៀតណាមបានកំណត់នូវគោលដៅអភិវឌ្ឍខ្ពស់ជាងមុន ដែលបង្ហាញពីក្តីប្រាថ្នានូវការលើកកម្ពស់ឋានៈជាតិក្នុងទសវត្សរ៍ខាងមុខ។ ក្នុងដំណាក់កាលពីឆ្នាំ ២០២៦ - ២០៣០ គោលដៅកំណើន GDP ជាមធ្យម ចាប់ពី ១០% ឡើងទៅ ក្នុងមួយឆ្នាំ និងចំណូលមធ្យមសម្រាប់មនុស្សម្នាក់ សម្រេចបានប្រមាណ ៨.៥០០ USD ក្នុងឆ្នាំ ២០៣០ ត្រូវបានកំណត់ដូចជាចំណុចសំខាន់។
បណ្ដាទិសដៅយុទ្ធសាស្ត្រ បានសង្កត់ធ្ងន់លើការអភិវឌ្ឍ ប្រកបដោយចីរភាព សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងលើកកម្ពស់គុណភាពធនធានមនុស្ស។ ចំណុចស្នូលមិនត្រឹមតែពង្រីកទ្រង់ទ្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់គុណភាពនៃកំណើន កែលម្អទិន្នផលពលកម្ម និងបន្តធ្វើសម្រេចការសម្រួលស្ថាប័ន។
ចាប់តាំងពីប៉ុន្មានថ្ងៃដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤ របស់បក្ស សហគមន៍អាជីវកម្ម មានអារម្មណ៍ច្បាស់លាស់នូវបណ្ដាចលនាវិជ្ជមាន។ លោក ង្វៀន ដាំងហៀន (Nguyen Dang Hien) អគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតកម្ម និងពាណិជ្ជកម្ម តឹន ក្វាងមិញ (Tan Quang Minh) (Bidrico) បានលើកឡើងថា៖ បណ្តាគោលនយោបាយគាំទ្រ នាពេលបច្ចុប្បន្ន កំពុងរៀបចំឡើងវិញនូវគំរូកំណើនតាមបែបស៊ីជម្រៅ ដោយមានការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពជាអ័ក្សចម្បង។ យោងតាមលោកហៀន (Hien) នៅពេលដែលតំបន់ឯកជន ត្រូវបានផ្តល់លំហអភិវឌ្ឍបន្ថែមទៀត អាជីវកម្មវៀតណាមមានឱកាសបង្កើនតម្លៃបន្ថែម ពង្រឹងកម្លាំងផ្ទៃក្នុង និងរួមចំណែកកសាងមូលដ្ឋានគ្រឹះក្នុងរយៈពេលវែងសម្រាប់អនាគតប្រទេសជាតិ។
លោក ត្រឹន វ៉ាន់ មិញ (Tran Van Minh) អនុប្រធាន និងជាអគ្គលេខាធិការនៃសមាគមអាជីវកម្មវ័យក្មេងហាណូយ បានសង្កត់ធ្ងន់ថា៖ «ដំណោះស្រាយ ដើម្បីដោះស្រាយការលំបាក សម្រាប់អាជីវកម្មធុនតូច និងមធ្យម កែលម្អបរិយាកាសធ្វើអាជីវកម្ម និងកាត់បន្ថយរបាំងរដ្ឋបាល នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណាក់កាលខាងមុខ។ ភាពស៊ីសង្វាក់គ្នា ចាប់ពីគោលនយោបាយទៅដល់ការអនុវត្តគឺ ជាកត្តាសម្រេចចិត្តក្នុងការរក្សាសន្ទុះកំណើន»។
ពីទស្សនៈអន្តរជាតិ លោកស្រីបណ្ឌិត Valeria Vershinina នាយិការងមជ្ឈមណ្ឌលអាស៊ាន នៃសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ Moskva (សហព័ន្ធរុស្ស៊ី) បានសន្និដ្ឋានថា ដំណើរការផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយ បានជួយវៀតណាមលើកកម្ពស់ឋានៈអន្តរជាតិរបស់ខ្លួន និងក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់ដើមទុនវិនិយោគសកល។ យោងតាមលោកស្រីរូបនេះ តម្រង់ទិសអភិវឌ្ឍ ដែលយកមនុស្សជាស្នូល និងផ្តោតទៅលើការកែលម្អគុណភាពធនធានមនុស្ស កំពុងបង្កើតមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រ ដើម្បីវៀតណាមបង្កើនកម្លាំងប្រកួតប្រជែង និងឈានចូលជិតគោលដៅក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។
ការវាយតម្លៃទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា របស់សហគមន៍អន្តរជាតិ ចំពោះគន្លងនៃការអភិវឌ្ឍរបស់វៀតណាម។ នៅក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើងវិញ ខឿនសេដ្ឋកិច្ចមួយដែលមានស្ថិរភាព បត់បែន និងឆ្ពោះទៅរកនវានុវត្តន៍ នឹងមានអត្ថប្រយោជន៍ក្នុងរយៈពេលវែង។
ក្តីប្រាថ្នាឆ្ពោះទៅមុខ នៅក្នុងយុគសម័យអភិវឌ្ឍថ្មី មិនត្រឹមតែជាគោលដៅនៃកំណើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យនៃឋានៈជាតិផងដែរ។ នេះគឺជាដំណើរការមួយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងទំនុកចិត្តរបស់វិនិយោគិន បង្កើនសមត្ថភាពខ្លួនទីពឹងខ្លួន និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក។
ទោះបីខាងមុខមានបញ្ហាប្រឈមជាច្រើនក៏ដោយ បណ្ដាគ្រឹះដែលបានកសាងឡើង ក្នុងរយៈពេលកន្លងមក ចាប់ពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រចនាសម្ព័ន្ធតំណភ្ជាប់ កំណែទម្រង់ស្ថាប័ន រហូតដល់ការអភិវឌ្ឍធនធានមនុស្ស កំពុងបង្កើតមូលដ្ឋានគ្រឹះ ដើម្បីវៀតណាមជឿកជាក់ឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយ។
ក្នុងលំហូរនេះ ក្តីប្រាថ្នាមិនអាចកាត់ផ្តាច់ចេញពីការពិត ប៉ុន្តែត្រូវបានដាក់លើសមិទ្ធផលជាក់ស្តែង និងការសម្រេចចិត្តជាយុទ្ធសាស្ត្រ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនៃប្រព័ន្ធនយោបាយ សហគមន៍អាជីវកម្ម និងប្រជាជន វៀតណាមកំពុងកំពុងបញ្ជាក់ជាបណ្តើរៗនូវឋានៈរបស់ប្រទេស ដែលមានភាពរស់រវើក ស្ថិរភាព និងពោរពេញដោយសក្តានុពល ក្នុងតំបន់ និងលើពិភពលោក។
អត្ថបទ៖ ថុងធៀន - រូបថត៖ VNP VNA និងសហការី ប្រែសម្រួលដោយង្វៀនយ៉ាង





















